សហស្ថាបនិក​រំឭក​ពី​ប្រវត្តិ​បង្កើត​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​កាល​ពី​២៥​ឆ្នាំ​មុន

លោក​​ ​ស្រី បណ្តួល ​​​វ័យ​​​៤៦​​​ឆ្នាំ ដែល​​​​ជា​​​សហ​ស្ថាបនិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​សហ​​ស្ថាបនិក​​​ទាំង​​​ប្រាំបួន​​​នាក់​​​របស់​​​អង្គការ​​​ហ្វារពន្លឺសិល្បៈ​​ ​ចូលរួម​​​ក្នុង​​​ការ​​​រៀបចំ​​​ពិធី​​​តាំង​​​ពិព័រណ៍​​​និង​​​ការ​សម្តែង​​​​​សិល្បៈ​​​ក្នុ

កាល​ពី​សប្តាហ៍​មុន​ ​អង្គការ​ហ្វារ​ពន្លឺសិល្បៈដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​បាត់ដំបង បាន​ប្រារព្ធ​ខួប​ទី​២៥​របស់​ខ្លួន។ ហ្វារ​គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩៤​ ដោយ​សហស្ថានិក​៩​នាក់​ដែល​បាន​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​សាយធូ។ សព្វ​ថ្ងៃ​អង្គការ​នេះនៅ​តែ​ផ្តល់​ឱកាស​ឲ្យ​កុមារ​ក្រីក្រ​និង​កុមារ​មាន​វិបត្តិ​រាប់ពាន់​នាក់​បាន​ចូល​រៀន​សិល្បៈ​និង​ចំណេះ​ដឹង​ទូទៅ។​

ភ្នំពេញ - លោក ស្រី បណ្តូល ​រស់​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​សាយធូ​ (Site Two) បន្ទាប់ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរក្រហម​ដែល​បាន​បង្ក​ឲ្យបាត់បង់​ជីវិត​មនុស្ស​យ៉ាងហោច​ណាស់​មួយ​លាន​នាក់។

នៅជំរំ​សាយធូ​នេះ​ហើយ​ ដែល​លោកបណ្តូល​បាន​ជួបមិត្តភក្តិ និង​កុមារ​ជាច្រើន​នាក់​ដែល​ត្រូវបាន​អ្នក​គ្រូ​ជនជាតិ​បារាំង​ម្នាក់​បង្ហាត់​បង្រៀន​ឲ្យចេះ​គូរ​គំនូរពី​ឆ្នាំ​១៩៨៧​ដល់​ឆ្នាំ​១៩៩២។

លោក​បណ្តូល​ដែល​មាន​វ័យ​៤៦​ឆ្នាំ​បាន​ប្រាប់​ VOA ភាសា​ខ្មែរ​នៅ​វិទ្យាស្ថាន​ភាសា​បារាំងក្នុង​រាជធានី​ភ្នំពេញថា៖

«ពេល​ដែល​ខ្ញុំ​អាយុ​១៤​ឆ្នាំ​ខ្ញុំ​បាន​ជួប​គាត់​នៅ​ជំរំ​សាយធូ​ហ្នឹង។​ គាត់​បាន​បើក​សាលា​គំនូរ​មួយ។គាត់​ឲ្យ​គូល័រ​ ឲ្យ​ពណ៌​ ឲ្យ​ក្រដាស​ទៅ​ក្មេងៗ​ទៅ​ហើយ​ឲ្យ​ក្មេងៗ​គូរ​អី​ក៏​បាន។ អញ្ជឹង​ទៅ​ក្មេងៗ​វា​គូរ»។

លោក​បន្ត​ថា៖

«ខ្ញុំ​អី​ហ្នឹង​ចូលចិត្ត​គូរ​រូប។ បន្ទាប់​មក​គាត់​ឃើញ​ក្មេងៗ​គូរ​ហ្នឹង​វា​ល្អ។ អញ្ចឹង​ហើយ​គាត់​ថា ​ពួក​នេះ​មាន​ទេព្យកោសល្យ។

ការ​គូរ​គំនូរ​បាន​ធ្វើ​ឲ្យ​លោក​និង​មិត្តៗ​របស់​លោក​មាន​ភាព​ស្និទ្ធស្នាល​និង​ស្រឡាញ់​សិល្បៈ។

លោក​និង​មិត្ត​របស់​លោក​ប្រើ​ការ​គូរគំនូរ​ជា​ការ​ព្យាបាល​ផ្លូវ​ចិត្ត​ដែល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​បែក​បាក់​ពី​ម្តាយ​របស់​លោក​នៅ​សម័យ​ខ្មែរ​ក្រហម​និង​ការ​មើល​ឃើញ​ការ​សម្លាប់​គ្នា​រវាង​ក្រុម​មិន​ចុះ​សម្រុង​បន្ទាប់​ពី​របប​ខ្មែរក្រហម។

