ខណៈដែលសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមរីកលូតលាស់ ហើយប្រជាពលរដ្ឋកាន់តែមានទ្រព្យធនច្រើនឡើង ជំនួញសត្វឆ្កែ ទាំងស្លាប់ និងនៅរស់ ក៏កំពុងកើនឡើងដែរ។ ឥឡូវនេះ មនុស្សកាន់តែច្រើនកំពុងទិញពូជសត្វក្នុងតម្លៃខ្ពស់ដើម្បីចិញ្ចឹមជាសត្វក្នុងផ្ទះ ហើយនិន្នាការបែបនោះមិនធ្វើឲ្យការធ្វើជំនួញសត្វឆ្កែរបស់ប្រទេសនេះថយចុះទេ។
ទោះជាសាច់ឆ្កែត្រូវបានដាក់នៅលើចានជាមួយទឹកជ្រលក់បង្គា ឬសត្វឆ្កែត្រូវបីនៅលើដៃរបស់ស្ត្រីអ្នកមានទ្រព្យធនម្នាក់ក៏ដោយ ក៏សត្វឆ្កែជាសត្វដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅវៀតណាម។
លោក ង្វៀន ទ្រឿងថាញ់់ (Nguyen Trung Thanh) វ័យ៤១ឆ្នាំ កំពុងពិសារអាហារពេលល្ងាចនៅឯភោជនីយដ្ឋានមួយ ដែលលក់សាច់ឆ្កែនៅទីក្រុងហាណូយ។ លោកនិយាយថា លោកជាអតិថិជនប្រចាំ។
លោកថាញ់ និយាយថា លោកនិងមិត្តភ័ក្តរបស់លោកមកទីនេះ នៅពេលណាដែលពួកគាត់ចង់បរិភោគសាច់ឆ្កែ។ សាច់ឆ្កែមានរសជាតិពិសេស ដែលលោកចូលចិត្ត។ លោកបានឲ្យដឹងថា សាច់នេះមានផលល្អសម្រាប់សុខភាពរបស់លោក ដោយសារសាច់នេះមានសារជាតិចិញ្ចឹមនិងធ្វើឲ្យលោកកាន់តែរឹងមាំជាងមុន។
បើទោះជាការបិរភោគសាច់ឆ្កែជាអំពើខុសច្បាប់នៅតាមកន្លែងជាច្រើននៅទ្វីបអាស៊ីក៏ដោយ វាជាការធ្វើជំនួញយ៉ាងធំមួយនៅវៀតណាម។ ជាធម្មតា ឆ្កែត្រូវបានចិញ្ចឹមក្នុងចំនួនតិចតួចនៅតាមភូមិ ហើយបន្ទាប់មកលក់ទៅឲ្យឈ្មួញកណ្តាល ដែលដឹកជញ្ជូនសត្វឆ្កែទាំងនោះទៅកាន់ភោជនីយដ្ឋាននៅទីក្រុង។លោក ទួន បិនឌីសេន (Tuan Bendixsen) នាយកការិយាល័យប្រចាំនៅវៀតណាមនៃអង្គការសត្វអាស៊ី (Animals Asia’s Vietnam office) ថ្លែងថា ខណៈដែលសេដ្ឋកិច្ចរបស់វៀតណាមបានរីកលូតលាស់ មនុស្សកាន់តែច្រើនបានផ្លាស់ទៅរស់នៅក្នុងទីក្រុង ដោយបន្សល់ទុកសមាជិកគ្រួសារតិចតួចនៅឯទីជនបទដើម្បីចិញ្ចឹមឆ្កែ។ ស្របពេលជាមួយគ្នានេះដែរ លោកទួន មានប្រសាសន៍ថា មនុស្សកាន់តែច្រើនអាចមានលទ្ធភាពពិសារសាច់ឆ្កែ ដូច្នេះការបរិភោគក៏កំពុងកើនឡើងផងដែរ។
