ពួកអ្នកនេសាទហ្វីលីពីននៅតាមបណ្តោយតំបន់ដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងនៃសមុទ្រចិនខាងត្បូងនិយាយថា បរិមាណត្រីកំពុងធ្លាក់ចុះមួយផ្នែកពីព្រោះតែការទន្ទ្រាននៃការនេសាទមិនឈប់ឈរមកពីអ្នកប្រកួតប្រជែងជនជាតិចិន តៃវ៉ាន់ និងវៀតណាម។
ចំនួនត្រីបានធ្លាក់ចុះប្រហែល៥០ភាគរយចាប់តាំងពីឆ្នាំ២០១០មកនៅផ្ទៃទឹកនៃទីក្រុង Masinloc របស់ប្រទេសហ្វីលីពីនដែលជាទីក្រុងនៅជិតបំផុតនៃប្រជុំកោះ Scarborough Shaol ដែលត្រូវបានដណ្តើមគ្នាដោយរដ្ឋាភិបាលក្រុងម៉ានីលនិង រដ្ឋាភិបាលក្រុងប៉េកាំងចាប់តាំងពីឆ្នាំ២០១២មក។ នេះតាមការបញ្ជាក់របស់លោក Franklin Cattigay មេបញ្ជាការឆ្មាំការពារដែនសមុទ្រមូលដ្ឋានរបស់ហ្វីលីពីន។
បញ្ហារបស់ប្រជុំកោះដ៏ក្រីក្រដែលពឹងផ្អែកលើសមុទ្រអាចបន្ថែមសម្ពាធទៅលើប្រធានាធិបតី Rodrigo Duterte នៃប្រទេសហ្វីលីពីនក្នុងការពង្រីកការទាក់ទងមិត្តភាពថ្មីជាមួយចិន បន្ទាប់ពីការសន្យារបស់រដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ជំនួយនិងការវិនិយោគ ទុនចំនួន២៤ពាន់លានដុល្លាកាលពីខែតុលា ឬអញ្ជើញកងនាវាសហរដ្ឋអាមេរិកត្រឡប់មកបន្តធ្វើការល្បាតដែនសមុទ្រប្រឆាំងនឹងនាវានេសាទបរទេស។
ចិនបានកាន់កាប់តំបន់សមុទ្រទំហំ១៥០គីឡូម៉ែត្រក្រឡាដែលជាតំបន់នេសាទដ៏សំខាន់ៗស្ថិតនៅចម្ងាយ១៩៨គីឡូម៉ែត្រពីក្រុង Masinloc។
លោក Cattigay និយាយថា កប៉ាល់នេសាទពីប្រទេសចិន កោះតៃវ៉ាន់និងវៀតណាម បានប្រើប្រាស់បច្ចេកទេសខុសច្បាប់ដូចជា គ្រឿងផ្ទុះ និងភ្លើងបំភ្លឺពេលយប់ដើម្បីចាប់ត្រី។
លោកបាននិយាយនៅពេលដែលលោកបានបង្ហាញកាយវិការទៅសមុទ្រចិនខាងត្បូងដែលនៅភាគខាងលិចនៃកន្លែងធ្វើការរបស់លោកនៅជាប់ផ្សារលក់ត្រីដ៏សំខាន់មួយនៅក្នុងក្រុង Masinloc ថា «នាវានេសាទមកពីចិនកំពុងបើកបរនៅទីនោះហើយពួកគេមិនអនុញ្ញាតិឲ្យជនជាតិហ្វីលីពីនទៅកាន់ទីនោះទេ។អ្នកនេសាទចិន តៃវ៉ាន់ វៀតណាម ពួកគេទាំងអស់នៅទីនោះ»។
