គណៈប្រតិភូសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nancy Pelosi បានជួបជាមួយនឹងប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងសមាជិកសភាជាន់ខ្ពស់តៃវ៉ាន់ផ្សេងទៀតនៅថ្ងៃពុធនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលធ្វើឡើងដើម្បីបង្ហាញពីការគាំទ្ររបស់អាមេរិកចំពោះលទ្ធិប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់។
លោកស្រី Pelosi បានធ្វើដំណើរទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារ ថ្វីបើមានការប្រឆាំងនឹងការព្រមានរបស់ចិនដែលចាត់ទុកកោះតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន។ ទស្សនកិច្ចនេះធ្វើឱ្យលោកស្រីក្លាយជាមន្ត្រីអាមេរិកជាន់ខ្ពស់បំផុតក្នុងរយៈពេល២៥ឆ្នាំ ដែលបានធ្វើដំណើរទៅកាន់កោះដែលគ្រប់គ្រងខ្លួនឯងមួយនេះ។
កន្លងមក ចិនបានគំរាមថានឹងឆ្លើយតបបែបយោធា ប្រសិនបើអ្នកស្រី Pelosi ហ៊ានធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់។
ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថា មិនយូរប៉ុន្មានក្រោយលោកស្រីអញ្ជើយទៅដល់ក្រុងតៃប៉ិកាលពីយប់ថ្ងៃអង្គារ ប្រទេសចិនបានប្រកាសពីការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ គឺដូចតាមការគំរាមពីមុនរបស់ខ្លួន។
កាលពីព្រឹកថ្ងៃអង្គារ យន្តហោះចម្បាំងនិងនាវាចម្បាំងចិនជាច្រើនគ្រឿងបានធ្វើដំណើរចូលទៅជិតខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់។ នេះបើយោងតាមប្រភពដែលមិនបញ្ជាក់អត្តសញ្ញាណដែលទីភ្នាក់ងារព័ត៌មាន Reuters បានដកស្រង់សម្ដី៕