«បញ្ហាគឺថា ឆ្កែមិនទាន់គ្រប់គ្រាន់ចំនួនដើម្បីផ្គត់ផ្គង់ដល់ការធ្វើជំនួញនេះទេ ជាពិសេសក្នុងអំឡុងចូលឆ្នាំថ្មីវៀតណាម ដែលមានន័យថា ឆ្កែនឹងត្រូវនាំចូលមកពីប្រទេសថៃ។ តាមការប៉ាន់ស្មានថា មានឆ្កែចំនួន២ម៉ឺន ៥ពាន់ក្បាលក្នុងមួយខែៗ ឬលើសពីនេះ ត្រូវនាំមកពីប្រទេសថៃ»។
កាលពីខែមុន ក្រុមប៉ូលីសថៃបានចាប់បុរសបីនាក់ ដែលព្យាយាមរត់ពន្ធឆ្កែចំនួនជាង១ពាន់ក្បាល ចូលទៅវៀតណាម ឆ្លងកាត់តាមប្រទេសលាវ។
«ប្រសិនបើអ្នកធ្វើដំណើរទៅកាន់ប្រទេសវៀតណាមភាគកណ្តាល នៅក្បែរព្រំដែនលាវ ជារឿយៗ អ្នកនឹងឃើញឡានធំៗឆ្លងកាត់ ឡានធំៗដែលផ្ទុកទៅដោយសត្វឆ្កែយ៉ាងហោចណាស់ក៏២០០ ទៅ៣០០ក្បាល ដែលបានដាក់នៅក្នុងទ្រុងដូចសត្វមាន់ដែរ។ ទ្រុងនីមួយៗមានឆ្កែប្រហែល១០ក្បាល។ ទ្រុងទាំងនោះមានទំហំតូចៗ។ ឆ្កែទាំងនោះត្រូវផ្គត់ផ្គង់ទៅឲ្យឧស្សាហកម្មសាច់ឆ្កែនៅវៀតណាម»។
លោកទួននិយាយថា ក្រុមអ្នកចូលចិត្តសាច់ឆ្កែភាគច្រើនបំផុតគឺជាមនុស្សវ័យកណ្តាល។ លោកឲ្យដឹងទៀតថា ក្រុមយុវជនទំនងជាចង់យកសត្វទាំងនោះធ្វើជាសត្វចិញ្ចឹមជាង ដោយសារពួកគេធ្វើតាមអ្វីដែលមនុស្សទាំងឡាយបានធ្វើនៅក្នុងសង្គមលោកខាងលិច។
លោកចាត់ទុកនិន្នាការបែបនោះមួយផ្នែក ថាបានបណ្តាលមកពីចំនួនម្ចាស់សត្វចិញ្ចឹមនៅក្នុងប្រទេសបានកើនឡើង។
លោកថាញ់ កុក បាវ (Thanh Quoc Bao) ជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅសមាគមខេណេលវៀតណាម (Vietnam Kennel Association)។
លោកបាវ និយាយថា បើទោះជាគ្មានមនុស្សច្រើនបង្កាត់ពូជសត្វឆ្កែនៅវៀតណាម ដូចមាននៅតាមបណ្តាប្រទេសដទៃទៀតក៏ដោយ ចំនួននេះបានកើនឡើងយ៉ាងខ្លាំងកាលពីទសវត្សរ៍មុន។ លោកបន្ថែមទៀតថា សមាគមនេះបានជួយធ្វើឲ្យមានភាពជាក់លាក់ចំពោះការបង្កាត់ពូជសម្រាប់ឆ្កែក្នុងស្រុក មានដូចជាពូជសត្វឆ្កែភូកុក (Phu Quoc) ជាឆ្កែដែលបានចេញសំដែងនៅក្នុងការបង្ហាញសត្វឆ្កែពិភពលោក (World Dog Show) នៅទីក្រុងប៉ារីស ជាលើកដំបូងបង្អស់នៅខែកក្កដាក្នុងឆ្នាំនេះ។
បើទោះជាពូជឆ្កែខុសគ្នាជាច្រើនត្រូវបាននាំចូលក្នុងប្រទេសវៀតណាមក៏ដោយ ក៏លោកបាវនិយាយថា កន្លងមក ពូជឆ្កែដ៏ល្បីល្បាញបំផុតនោះគឺពូជឆ្កែធំៗរបស់អាឡឺម៉ង់ ហៅ German Shepherd។ សត្វនេះធំពេញរូបរាងអាចមានតម្លៃជិត១ពាន់ដុល្លារ ដែលជាចំនួន១០ដង នៃប្រាក់បៀវត្សប្រចាំខែជាមធ្យម។