លោកនិយាយទៀតថា «សព្វថ្ងៃនេះ ត្រីមិនដូចកាលពីពេលមុនទេ។ គេត្រូវតែកម្រិតការនេសាទឲ្យបានត្រឹមត្រូវ ពីព្រោះមានមនុស្សជាច្រើនដែលប្រើប្រាស់ការនេសាទខុសច្បាប់ ជាពិសេស ប្រទេសផ្សេងទៀតកំពុងប្រើប្រាស់ការបញ្ចាំងភ្លើងយ៉ាងខ្លាំងដើម្បីចាប់ត្រី»។
ការធ្លាក់ចុះចំនួនត្រីបូករួមនឹងការដាក់គំនាបពីប្រទេសចិនបានជំរុញឲ្យពួកអ្នកនេសាទដែលបានចុះបញ្ជីប្រហែល៣ពាន់នាក់របស់ទីក្រុងនោះរស់នៅបាចសាចតាមបណ្តោយឆ្នេរសមុទ្រហ្វីលីពីន ឬព្យាយាមចាប់ត្រីតូចៗទូទាំងប្រទេសដែលមានមនុស្សរាប់លាននាក់រស់នៅជាប់ផ្ទៃសមុទ្រ។
បុគ្គលិកជលផលរបស់រដ្ឋាភិបាលក្រុងដែលមិនប្រាប់ឈ្មោះនិយាយថា នាវានេសាទហ្វីលីពីន៣គ្រឿងដែលផ្ទុកមនុស្ស៤០នាក់ក្នុងមួយគ្រឿងនៅទីក្រុងដែលមានមនុស្ស៤ម៉ឺន៩ពាន់នាក់ ជាទូទៅបានបើកជុំវិញកោះ Scarborough Shaol។ ក្រុងមិនប្រាប់ពួកគេឲ្យស្ថិតនៅឆ្ងាយពីកោះ Scarborough Shaolទេ ក៏ប៉ុន្តែ ពួកគេជាច្រើនបានបញ្ចៀសកោះនោះ ពីព្រោះតែគ្រោះថ្នាក់។
អ្នកនេសាទនិយាយថា ចិនមាននាវាយាមល្បាត២គ្រឿងនៅឯScarborough Shaol ហើយរារាំងជនជាតិហ្វីលីពីនមិនឲ្យចូលក្នុងតំបន់នោះ។ ចិនបានចាប់ផ្តើមត្រួតត្រា Scarborough Shaol ជាកោះថ្មដែលមើលឃើញនៅលើរលកសមុទ្រ នៅឆ្នាំ២០១២ បន្ទាប់ពីមានការតានតឹងមិនចាញ់មិនឈ្នះជាមួយហ្វីលីពីនដែលធ្វើឲ្យមានទំនាក់ទំនងជូរចត់រហូតទល់លោកប្រធានាធិបតី Duterte ចូលកាន់តំណែងនៅខែមិថុនាឆ្នាំទៅ។
ចិនបានទាមទារសមុទ្រចិនខាងត្បូងជាង៩០ភាគរយ។ ការទាមទារខ្លះប៉ះពាល់តំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីនចាប់តាំងពីកោះ Luzon ខាងត្បូងនៃទីក្រុង Masinloc ដល់កោះ Palawan។
កោះតៃវ៉ាន់ក៏ហៅសមុទ្រដែលសម្បូរទៅដោយធនធានដែលមានទំហំទាំងមូល៣លាន៥សែនគីឡូម៉ែត្រការ៉េជារបស់ខ្លួនដែរ។ វៀតណាមបានទាមទារតិចជាងគេ ក៏ប៉ុន្តែ ដូចជាប្រទេសចិនដែរ ប្រទេសនេះបានចាក់ដីធ្វើកោះនៅក្នុងសមុទ្រនៅជិតកន្លែងនេសាទ និងកន្លែងរុករកឥន្ធនៈហ្វូស្វ័រនៅក្រោមបាតសមុទ្រ។
បុគ្គលិកក្រុងនិយាយថា ទូកនេសាទវៀតណាមបានត្រូវគេឃើញនៅជិតឆ្នេរសមុទ្រហ្វីលីពីនដែលស្ថិតនៅចម្ងាយ៤៨គីឡូម៉ែត្រពីឆ្នេរសមុទ្រ។
