តុលាការ​មិន​ព្រម​ប្រគល់​​អត្ត​សញ្ញាណ​ប័ណ្ណ​និង​លិខិត​ឆ្លង​ដែន​​ដល់​អតីត​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី

រូបឯកសារ៖ ​លោក​យាង សុធារិន អតីត​អ្នកយក​ព័ត៌មាន​របស់​វិទ្យុអាស៊ីសេរី​ និយាយ​ជាមួយ​អ្នកកាសែត​នៅក្រៅ​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី​២៣ ខែ​ធ្នួ​ ឆ្នាំ​២០១៩។ (ទុំ ម្លិះ​/VOA)

សាលា​ដំបូង​រាជធានីភ្នំពេញ​កាល​ពី​សប្តាហ៍​មុន​បាន​បដិសេធ​មិន​ប្រគល់​អត្តសញ្ញាណប័ណ្ណ​និង​លិខិតឆ្លង​ដែន​ដល់​អតីត​អ្នក​យក​ព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី​តាម​ការ​ស្នើ​សុំ​របស់​មេធាវី​ការពារ​ក្តី​ដោយ​លើក​ហេតុផល​ថា ​« វត្ថុ​ចាប់​យក​នៅ​តែ​មាន​ភាព​ចាំបាច់​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ»។

យោង​តាម​ដីកា​សម្រេច​របស់តុលាការ​ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា​កន្លង​មក​នេះ​ លោក​ សំ​ ចំរើន​ ដែល​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ​យាង​ សុធារិន្ទ​និង​លោក​ អ៊ួន​ ឈិន​ បាន​ស្នើសុំ​ឲ្យ​តុលាការ​ប្រគល់​ឯកសារ​ទាំងនេះ​ដល់​កូនក្តី​របស់​លោក​ទាំង​ពីរ​កាលពីថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២០។

អ្នក​ទាំង​ពីរ​ ត្រូវ​បាន​ចាប់ខ្លួន​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«‍ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ» តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា។ តុលាការ​ក៏​បាន​ដក​ហូត​លិខិត​ឆ្លងដែន​និង​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គេ​ផង​ដែរ។ ក្រោយ​មក​អ្នក​ទាំងពីរ​ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​១០​ខែ។

ការណ៍​ដែល​គ្មាន​លិខិត​ឆ្លង​ដែន​ជាប់​នឹង​ខ្លួន​នេះ​បាន​ធ្វើ​ឲ្យ​លោក​ សុធារិន្ទ មិន​អាចធ្វើ​ដំណើរ​ទៅ​កម្ពុជា​ក្រោម​ដើម្បី​ជួប​ឪពុកម្តាយ​របស់​លោក​ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម៉្លេះ។ លោក​ថា​ លោក​ត្រូវ​ការ​លិខិត​ឆ្លងដែន​ដើម្បី​ទៅ​ពិនិត្យ​សុខភាព​នៅ​បរទេស​និង​ចូលរួម​សិក្ខាសាលា​ឬ​ការ​បណ្តុះបណ្តាល​ផ្សេង​ៗ​នៅ​បរទេស​ផង​ដែរ។

​លោក​ យាង​ សុធារិន្ទ បាន​ប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិក​ថា​ លោក​ចង់​បាន​ឯកសារ​ទាំងនេះ​មក​វិញ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​យល់​ថា លិខិត​ឆ្លងដែន​ហើយ​និង​អត្តសញ្ញាណប័ណ្ណ​ហ្នឹង ​វា​មិនមែន​វត្ថុ​តាង​អី​ដែល​ត្រូវតុលាការ​យក​ទៅ​បម្រើ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អី​ទេ»៕