ប្រព័ន្ធផ្សព្វផ្សាយចិននិយាយថាសកម្មភាពហ្វីលីពីនក្នុងសមុទ្រចិនខាងត្បូងបង្កគ្រោះថ្នាក់ខ្លាំង

  • ​Reuters

រូបឯកសារ៖ នាវាចម្បាំង​របស់​ចិន​កំពុង​ធ្វើ​ដំណើរ​លើ​ដែន​សមុទ្រ​ដែល​មាន​ជម្លោះក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង កាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​ចោទប្រកាន់ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា បាន​បំពាន​លើ​បូរណភាព​ទឹកដី​របស់​ចិនក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ម្តងហើយ​ម្តង​ទៀត ដោយ​ផ្សព្វផ្សាយ​ព័ត៌មានមិន​ពិត​ និងបានឃុបឃិត​ជា​មួយកម្លាំង​ខាងក្រៅ​ ដើម្បីបង្កើត​បញ្ហា។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សាព័ត៌មាន​ Reuters។

ប្រទេស​ហ្វីលីពីន​បានពឹង​ផ្អែក​លើ​ការ​ជួយ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ ដើម្បី​បន្តបង្ក​រឿង​ជា​មួយ​ប្រទេស​ចិន​ ដោយ​មាន​អកប្បកិរិយា​ប្រកបដោយ​ភាព​គ្រោះ​ថ្នាក់ខ្លាំង និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សន្តិភាពនិង​ស្ថិរភាព​តំបន់។ ​នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន People's Daily ​របស់​បក្សកុម្មុយនីស្ត​ចិន​ ដែលបាន​សរសេរ​ក្នុងខ្ទង់អត្ថាធិប្បាយ​របស់​ខ្លួននៅ​ថ្ងៃ​ចន្ទ​នេះ។

ក្រសួង​ការបរទេស​ហ្វីលីពីននិងក្រុម​ការងារ​ថ្នាក់​ជាតិទទួល​បន្ទុក​កិច្ចការសមុទ្រ​ចិន​ខាង​ត្បូងមិន​បាន​ឆ្លើយ​តបភ្លាមៗទៅ​នឹង​សំណើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ឡើយ​ នៅ​ថ្ងៃ​បុណ្យ​ណូអែល​នេះ។

ទំនាក់​ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ បាន​ឡើងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ​ ដោយ​ភាគី​ទាំង​ពីរបាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មកជុំវិញ​ជម្លោះ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ក្នុង​នោះ​រួម​មានការ​ចោទប្រកាន់​ដែល​ថា​ ​នាវា​ចិន​បាន​បុក​នាវា​ហ្វីលីពីន​មួយ​គ្រឿង ​ដែល​ដឹកនាយ​អគ្គសេនា​ធិការ​កងទ័ព​ហ្វីលីពីន​ផង​ដែរ។

ប្រទេស​ចិន​បានទាមទារ​ផ្នែកច្រើន​បំផុត​នៃ​តំបន់​សមុទ្រចិន​ខាង​ត្បូង ដែល​ផ្នែកខ្លះ​នៃ​តំបន់​ទាំង​នោះ​ត្រូវ​បាន​ទាមទារ​ផង​ដែរ​ ដោយ​ប្រទេស​ហ្វីលីពីន​ ព្រុយណេ​ ម៉ាឡេស៊ី​ កោះ​តៃវ៉ាន់​ ​វៀតណាម​ និង​ប្រទេស​ឥណ្ឌូណេស៊ី។​ កាល​ពី​ឆ្នាំ ​២០១៦​ តុលា​ការ​អន្តរជាតិបាន​ទាត់​ចោល​ការ​ទាមទារ​របស់​ចិន​ នៅ​ក្នុង​សំណុំ​រឿង​ក្តីក្តាំ​មួយ​ ដែល​ប្តឹង​ដោយ​ប្រទេស​ហ្វីលីពីន តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បានបដិសេធ​សេចក្តី​សម្រេច​របស់តុលា ការ​នោះ។

នៅ​ក្នុងការ​ព្រមាន​ដោយ​ផ្ទាល់​ដ៏​កម្រ​មួយ រដ្ឋមន្ត្រី​ការបរទស​ចិន​លោ​ Wang Yi​ ​បាន​និយាយ​កាល​ពី​សប្តាហ៏​មុន​ថា​ ការ​គិត​ខុស​ណា​មួយ​នៅ​ក្នុង​ជម្លោះជា​មួយ​ហ្វីលីពីន​ នឹង​អាច​នាំ​ទៅ​ដល់​ការ​ឆ្លើយ​តបយ៉ាងម៉ឺងម៉ាត់ពី​ប្រទេសចិន​ និងស្នើ​សុំ​ឱ្យ​មាន​ការ​សន្ទនា​គ្នា​ដើម្បីដោះស្រាយ​នូវបញ្ហា«​លំបាក​ធ្ងន់ធ្ងរ​ផ្សេងៗ»៕