ប្រទេសហ្វីលីពីន​នឹង​បើកឡើងវិញ​សម្រាប់​ភ្ញៀវទេសចរ​បរទេស​ដែលចាក់វ៉ាក់សាំង​ហើយ

រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​រៀបចំ​ចាក់​វ៉ាក់សាំង Sputnik V សម្រាប់កូវីដ១៩របស់​រុស្ស៊ី​នៅ​ក្នុង​អគារ Makati Coliseum ក្នុង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។

ប្រទេស​ហ្វីលីពីន​នឹង​បើកឲ្យ​ភ្ញៀវទេសចរ​បរទេស​ដែលចាក់វ៉ាក់សាំង​រួចរាល់ហើយ​មកពី​ប្រទេស​ភាគច្រើន ចូលវិញ​នៅថ្ងៃទី១០ខែ​កុម្ភះ ដោយ​មិនចាំបាច់ធ្វើ​ចត្តាឡីស័ក។នេះបើតាម​សម្តី​របស់​ក្រុមមន្ត្រី​នៅថ្ងៃសុក្រនេះ បន្ទាប់ពីការ​បិទព្រំដែន​របស់​ខ្លួន​អស់​ពេល​ជិត២ឆ្នាំដើម្បី ទប់ទល់នឹង​វីរុស​កូរូណា។

«វិស័យទេសចរណ៍​ឥឡូវនេះ​អាច​រើបឡើងវិញ ហើយអាចបង្កើត​ការងារជាច្រើន ព្រមទាំង​ជួយដល់​ការរីកលូតលាស់​សេដ្ឋកិច្ច​ផងដែរ‍» នេះជាសម្តី​របស់​អ្នកនាំពាក្យប្រធានាធិបតី Karlo Nograles នៅក្នុង​សន្និសិទ​សារព័ត៌មាន​មួយ។

ផែនការ​បើក​ប្រទេស​ឡើងវិញ​ចាប់ពី​ថ្ងៃទី១​ធ្នូ​ឆ្នាំមុន ត្រូវ​បាន​ផ្អាក​ក្រោយពី​វីរុសបំប្លែង​អូមី ក្រុង​បាន​ឆ្លង​រាលដាល​ពាសពេញ​ប្រទេស​ហ្វីលីពីន។

សេចក្តី​ប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​អនុញ្ញាតឲ្យ​ភ្ញៀវ​ទេសចរណ៍​មកពី​ប្រទេស​១៥៧ ដែល​ធ្លាប់​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ដោយ​មិន​ចាំបាច់​ទិដ្ឋាការ​ដូច​មុន​ការរាលដាល​ជំងឺកូវីដ អាច​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ដោយ​មិនចាំបាច់​មានទិដ្ឋាការ​ដូចមុន​ឡើងវិញ។

អ្នកដែលបាន​ចាក់វ៉ាក់សាំង​រួចរាល់​ពីបណ្តាប្រទេស​ក្នុង​បញ្ជី នឹង​ត្រូវ​ធ្វើតេស្ត​កូវីដ​អវិជ្ជមាន​មុននឹង​ធ្វើដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន ហើយ​មិនចាំបាច់​ធ្វើចត្តាឡីស័កទេ​នៅពេល​ទៅ ដល់។

បញ្ជីរាយនាម​ប្រទេសនោះ មិនមាន​ប្រទេស​ចិន​ដែលជាទីផ្សារ​ទេសចរណ៍​ដែល​កំពុង​កើន​យ៉ាង​ឆាប់រហ័ស​របស់​ហ្វីលីពីន ព្រមទាំង​កោះតៃវ៉ាន់និង​ឥណ្ឌាទេ។

ប៉ុន្តែ បញ្ជីនោះ​មាន​ឈ្មោះ​សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី កាណាដា និង​ចក្រភព​អង់គ្លេស៕