អនុប្រធានាធិបតី​ហ្វីលីពីន ​ជំទាស់​​​នឹង​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក​ Duterte

  • Ralph Jennings

(រូបភាព​ឯកសារ​) ក្នុងរូប​ដែលផ្តល់​ដោយ​ការិយាល័យ​អនុប្រធានាធិបតី​ គឺ​បង្ហាញ​ពី​លោក​ប្រធានាធិបតី​ Rodrigo Duterte​ ក្នុង​ពិធី​សម្តែង​ការគួរសម​ ជួបជា​មួយ​លោកស្រី​អនុប្រធានាធិបតី​ Leni Robredo ក្នុងវិមាន​ Malacanang Palace។

ការ​លាលែង​ពី​​តំណែង​ដោយ​ប្រញាប់​ប្រញាល់​​របស់​លោកស្រី​អនុ​ប្រធានាធិបតី​ហ្វីលីពីន​ពី​​គណៈ រដ្ឋ​មន្រ្តី នឹង​អនុញ្ញាត​ឲ្យ​លោកស្រី​អាច​ប្រមូល​ផ្តុំ​​កម្លាំង​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​លើ​ភាព​ចម្រូង​ចម្រាស​ជា​អន្តរជាតិ​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​របស់លោក​ប្រធានាធិបតី​ Rodrigo Duterte បើទោះ​បីជាការតវ៉ា​របស់​លោកស្រី​ ត្រូវ​បាន​រំពឹង​ថា​នឹង​មិន​អាច​ផ្លាស់​ប្តូរគោល​នយោបាយ​ក្តី​។

លោកស្រី​អនុ​ប្រធានាធិបតី​ Leni Robredo ​បាន​លា​លែង​ពី​តំណែង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​លំនៅ​ឋាន​កាល​ពី​ខែ​ធ្នូ​ បន្ទាប់​ពី​លោក​ Duterte បាន​ស្នើ​ឲ្យ​លោកស្រី​ឈប់​ចូលរួម​កិច្ច​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ទៀត ​នេះ​បើ​យោង​តាម​របាយការណ៍​និងរូបថត​នៃខ្លឹម​សារ​អត្ថបទ​មួយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។ លោកស្រី​បាន​វិភាគ​យ៉ាង​ដិត​ដល់​លើយុទ្ធនាការ​ប្រឆាំង​នឹង​គ្រឿង​ញៀន​របស់​លោក​ Duterte ​ដែលតាម​ការ​ប៉ាន់​ស្មាន​របស់​លោកស្រី យុទ្ធនាការ​នោះ​បានសម្លាប់​មនុស្ស​ប្រមាណ​ជាង​ ៥.០០០ នាក់។

កាល​ពី​ថ្ងៃទី​ ១២ ខែធ្នូ លោក Duterte បាន​ប្រកាស​ក្នុងវេទិកា​ពាណិជ្ជកម្ម​មួយថា លោកធ្លាប់​សម្លាប់​មនុស្ស​នៅ​ពេល​លោក​កាន់​តំណែង​ជាអភិបាល​ក្រុងDavao ដែល​ជា​ទីក្រុង​ធំ​លំដាប់​ទីពីរនៃ​ប្រទេស​ហ្វីលីពីន​។ ​លោក​បានកាន់​តំណែង​នោះអស់​រយៈ​ពេល ២២ឆ្នាំ មុន​ពេល​ក្លាយ​ជា​ប្រធានាធិបតី។

លោក Eduardo Araral​ សាស្ត្រាចារ្យ​រង​នៅ​ឯសាលា​គោល​នយោបាយ​សាធារណៈ​របស់សាកល​វិទ្យាល័យ​ជាតិ​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា លោកស្រី​ Robredo ប្រហែល​ជានឹង​ធ្វើ​ដំណើរ​ជុំវិញ​ប្រជុំ​កោះ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ ដើម្បី​ពន្យល់​បក​ស្រាយ​រឿង​នេះ​បន្ថែម។ ប៉ុន្តែលោក​ Duterte នៅ​តែ​មាន​ប្រជាប្រិយ​ភាព​លើ​ ការ​សម្រេច​ចិត្ត​ចំពោះបញ្ហាបទ​ល្មើសដ៏​ក្តៅ​គគុក​នេះ​។

លោក Araral និយាយ​ថា​៖ «លោកស្រី​បាន​ធ្វើ​ដំណើរ​ជុំវិញ​ប្រទេស​លោកស្រី​ដើម្បី​ប្រមូល​ផ្តុំ​ប្រជាជន​នៅ​ក្នុង​ភូមិ ហើយ​វា​អាច​ជា​សំឡេង​លើក​ទឹក​ចិត្ត​ឲ្យ​លោកស្រី​ប្រមូល​ផ្តុំ​កម្លាំង​ប្រឆាំង​។ លោក​ប្រធានាធិបតី​នៅតែ​បង្កើត​វេទិកាសម្លុត​គំរាម​កំហែង នៅពេល​ដែល​និយាយ​ដល់​ការ​កំណត់​របៀបវារៈ ហើយ​លោក​ធ្វើ​រឿង​នេះ​បាន​ល្អ។»

