គេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៥ ខែឧសភា ឲ្យដឹងថា សមត្ថកិច្ចចុះបង្ក្រាបទីតាំងជល់មាន់ និងចាក់អាប៉ោងមួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីថ្ងៃទី២៤ ខែឧសភា។ ក្នុងការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ២៧ នាក់ ក្នុងនោះ ១៣ នាក់អាចជាអ្នកកាសែត ដោយសារមានបណ្ណអ្នកសារព័ត៌មាន។ ចំណែកជនដែលត្រូវបានឃាត់ខ្លួនផ្សេងទៀតភាគច្រើនជាអ្នករត់ម៉ូតូឌុប ជាងសំណង់ និងកម្មកររោងចក្រ។
នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣ លោក ឯម ភារី មិនផ្តល់ការអត្ថាធិប្បាយលម្អិតពាក់ព័ន្ធនឹងមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតទាំង ១៣ នាក់ នៅទីកន្លែងជល់មាន់ទេ។ ប៉ុន្តែលោកប្រាប់ VOAថា អ្នកដែលត្រូវបានឃាត់ខ្លួនទាំង ២៧ នាក់នោះ ត្រូវបានដោះលែង កាលពីថ្ងៃអង្គារ ក្រោយទទួលបាន «ការអប់រំ និងធ្វើកិច្ចសន្យា»។
«អប់រំ កិច្ចសន្យាកុំឲ្យមានចូលទីតាំងការលេងល្បែងស៊ីសងខុសច្បាប់ហ្នឹងទៀត ប្រព្រឹត្តទង្វើដែលខុសច្បាប់»។
លោក ញ៉ែម ចាន់ណា ចាងហ្វាងកាសែតនិងគេហទំព័រខ្មែរប្រជាប្រិយ ថ្លែងប្រាប់ VOA នៅថ្ងៃពុធនេះថា អ្នកសារព័ត៌មានរបស់ស្ថាប័នលោក ២ នាក់ ត្រូវបានឃាត់ខ្លួនក្នុងការបង្ក្រាបល្បែងជល់មាន់នោះ។ ប៉ុន្តែលោកថា ពួកគេទាំងពីរត្រូវបានដោះលែងនៅម៉ោងប្រមាណ ៨ យប់ កាលពីថ្ងៃអង្គារ។
លោកបន្តថា បុគ្គលិករបស់លោកទាំងពីរនាក់បានទៅយកព័ត៌មាននៅទីនោះ មុនពេលសមត្ថកិច្ចចុះបង្ក្រាប។
«ក្រោយពីខ្ញុំប្រតិកម្មផ្សេងៗ ក៏ត្រូវបានខាងប៉ុស្តិ៍គាត់បានដោះលែងម្សិលមិញ នៅម៉ោង ៧ ជាង ៨ យប់គឺត្រូវបានដោះលែងទាំងអស់គ្នា ទាំងក្រុមការងាររបស់ខ្ញុំ ហើយនឹងទាំងស្ថាប័នកាសែតផ្សេងៗទៀត ដូចជាជាង ១០ នាក់»។
លោកបដិសេធមិនអត្ថាធិប្បាយបន្ថែមលើបញ្ហានេះ។
VOA បានព្យាយាមទំនាក់ទំនងទៅកាន់ស្ថាប័នព័ត៌មានផ្សេងទៀត ប៉ុន្តែមិនអាចទាក់ទងបាន។
បើតាមគេហទំព័ររបស់ប៉ូលិស អ្នកកាសែតទាំង ១៣ នាក់ដែលត្រូវបានឃាត់ខ្លួន មានស្រ្តី ៣ នាក់ និងប្រុស ១០ នាក់។ ពួកគេធ្វើការឲ្យស្ថាប័នសារព័ត៌មានសំឡេងមាស រស្មីជាតិ អភិវឌ្ឍន៍សង្គម ខ្មែរប្រជាប្រិយ SNT News សេនាដៃប្រាំបី RSKY ផ្សះផ្សាជាតិ PCK News និងសេដ្ឋកិច្ចសង្គម។
អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ប្រាប់ VOA ថា ក្រុមការងាររបស់ក្រសួងកំពុងពិនិត្យករណីនេះ។ លោកជំរុញឲ្យអ្នកសារព័ត៌មានគោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈ។
«យើងអនុវត្តនូវយន្តការសំខាន់បី គឺ អំពាវនាវ លើកទឹកចិត្តឲ្យគោរពច្បាប់ គោរពក្រមសីលធម៌ យន្តការទី ២ គឺការអប់រំ និងយន្តការទីបី គឺអនុវត្តតាមផ្លូវច្បាប់ក្នុងការបញ្ចប់ភាពស្របច្បាប់នៃអង្គភាពសារព័ត៌មាន ឬក៏អ្នកសារព័ត៌មាននោះ តាមរយៈការបញ្ចប់ប្រកាសទទួលស្គាល់ភាពស្របច្បាប់របស់ពួកគាត់»។
លោកបន្ថែមថា កន្លងទៅក៏មានករណីអ្នកសារព័ត៌មានទារលុយពីប្រភពជាថ្នូរនឹងការមិនចុះផ្សាយផងដែរ ប៉ុន្តែលោកមិនអាចបញ្ជាក់លម្អិតបានទេ។
អ្នកនាង ឡុង គីមម៉ារីតា អ្នកសារព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ និយាយថា ជារឿយៗ អ្នកនាងតែងតែឃើញការចុះព័ត៌មានពីការឃាត់ខ្លួនអ្នកកាសែត បន្ទាប់ពីអាជ្ញាធរបង្ក្រាបកន្លែងជល់មាន់ ឬល្បែងខុសច្បាប់ផ្សេងៗ។
