ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បាននិយាយថា ហ្វីលីពីនគួរតែត្រៀមខ្លួនសម្រាប់យថាហេតុណាមួយ ដោយសារភាពតានតឹងកើនឡើងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទាក់ទិននឹងការទាមទារអធិបតេយ្យភាពនៅក្នុងសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាសន្តិសុខនៅជុំវិញកោះតៃវ៉ាន់។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រទេសហ្វីលីពីនបានប៉ះទង្គិចជាយូរមកហើយជាមួយនឹងប្រទេសចិននៅសមុទ្រចិនខាងត្បូង។ ប៉ុន្តែ ចម្ងាយរបស់ប្រទេសនេះដែលស្ថិតនៅជិតតៃវ៉ាន់ក៏ធ្វើឱ្យចិនចាប់អារម្មណ៍លើហ្វីលីពីនដែរ។ នេះបើតាមការបញ្ជាក់របស់លោក Marcos ដែលថ្លែងប្រាប់ទាហានហ្វីលីពីននៅជំរំយោធាមួយកន្លែងក្នុងខេត្ត Isabela នៅក្នុងតំបន់ Cagayan នៅភាគខាងជើងប្រទេសហ្វីលីពីន ដែលស្ថិតនៅទល់មុខនឹងកោះតៃវ៉ាន់។
ចិនអះអាងថា តៃវ៉ាន់គឺជាដែនដីរបស់ខ្លួន និងមិនដែលទាត់ចោលការប្រើកម្លាំងដើម្បីដណ្ដើមគ្រប់គ្រងកោះតៃវ៉ាន់នោះទេ។ តៃវ៉ាន់ច្រានចោលការអះអាងរបស់ចិននេះនិងថាមានតែប្រជាជនតៃវ៉ាន់ប៉ុណ្ណោះដែលអាចសម្រេចអំពីអនាគតរបស់តៃវ៉ាន់បាន។ ជនជាតិហ្វីលីពីនជាង ១៥០.០០០ នាក់ រស់នៅតៃវ៉ាន់នៅពេលបច្ចុប្បន្ននេះ។
លោក Marcos បានប្រាប់ទាហានហ្វីលីពីនកាលពីថ្ងៃទី ១០ ខែមិថុនាថា៖ «ការគំរាមកំហែងខាងក្រៅឥឡូវនេះគឺកាន់តែខ្លាំងឡើងនិងកាន់តែគួរឱ្យព្រួយបារម្ភ។ ហេតុនេះហើយយើងត្រូវតែត្រៀមខ្លួន»។
កាលពីឆ្នាំមុន លោក Marcos បានផ្ដល់សិទ្ធិដល់កងទ័ពសហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានយោធាក្នុងចំនួនស្ទើរតែទ្វេដងនៅចំពេលដែលមានការព្រួយបារម្ភ ទាក់ទិននឹងសកម្មភាពកើនឡើងរបស់ចិននៅសមុទ្រចិនខាងត្បូងនិងភាពតានតឹងទាក់ទិននឹងតៃវ៉ាន់។
ចិនបានបញ្ជាក់ថា ការពង្រីកវត្តមានរបស់សហរដ្ឋអាមេរិកនេះគឺជា «ការបំពក់ភ្លើងឱ្យកាន់តែខ្លាំងឡើង»។
យោធាចិនបានធ្វើសមយុទ្ធយោធារយៈពេលពីរថ្ងៃនៅជុំវិញកោះតៃវ៉ាន់កាលពីខែឧសភា ដែលក្នុងនោះរួមមានទាំងសមយុទ្ធសាកល្បងសមត្ថភាពរបស់ខ្លួនក្នុងការ «ដណ្ដើមអំណាច» និងត្រួតត្រាលើតំបន់សំខាន់ៗផងដែរ។
លោក Marcos បានប្រាប់ទាហានហ្វីលីពីនដោយសង្កត់ធ្ងន់អំពីតម្រូវការនៅក្នុងការពង្រឹងសមត្ថភាពការពារខាងក្រៅថា៖ «ឥឡូវនេះ អ្នកមានបេសកកម្មពីរ ដោយពីមុនមានតែមួយប៉ុណ្ណោះដែលនោះគឺសន្តិសុខផ្ទៃក្នុង»។
លោក Marcos បាននិយាយថា ហ្វីលីពីនមិនមែនព្យាយាមដើម្បីគូសផែនទីទឹកដីឡើងវិញនៅក្នុងសមុទ្រចិនខាងត្បូងដែលរួមទាំងតំបន់សមុទ្រសេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននោះទេ និងថា ខ្លួនតាំងចិត្តនៅក្នុងការការពារខ្លួនខណៈដែលខ្លួនប្រឡូកនៅក្នុងផ្នែកការទូត៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