លោក Roy Sevilla អាយុ៣៤ឆ្នាំ ជាអ្នកនេសាទក្រុង Masinloc ចំនួន២០ឆ្នាំនៅពេលដែលលោកបានចង្អុលទៅទិសឦសាន្តពីកន្លែងចតទូករបស់លោកស្ថិតនៅក្រោមផែនិយាយថា «ទូក៥គ្រឿងជាទូកជនជាតិវៀតណាមដែលកំពុងស្វែងរកមឹក និងត្រីបានស្ថិតនៅក្នុងសមុទ្ររយៈពេល២ម៉ោង»។
មនុស្សផ្សេងទៀតដែលធ្វើការជាក្រុមនៅតាមបណ្តោយឆ្នេរដែលមានទឹកថ្លាឈ្វេង និងដើមកោងកាងនៃទីក្រុង Masiloc បានវះពោះត្រី ហាល និងលក់ត្រីកាត់តូចៗជាជាងត្រី Tuna ឬត្រី Lapu Lapu។ កាលពីថ្ងៃអង្គារ ពួកអ្នកលក់នៅផ្សារសាធារណៈបានលក់មឹក និងអន្ទង់តូចៗ។
លោក Butch Ortega អ្នកនេសាទជើងចាស់និយាយថា ការនេសាទកាន់តែជិតឆ្នេរសមុទ្រនៃទីក្រុងភាគឦសាន្តនៃទីក្រុងម៉ានីលបានត្រីតែ៣តោនក្នុងមួយជើងដោយធ្លាក់ចុះពីចំនួន១០ទៅ១៥តោនដែលលោករំពឹងនឹងទទួលបានពីប្រជុំកោះ Shaol។
លោក Ortega បាននិយាយនៅពេលដែលលោកបានឈរក្នុងទឹកពាក់កណ្តាលជង្គង់ដែលកំពុងទោរទៅទូកថា «យើងមាននាវាយាមល្បាតចិន ដូច្នេះ យើងមិនអាចទៅបានទេ»។
លោកជឿជាក់ថា ការទាក់ទងរបស់ប្រធានាធិបតី Duterte ជាមួយចិនមិនបាននិយាយដល់ការចេញចូលប្រជុំកោះ Scarborough Shaol ទេ។
កាលពីខែមុន ប្រធានាធិបតី Duterte បាននិយាយថា ប្រទេសរបស់លោកមិនមានមធ្យោបាយដើម្បីប្រយុទ្ធជាមួយចិនទេ ប្រសិនបើ ចិនបានធ្វើទៅតាមផែនការដែលត្រូវបានរាយការណ៍ដោយបណ្តាញព័ត៌មានចិនដើម្បីស្ថាបនាស្ថានីយឃ្លាំមើលនៅលើកោះ Shaol នោះ។ លោកក៏មិនបានធ្វើការផ្លាស់ប្តូរសំណើដែលបានប្រកាសកាលពីឆ្នាំទៅថា កោះ Scarborough Shaol ជាដែនជម្រកសមុទ្រដែរ។
ចាប់តាំងពីខែឧសភារហូតដល់ខែសីហា រដ្ឋាភិបាលក្រុងប៉េកាំងមានគម្រោងប្រកាស ផ្អាកការនេសាទផ្នែកភាគច្រើនរបស់សមុទ្រនោះ។ ពួកអ្នកស្រុកក្រុង Masinloc និយាយថា ពួកគេទំនងមិនគោរពការប្រកាសនោះទេហើយថា ចិនឥឡូវនេះមិនបានបណ្តេញទូករបស់ពួកគេពីកន្លែងមានជម្លោះនៅខាងក្រៅកោះ Scarborough Shaol នោះទេ។
