រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ក្នុងទីក្រុងភ្នំពេញបង្ក្រាប និងមិនអនុញ្ញាតឱ្យមានការបើកល្បែងស៊ីសងគ្រប់ប្រភេទបន្ថែមទៀតនៅក្នុងតំបន់មូលដ្ឋានឡើយ។ នេះបើតាមសារជូនដំណឹងមួយបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញ។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានចេញសារជាសំឡេងមួយ បញ្ជាឱ្យគណៈអភិបាលរាជធានីខេត្តទាំងអស់ត្រួតពិនិត្យ និងចាត់វិធានការបង្ក្រាបមិនឱ្យមានល្បែងផ្សងសំណាងបន្ថែមទៀតនៅទូទាំងប្រទេស។
អភិបាលរងរាជធានីភ្នំពេញ លោក កើត ឆែ ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងកិច្ចប្រជុំបន្ទាន់របស់រដ្ឋបាលរាជធានីភ្នំពេញកាលពីម្សិលមិញនេះ អាជ្ញាធរមូលដ្ឋាននៅរាជធានីនឹងអនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ដោយមិនអនុញ្ញាតឱ្យមានការបើកបន្ថែមទីតាំងថ្មីនៃល្បែងផ្សងសំណាងផ្សេងទៀតឡើយ។
លោកថ្លែងថា៖ «ប៉ុន្តែអ្វីដែលអនុវត្តប្រសាសន៍សម្តេចធិបតីម្សិលមិញគឺមិនអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញចេញឱ្យធ្វើទីតាំងថ្មីទៀតទេ អ៊ីចឹងកន្លងមកអ្នកដែលបានទទួល ដែលហៅថាទិដ្ឋាការពីស្ថាប័នមានសមត្ថកិច្ចគាត់សុំដាក់ទីតាំងនៅតាមស្ថាប័នថ្នាក់ក្រោមជាតិ ឥឡូវសម្តេចធិបតីលោកណែនាំថាមិនឱ្យមានថ្មីទេ មានប៉ុណ្ណាគឺប៉ុណ្ណឹង»។
លោកបញ្ជាក់ទៀតថា កន្លងទៅការអនុវត្ត ឬការចុះបង្ក្រាបល្បែងស៊ីសងគឺផ្អែកតាមប្រភពព័ត៌មានពីតំបន់មូលដ្ឋាន និងជំនាញនៃការស៊ើបអង្កេតរបស់កម្លាំងសមត្ថកិច្ច។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា ប្រាប់វីអូអេថា បន្ទាប់ពីទទួលបានខ្លឹមសារនៅក្នុងកិច្ចប្រជុំពីការត្រួតពិនិត្យ និងបង្ក្រាបល្បែងផ្សងសំណាងនានាក្នុងរាជធានីភ្នំពេញ កម្លាំងនគរបាលរាជធានីនឹងចាត់វិធានការ និងការអនុវត្តតាមបទបញ្ជាខាងលើនេះ។
លោកថ្លែងថា៖ «ពាក់ព័ន្ធរឿងល្បែងស៊ីសងនេះ ខ្ញុំក៏មិនទាន់បានដឹងស៊ីជម្រៅដែរ ព្រោះអីយើងមិនដែលទទួលនូវកិច្ចការងារជំនាញពីការងារនេះ ប៉ុន្តែកន្លងមកយើងទទួលបានថាមានល្បែងអនឡាញ ល្បែងពាក់ព័ន្ធនឹងហ្គេមបាញ់ត្រី។ អ៊ីចឹងយើងនឹងធ្វើការស្រាវជ្រាវ និងបន្តអនុវត្តរាល់ល្បែងណាដែលប្រព្រឹត្តបទល្មើសខុសច្បាប់»។
តាមរយៈសារសំឡេងមានរយៈពេលជាង២នាទីដែលបានចែករំលែកតាមប្រព័ន្ធទំនាក់ទំនងសង្គមកាលពីថ្ងៃពុធ លោក ហ៊ុន ម៉ាណែត បានបញ្ជាឱ្យផ្អាករាល់ការផ្តល់អាជ្ញាបណ្ណក្នុងការបើកល្បែងផ្សងសំណាងនានាក្នុងតំបន់មូលដ្ឋាន ក៏ដូចជាណែនាំឱ្យគណៈកម្មការគ្រប់គ្រងល្បែងស៊ីសងកម្ពុជា ចំណុះឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមទាំងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ពិនិត្យឡើងវិញ និងរៀបចំឡើងវិញនូវគោលការណ៍ និងវិធានការគ្រប់គ្រងល្បែងផ្សងសំណាងផ្សេងៗនៅទូទាំងប្រទេស។
លោក ហ៊ុន ម៉ាណែតថ្លែងថា៖ «ខ្ញុំសុំឱ្យឯកឧត្តមលោកជំទាវ អភិបាល គណៈអភិបាលរាជធានីខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋាននៅដែនសមត្ថកិច្ចរបស់ខ្លួន។ ក្នុងករណីនៅមានបន្តបើកថ្មីថែមទៀត សូមចាត់វិធានការបិទជាបន្ទាន់ហើយរាយការណ៍ត្រង់មកខ្ញុំ ដើម្បីចាត់វិធានការដែលអាចឈានដល់ការដកអាជ្ញាបណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្តង»។
ប៉ុន្តែលោក ហ៊ុន ម៉ាណែត មិនបានបញ្ជាក់ថា តើត្រូវបិទទីតាំងល្បែងផ្សងសំណាងដែលមានស្រាប់ឬយ៉ាងណានោះទេ។ លោកក៏មិនបានបញ្ជាក់ចំៗថា តើល្បែងផ្សងសំណាងនោះមានឡូតូឬយ៉ាងណានោះទេ។ ល្បែងឡូតូត្រូវគេសង្កេតឃើញថា កំពុងរីកដុះដាលនៅតាមទីសាធារណៈ ជាពិសេសកន្លែងលេងកីឡាក្នុងប្រទេសកម្ពុជា។
បទបញ្ជារបស់លោក ហ៊ុន ម៉ាណែតដែលសំដៅខ្ទប់មិនឱ្យមានការរីករាលដាលនៃល្បែងស៊ីសងបន្ថែមទៀតនេះ កើតឡើង ក្រោយមានការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងអនឡាញមួយឈ្មោះថា DIG88 រហូតដល់មានការរិះគន់យ៉ាងសន្ធឹកសន្ធាប់ទៅលើតារាកំប្លែងល្បីឈ្មោះម្នាក់ ឈ្មោះនាយ គ្រឿន ដែលបានចូលរួមផ្សព្វផ្សាយល្បែងតាមរយៈការថតវីដេអូចម្រៀងកាយវិការ។ នាយគ្រឿន ក្រោយមកប្រកាសដកខ្លួនចេញពីការផ្សព្វផ្សាយនោះ បន្ទាប់ពីមានប្រតិកម្មពីសាធារណជនជាបន្តបន្ទាប់ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា ចំណាត់ការក្នុងការបង្ក្រាបល្បែងផ្សងសំណាងទាំងនេះជារឿងដែលប្រសើរមួយ ដោយថា កន្លងទៅមានសកម្មភាពនៃការប្រព្រឹត្តិល្បែងទាំងអស់នេះច្រើន ហើយភាគច្រើននៃប្រតិបត្តិការល្បែងទាំងនោះ ត្រូវគេឃើញមាននៅតាមហាងកាហ្វេដែលមិនមែនជារូបភាពល្អនៅក្នុងសង្គម។
លោកថ្លែងថា៖ «វិធានការខ្ញុំគិតថាអាជ្ញាធរត្រូវតែពិនិត្យមើល ហើយនិងចាត់វិធានការទាំងល្បែង ហើយនិងបិទទាំងអស់ កុំស្រាប់តែធ្វើអាខុសច្បាប់ អាមានច្បាប់ទុកឱ្យ គឺមានបញ្ហានៅក្នុងសហគមន៍ច្រើនណាស់។ អ៊ីចឹងទាល់តែបិទទាំងអស់ ហើយលុបចោល License [អាជ្ញាបណ្ណ] ហើយរឹតបន្តឹងក្នុងសហគមន៍កុំឱ្យមានល្បែងស៊ីសង ហ្នឹងជាការប្រសើរ»។
ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុធ្លាប់បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាមិនបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនលែ្បងស៊ីសងអនឡាញឱ្យប្រកបអាជីវកម្ម ឬរកស៊ីនៅកម្ពុជានោះទេ ចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០១៩មក គឺនៅគ្រាដែលរដ្ឋាភិបាលបានប្រកាសបិទល្បែងអនឡាញ ដែលគេតែងហៅថាអនឡាញហ្គេមដ៏ពេញនិយមនោះ៕