«បុគ្គល​ដែល​ប៉ូលិស​ចាប់​អារម្មណ៍»​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បាញ់​សម្លាប់​លើ​ក្បួន​ដង្ហែ​ថ្ងៃបុណ្យ​ឯករាជ្យ​​នៅ​ជិត​ទីក្រុង​ Chicago

លោក Robert (Bob) E. Crimo III អាយុ ​២២​ ឆ្នាំ​ ត្រូវ បាន​ប៉ូលិស​​ចាប់​ខ្លួន​​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​ក្រុង Highland Park ដែល​ស្ថិត​នៅ​ជាយក្រុង Chicago រដ្ឋ Illinois សហរដ្ឋ​អាមេរិក។ (Robert Crimo/via REUTERS)

ប៉ូលិស​នៅ​រដ្ឋ ​Illinois ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​ប៉ូលិស​ចាត់​ទុក​ថា​ ជា​«មនុស្ស​ដែល​ប៉ូលិស​ចាប់​អារម្មណ៍»​ នៅ​ក្នុង​ការ​បាញ់​ប្រហារ​ដ៏សាហាវ​កាលពី​ថ្ងៃច័ន្ទ​នៅ​ឯ​ក្បួន​ដង្ហែ​បុណ្យ​ឯករាជ្យ​មួយ។ ​លោក​ Robert E. Crimo III ​អាយុ ​២២​ ឆ្នាំ​ ត្រូវ បាន​ចាប់​ខ្លួន​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​ដេញ​តាម​រថយន្ត​មួយ​រយៈខ្លី​នៅ​ខាង​ក្រៅក្រុង ​Highland Park​ នៅ​ជាយ​ក្រុង​តំបន់​អ្នក​មាន​ស្តុកស្តម្ភ​នៃ​ទីក្រុង ​Chicago ​ដែលជា​កន្លែង​ដែល​មនុស្ស​៦​នាក់​បាន​ស្លាប់ ​និង​ជាង​៣០​ នាក់​បាន​រង​របួស​នៅពេល​ដែល​ខ្មាន់​កាំភ្លើង​បាន​បាញ់​ប្រហារ​ពី​លើ​ដំបូល​អគារ​នៅ​តាម​ផ្លូវ​នោះ​ទៅ​លើ​អ្នក​ដើរ​ក្បួន។​

ប៉ូលិស​បាន​និយាយ​ថា ​មនុស្ស​៥​នាក់​បាន​ស្លាប់​នៅកន្លែង​កើតហេតុ ​ចំណែក​ម្នាក់​ទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្បែរ​នោះ។​ ក្រសួង​ការ​បរទេស​ម៉ិកស៊ិក​និយាយ​ថា​ អ្នកស្លាប់​ម្នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់ទាំង​នោះ​ជា​ជនជាតិ​ម៉ិកស៊ិក។ ​វេជ្ជបណ្ឌិត​ម្នាក់​នៅ​មន្ទីរពេទ្យក្រុង ​Highland Park ​និយាយ​ថា ​ពួកគេ​បាន​ទទួល​អ្នក​របួស​ចំនួន​២៦​នាក់​ពីក្បួន​ដង្ហែ​នោះ។ ​អ្នក​ទាំងនោះ​មាន​អាយុ​ចន្លោះ​ពី​៨​ទៅ ៨៥​ឆ្នាំ។​

កៅ​អី​ទំនេរ​ត្រូវ​បាន​គេ​ឃើញ​នៅ​តាម​ដងផ្លូវ​ ក្រោយ​ពី​មាន​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​នៅ​ក្រុង Highland Park រដ្ឋ Illinois នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​ក្នុង​សហរដ្ឋ​អាមេរិក ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២។

វីដេអូ​ពី​ទូរសព្ទដៃ​បាន​ថត​មនុស្ស​រាប់សិប​នាក់​រត់​ចេញពី​កន្លែង​កើតហេតុ​ដោយ​ភ័យ​ស្លន់ស្លោ​ ខណៈសំឡេង​កាំភ្លើង​បាន​បន្លឺ​ឡើង​យ៉ាង​ខ្លាំង​ពី​អគារ​ក្បែរ​នោះ។ ​កៅអី​នៅ​វាល​ស្មៅ ​រទេះ​រុញ​កូនក្មេង ​ធុងដាក់​អាហារ​ចល័ត​ និង​វត្ថុផ្សេងៗ​ទៀត​ត្រូវ​រាយ​ប៉ាយ​នៅតាម​បណ្តោយ​ផ្លូវ​ដង្ហែ​ក្បួន​នោះ​ ព្រោះ​ត្រូវ​បាន​បោះបង់​ចោល​ដោយ​មនុស្ស​ដែល​រត់​រក​កន្លែង​សុវត្ថិភាព។​

ប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដោយ​និយាយ​ថា ​លោក ​និង​ភរិយា​គឺ​អ្នកស្រី​ Jill Biden ​«រន្ធត់​ចំពោះ​អំពើ​ហិង្សា​ដោយ​កាំភ្លើង​ដែល​ជា​ថ្មី​ទៀត​នាំ​ទុក្ខសោក​ដល់​សហគមន៍​អាមេរិក​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ​នេះ»។​

ការបាញ់​ប្រហារ​នៅទីក្រុង​Highland Park ​បាន​កើត​ឡើង​ជាង​មួយ​សប្តាហ៍​ បន្ទាប់ពី​លោក​ប្រធានាធិបតី ​Biden ​បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​សហព័ន្ធ​ដ៏​សំខាន់​ស្តីពី​អំពើ​ហិង្សា​ដោយ​អាវុធ​ដែល​ត្រូវ​បាន​អនុម័ត​ដោយ​សភា​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ច្រើន​ទសវត្សរ៍​នេះ។ ​ច្បាប់​ដែល​សម្រប​សម្រួល​ដោយ​គណបក្ស​ទាំងពីរ​នេះ​ ត្រូវបាន​អនុម័ត​បន្ទាប់ពី​ការ​បាញ់​ប្រហារ​ទ្រង់ទ្រាយ​ធំ​ចំនួន​ពីរ​ក្នុង​ខែ​ឧសភា​ រួមមានការ​វាយ​ប្រហារ​រើសអើង​ជាតិ​សាសន៍ ​ដែល​បាន​សម្លាប់​មនុស្ស ​១០​ នាក់​នៅហាង​លក់​គ្រឿងទេស​មួយ​កន្លែង​ក្នុង​សង្កាត់​ជនជាតិ​ស្បែក​ខ្មៅ​រស់នៅ​ក្នុង​ទីក្រុង​ Buffalo ​នៅរដ្ឋ​ New York ​និង​ការ​ផ្ទុះ​អាវុធ​នៅ​សាលា​បឋម​សិក្សា ​Uvalde ​នៅ​រដ្ឋ ​Texas ​ដែល​សម្លាប់​កូន​សិស្ស​១៩​នាក់និង​គ្រូ​បង្រៀន​ពីរ​នាក់៕

(ព័ត៌មានខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មាន​The Associated Press, Reuters និង​ Agence France-Presse)