ក៏ប៉ុន្តែ លោក Gregory Poling នាយកអង្គការស្រាវជ្រាវកិច្ចផ្តួចផ្តើមតម្លាភាពផ្លូវនាវា ចរណ៍អាស៊ីនៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់អាមេរិកនិយាយថា នាវាឆ្មាំការពារដែនសមុទ្រ និងនាវានេសាទចិន អាចសន្ធប់យកក្នុងរបៀបដែលប្រទេសទាមទារផ្សេងទៀតនៃតំបន់អាស៊ីអាគ្នេយ៍មិនអាចសង្ឃឹមប្រៀបផ្ទឹមបាន។
លោក Poling និយាយថា ប្រទេសហ្វីលីពីន កោះ Borneo និងកោះ Natuna នៃប្រទេសឥណ្ឌូនេស៊ី គិតថា ចិននឹងអនុវត្តការផ្អាកការនេសាទនេះ។ ប្រទេសម៉ាឡេស៊ីនិងព្រុយណេប្រកួតប្រជែងជាមួយចិនដើម្បីសិទ្ធិកាន់កាប់សមុទ្រនៃភាគខាងជើងកោះ Borneo។
លោកនិយាយថា «ចិននឹងសន្ធប់យកផ្ទៃទឹកទល់មុខឆ្នេរសមុទ្រកោះ Borneo និងកោះ Natunas ហើយបន្ទាប់មក ចិនក៏នឹងរុញហ្វីលីពីនចេញពីកោះនានាដូចជាប្រជុំកោះ Scarborough Shaolដែរ។ អ្វីដែលចិនចង់បាននៅទីនេះគឺតំបន់អាស៊ីអាគ្នេយ៍ បញ្ឈប់ការប្រឆាំង ដោយសុខចិត្តទទួលយកសណ្តាប់ធ្នាប់របស់ពិភពលោកថ្មីនៅក្នុងតំបន់អាស៊ីដែលផ្តោតលើប្រទេសចិន និងសិទ្ធិប្រវត្តិសាស្ត្ររបស់ចិន។
មេបញ្ចាការឆ្មាំការពារសមុទ្រនិយាយថា សមាគមទូកនេសាទមកពីខេត្ត Zambales រួមមានទីក្រុង Masinloc ផង បានព្រាងសេចក្តីសម្រេចមួយទៅឲ្យប្រធានាធិបតី Duterte។ ពួកគេចង់ឲ្យប្រធានាធិបតីហ្វីលីពីនអនុញ្ញាតឲ្យកងនាវាសហរដ្ឋអាមេរិកបន្តជួយហ្វីលីពីនដែលមានកម្លាំងយោធាខ្សោយជាងចិន ធ្វើការយាមល្បាតឆ្នេរសមុទ្រ។
លោកនិយាយដោយគាំទ្រការជួយកាន់តែច្រើនឡើងពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនថា ឆ្មាំការពារដែនសមុទ្ររបស់ហ្វីលីពីនខ្វះធនធានដើម្បីល្បាតនាវាបរទេស។ លោកនិយាយទៀតថា ពួកអ្នកនេសាទហ្វីលីពីនក៏ប្រើប្រាស់បច្ចេកទេសខុសច្បាប់ដើម្បីចាប់ត្រីដែរ។
ពួកអ្នកវិភាគនៅទីក្រុងម៉ានីលនិយាយថា មិត្តភាពកាន់តែខ្លាំងឡើងជាមួយចិន អាចទទួលបានជំនួយ និងការវិនិយោគទុនកាន់តែច្រើនឡើងសម្រាប់ហ្វីលីពីន ក៏ប៉ុន្តែ នៅ ទីបញ្ចប់អាចធ្វើឲ្យជនជាតិហ្វីលីពីនមានការខឹងសម្បារដែលពួកគេចង់បានមេដឹកនាំរបស់ខ្លួនការពារព្រំដែនជាតិនោះ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន