ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង នាថ្ងៃពុធនេះ បានដង្ហែនាំយកសពលោក ប៉ែន សុវណ្ណ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ មកតម្កល់នៅក្នុងវត្តនួនមណីរាម ហៅវត្តថាន់ក្នុងរាជធានីភ្នំពេញ ដើម្បីរង់ចាំការបូជា ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៦ ខែវិច្ឆិកា។
លោក ប៉ែន សុវណ្ណ គឺជាអតីតនាយករដ្ឋមន្ត្រីលើកដំបូងរបស់កម្ពុជា ក្រោយការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហមក្នុងអំឡុងឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨២ ហើយលោកធ្លាប់ត្រូវបានចាប់ខ្លួនបញ្ជូនទៅឃុំក្នុងពន្ធនាគារនៅប្រទេសវៀតណាមអស់រយៈពេលជាង១០ឆ្នាំ។
លោកបានទទួលមរណភាពក្នុងវ័យ៨០ឆ្នាំ កាលពីយប់ថ្ងៃសៅរ៍ទី២៩ ខែតុលា ដោយរោគាពាធ។
នៅមុនការដង្ហែសពលោក ប៉ែន សុវណ្ណ មកកាន់រាជធានីភ្នំពេញ សពអតីតមេដឹកនាំបដិវត្តន៍ខ្មែរត្រូវបានតម្កល់ទុកនៅឯគេហដ្ឋានលោកក្នុងក្រុងដូនកែវ ខេត្តតាកែវ តាំងពីការទទួលមរណភាពរបស់លោក ដោយជំងឺលើសឈាម និងទឹកនោមផ្អែម។
ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងថ្លែងថា លោក ប៉ែន សុវណ្ណ ជាអ្នកនយោបាយដែលមិនគាំទ្រការប្រព្រឹត្តអំពើពុករលួយ។
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានចាត់ទុកលោក ប៉ែន សុវណ្ណ ថាជាវីរបុរសខ្មែរមួយរូប ដែលបានលះបង់ជីវិតចុងក្រោយចូលរួមចលនានយោបាយដែលមានគោលដៅកសាងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ថ្លែងនៅពីមុខទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ និងក្បែររថយន្តដឹកសពលោក ប៉ែន សុវណ្ណ លោក កឹម សុខា បានបញ្ជាក់ពីការដឹងគុណរបស់លោកចំពោះក្រុមគ្រួសារសាច់ញាតិលោក ប៉ែន សុវណ្ណ ដែលបានយល់ព្រមឲ្យលោក ប៉ែន សុវណ្ណ ធ្វើនយោបាយជាមួយគណបក្សប្រឆាំង។
«អរគុណណាស់ដល់ក្រុមគ្រួសាររបស់ឯកឧត្ដម ប៉ែន សុវណ្ណ ទាំងអស់ដែលបានធ្វើការលះបង់ឲ្យឪពុក ឲ្យប្ដី ឲ្យជីតា បានមកធ្វើការតស៊ូជាមួយយើងខ្ញុំ ដើម្បីជួយជាតិនេះ។ សូមអរគុណមែនទែន ដែលបានលះបង់»។
នៅគ្រាដែលសពលោក ប៉ែន សុវណ្ណ ត្រូវបានតម្កល់នៅក្នុងវត្តថាន់ ក្រុមតំណាងរាស្ត្រនៃគណបក្សសង្គ្រោះជាតិមិនទាន់បញ្ជាក់ថា ការបូជាសពអាចនឹងធ្វើឡើងនៅមុខវត្តបទុមវតី ឬយ៉ាងណានោះឡើយ។
ក៏ប៉ុន្តែលោក យ៉ែម បុញ្ញាឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការបូជាសពលោក ប៉ែន សុវណ្ណ នឹងត្រូវធ្វើឡើងនៅមុខវត្តបទុមវតី ជាទីដែលសពមន្ត្រីរដ្ឋាភិបាលជាច្រើនត្រូវបានបូជានៅទីនោះ រួមមាន លោក ជា ស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា។
កាលពីខែមករា ឆ្នាំ២០១៥ លោក ប៉ែន សុវណ្ណ មានបញ្ហាស្ទះសរសៃឈាមនៅជិតបេះដូង និងក្នុងខួរក្បាល។
