លោកផៃ ស៊ីផាន៖ សេដ្ឋកិច្ច​កម្ពុជា​កើនឡើង​ ទើប​អាមេរិក​គ្រោង​កាត់​ជំនួយ

រូបឯកសារ៖ លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​។

ឯកសារ​សំណើ​សុំ​ថវិកា​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ​នេះ​ បាន​​បង្ហាញ​ពី​ការ​គ្រោង​កាត់​ជំនួយ​អភិវឌ្ឍន៍​របស់​សហរដ្ឋ​អាមេរិក​​ពី​កម្ពុជា​និង​ពី​ប្រទេស​ដទៃ​ទៀត។​

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃពុធ​នេះ​ លើក​ឡើង​ថា ការ​គ្រោង​កាត់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ពី​កម្ពុជា​ អាច​បណ្តាល​មក​ពី​អាមេរិក​ជួប​វិបត្តិ​សេដ្ឋកិច្ច​ ស្របពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​កើន​ឡើង។

ការ​លើកឡើង​របស់​រដ្ឋាភិបាល​កម្ពុជា​នេះ​ ធ្វើឡើង​បន្ទាប់ពីស្ថាប័ន​ព័ត៌មាន​របស់​អាមេរិក​ឈ្មោះ​ថា​ Foreign Policy ​ដែល​ជា​ទស្សនាវដ្តី​ចុះផ្សាយ​អំពី​កិច្ចការ​ពិភព​លោក​ និង ​គោល​នយោបាយ​អន្តរជាតិ​ បាន​ចុះផ្សាយ​អំពី​ការ​ស្នើសុំ​ថវិកា​របស់​រដ្ឋបាល​ ប្រធានាធិបតី​អាមេរិក​ថ្មី ​លោក​ ដូណាល់ ត្រាំ​ កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​ត្រូវ​បាន​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះផ្សាយ​បន្ត​កាល​ពី​ថ្ងៃ​អង្គារ។

ឯកសារ​សំណើ​សុំ​ថវិកា​ដែល​ស្នើ​ឡើង​ដោយ​រដ្ឋបាល​លោក ដូណាល់ ត្រាំ​នេះ​ បានបង្ហាញ​ពី​ការ​គ្រោង​កាត់​ជំនួយ​អភិវឌ្ឍន៍​របស់​សហរដ្ឋ​អាមេរិកពី​កម្ពុជា​និង​ពី​ប្រទេស​ដទៃ​ទៀត។​

លោក ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់​ប្រាប់​ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖

«លោក ដូណាល់ ត្រាំ​ លោក​បាន​និយាយ​ប្រាប់​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​របស់​លោក​គឺ​សហរដ្ឋ​អាមេរិក​កំពុង​តែ​ប្រឈម​នឹង​ បញ្ហា​ថវិកា​ផ្ទាល់ខ្លួន​ របស់​ខ្លួន​ឯង។ អាស្រ័យ​ហេតុនេះ​ មិនមែន​តែ​កម្ពុជា​ទេ ​ទទួល​បាន​ការ​ផ្អាក​ជំនួយ​ប្រភេទ​នេះ គឺ​មាន​ប្រទេស​ជាច្រើន»។

ឯកសារ​សំណើ​សុំ​ថវិកា​ ដោយ​រដ្ឋបាល​លោក ត្រាំ​ ដែល​មាន​កម្រាស់​១៥​ទំព័រ​នេះ ​បង្ហាញ​ថា​សហរដ្ឋ​អាមេរិក​ អាច​នឹង​កាត់​ជំនួយ​អភិវឌ្ឍន៍​របស់​ខ្លួន​ពី​ប្រទេស​កម្ពុជា​ចំនួន​ជាង​៧០ ភាគរយនៅ​ឆ្នាំ២០១៨​ខាងមុខ​ បើធៀប​នឹង​ឆ្នាំ​២០១៦​ ដែល​មាន​ទំហំ​ទឹកប្រាក់ជាង​៧១​លាន​ដុល្លារ។

