ក្រសួង​ការពារជាតិ​អាមេរិក​គ្រោង​​​ឆ្លើយតប​​ដោយ​វាយប្រហារ​​ខ្លាំងក្លា​​ប្រឆាំង​​នឹង​ក្រុមគាំទ្រ​​អ៊ីរ៉ង់

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Lloyd Austin ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់មន្ទីរបញ្ចកោណ នៅមន្ទីរបញ្ចកោណ ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2024។

កងកម្លាំង​សហរដ្ឋ​អាមេរិក​ប្រុង​ប្រៀបវាយ​ប្រហារ​លើក្រុមគាំទ្រដោយ​អ៊ីរ៉ង់នៅ​ទូទាំង​តំបន់មជ្ឈិម​បូព៌ាដោយ​ការបង្កើនការ​ឆ្លើយ​តបដល់​ការវាយ​ប្រហារ​ដោយ​ដ្រូន​លើ​មូលដ្ឋាន​មួយ​ក្នុង​ប្រទេស​ហ្ស៊កដានី​ដែល​បានសម្លាប់​ទាហានអាមរិកាំងបីនាក់​និង​ធ្វើឱ្យ​របួស​ទាហាន​ជាង​៤០​នាក់​ទៀត។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​ទៅ​កាន់ពួក​អ្នកកាសែតជា​លើកដំបូងតាំងពី​ពេល​លោកសម្រាន្ត​ក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃទី១​ ខែមករា​ដោយសារ​មានការសាំញ៉ាំក្រោយ​ការវះកាត់​មហារីក​ក្រពេញប្រូស្តាត។ លោកបាន​ហៅ​ការវាយប្រហារប្រឆាំង​នឹងមូលដ្ឋាន​អាមេរិកាំង​ប៉ម២២​នា​ប៉ែក​ឦសាន​ប្រទេស​ហ្ស៊កដានី​ថា​«គួរ​ឱ្យខ្ពើម​រអើម»​ដោយ​លោក​បាន​បន្ថែម​ថាសកម្មភាពបែបនេះ​នឹង​មិនអាច​អត់​ឱនឱ្យ​បាន​ទេ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ក៏ហាក់​ដូចជា​ច្រានចោល​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ដោយ​ ក្រុមKataib Hezbollah​ ដែល​ជា​កងជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់​ ដែល​ថា​ខ្លួន​ផ្អាក​ប្រតិបត្តិការ​យោធា​ប្រឆាំងនឹង​សហរដ្ឋ​អាមេរិក។

ដូចជា​សមភាគី​របស់​លោក​នៅ​សេតវិមាន ​និង​ក្រសួង​ការបរទេស ​លោក Austin បាន​និយាយ​ថា ​សហរដ្ឋ​អាមេរិក​កំពុង​ចាត់វិធានការ​ឆ្ពោះ​ទៅមុខ​ដោយ​មាន​ «ការឆ្លើយតប​ចម្រុះ» ​ដែល​ទំនងជា​រួមបញ្ចូល​ការវាយប្រហារ​យោធា​ជាច្រើន​មុខព្រួញ។

បណ្តាញ​ទូរទស្សន៍​CBS News ​បាន​រាយការណ៍ ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក​Joe Biden​ បានអនុម័ត​ផែនការ​សម្រាប់​ការវាយប្រហារ​ជាច្រើន​ថ្ងៃ​លើ​គោលដៅ​ដែល​រួមមាន​ «បុគ្គលិក ​និង​យុទ្ធោបករណ៍​ របស់​អ៊ីរ៉ង់» ​ទាំង​នៅ​អ៊ីរ៉ាក់ ​និង​ស៊ីរី៕