ប៉ុន្តែអ្នកនាងមិនធ្លាប់ស្គាល់ឈ្មោះអ្នកសារព័ត៌មានទាំងនោះ ហើយស្ថាប័នកាសែតរបស់ពួកគេមួយចំនួន ក៏អ្នកនាងមិនធ្លាប់បានឮឈ្មោះដែរ។ អ្នកនាងបន្ថែមថា ប្រសិនបើអ្នកកាសែតទាំងនោះប្រើប្រាស់អាជីពជាអ្នកកាសែត ទៅប្រព្រឹត្តអំពើខុសច្បាប់ និងមិនបានបំពេញវិជ្ជាជីវៈ គឺធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកសារព័ត៌មានផ្សេងទៀត។
«រូបភាពបែបនេះវាធ្វើឲ្យវិស័យសារព័ត៌មានរបស់យើង ក៏វាមានភាពមិនល្អ ស្របពេលដែលយើងរងការប៉ះទង្គិចនូវបញ្ហាការគាបសង្កត់ ការបិទសិទ្ធិសេរីភាពមួយចំនួនពាក់ព័ន្ធនឹងការធ្វើការរបស់យើងផ្សេងៗក៏មាន។ ការធ្វើការរបស់អ្នកកាសែតដែលមិនប្រកបដោយវិជ្ជាជីវៈមួយចំនួន ក៏បានទាញអ្នកកាសែតអាជីពដែលធ្វើការប្រកបដោយវិជ្ជាជីវៈ ឲ្យទៅជារូបភាពអាក្រក់មួយក្នុងសង្គមកម្ពុជាក្នុងពេលបច្ចុប្បន្នដែរ»។
លោក ណុប វី នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា មានប្រសាសន៍ថា ការឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធនឹងកន្លែងជល់មាន់និងភ្នាល់អាប៉ោង គឺខុសគ្នាទៅនឹងអ្នកសារព័ត៌មានដែលត្រូវបានគេសូកលុយ ជាថ្នូរកុំឲ្យចេញផ្សាយព័ត៌មាន។ លោកបញ្ជាក់ថា ការទទួលយកសំណូកពីម្ចាស់ទីតាំងជាថ្នូរនឹងការមិនចេញផ្សាយព័ត៌មាន គឺជាកំហុសវិជ្ជាជីវៈចំណែកការគំរាមកំហែងម្ចាស់ទីតាំង ដើម្បីបានលុយនោះជាបទល្មើសផ្នែកព្រហ្មទណ្ឌ។
លោកអំពាវនាវឲ្យសមត្ថកិច្ចស៊ើបអង្កេតឲ្យបានច្បាស់លាស់ មុននឹងមានការចោទប្រកាន់អ្នកសារព័ត៌មាន។
«កាលណាគាត់ទៅសម្លុតគេ ទៅដាក់ជាថ្នូរការមិនចេញផ្សាយព័ត៌មាន ជាការសម្លុតគំរាមកំហែងគេអញ្ចេះ គឺគាត់ត្រូវមានការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដូចបុគ្គលប្រជាពលរដ្ឋផ្សេងៗទៀតអ៊ីចឹង។ វាលើកលែងតែគាត់ទៅដល់ ហើយត្រូវបានគេឲ្យហើយគេស្នើសុំថា មិនបាច់ចេញផ្សាយទេ។ គាត់ទៅយកលុយយកកាក់គេអីអ៊ីចឹង អាហ្នឹងខ្ញុំថា វាជារឿងកំហុសវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលគួរតែមានការផ្តល់ការអប់រំផ្នែកក្រមសីលធម៌វិជ្ជាជីវៈ ជាជាងការប្រើប្រាស់ក្រមព្រហ្មទណ្ឌមកចាត់វិធានការ»។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន ឲ្យដឹងថា គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២០ ក្រសួងបានផ្តល់បណ្ណព័ត៌មានទៅឲ្យអ្នកសារព័ត៌មានជាង ៣ ពាន់នាក់ ក្នុងនោះស្រ្តីជិត ៣០០ នាក់។ លោកបន្តថា គិតត្រឹមត្រីមាសទី១ នៃឆ្នាំ ២០២០ ប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍ វិទ្យុ កាសែត ទស្សនាវដ្តី គេហទំព័រជាដើម ដែលបានចុះបញ្ជីនៅក្រសួង សរុបមានប្រមាណ ១.៧០០ ស្ថាប័ននៅទូទាំងប្រទេស។
ការផ្តល់បណ្ណព័ត៌មានដល់អ្នកសារព័ត៌មានមួយចំនួនដែលមិនមែនជាអ្នកសារព័ត៌មានអាជីព និងមិនមានស្ថាប័នជាក់លាក់ នាំឲ្យមានការរិះគន់ ព្រោះពួកគេប្រើប្រាស់បណ្ណនេះទៅប្រព្រឹត្តអំពើខុសឆ្គង ក្នុងនោះមានការជម្រិតទារប្រាក់ផងដែរ។
ប៉ុន្តែលោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានថ្លែងថា ការផ្តល់បណ្ណសារព័ត៌មានទៅឲ្យអ្នកសារព័ត៌មានគឺធ្វើឡើងទៅតាមបែបបទនីតិវិធីត្រឹមត្រូវ៕