សហស្ថាបនិក​បី​នាក់​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​ គឺ​លោក ឃួន ដេត លោក​ ស្រី​ បណ្តុល និង​លោក ​តោ ​វុតា្ថ ដែល​ធ្លាប់​រស់​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ជួបជុំ​គ្នាដើម្បី​ដាក់​បង្ហាញ​ស្នាដៃ​សិល្បៈ​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ​ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​ ឆ្នាំ​២០១៩។(ផន​ បុប្ផា/VOA Khmer)

ដោយ​ចេញ​ពី​ការស្រឡាញ់​និង​ចូលចិត្ត​សិល្បៈ និង​ការ​លើកទឹក​ចិត្ត​ពី​អ្នក​គ្រូ​របស់​លោក លោកនិង​មិត្តភក្តិ​របស់​លោក​បាន​សម្រេច​ចិត្ត​ថា​ នឹង​បើក​កន្លែង​មួយ​ដើម្បីឲ្យកុមារ​មាន​ឱកាស​បាន​រៀន​គូរ​គំនូរ​ដូច​ពួក​គាត់។

បី​ខែ​មុន​ការ​បោះឆ្នោត​លើក​ទីមួយរៀបចំ​ដោយ​អ៊ុនតាក់​នៅ​ឆ្នាំ​១៩៩៣​ គឺ​ក្រោយ​ពី​ជំរំ​ត្រូវ​បាន​បិទ​ លោក​ ស្រី​ បណ្តូល ​និង​មិត្ត​ដទៃៗ​ទៀតបាន​វិល​ត្រឡប់​មក​ខេត្ត​បាត់ដំបង​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​

«អ្នក​គ្រូ​គាត់​មក​ពី​ស្រុក​បារាំង។ ពួក​ខ្ញុំប្រាំពីរ ប្រាំបី ប្រាំបួន​ ​នាក់​នេះ​ដើរ​រក​គ្នា​ហើយ​អ្នក​គ្រូ​ក៏​ដើរ​រក​[គ្នា]ទៅ។ អញ្ចឹង​យើង​ជួប​គ្នា​នៅ​ឆ្នាំ​១៩៩៤​នៅ​បាត់ដំបង​ដោយសារ​ភាគ​ច្រើន​យើង​នៅ​បាត់ដំបង។ មក​ដល់​បាត់ដំបង​ដំបូង​គឺ​ថា ​យើង​ត្រូវ​ហ្វឹកហ្វឺន​មួយ​ឆ្នាំ ​ដើម្បីឲ្យ​យើង​ក្លាយ​ជា​អ្នក​គូរ​រូប​ដ៏​ល្អ​ហើយ​អាច​បង្រៀន​បាន»។

អ្នកគ្រូ​ជនជាតិ​បារាំង​របស់​ពួក​គាត់បាន​ជួយ​រក​ទី​កន្លែង​និង​ជួយ​រក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​បើក​សាលា​បង្រៀន។​

​ក្រុម​របស់​លោក​បង្កើតអង្គការ​ហ្វារពន្លឺសិល្បៈ​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នៅ​ចុង​ឆ្នាំ​១៩៩៤។ ​អង្គការ​នេះ​បាន​ចាប់​ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​១៩៩៥។

លោក​ ស្រី បណ្តូល​ សហស្ថាបនិក​និង​សិស្សៗបាន​ប្រារព្ធ​ខួប​២៥​ឆ្នាំ​របស់​អង្គការ​នេះ​កាលពី​សប្តាហ៍​មុន។

ក្រុម​សិល្បករ​របស់​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​កំពុង​រៀបចំ​បង្ហាញ​ស្នាដៃ​សិល្បៈក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​៤​ខែ​មេសា ឆ្នាំ​២០១៩។ (ផន បុប្ផា/VOA Khmer)

ក្រុម​សិល្បករ​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​កំពុង​សម​ដើម្បី​បង្ហាញ​ពី​ទេព​កោសល្យ​សិល្បៈ​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ​ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មេសា​ ឆ្នាំ​២០១៩។(ផន​ បុប្ផា/VOA Khmer)

ចាប់​តាំង​ពី​ចាប់​កំណើត​មក ​អង្គការ​នេះ​បាន​ជួយ​កុមារ​ដែល​មាន​ការ​លំបាក​នៅ​ក្នុង​ជីវិត​ឲ្យ​បាន​រៀនសូត្រ មាន​ការងារ​ធ្វើ ​និង​មាន​អនាគត​ល្អ។

ទស្សនា៖ ទិដ្ឋភាព​ប្រចាំ​ថ្ងៃ​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈក្នុង​ក្រុង​បាត់ដំបង