យោង​តាម​ឯកសារ​ដែល​ចុះផ្សាយ​ដោយ​ទស្សនាវដ្តី​ Foreign Policy​សហរដ្ឋ​អាមេរិក​អាច​នឹង​កាត់​បន្ថយ​ជំនួយ​ថវិកា​អភិវឌ្ឍន៍​ពី​កម្ពុជា​លើ​វិស័យ​បួន​សំខាន់ៗ។ ក្នុង​នោះ​រួមមាន​ការ​កាត់​បន្ថយ​ទាំងស្រុង​នូវ​ថវិកា​ជំនួយ​អភិវឌ្ឍន៍​ដែល​ស្មើ​នឹង​៣៤,៥លាន​ដុល្លារ​ ការ​កាត់​បន្ថយ​ទាំងស្រុង​នូវ​មូលនិធិ​គាំទ្រ​សេដ្ឋកិច្ច​ ដែល​ស្មើនឹង​៨លាន​ដុល្លារ​ ការ​កាត់​បន្ថយ​ជំនួយ​កម្មវិធី​សុខភាព​គ្រប់គ្រង​ដោយ​ក្រសួង​ការបរទេស​អាមេរិក​ចំនួន​ជាង​១៨ភាគរយ​ និង​ការកាត់បន្ថយ​ជំនួយ​កម្មវិធី​សុខភាព​ USAID​ ចំនួន​ជាង​៣៧ភាគរយ។

រូបឯកសារ៖ លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។

យ៉ាង​ណា​ក៏ដោយ​ ការ​គ្រោង​ស្នើសុំ​កាត់​ថវិកា​ដែល​រៀបចំ​ដោយ​រដ្ឋបាល ​លោក ដូណាល់ ត្រាំ​នេះ​ ត្រូវ​រង់ចាំ​ការ​ត្រួតពិនិត្យ ​និង​សម្រេច​ពី​សភា​របស់​សហរដ្ឋ​អាមេរិក​សិន​ មុន​ពេល​មាន​ការ​អនុម័ត​ជា​ផ្លូវការ។​

លោក ផៃ ស៊ីផាន​ អះអាង​ថា​ការ​គ្រោង​ផ្អាក​ជំនួយ​នេះ​ មិន​ពាក់ព័ន្ធ​នឹង​ការ​ដាក់សម្ពាធ​ក្នុង​រូបភាព​ណាមួយ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ លោក​ថា​ នេះ​ក៏​ដោយសារ​សហរដ្ឋ​អាមេរិក​ មើល​ឃើញ​ថា​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ប្រសើរ​ជាងមុន។

«នៅពេល​ដែល​ប្រទេស​យើង​ទទួល​បាន​ផល​វិជ្ជមាន​ខាង​សេដ្ឋកិច្ច​ គេ​ពិនិត្យ​មើល​លើ​ផលិតផល​សរុប​ក្នុង​ស្រុក​ ៧ភាគរយ​ជាង​ហ្នឹង​ ជា​សញ្ញា​មួយ​ប្រាប់​ថា​ ការជួយ​ពី​ខាង​ក្រៅ​មក​ គឺ​គេ​រំសាយ​ហើយ គេ​ផ្អាក​បណ្តើរៗ​ហើយ។ ការផ្អាក​ជំនួយ​ហ្នឹង ​គឺ​បង្ហាញ​ថា យើង​អាច​ឈរ​លើ​ជើង​ខ្លួនឯង​បាន​ ដោយសារ​កំណើន​សេដ្ឋកិច្ច​ ដែល​យើង​អាច​រក​ជំនួយ​ផ្ទាល់​ខ្លួន​ អាច​រស់​ខ្លួនឯង​បាន​ អាច​ប្រកប​ការងារ​ខ្លួនឯង​បាន​ អាច​ធ្វើ​កំណែ​ទម្រង់​ខ្លួនឯង​បាន»។​

លោកថា​ ការ​កាត់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ អាច​បង្ក​ការ​ប៉ះពាល់​ខ្លាំង​ចំពោះ​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​ចំនួន​ ដោយសារ​អង្គការ​ទាំង​នោះ​ទទួល​ជំនួយ​ដោយ​ផ្ទាល់​ពី​សហរដ្ឋ​អាមេរិក សម្រាប់​ការ​បំពេញ​ការងារ​របស់​ពួកគេ។

អ្នកស្រី ធីតា ឃឹះ​ ​ប្រធាន​អង្គការ​សីលការ​ ដែលឃ្លាំ​មើល​គោល​នយោបាយ​សាធារណៈ​នៅ​កម្ពុជា​យល់ថា​គម្រោង​កាត់​ជំនួយ​កម្ពុជា​ ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី​ថ្មី​លោក​ដូណាល់ ត្រាំ​នេះ​ បង្ហាញ​ពី​ភាព​មិន​ច្បាស់លាស់​របស់​អាមេរិក​ មក​កាន់​កម្ពុជា ​និង​តំបន់​អាស៊ាន ដែល​ហាក់​ដូចជា​ផ្ទុយ​ពី​អ្វីដែល​អាមេរិក​អះអាង​ថា​ខ្លួន​យក​ចិត្ត​ទុកដាក់​ចំពោះ​តំបន់​អាស៊ាន​នោះ។