ក្នុងនាមជាអ្នកស្រឡាញ់ឆ្កែ លោកបាវទទូចឡើងថា លោកមិនបរិភោគសាច់ឆ្កែទេ ហើយគិតថា អ្នកបង្កាត់ពូជឆ្កែដទៃទៀតក៏មានអារម្មណ៍ដូចគ្នាដែរ។
លោក ទ្រិញ អាន់ង៉ុក (Trinh Anh Ngoc) មានវ័យ២៧ឆ្នាំ ជាឆ្មាំសន្តិសុខនៅឯក្រុមហ៊ុនមួយនៅទីក្រុងហាណូយ។ កាលពី៩ខែមុន លោកបានចំណាយប្រាក់អស់ចំនួន៥០០ដុល្លារ ដែលស្មើនឹងបៀវត្សកាត់បីខែ ដើម្បីទិញកូនឆ្កែពូជរបស់អាឡឺម៉ង់ German shepherd។
លោកង៉ុក ថ្លែងថា បើទោះជាលោកនឹងប្រើប្រាស់សត្វនេះជាឆ្កែយាមផ្ទះក៏ដោយ ក៏លោកបានចំណាយប្រាក់ដោយសារលោកចាប់អារម្មណ៍លើការហ្វឹកហ្វឺនឆ្កែ និងការបង្កាត់ពូជឆ្កែ។ លោកថ្លែងថា ឆ្កែនេះជាមិត្តរបស់លោក ដូច្នេះលោកនឹងមិនបរិភោគសាច់ឆ្កែនេះជាដាច់ខាត។
តែទោះជាយ៉ាងណា លោកគ្មានអារម្មណ៍ខ្ពើមរអើមចំពោះការបរិភោគសាច់សត្វឆ្កែដទៃទេ។
លោកនិយាយថា សត្វឆ្កែវៀតណាមមិនសូវឆ្លាតដូចឆ្កែរបស់ប្រទេសលោកខាងលិចទេ ហើយសាច់ឆ្កែនេះមិនសូវមានជាតិខ្លាញ់ ដូច្នេះលោកចូលចិត្តទៅភោជនីយដ្ឋានដើម្បីពិសារសាច់ឆ្កែ។
លោកទួន នៃអង្គការសត្វអាស៊ី មានប្រសាសន៍ថា ភាពមិនច្បាស់លាស់ចំពោះម្ចាស់កម្មសិទ្ធិលើសត្វឆ្កែ និងការពិសារសាច់ឆ្កែ គឺជាទម្លាប់នៅវៀតណាម។
«ខ្ញុំពិតជាដឹងថា អ្នកដែលមានសត្វឆ្កែចិញ្ចឹមនៅតែពិសារសាច់ឆ្កែដដែល ប៉ុន្តែពួកគេនឹងមិនពិសារសាច់ឆ្កែរបស់ខ្លួនទេ។ ខ្ញុំបាននិយាយជាមួយមនុស្សមួយចំនួន ដែលពិសារសាច់ឆ្កែជាប្រចាំ ហើយពួកគេស្រឡាញ់ឆ្កែរបស់ពួកគេ។ ខ្ញុំស្គាល់នារីម្នាក់ដែលមានកូនឆ្កែតូចមួយឈ្មោះ ឈីហ្វាហ្វា(Chihuahua)។ នាងយួរឆ្កែនោះនៅក្នុងកន្រ្តកតូចមួយចុះឡើងៗរាល់ថ្ងៃ ប៉ុន្តែនាងពិសារសាច់ឆ្កែជាប្រចាំ។ ខ្ញុំសួរនាងថាតើហេតុអ្វីបានជានាងពិសារសាច់ឆ្កែ ហើយនាងប្រាប់ខ្ញុំវិញថា នាងចូលចិត្តរសជាតិនេះ។ ចំពោះខ្ញុំ ហាក់ដូចជាមានកង្វះការទាក់ទងគ្នានៅកន្លែងណាមួយ គឺ រវាងអ្វីដែលពួកគេមើលឃើញនៅក្នុងសត្វឆ្កែរបស់ពួកគេ ហើយនឹងអ្វីដែលពួកគេមើលឃើញនៅលើចាន»។
លោកទួន និយាយថា លោកគ្មានសុទិ្ទដ្ឋិនិយមទេថា សាច់ឆ្កែនឹងត្រូវលុបចេញពីបញ្ជីរាយមុខម្ហូបនាពេលអនាគតដ៏ខ្លីខាងមុខ បើទោះជាមនុស្សកាន់តែច្រើនចិញ្ចឹមឆ្កែជាគូកនរបស់គេនោះក៏ដោយ៕
ប្រែសម្រួលដោយ លី សុខឃាង