តាំងពីពេលនោះមក លោក ប៉ែន សុវណ្ណ ក៏ធ្លាក់ខ្លួនឈឺក្នុងស្ថានភាពដុនដាប និងខកខានមិនបានបំពេញតួនាទីរបស់លោកជាអ្នកតំណាងរាស្ត្រនៅរដ្ឋសភា។
ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តតាកែវ និយាយថា ពួកគេពុំសូវស្គាល់អតីតនាយករដ្ឋមន្ត្រីខ្មែរនោះទេ គឺពួកគេស្គាល់តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងកាន់អំណាចសព្វថ្ងៃនេះ។
លោកហ៊ុន សែន ក៏ត្រូវគេដឹងថា ជាអ្នកធ្លាប់តស៊ូជាមួយលោក ប៉ែន សុវណ្ណ។
អ្នកស្រី មាន គន្ធា វ័យ៣៨ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោង ខេត្តតាកែវ ប្រាប់ VOAថា ការស្លាប់របស់លោក ប៉ែន សុវណ្ណ គឺជាការបាត់បង់អ្នកស្រលាញ់ជាតិខ្មែរ និងការពារប្រយោជន៍ខ្មែរពិតប្រាកដ។
អ្នកស្រីនិយាយថា កូនខ្មែរជំនាន់ក្រោយគួរធ្វើការចងចាំវីរភាពរបស់ លោក ប៉ែន សុវណ្ណ។
«គួរតែចងចាំ និងចង់ដូចថា គាត់ជាប្រវត្តិសាស្ត្រខ្មែរមួយរូបដែលគាត់តស៊ូ ឲ្យប្រជាពលរដ្ឋខ្មែរយើងបានច្រើន។ ខ្ញុំសោកស្ដាយ និងមិនចង់ឲ្យគាត់បាត់បង់ទេ នៅតែសោកស្ដាយគាត់ណា៎ពូ»។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងលើទំព័រ Facebook របស់លោកកាលពីថ្ងៃអាទិត្យកន្លងទៅថា លោក ប៉ែន សុវណ្ណ ជានាយករដ្ឋមន្ត្រីដំបូងគេបង្អស់នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា និងជាបិតា៧មករា ឆ្នាំ១៩៧៩។
មេបក្សប្រឆាំងរូបនេះ បានបន្ថែមថា នៅចុងឆ្នាំ១៩៨១ លោក ប៉ែន សុវណ្ណ ត្រូវបានកងទ័ពវៀតណាមចាប់យកទៅដាក់ពន្ធនាគារនៅទីក្រុងហាណូយ ដោយសារលោក ប៉ែន សុវណ្ណ ហ៊ានប្រឆាំងគម្រោងផែនការ «ក៥» ដែលជាការរៀបចំកេណ្ឌប្រជាពលរដ្ឋឲ្យទៅស្លាប់រាប់សែននាក់ ដោយគ្រុនចាញ់ និងជាន់មីន ក្រោមលេសការពារព្រំប្រទល់ដែនខ្មែរ-ថៃ។
ក៏ប៉ុន្តែ អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស បានលើកឡើងផ្ទុយពីលោក សម រង្ស៊ី ថាការប្រឆាំងផែនការ «ក៥» ជាទង្វើចង់បើកផ្លូវឲ្យក្រុមខ្មែរក្រហមមកកាន់កាប់កម្ពុជាសារជាថ្មី។
មន្ត្រីនាំពាក្យដដែលនោះ បានបន្ថែមថា បើលោក ប៉ែន សុវណ្ណ បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីខ្មែរនោះ នោះការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងមិនកើតមានបាននោះឡើយ។
ការដង្ហែសពលោក ប៉ែន សុវណ្ណ ដោយម៉ូតូ និងរថយន្តនាថ្ងៃពុធនេះ ពុំបានប្រឈមនឹងការរារាំងណាមួយនោះទេ។
ក្រុមអាជ្ញាធរមូលដ្ឋានត្រូវគេមើលឃើញថា បានជួយសម្រួលការធ្វើដំណើររបស់ក្បួនដង្ហែសពពីក្រុងដូនកែវ ខេត្តតាកែវ មកកាន់រាជធានីភ្នំពេញ។
ក្រុមតំណាងរាស្ត្រនៃគណបក្សប្រឆាំង និងអ្នកហែសពលោក ប៉ែន សុវណ្ណ រួមទាំងព្រះសង្ឃរាប់សិបអង្គនាក់បានធ្វើដំណើរ និងនិមន្តដោយថ្មើរជើងពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ មកកាន់វត្តថាន់ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