សាលាដំបូងរាជធានីភ្នំពេញបានកោះហៅមន្រ្តីសិទ្ធិមនុស្សម្នាក់ទៀត ដែលជាប្រធានផ្នែកស្រ្តីនៃអង្គការសិទ្ធិមនុស្សអាដហុកឲ្យមកបំភ្លឺសំណុំរឿងសូកប៉ាន់សាក្សីដែលបានចោទប្រកាន់លើមន្រ្តីអាដហុកចំនួន៤រូបកន្លងមក។
ដីកាកោះ ដែលចេញនៅថ្ងៃទី១២ ខែសីហាដោយលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានកោះអញ្ជើញអ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តីនៃសមាគមអាដហុក ឲ្យមកតុលាការក្នុងនាមជាសាក្សីនៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០១៦ នៅម៉ោង៩ព្រឹក។ ការកោះហៅនេះគឺដើម្បីសាកសួរអំពីដំណើររឿងសូកប៉ាន់សាក្សីប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា-មេសា ឆ្នាំ២០១៦។
VOA មិនអាចសុំការអធិប្បាយពីអ្នកស្រី ឆន សុគន្ធា ប្រធានផ្នែកស្រ្តីនៃសមាគមអាដហុកបានទេ។
ប៉ុន្តែមន្រ្តីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកគឺលោក ស៊ឹង សែនករុណា បានប្រាប់ VOA ថា អ្នកស្រី ឆន សុគន្ធា នឹងចូលបំភ្លឺតាមដីកាកោះអញ្ជើញទៅតាមកាតព្វកិច្ច និងនីតិវិធីច្បាប់។ លោកបន្ថែមថា តុលាការកោះហៅអ្នកស្រីដើម្បីបំភ្លឺក្នុងនាមសាក្សី ដូច្នេះមន្រ្តីសមាគមអាដហុកមិនមានការបារម្ភពីការឃាត់ខ្លួននោះទេ។
កាលពីថ្ងៃទី២ ខែឧសភា មន្ត្រីអាដហុក៤រូបរួមមានលោក ណៃ វ៉ង់ដា លោក យី សុខសាន្ត លោក នី សុខា និងលោកស្រី លឹម មុន្នី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសទាក់ទងនឹងបទចោទសូកប៉ាន់សាក្សី។ អគ្គលេខាធិការរងគ.ជ.ប.គឺលោក នី ចរិយា ត្រូវបានចោទប្រកាន់ពីបទផ្សំគំនិតក្នុងអំពើសូកប៉ាន់សាក្សី។
ចំណែកលោក ប៉ា ងួនទៀង នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទើបតែត្រូវបានតុលាការកោះហៅឲ្យចូលខ្លួនបំភ្លឺនៅម៉ោង៩ព្រឹក កាលពីថ្ងៃទី១៨ ខែសីហាក្នុងនាមជាសាក្សីផងដែរ។ ការកោះហៅលោក ប៉ា ងួនទៀង នេះត្រូវគេឲ្យដឹងថា ដើម្បីសាកសួរជុំវិញដំណើររឿងសូកប៉ាន់សាក្សីក្នុងសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយដោយសង្ស័យថា ជាស្រីកំណាន់របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ៕