«យើង​មាន​សំនួរ​ទៅកាន់​ខាង​គាត់​វិញ​ ថា​តើ​អាមេរិក​មាន​គោល​នយោបាយ​យ៉ាងណា​មក​លើ​កម្ពុជា​ ដែល​គាត់​បាន​និយាយ​ថា ​កម្ពុជា​ និង​ប្រទេស​នៅ​អាស៊ាន​ ជា​ប្រទេស​ដែល​គាត់​នៅ​យក​ចិត្ត​ទុក​ដាក់»។

អ្នកស្រី ធីតា ឃឹះ​ បន្ថែម​ថា ​អង្គការ​សង្គម​ស៊ីវិល​ មិនមែន​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​ជំនួយ​របស់​អាមេរិក​ ដើម្បី​បំពេញ​បេសកកម្ម​របស់​ខ្លួន​នោះទេ។ ​

លោក អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ឲ្យ​ដឹងថា​ ទំហំ​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​មក​កម្ពុជា​គឺ​មិនមាន​ចំនួន​ច្រើន​ខ្លាំង​រហូត​អាច​ប៉ះទង្គិច​ខ្លាំង​ដល់​កម្ពុជា​នោះ​ទេ។ ក៏ប៉ុន្តែ​ លោក អ៊ូ វីរៈ​ បារម្ភ​ថា​ បើសិន​ជា​ទំហំ​ជំនួយ​របស់​អាមេរិក​ត្រូវ​បាន​ជំនួស​ដោយ​ជំនួយ​ពី​ប្រទេសចិន​វិញ​នោះ​ វា​អាច​បង្ក​ឲ្យ​កម្ពុជា​មាន​អតុល្យភាព​នៃ​ទំនាក់ទំនង​ការបរទេស។

«បើ​សិន​ជា​កម្ពុជា​ចូល​ស៊ង​នៃ​ប្រទេស​ចិន​ទេ​ ខ្ញុំ​បារម្ភ​ទី១​ អាច​មាន​អស្ថិរភាព​នយោបាយ។ ទី២​ វា​អាច​កើត​ឡើង​ច្រើន​ជាង​ វា​អាច​ទាក់ទង​នឹង​ការ​រកស៊ី។ ប្រទេស​ជា​ច្រើន​ ហ៊ាន​រកស៊ី​នៅ​កម្ពុជា​ទាល់តែ​គេ​ដឹងថា​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ទាំង​ខាងកើត​ និង​ខាងលិច។ ចឹង​បើសិន​សហរដ្ឋ​អាមេរិក​ មិនមាន​ការ​ឈរជើង​រឹងមាំ​ក្នុង​តំបន់​ ឬ​នៅ​កម្ពុជា​ទេ​យើង​អាច​បាត់បង់​ការវិនិយោគ»។

លោក សុន ឆ័យ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ យល់ថា​កម្ពុជា​នៅ​ជា​ប្រទេស​ក្រីក្រ​នៅឡើយ ដែល​នៅត្រូវ​ការជួយជ្រោមជ្រែង​ផ្នែកសេដ្ឋកិច្ច​ពី​សហគមន៍​អន្តរជាតិ ​ដើម្បី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ​ ជាពិសេស​ក្នុង​វិស័យ​សុខាភិបាល​ និង​សុខមាលភាព​ក្នុងការ​រស់នៅ។ លោក​បន្តថា​ ​ពលរដ្ឋ​ក្រីក្រ​កម្ពុជា​ គឺជា​ជនរង​គ្រោះ​ពិតប្រាកដ​ពី​ការគ្រោង​កាត់​ជំនួយ​នេះ។

លោកបន្ថែម​ថា​ ការ​គ្រោង​កាត់​ជំនួយ​នេះ​ នឹង​មិន​ប៉ះទង្គិច​ដល់​ទំនាក់​ទំនង​កម្ពុជា​ និង​អាមេរិក​នោះ​ទេ​ ដោយ​ហេតុ​ថា​ ជំនួយ​ និង​ទំនាក់​ទំនង​ការបរទេស​គឺ​ជារឿង​២​ដាច់​ដោយ​ឡែក​ពីគ្នា។

