ក្រុមហ៊ុនផលិតឱសថអាមេរិក Pfizer និយាយថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩របស់ខ្លួន មានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់កុមារដែលមានអាយុចន្លោះពី៥ឆ្នាំ ទៅ១១ឆ្នាំ។
ក្រុមហ៊ុន Pfizer បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងសាកល្បងបានបង្ហាញថា វាមានសុវត្ថិភាព និងអាចការពារបានប្រសើរ ក៏ដូចជាការបង្កើតនូវការឆ្លើយតបនៃអង់ទីគ័រក្នុងខ្លួនបានយ៉ាងខ្លាំងផងដែរទៅលើការចាក់វ៉ាក់សាំងនេះ ក្នុងដូសទាបលើកុមារ។
ក្រុមហ៊ុន Pfizer លើកឡើងថា ខ្លួននឹងសុំការអនុញ្ញាតប្រើប្រាស់វ៉ាក់សាំងនេះដល់ក្រុមកុមារ ក្នុងពេលឆាប់ៗខាងមុខនេះ។
ដោយឡែកអភិបាលរដ្ឋក្នុងរដ្ឋមួយរបស់អាមេរិក ដែលមានអ្នកស្លាប់ក្នុងកម្រិតខ្ពស់ ដោយសារជំងឺកូវីដ១៩បាននិយាយថា ការដាក់កំហិតរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដល់បុគ្គលិកសហព័ន្ធឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩នោះ ជាការវាយប្រហារមួយ មិនមែនជាវិធានការការពារ និងទប់ស្កាត់ជំងឹកូវីដ១៩ទេ។
អភិបាលរដ្ឋ Mississippi លោក Tate Reeves បានប្រាប់ទូរទស្សន៍ CNN ក្នុងកម្មវិធី State of the Union កាលពីថ្ងៃអាទិត្យថា ការដាក់កំហិតឲ្យចាក់វ៉ាក់សាំងរបស់លោកប្រធានាធិបតី ជាការវាយប្រហារមួយទៅលើពលរដ្ឋអាមេរិក និងពលរដ្ឋក្នុងរដ្ឋ Mississippi ដែលបានធ្វើការងារយ៉ាងខ្លាំងដែលលោកចង់ឲ្យមានការជ្រើសរើសរវាងការចាក់វ៉ាក់សាំង និងលទ្ធភាពធ្វើការចិញ្ចឹមគ្រួសាររបស់គេ។
កាសែត New York Times រាយការណ៍ថា រដ្ឋ Mississippi មានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន៣០៦នាក់ក្នុងចំណោមពលរដ្ឋ១សែននាក់។
លោកប្រធានាធិបតី Biden បានការពារនូវការអំពាវនាវនាពេលថ្មីៗនេះដល់ក្រុមហ៊ុនដែលមានបុគ្គលិកចាប់ពី១០០នាក់ឡើងទៅ ត្រូវដាក់កំហិតដល់បុគ្គលិករបស់ខ្លួនឲ្យចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ឬត្រូវធ្វើតេស្តប្រចាំសប្តាហ៍។ លោកក៏បានដាក់កំហិតដល់មន្ត្រីបុគ្គលិកសហព័ន្ធប្រមាណ២លាន ៥សែននាក់ ត្រូវចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដោយមិនមានជម្រើសថា ត្រូវធ្វើតេស្តជារៀងរាល់សប្តាហ៍នោះទេ៕
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press។