មន្ត្រីការទូតកំពូលរបស់ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន បានអំពាវនាវឲ្យប្រទេសចិនចៀសវាងនូវការគំរាមកំហែងណាមួយ និងអនុវត្តទៅតាមច្បាប់នៅក្នុងដែនទឹកដែលមានជម្លោះ ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានបដិសេធនូវការសម្រេចរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិកាលពីពេលថ្មីៗពាក់ព័ន្ធនឹងការទាមទាររបស់ខ្លួន។
រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfectp Yasay និងរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida បានអំពាវនាវយ៉ាងដូច្នេះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់បានជួបប្រជុំគ្នានៅក្នុងទីក្រុង Davao ប្រទេសហ្វីលីពីន រួចមក ដោយលោកទាំងពីរបានពិភាក្សាគ្នាអំពីវិធីបង្កើនទំនាក់ទំនងរវាងប្រទេសហ្វីលីពីន និងប្រទេសជប៉ុន និងអំពីជម្លោះដែនទឹករបស់ប្រទេសទាំងពីរជាមួយប្រទេសចិន។
លោក Yasay បានថ្លែងនៅក្នុងសន្និសីទកាសែតថា៖ «ប្រទេសហ្វីលីពីន និងប្រទេសជប៉ុន ជំរុញឲ្យប្រទេសចិនធ្វើយ៉ាងណាគោរពច្បាប់សមុទ្រ និងធានាឲ្យមានសន្តិសុខនៅក្នុងតំបន់ឲ្យបានពេលលេញ»។
លោក Kishida បានបញ្ជាក់ថា សន្តិសុខនៅតាមសមុទ្រផ្អែកលើផ្លូវច្បាប់គឺមិនអាចខ្វះបានសម្រាប់ស្ថិរភាពនៅក្នុងតំបន់។
ប្រទេសចិនមានជម្លោះជាមួយប្រទេសហ្វីលីពីននៅក្នុងសមុទ្រចិនខាងត្បួង។ រីឯប្រទេសជប៉ុនវិញ មានជម្លោះជាមួយប្រទេសចិនពាក់ព័ន្ធនឹងកោះតូចៗមួយចំនួននៅក្នុងសមុទ្រចិនខាងកើត។
រដ្ឋាភិបាលប្រទេសចិនថា ខ្លួនមានអធិបតេយ្យភាពដែលមិនមាននរណាអាចប្រកែកតវ៉ាបាននៅផ្នែកភាគច្រើនបំផុតនៅក្នុងសមុទ្រចិនខាងត្បូង និងបានបដិសេធនូវការសម្រេចរបស់តុលាការអំពីករណីដែលប្រទេសហ្វីលីពីនប្ដឹងចិន។
ប្រទេសជប៉ុនបានអំពាវនាវឲ្យប្រទេសចិនឲ្យគោរពនូវការសម្រេចរបស់តុលាការ៕