លោក​បណ្តូល​មាន​ប្រសាសន៍​ថា៖

«មាន​អ្នក​ខ្លះ​ជា​ក្រាហ្វិក​ឌីហ្សាញ ​[អ្នក​រចនា​ក្រាហ្វិក] អ្នក​ខ្លះ​ជា​អេនីមែទ័រ ​ជា​អ្នក​ធ្វើ​គំនូរ​ជីវចល។ អ្នក​ខ្លះ​គាត់​មាន​ហាង​គំនូរ។ អ្នកខ្លះ​ជា​អ៊ីឡះស្ត្រេតទ័រ​ ជា​អ្នក​គូរ​សៀវភៅ​រឿង។ អ្នក​ខ្លះ​មាន​ហាង​ធ្វើ​ប៉ាណូ​ផ្សាយ​ពាណិជ្ជកម្ម»។

អង្គការ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​កុមារក្រីក្រ កុមារ​ដែល​រងគ្រោះ​ពី​ការ​រំលោភ​បំពាន ​អំពើ​កេង​ប្រវ័ញ្ច ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​និង​តាម​ផ្លូវ​ ​និង​កុមារ​ដែល​មាន​ការ​ប្រឡូក​នឹង​គ្រឿង​ញៀន​ឲ្យ​បាន​ចូល​រៀន​ផង​ដែរ។

ចាប់​តាំង​ពី​ឆ្នាំ​១៩៩៤ មក អង្គការ​ហ្វារ​បាន​រៀបរៀង​កម្មវិធី​សិក្សា​របស់​ខ្លួន​នានា ​និង​ថែម​ទាំង​បាន​ពង្រីក​ខ្លួន​ទៅ​ខេត្ត​សៀមរាប​នៅ​ឆ្នាំ​២០១៣​ទៀត។​

ទស្សនា៖ ទិដ្ឋភាព​នៃ​ការ​សម្តែង​មួយ​របស់​ក្រុម​សៀក​នៃ​អង្គការ​ហ្វារ​នៅ​ខេត្ត​សៀមរាប

លោក ឃួន ​ដេត ​សហស្ថាបនិក​ម្នាក់​ទៀត​របស់​អង្គការ​នេះ បាន​ប្រាប់ VOAថា ​ក្រុម​របស់​លោក​បាន​បន្ថែម​មុខវិជ្ជា​សិល្បៈ​ដទៃៗ​ទៀត​ជា​ច្រើន​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ។

ឥឡូវ​នេះ​សិស្ស​អាច​ជ្រើសរើស​ជំនាញសិល្បៈ​ដូច​ជា ​គូរ​គំនូរ​ គំនូរ​ជីវចល ​សូន​រូប តន្ត្រី ​របាំ ​សៀក ​និង​សិល្បៈ​ផ្នែក​កាយ​សម្ព័ន្ធ​ផ្សេងៗ​ទៀត។ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ ​ពួក​គេ​អាច​បន្ត​ការ​សិក្សា​ចំណេះដឹង​ទូទៅ​របស់​ពួកគេ។​

លោក​ ឃួន ​ដេត ​វ័យ​៤៦​ឆ្នាំ​ដែល​ជា​សហ​ស្ថាបនិក​ម្នាក់​ក្នុង​ចំណោម​សហស្ថាបនិក​ប្រាំបួន​នាក់​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​ ត្រួតពិនិត្យ​និង​ចូលរួម​ការ​រៀបចំការ​តាំង​ពិព័រណ៍​និង​ការ​សម្តែង​សិល្បៈ​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ​ នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​មេសា​ ឆ្នាំ​២០១៩។ (ផន ​បុប្ផា/VOA Khmer)

សព្វថ្ងៃ​នេះ ​អង្គការ​នេះ​មាន​សិស្ស​ប្រហែល​ជាង​១.០០០​នាក់​ដែល​កំពុង​ធ្វើ​ការ​សិក្សា​ជា​រៀង​រាល់​ថ្ងៃ។​

​លោក ណែម ​ម៉ាន់ វ័យ​ ២៣​ឆ្នាំ ​គឺ​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ជាង​១.០០០​នាក់​ដែល​កំពុងទទួល​ការ​ហ្វឹកហាត់​ពី​អង្គការ​នេះ។ លោក​ ណែម ​ម៉ាន់ ​ដែល​ជា​អ្នក​បាត់ដំបង​ បាន​ចាប់ផ្តើម​ហាត់​សៀក​តាំង​ពី​ពេល​លោក​មាន​អាយុ​៨​ឆ្នាំ​ម៉្លេះ។​ លោក​និង​បង​ប្អូន​៦នាក់​ក្នុង​ចំណោម​១២​នាក់​ បាន​និង​កំពុង​ហាត់​សៀក​និង​របាំ​នៅ​អង្គការ​នេះ។

លោក ណែម​ ម៉ាន់ ​បាន​ប្រាប់ VOA ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ថា៖

«ពី​តូច​មក​ ខ្ញុំ​បាន​ញ៉ាំ​បាយ​នៅ​ក្នុង​សាលា ​បាន​រៀន​នៅ​ក្នុង​សាលា។ គ្រប់​យ៉ាង​គឺ​ខ្ញុំ​ទទួល​ពី​ហ្វារ​ទាំង​អស់ ​មិន​ថា​សម្លៀក​បំពាក់ មិន​ថា​សៀវភៅ​រៀន មិន​ថា​ការ​ស្នាក់​នៅ។ គាត់​ជួយ​ទាំង​អស់»។

លោក ណែម ម៉ាន់ ​វ័យ​២៣​ឆ្នាំ​គឺ​ជា​សិល្បករសម្តែង​សៀក​ម្នាក់​របស់​អង្គការ​ហ្វារពន្លឺសិល្បៈ​ ចូលរួម​សម្តែង​ក្នុង​ឱកាស​ខួប​ទី​២៥​ឆ្នាំ​របស់​អង្គការ​នេះ ​នៅ​វិទ្យាស្ថាន​ភាសា​បារាំង​កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ឆ្នាំ​២០១៩។ (ផន​ បុប្ផា/VOA Khmer)

លោក​បាន​បន្ថែម​ថា៖

«ហ្វារ​បាន​ជួយ​ក្រុមគ្រួសារ​ខ្ញុំ​ប្រាំមួយ​អ្នក​ទៀត​ដែរ។ ពី​ដើម​មាន​បង​ប្រុស​ខ្ញុំ​នៅ​សាលា​ហ្វារ​ហ្នឹង បាន​ហាត់​រៀន​នៅ​ក្នុង​ហ្នឹង​មុន​ខ្ញុំ។ ហើយ​លោក​គ្រូ​របាំ​បណ្តុះបណ្តាល​នៅ​ក្នុង​សាលា។ហើយ​ក្រោយ​មក​មាន​បង​ប្រុស​ខ្ញុំ​ចូល​ហាត់​បន្ត​ទៀត។ ហើយ​នឹង​ប្អូន​ស្រី​ខ្ញុំ​បី​នាក់​ហាត់​នៅ​ក្នុង​ហ្នឹង។ ហើយ​ពួក​យើង​បាន​ញ៉ាំ​បាយ​នៅ​សាលា​ហ្វារ​ទាំងអស់»។

លោក ឃួន ​ដេត និយាយ​ថា អង្គការ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​សិស្ស​មួយ​ចំនួន​អាច​ទៅ​សិក្សា​និង​សម្តែងនៅ​ប្រទេស​លោក​ខាង​លិច ​និង​ធ្វើ​ការ​នៅ​ទីនោះ​ផង​ដែរ។​

បង​ប្រុស​របស់​ម៉ាន់​ម្នាក់ គឺ​ជា​អ្នក​សម្តែង​សៀក​ ណែម​ សុផា ​និងអ្នក​សម្តែង​សៀក​ម្នាក់​ទៀត​ សុខ​ ឌីណា​ បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាលា​សៀក​ជាតិ​នៅ​ទីក្រុង​ Montreal (ម៉ុងរ៉េអាល់) ដែល​ជា​សាលា​សៀក​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ឌីណា​បាន​ក្លាយ​ជា​អ្នក​សម្តែង​សៀក​ជនជាតិ​ខ្មែរ​ដំបូង​គេ​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើការ​នៅ​ក្រុមហ៊ុន​ Cirque du Soleil ដែល​ជា​ក្រុមហ៊ុន​សៀកធំ​បំផុត​មួយ​របស់​ប្រទេស​កាណាដា​និង​ពិភពលោក។ ហើយ​សុផា​ក៏​ជា​ជនជាតិ​ខ្មែរ​ម្នាក់ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កាណាដា​ផងដែរ។

លោក ​ឃួន ​ដេត ​សហស្ថាបនិក​និង​នាយក​សាលា​សិល្បៈ​ទស្សនីយភាព​របស់​អង្គការ​នេះ បាន​ប្រាប់​ VOA ​បន្ថែម​ថា ​នៅ​ពេល​អនាគត​អង្គការ​នេះ​គ្រោង​នឹង​ពង្រីក​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​ខេត្ត​ផ្សេងៗ​ទៀត​និង​ប្រទេស​ក្នុង​តំបន់​ដែល​មាន​ជំរំ​ជនភៀស​ខ្លួន​ ដើម្បី​ផ្តល់​ឱកាស​ដល់​កុមារ​ និង​យុវជន​បាន​រៀន​សូត្រ៕