«ជា​គោល​នយោបាយ​របស់​ប្រទេស​គេ​ ហើយ​ធម្មតា​ បើ​តាម​ខ្ញុំ​ដឹង​ គេ​កាត់​បន្ថយ​ការជួយ​ទៅ​ប្រទេស​ក្រៅ ប៉ុន្តែ​មិន​ទាំងអស់​ទេ។ មាន​ប្រទេស​ខ្លះ​ នៅមាន​ទំនាក់ទំនង​ល្អ​ជាមួយ​គេ គេ​នៅបន្តជួយ។ នៅ​កម្ពុជា​យើង​មិនដឹង​ថា​តើ​ក្រសួង​ការបរទេស​ បាន​បំពេញ​ការងារ​អ្វី​ខ្លះ​ដើម្បី​ធានា​បន្ត​ឲ្យ​មានការ​ផ្តល់​ជំនួយ​ ឬ​ក៏​មាន​គោល​នយោបាយ​មិន​ចង់​បាន​ជំនួយ​ពី​អាមេរិក​យ៉ាងម៉េច​ ខ្ញុំមិនដឹង​ »។

រូបឯកសារ៖ លោក​សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាននៅ​ព្រឹកថ្ងៃច័ន្ទ ទី​០៥​ ខែ​កញ្ញា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​ អំពី​ខណៈ​ការដង្ហែរញតិ្ត​របស់​គណបក្សសង្រ្គោះជាតិ​ទៅដាក់តាមស្ថានទូតនានា​ប្រចាំ​នៅកម្ពុជា។​(ឡេង ឡែន/VOA)

លោក ផៃ ស៊ីផាន ​ឲ្យ​ដឹង​ទៀតថា​ អង្គការដែល​អាច​នឹង​រង​ការ​ប៉ះពាល់​ទាំងនោះ​ គឺ​ជា​ដៃ​គូអភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​យ៉ាង​សំខាន់​ ដែល​រដ្ឋាភិបាល​នៅតែ​ចង់​ឃើញ​អង្គការ​ទាំងនោះ​ ​នៅតែ​បន្ត​ការងារ​របស់​ខ្លួន។ ហើយ​លោក​ថា​ បើ​សហរដ្ឋ​អាមេរិក​ ផ្អាក​ជំនួយ​មែន​នោះ​ រដ្ឋាភិបាល​នឹង​ជួយ​រក​មធ្យោបាយ​ផ្សេងៗ​ ដើម្បី​ឲ្យ​អង្គការ​ទាំងនោះ​អាច​បន្ត​បេសកកម្ម​ខ្លួន​បាន។

ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ទៅកាន់​ប្រទេស​ចំនួន​ជាង​១០០​ទូទាំង​ពិភព​លោក ​ក្នុង​អំឡុង​ពេល​មាន​វិបត្តិ​ ដែល​ចាប់​ផ្តើម​តាំង​ពី​សង្គ្រាម​លោក​លើក​ទី២​មក​នេះ​ បាន​ជួយ​ដល់​ការ​កសាង​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ ការ​ពង្រឹង​វិស័យ​សេដ្ឋកិច្ច​ និង​ការធ្វើឲ្យ​មាន​ស្ថិរភាព​ក្នុង​តំបន់​ក្រីក្រ​ទាំងនោះ។ នេះ​បើ​យោង​តាម​គេហទំព័រ​ផ្លូវការ​ជំនួយ​បរទេស​របស់​សហរដ្ឋអាមេរិក។

នៅ​ក្នុង​ការ​ឆ្លងឆ្លើយ​សារ​អេឡិក​ត្រូនិក​ ឬ​Email​ជាមួយ​ VOA ​លោក​ Jay Raman ​មន្ត្រី​កិច្ចការ​សាធារណៈ​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ​ឲ្យ​ដឹង​ថា​ កាល​ពី​ខែមីនា​កន្លង​ទៅ ​លោក​ ដូណាល់ ត្រាំ ​បាន​ដាក់ចេញ​ផែនការ​ស្នើសុំ​ថវិកា​សម្រាប់ឆ្នាំ​២០១៨​។ ផែនការ​នោះ​ កំណត់​នូវ​អាទិភាព​នៃ​ការចំណាយរបស់​អាមេរិក​ រាប់បញ្ចូល​ទាំង​ទំហំទឹកប្រាក់​ជំនួយ​បរទេស ​ចំនួន​៣៧.៦​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​សម្រាប់​ក្រសួង​ការបរទេស ​និង​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ​ (USAID)។ ក៏ប៉ុន្តែ ​លោក​ Jay Raman ​មិន​ទាន់​អាច​បញ្ជាក់​ពី​គម្រោង​ចំណាយ​លម្អិត​ថា​តើ​គម្រោង​ណាមួយ​ជាក់លាក់នឹង​ត្រូវ​បាន​កាត់ផ្តាច់​នៅឡើយ​នោះ​ទេ៕