ប្រធានាធិបតី​ហ្វីលីពីន​ចោទប្រកាន់​ចិន​ថា​គំរាម​ធ្វើ​សង្គ្រាម

ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte និង​ប្រធានាធិបតី​ចិន​លោក Xi Jinping ចាប់ដៃគ្នា​មុន​កិច្ច​ប្រជុំ​គូភាគីក្នុង​វេទិកា Belt និង Roadសម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ Great Hall ទីក្រុង​ប៉េកាំង។

មេដឹកនាំ​ប្រទេស​ហ្វីលីពីន លោក Rodrigo Duterte ថ្លែង​ថា ប្រធានាធីបតី​ចិន លោក ស៊ី ជីនពីង បាន​គំរាម​ធ្វើ​សង្គ្រាម ប្រសិន​បើ​ហ្វីលីពីន​ចាប់​ផ្តើម​ខួង​យក​ប្រេង​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ដែនសមុទ្រ​ដែល​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ។

លោក​ប្រធានាធិបតី Duterte បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ថា លោក ស៊ី បាន​ព្រមាន​ដល់​លោក​យ៉ាង​មុតមាំ​ប៉ុន្តែ​បែប​រាក់ទាក់ នៅ​ពេល​ដែល​ពួកគេ​បាន​ជួប​គ្នា​នៅក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ឧសភា​។ ប្រមុខ​រដ្ឋ​ហ្វីលីពីន​រូប​នេះ​បាន​និយាយ​ថា លោក​បាន​ប្រាប់​ដល់​លោក ស៊ី វិញ​ថា ប្រទេស​ជា​កោះ​របស់​លោក គ្រោង​នឹង​អនុវត្ត​សាលក្រម​តុលាការ​អាជ្ញា​កណ្តាល​អន្តរជាតិ និង​ចាប់​ផ្តើម​ស្វែងរក​ប្រេង​នៅ​ក្នុង​ផ្នែក​មួយ​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អះអាង​ថា​ជា​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ផ្តាច់មុខ។ ​

លោក Duterte បាន​និយាយ​ថា លោក​បាន​ប្រាប់​ដល់​លោក​ប្រធានាធិបតី​ចិន​ថា «យើង​គ្រោង​នឹង​ខួង​យក​ប្រេង​នៅ​ទីនោះ។ ប្រសិន​បើ​វា​ជា​របស់​អ្នក នេះ​គឺ​គ្រាន់​តែ​ជា​គំនិត​របស់​អ្នក​តែ​ប៉ុណ្ណោះ ប៉ុន្តែ​គំនិត​របស់​ខ្ញុំ​គឺ​ថា ខ្ញុំ​អាច​ខួង​យក​ប្រេង​បាន ប្រសិន​បើ​មាន​ប្រេង​នៅ​ក្នុង​ផែនដី​នេះ ពីព្រោះ​វា​ជា​របស់​យើង​ទាំងអស់​គ្នា។ ​

សុន្ទរកថា​របស់​លោក Duterte កាល​ពី​ថ្ងៃ​សុក្រ ហាក់​ដូចជា​មាន​គោលបំណង​បំបិទ​មាត់​អ្នក​រិះគន់​ក្នុង​ស្រុក ដែល​បាន​ចោទប្រកាន់​លោក​ថា​បរាជ័យ​ក្នុង​ការ​ដាក់​សំពាធ​ទៅ​លើ​ជម្លោះ​ដែនសមុទ្រ។

លោក Duterte បាន​បន្ត​ទៀត​ថា «ការ​ឆ្លើយតប​របស់​គាត់​មក​លើ​រូបខ្ញុំ​គឺ​ថា៖ យើង​គឺ​ជា​មិត្តភក្តិ។ យើង​មិន​ចង់​បង្ក​ជម្លោះ​ជាមួយ​អ្នក​នោះ​ទេ។ យើង​ចង់​រក្សា​ទំនាក់ទំនង​កក់ក្តៅ​នា​ពេល​បច្ចុប្បន្ន​នេះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​បង្ខំ​បញ្ហា​នេះ យើង​នឹង​មាន​សង្គ្រាម‍»៕