ប្រជាជន​ហ្វីលីពីន​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី និងអនុប្រធានាធិបតី​ដោយឡែកពីគ្នា ក្នុង​គោល​បំណង​ត្រួតពិនិត្យ​ និងធ្វើ​ឲ្យ​មាន​តុល្យភាព។ លោក Duterte បាន​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​កាល​ពីខែ​ឧសភា ក្នុង​គណបក្ស​ PDPLaban ​ដែល​បានបង្កើត​ឡើងក្នុង​ឆ្នាំ ១៩៨២ ដើម្បី​តស៊ូ​មតិ​ជាតិ​និយម​និងសហព័ន្ធនិយម។ អនុ​ប្រធានាធិបតី​មក​ពី​គណបក្ស​សេរីនិយមដែល​មាន​អាយុកាល​ជាង​ ៧០ ឆ្នាំមក​ហើយ បានកាន់​តំណែង​នេះ​ក្នុង​ខែ​នោះ​ដែរ ។

អ្នក​នាំ​ពាក្យ​របស់​លោកស្រី​អនុ​ប្រធានាធិបតី​ អ្នកស្រី Georgina Hernandez ​បាន​និយាយ​ថា​ លោក​ស្រី Robredo បាន​លាលែង​ពីតំណែង​បន្ទាប់ពី​បរាជ័យ​ក្នុងការ​ «ទាក់ទង​»​ ទៅលោក​ Duterte ទោះ​បី​តាម​រយៈ​ជំនួយការ​ពិសេសក៏​ដោយ​។

លោកស្រី​អនុ​ប្រធានាធិបតីក្នុង​វ័យ​៥២ឆ្នាំ​ដែល​ជា​មេធាវី​ និង​ក៏​ជា​សកម្មជន​សង្គម​រូប​ផង​ នឹង​ផ្ដោត​ជាថ្មី​ក្នុង​ការ​ប្រើប្រាស់​អំណាច​របស់​លោក​ស្រី​ក្នុង​ចំណែក​នៃ​តំណែង​ជា​អនុ​ប្រធានាធិបតី​ដើម្បី​លើក​កម្ពស់​ការអប់រំ​ ការ​អភិវឌ្ឍ​ជនបទ​ សិទ្ធិស្ត្រី និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​ទូទាំង​ប្រទេស។ អ្នកស្រី Hernandez បាន​បន្ថែម​ថា​ លោកស្រី​នឹង​ក្លាយ​ជា «សំឡេង​បង្រួបបង្រួមនៃកម្លាំង​ប្រឆាំង»។

អ្នកស្រី Hernandez ​បាន​និយាយ​ថា​៖ «លោកស្រី​បានជំទាស់​លើ​ការសម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ប្រឆាំង​កាត់​បន្ថយអាយុ​នៃ​ការទទួល​ទោស​ឧក្រិដ្ឋ​ និង​ការ​អនុវត្តច្បាប់​កាត់ទោស​ប្រហារជីវិត​ឡើងវិញ។ ​«គ្រួសារ​ក្រីក្រ» ​គឺជាជនរង​គ្រោះ​នៃការសម្លាប់​នេះ»។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បន្ត​ថា៖ «ឥឡូវនេះ ក្រៅ​ពី​ការបញ្ចេញ​មតិ​ពី​បញ្ហា​នេះ លោកស្រី​ក៏ជាអ្នកទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​ក្នុងតំបន់​ (ដែល​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​សម្លាប់​)ផង​ដែរ ដើម្បីយល់​ពី​តម្រូវ​ការ​របស់​ពួក​គេ​ ប៉ុន្តែគ្មាន​អ្វី​ដែល​ច្បាស់​លាស់ ត្រូវ​បាន​សម្រេច​ឡើយ​នៅ​ពេល​នេះ លើក​លែងតែ​ការ​ប្ដេជ្ញា​ចិត្ត​របស់​លោកស្រី​ ក្នុង​ការ​ពិនិត្យ​លើ​បញ្ហា​នេះ​ រហូតដល់​បញ្ហា​ទាំង​នេះ​ត្រូវ​បាន​គេ​បញ្ឈប់»។

មនុស្ស​មួយ​ចំនួន​បាន​ប៉ាន់ស្មាន​ថា​ចំនួន​មនុស្ស​ស្លាប់​បាន​ខិត​ជិតទៅ​ ៦.០០០ នាក់​ ក្នុង​នោះ​មាន​ទាំង​ជន​សង្ស័យ​ជួញដូរ​ថ្នាំញៀនត្រូវ​បាន​គេ​បាញ់​សម្លាប់​ក្នុង​ហេតុផល​បង្ក្រាប​បទ​ល្មើស។

លោក Duterte បាន​និយាយ​ថា​លោកនឹង​ស្នើ​សុំឲ្យ​សភា​ហ្វីលីពីន ដាក់​បញ្ជូល​ការ​កាត់​ទោស​ប្រហារ​ជីវិត​ឡើង​វិញ ដែលទោស​នេះ​ត្រូវបាន​បោះបង់​ចោល​កាល​ឆ្នាំ ២០០៦។ ក្រុម​សមាជិក​សភា​ក៏​បាន​ស្នើ​ឲ្យ​បន្ថយ​អាយុ​នៃ​ការ​ទទួល​ទោស​ព្រហ្មទណ្ឌ​ពី​អាយុ​១៥ឆ្នាំ​ មក​នៅ​ត្រឹម​អាយុ​៩ឆ្នាំ​វិញ៕

បែ្រ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង