ការទទួលយកនិងមិនពេញចិត្តនឹង«សន្តិភាព» នឹងមានលើសន្លឹកឆ្នោត ទៅតាមការកំណត់របស់អ្នកបោះឆ្នោត

សិស្សម្នាក់ដើរកាត់បដាដែលសរសេរថា «អរគុណសន្តិភាព» នៅមុខរបង​សាលា​អនុវិទ្យាល័យ​ចតុមុខ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ភ្នំពេញ/សៀមរាប — សឹង​គ្រប់​កន្លែង​អ្នកសម្លឹង​មើលឃើញ​នៅ​ក្រុង​ភ្នំពេញ​តែង​មាន​ផ្ទាំង​បដា​បង្ហាញ​រូប​ថ្នាក់​ដឹកនាំ​កំពូល​ពីររូប​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​នឹង​ពាក្យ​ស្លោក «អរគុណ​សន្តិភាព»។ ផ្ទាំង​បដា​ដូចគ្នា​នេះ​ត្រូវ​បាន​ដាក់​តាម​ដង​វិថីធំៗ និង​តាមចំណុច​កែង​ផ្លូវ​នៅ​ទូទាំង​ប្រទេស។ នេះ​ជា​សារមួយ​ដែល​ត្រូវបាន​សរសេរ​ជា​ហូរហៀ​នៅ​លើប្រអប់​បញ្ចេញ​មតិ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែលលោក​ជា​មេដឹកនាំ​កំពុង​កាន់តំណែង​ដ៏​យូរ​ជាង​គេ​បង្អស់​ម្នាក់​នៅ​លើ​ពិភពលោក។

សមាជិក​ព្រឹទ្ធសភា​និង​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​លោក សុខ ឥសាន​ បាន​ថ្លែង​ប្រាប់​វីអូអេថា៖

«សន្តិភាព​ផ្តល់​ឱកាស​ឲ្យ​យើង​រស់នៅ​ប្រកប​ដោយ​សុខដុមរមនា​នៅក្នុង​សង្គម​កម្ពុជា។ ទី២ សន្តិភាព​ផ្តល់​ឱកាស​ឱ្យ​យើង​ធ្វើការ​កសាង​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីក​ចម្រើន។ វា​ជា​ក្រឹតក្រម​ហើយ កាលណា​មាន​សន្តិភាព គឺ​មាន​អ្វីៗ​ទាំងអស់។ អ៊ីចឹង​ការ​រស់នៅ​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ល។និងល។ មាន​ដោយសារ​សន្តិភាព​ហ្នឹងឯង»។

ក៏​ប៉ុន្តែ មនុស្ស​មួយ​ចំនួន​នៅ​កម្ពុជា​មិន​ទទួល​បាន​វឌ្ឍនភាព​និង​ឱកាស​ដូច​នេះ​នោះ​ទេ​។ ហើយ​បើ​ទោះ​ជា​មាន​ការ​រឹតត្បិត​មក​លើ​គណបក្ស​ប្រឆាំងនឹង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ក៏ដោយ ក៏​ការ​បោះឆ្នោត​នា​ឆ្នាំ​នេះ​នឹង​ផ្តល់​ជា​ការ​យល់ឃើញ​មួយ​ថា ពលរដ្ឋ​បោះឆ្នោត​នៅកម្ពុជា​មាន​សេចក្តីអំណរ​កម្រិត​ណា​ចំពោះ​ «សន្តិភាព» ដែល​លើកឡើង​ដោយ​គណបក្ស​កាន់​អំណាច។

លោក​ ហ៊ុន សែន បាន​លើកតម្កើង​ពីតម្លៃ​នៃការ​បញ្ចប់​សង្គ្រាម​ និងការ​នាំ​យក​នូវ​ស្ថិរភាព​សេដ្ឋកិច្ច​ ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក​ក៏​មាន​កំណត់ត្រា​មិន​ល្អ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ការ​បំបិទ​សំឡេង​ក្រុម​អ្នក​ប្រឆាំង និង​ការ​បិទ​បណ្តាញ​ផ្សព្វផ្សាយ​ឯករាជ្យផងដែរ។

បដាគម្រប់ខួបទី ៧១ របស់គណបក្សប្រជាជនកម្ពុជា នៅមុខទីស្នាក់ការ​កណ្តាល​របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ចាន់ ស្រីរ័ត្ន បាន​ប្រាប់វីអូអេថា នាងនឹងទៅបោះឆ្នោតនៅខែកក្កដានេះ ដើម្បីបង្ហាញការមិនពេញចិត្តចំពោះភាពអសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការរកដំណោះស្រាយដល់វិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍។ (ទែន សុខស្រីនិត/វីអូអេ)

​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) នៅ​ក្រុង​ភ្នំពេញ លោក ណាំ ស៊ីវន បាន​ប្រាប់​វីអូអេថា៖

«សុំ​តែ​មួយ​រស់ ឱ្យ​បានរស់​ស្រួល​ផង រស់​ជា​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ដែល​តែងតែ​អួត​ថា ជា​ប្រទេស​សម័យ​សន្តិភាព​ណា។ អ៊ីចឹង​សូម​ឱ្យ​កម្មករ​ហ្នឹង​មាន​សន្តិភាព មាន​ប្រាក់​កាសចាយ​គ្រប់គ្រាន់»។

សហជីព​និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ចោទប្រកាន់ថា ក្រុម​មន្ត្រី​បាន​ឃុបឃិត​នៅ​ក្នុង​ការ​បំបែក​សហជីព​និង​បង្ក្រាប​បាតុកម្ម​អហិង្សា​របស់​ពួកគេ។

លោក ណាំ ស៊ីវន ជា​បុគ្គលិក​ម្នាក់​ក្នុង​ចំណោម​បុគ្គលិក​ ១.៣២៩ នាក់ ដែល​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២១។ ក្រុមហ៊ុន​ណាហ្គាវើលដ៍​បាន​លើកឡើង​ថា ចំណាត់ការ​នេះ​គឺ​ដោយសារ​ក្រុមហ៊ុន​បាន​ខាតបង់​ប្រាក់​ចំណេញ​ អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ១៩ រីឯ​បុគ្គលិក​បាន​ចាត់ទុក​ថា​ ការ​បញ្ឈប់​ពី​ការងារ​នេះ​ជា​ការ​សងសឹក​ប្រឆាំង​នឹង​ការ​ទាមទារ​អត្ថប្រយោជន៍​ប្រសើរ​ជាង​មុន​ពី​សហជីព ដែល​ត្រូវបាន​ដឹកនាំ​ដោយ​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ​ និង​ប្រឈម​នឹង​ដំណើរការ​ជំនុំជម្រះ​ក្តី​ពី​បទចោទប្រកាន់​ព្រហ្មទណ្ឌ។

កញ្ញា ចាន់ ស្រីរ័ត្ន បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ដែល​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ដែល​បាន​ចាប់ផ្តើម​កាល​ពីខែ​ធ្នូ ឆ្នាំ ២០២១ បាន​បង្ហាញ​មន្ទិល​ថា​ ហេតុអ្វី​បាន​ជា​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ដែលលោកតែងត្រូវ​បាន​ហៅ​តាម​កត្តិនាម​ថា «សម្តេច» មិន​បាន​ទាមទារ​សន្តិភាព​ ជូន​ដល់​បុគ្គលិកក្រុមហ៊ុន​ណាហ្គាវើលដ៍ ដែល​មាន​ទីតាំង​ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ភូមិគ្រឹះ​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ​នោះ​ឡើយ។ កញ្ញា​បាន​ចោទសួរ​ថា៖

«គ្រប់រឿង អ្វី​ក៏ដោយ​នៅ​លើ​បណ្តាញ​សង្គម សម្តេច​ដឹង សម្តេច​ឮ​ទាំងអស់។ ចុះចំណែក​អី​ពួកខ្ញុំ ម៉េច​បាន​សម្តេច​អត់ដឹង​អត់ឮ? សម្តេច​ធ្វើ​មិន​ដឹង ធ្វើ​មិន​ឮ។ វា​មិនមែន​ជា​ដំណោះស្រាយ​ទេ»។

នៅ​ខែ​កក្កដា​ខាង​មុខ​នេះ លោក​ ណាំ ស៊ីវន និង​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោតជាង​ ៩ លាន​នាក់​ទៀត​នៅ​កម្ពុជា​ នឹង​មាន​ឱកាស​បង្ហាញ​ការ​ទទួលយក​ ឬ​ការ​មិន​ពេញ​ចិត្ត នៅ​ពេល​កម្ពុជា​រៀបចំ​ការ​បោះឆ្នោត​ជាតិ​ នីតិកាល​ទី ៧ នៅ​ថ្ងៃ​ទី ២៣ ខែ​កក្កដា ឆ្នាំ​ ២០២៣ ខាងមុខ​នេះ គឺ​ ៣០ ​ឆ្នាំ​ចាប់តាំង​ពី​ការ​បោះឆ្នោតលើក​ដំបូងនៅ​ឆ្នាំ ១៩៩៣ ក្រោយ​សង្គ្រាម​ត្រូវបាន​បញ្ចប់។ លោក ណាំ ស៊ីវន ថ្លែង​ថា៖

«ចំពោះ​ការ​បោះឆ្នោត ពួកខ្ញុំ​នឹង​ចូលរួម ហើយ​អ្វី​ដែល​សំខាន់ គឺ​ខ្ញុំ​នឹង​ជ្រើសរើស​រក​តំណាងរាស្ត្រ​ណា​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​ជាមួយក្រុមហ៊ុន​ណាហ្គាវើលដ៍​នេះ។ ពួកខ្ញុំ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ណាទេ»។

កម្មករ​និង​សហជីព ជាពិសេស​នៅ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា គឺ​ជា​បណ្តុំ​អ្នក​បោះឆ្នោត​ដ៏​សំខាន់​សម្រាប់​ភាព​ជោគជ័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ កាល​ពី​ឆ្នាំ​ ២០១៣ នៅ​ពេល​ដែល​គណបក្ស​នេះ​បាន​ចាញ់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច ក្នុង​សំឡេង​មួយ​ភាគ​តូច​តែ​ប៉ុណ្ណោះ។

គណបក្ស​កាន់អំណាច​បាន​ប្រកាន់​យក​នូវ​យុទ្ធសាស្រ្ត​ពីរ​ជ្រុង​នៅ​ក្នុង​ទសវត្សរ៍​បន្ទាប់​មក ដោយ​បាន​បិទលំហ​សម្រាប់​គណបក្ស​ប្រឆាំង​និង​ក្រុម​ប្រឆាំង ស្របពេល​ពង្រឹង​សកម្មភាព​ប្រឡូក​ជាមួយ​យុវជន​វ័យក្មេង​កម្ពុជា​ ដែល​មួយ​ភាគ​ធំ​តំណាង​ឱ្យ​ពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​កាលពី​ឆ្នាំ ២០១៧ ហើយ​ត្រូវ​បាន​ជំនួស​ដោយ​គណបក្ស​ប្រឆាំង​តូចៗ ដែល​ត្រូវបាន​បង្កើត​ឡើង​ដោយមន្ត្រី​មួយ​ចំនួន​មក​ពីគណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​គ្មាន​មេដឹកនាំ​របស់​ពួកគេ​ គឺ​លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស និង​លោក​ កឹម សុខា ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំខ្លួន​ក្នុង​ផ្ទះ។

កាល​ពី​ខែ​មិថុនា​ ឆ្នាំ ២០២២ បន្ទាប់​ពីគ្រប់គ្រង​បាន​ទាំងស្រុង​នៅ​ថ្នាក់​ឃុំ​សង្កាត់​រយៈពេល​ប្រាំ​ឆ្នាំ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រឈម​នឹង​ការ​ប្រជែង​ពី​គណបក្ស​ភ្លើងទៀន ដែល​មាន​ឬសគល់​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ឈ្នះ​សំឡេង​គាំទ្រ​ចំនួន​ប្រមាណ ២២ ភាគរយ​នៃ​សំឡេង​បោះឆ្នោត​សរុប និង​អាសនៈ​ឃុំ​សង្កាត់​ចំនួន ២.១៧៦ បន្ទាប់​ពី​បាន​ធ្វើការ​ឃោសនា​ដោយ​ផ្តោត​លើ​បញ្ហា​អយុត្តិធម៌​សង្គម អំពើ​ពុករលួយ និង​ការ​រំលោភបំពាន​អំណាច។

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។

​ស្រប​ពេល​គណបក្ស​ភ្លើងទៀន​មិន​ត្រូវ​បានគេ​រំពឹង​ថា​ជា​គូ​ប្រជែង​យ៉ាង​មុតមាំ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​នា​ឆ្នាំ​នេះ​ក៏​ដោយ​ ប្រសិន​បើ​គណបក្ស​នេះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រជែង​នោះ សំឡេង​ឆ្នោត​ដែល​គណបក្ស​នេះ​នឹង​ទទួល​បាន ​អាច​ជា​សញ្ញា​បង្ហាញ​ថា​ តើ​គណបក្ស​នេះ​កំពុង​ទទួល​បាន​ចរន្ត​គាំទ្រ​កើនឡើង​ឬ​ថមថយ។ ហើយការ​ទទួល​បាន​អាសនៈតិចតួច​នៅ​រដ្ឋសភា​ក៏អាច​ផ្តល់​ជា​កន្លែង​ឈរជើង​ ដែល​គណបក្សប្រឆាំង​កំពុង​ខ្វះខាត​នា​ពេល​បច្ចុប្បន្ន​ផងដែរ។

លោក​ អ៊ូ វីរៈ ស្ថាបនិក​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​វេទិកា​អនាគត (Future Forum) បាន​ប្រាប់​វីអូអេ​ថា​ លោក​យល់ឃើញ​ថា គណបក្ស​ភ្លើងទៀន​គ្រាន់តែ​ជា «មធ្យោបាយ​បណ្តោះអាសន្ន» មួយ​សម្រាប់​គណបក្ស​ប្រឆាំង​ ដែល​ទំនង​នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ខ្លួន​ខកចិត្ត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​តែប៉ុណ្តោះ។ លោក​បញ្ជាក់​ថា មូលហេតុ​មួយ​ផ្នែក​ គឺ​ដោយសារ​តែ​មួយ​ភាគធំ​នៃប្រជាប្រិយភាព​របស់​គណបក្ស​នេះ​នៅតែ​ជាប់​ពាក់ព័ន្ធ​នឹង​លោក សម រង្ស៊ី ដែល​ជា​អតីត​ស្ថាបនិក​បង្កើត​បក្ស​នយោបាយ​នេះ។ លោក ​អ៊ូ វីរៈ ថ្លែង​ថា៖

«ពួកគេ​នឹង​មិន​អាច​សម្រេច​បាន​ជ័យជម្នះ​ទេ។ បន្ទាប់​មក ពួកគេ​នឹង​បាត់បង់​ចរន្ត​គាំទ្រ»។

​ប៉ុន្តែ​លោក​ អ៊ូ វីរៈ ក៏​បាន​លើកឡើង​ថា រូបមន្ត​រក្សា​ «សន្តិភាព» គ្រប់​កាលៈទេសៈ​របស់​គណបក្ស​កាន់​អំណាច​ អាច​បង្ក​ជា​ផលវិបាក​ផងដែរ។ លោក អ៊ូ វីរៈ ​ថ្លែង​ថា៖

«សំណួរ​គឺ​ថា នៅ​ពេល​អ្នក​ព្យាយាម​រក្សា​សន្តិភាព​ មិន​ថា​ក្រោម​កាលៈទេសៈ​ណា​ក៏ដោយ បើ​ទោះ​បី​ជា​គ្មាន​យុត្តិធម៌ ទោះ​បី​ប្រឈម​នឹង​អំពើ​អយុត្តិធម៌​មនុស្ស​ត្រូវ​តែ​ទទួល​យក​សន្តិភាព​នោះ​ ខ្ញុំ​គិតថា វា​នឹង​ក្លាយ​ជា​បញ្ហា​មួយ​មិនខាន»។

​លោក ចេក រ៉ុច សម​តែ​ជាបុគ្គល​ម្នាក់ដែល​ទំនងផ្តល់​ការ​សាទរ​ជាង​ប្រជាពលរដ្ឋ​ដទៃ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក​ ហ៊ុន សែន ជិត​ ៤០​ឆ្នាំ​មក​នេះ ដោយសារ​លោក​ជា​អតីត​ទាហានម្នាក់​ដែល​បាន​ចូលរួម​ប្រយុទ្ធ​នឹង​ទ័ព​ឈ្លប​ខ្មែរក្រហម ដើម្បី​នាំ​មក​នូវ​សន្តិភាព។

ក៏​ប៉ុន្តែ​លោកបាន​ប្រាប់​វីអូអេ​ថា គណបក្ស​កាន់​អំណាចបាន​តស៊ូ​ដើម្បី​ការពារ​ភាគច្រើន​តែ​ «អ្នក​មាន​ទ្រព្យ និង​អ្នកមាន​អំណាច»​ ខណៈ​បញ្ហា​បក្ខពួក​និយម​និង​អំពើ​ពុករលួយ​ក្នុង​ចំណោម​មន្ត្រី​រាជការ​នៅតេ​បន្ត​ចាក់ឬស។ ដោយសារ​តែ​មិន​ពេញ​ចិត្ត​នឹង​អំពើ​ពុករលួយ​និង​ការ​បំពាន​អំណាច លោក ចេក រ៉ុច បាន​ងាក​ទៅ​គាំទ្រ​គណបក្ស​ប្រឆាំង ហើយ​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​មេឃុំ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ មុន​ពេល​គណបក្ស​នេះ​ត្រូវបាន​រំលាយ។ ហើយ​កាល​ពី​ឆ្នាំ​ ២០២២ លោក​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ហើយ​ត្រូវ​បាន​ជ្រើសតាំង​ជា​ជំទប់ទី ២ នៃក្រុមប្រឹក្សា​ឃុំ​រុនតាឯក ស្រុក​បន្ទាយ​ស្រី ​ខេត្ត​សៀមរាប។ លោក ចេក រ៉ុច ​ថ្លែង​ថា៖

លោក ចេក រ៉ុច សមាជិក​ក្រុមប្រឹក្សា​ឃុំរ៉ុនតាឯកមកពីគណបក្ស​ភ្លើងទៀន ផ្តល់​បទសម្ភាសន៍ដល់វីអូអេ នៅគេហដ្ឋានរបស់លោក ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

«ដល់​ពេល​បោះឆ្នោត​ជាប់​ទៅ គេជា​អ្នក​គ្រប់គ្រង​ដដែល គេ​ចង់លុប​ដី គេ​ធ្វើ បាន​មក​ស្តាយ​ក្រោយ [ប្រជាពលរដ្ឋ]។ ប្រជាជន​ខ្មែរ​យើង​ច្រើនតែ​ស្តាយ​ក្រោយ។ ដូរបាន [ដូរការ​គាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ទៅ​គណបក្ស​ផ្សេង​ទៀត] គាត់​ហ៊ាន​ទៅ​បោះ។ អត់​ខ្លាច​ទេ។ ពេល​ទៅ​បោះ មើល​អត់​ឃើញ»។

សមាជិក​ក្រុម​ប្រឹក្សាឃុំ​រុនតាឯក​មក​ពី​គណបក្ស​ភ្លើង​ទៀន​រូបនេះ​ បាន​ថ្លែង​បន្ថែម​ថា៖

«ប្រជាពលរដ្ឋ​របស់​ខ្ញុំ​នៅ​ឃុំ​រុនតាឯក បើ​អ្នកណា​ឲ្យ​អំណោយ បោះ​ឲ្យអ្នក​នោះ​ហើយ។ បើ​អ្នកណា​ឈឺចាប់ [ដូចជា​នៅ] តំបន់​អប្សារា​អ៊ីចេះ បាន​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើង​ទៀន»។

បច្ចុប្បន្ននេះ​ ឃុំ​របស់​លោក ចេក រ៉ុច កំពុង​ស្ថិត​នៅ​ក្រោម​គម្រោង​អភិវឌ្ឍន៍​តំបន់​ជាយក្រុង​ថ្មី​ដ៏​ធំ​មួយ​ឈ្មោះ​ថា គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក​ ជាទី​ដែល​សាលារៀន មន្ទីរពេទ្យ ផ្សារ និង​សេវាកម្ម​ដទៃ​ទៀត ​កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ដ៏​ធំ​ល្ហល្ហេវ។

គម្រោងនេះ​ជា​ចំណាត់ការ​មួយ​ផ្នែក​សម្រាប់​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ផ្ទះសម្បែង​របស់​ពួកគេ​នៅ​ក្នុង​តំបន់ត្រូវ​បាន​ចាត់​ទុក​ជា​តំបន់​អភិរក្ស​ដោយ​អាជ្ញាធរ​អប្សរា​ ដែល​មាន​សិទ្ធិអំណាច​នៅ​ក្នុង​ការ​ការពារ អភិរក្ស​ និង​គ្រប់គ្រង​តំបន់​ឧទ្យាន​អង្គរ​នៅ​កម្ពុជា។

អ្នកស្រី ចាន់ ស៊្រន វ័យ ៤១ ​ឆ្នាំ ដែល​មាន​កូន​តូច​បី​នាក់ ជា​ពលរដ្ឋ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ពលរដ្ឋ​ដែល​បាន​បាត់បង់​ផ្ទះសម្បែង​នៅ​តំបន់​គោកតាចាន់ ជិត​ប្រាសាទ​អង្គរវត្ត។ ឥឡូវ​នេះ​ អ្នកស្រី​កំពុង​ជាប់​ក្នុង​បំពុល​ដ៏​ធ្ងន់​មួយ​ ដោយ​សារតែ​អ្នកស្រី​បាត់បង់​ប្រភព​ចំណូល​ពី​ការ​លក់​វត្ថុអនុស្សាវរីយ៍​នៅ​ក្បែរ​ប្រាសាទ បន្ទាប់​ពី​បាន​ជម្លៀស​ទៅ​រស់នៅ​តំបន់​កំពុង​អភិវឌ្ឍ​រុនតាឯក​លើ​ដី​ល្ហល្ហេវ​ដែល​ហ៊ុមព័ន្ធ​ដោយ​គ្រឿងចក្រ​ឈួសឆាយ​និង​ឡានដឹកដី​ ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៣០​គីឡូម៉ែត្រ​ពីតំបន់​ប្រជុំ​ក្រុង​សៀមរាប។ អ្នកថ្លែង ចាន់ ស៊្រន ប្រាប់​វីអូអេ​ថា៖

«ពិបាក​រឿង​ក្តៅ និង​ពិបាក​រកស៊ី មិន​ដឹងថា​រក​ស៊ី​អី។ ពិបាក​គ្រប់គ្នា។ និយាយ​ទៅអ្នកមក​នេះ សុទ្ធតែ​ទាស់​ទាល់ ព្រោះ​អី​គ្មាន​លុយ គ្មាន​កាក់​ទេ​មួយៗ​នោះ ត្អូញថា​អត់​លុយ​គ្រប់គ្នា។ ខ្ញុំ​និយាយ​ចំ ប៉ះពាល់នឹង​ជីវភាព ការ​រស់នៅ ក្តៅ​ក៏​ក្តៅ មិនដឹង​ថ្ងៃ​ណា​បាន​ដូចដើម​វិញ យើង​ដាំ​ដើមឈើ ទម្រាំ​បាន​ផល​ត្រជាក់​វិញ វា​យូរ​ដែរ។ កូន​ឈឺ​រហូត ក្តៅខ្លួន​រហូត លេបថ្នាំ​ជាប់ កូន​តូចៗ​ហ្នឹង ហើយ​ឆ្ងាយពី​ពេទ្យ​កុមារ។ នៅណោះ​ក្បែរ​ពេទ្យ​កុមារ ទៅមួយ​ភ្លេត​ដល់ តែ​មកនេះ​ឆ្ងាយ​ពេទ្យ»។

រីឯ​អ្នកស្រី កែ យ៉ាត់ វ័យ ៣២ ឆ្នាំ ជា​ពលរដ្ឋ​ចំណូល​ថ្មី​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុនតាឯក មាន​សុទិដ្ឋិនិយម​ជាង​អ្នកស្រី ចាន់ ស៊្រន ពីព្រោះ​ការ​ផ្លាស់​មក​ទី​នេះ​អាច​ឲ្យ​គ្រួសារ​របស់​អ្នកស្រី​ទទួល​បាន​កម្មសិទ្ធិ​ដីធ្លី​ ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់កាក់។ អ្នកស្រី​ កែ យ៉ាត់ បាន​ប្រាប់​វីអូអេ​ថា៖

«មុន​ដំបូង​ បារម្ភថា​ខ្លាច​អត់ដឹង​ថា​កូនរៀន​នៅ​ណា។ ពេលមក​ទៅមាន​សាលា​ជិត មាន​អ៊ីចឹងទៅ គឺ​អត់ខ្វល់​ទេ។ យើង​អាច​ថា គេក៏​នៅ​បាន យើងក៏​នៅ​បាន។ ខ្ញុំ​ពេញចិត្ត​ខ្លួនឯង ចង់មក​នៅ នៅ​ទីនេះ។ ណាមួយ​មក​នៅ​ទីនេះ ក៏​យើង​មាន​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​របស់​យើង ព្រោះ​នៅណោះ​អត់​មាន»។

ផ្លូវលំមូួយកំពុងត្រូវបានស្ថាបនា​នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

កេ យ៉ាត់ អាយុ ៣២ ឆ្នាំ ជា​ពលរដ្ឋម្នាក់​ក្នុងចំណោមពលរដ្ឋជាច្រើនគ្រួសារដែលបានស្ម័គ្រចិត្តទទួលយក​ដីនៅក្នុងតំបន់អភិវឌ្ឍរ៉ុនតាឯក នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ស្រប​ពេល​ការ​បោះឆ្នោត​កាល​ពី​មួយ​ទសវត្សរ៍កន្លង​មក​បាន​បង្ហាញ​នូវ​ការ​មិន​ពេញចិត្ត​ខ្លាំង​ទៅ​នឹង​គណបក្ស​កាន់​អំណាច​ក្តី ក៏ការ​ពិត​មិនអាច​ប្រកែក​បាន​ថា គុណភាព​ជីវិត​ទូទៅ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួនធំ ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

​ចាប់តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៩០​ មក ក្រោម​គោល​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​សេរី និង​ជំនួយ​អន្តរជាតិ​រាប់​ពាន់​លាន​ដុល្លារ ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្ស​ម្នាក់​នៅ​កម្ពុជា​បាន​កើន​ឡើង​ពី​ប្រមាណ ៣០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​មក​ជាង ១.៦០០​ ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ នេះ​បើយោង​តាម​ធនាគារ​ពិភពលោក។ សិស្ស​កាន់​តែ​ច្រើន​បាន​ទទួល​ឱកាស​សិក្សា​ដោយ​ចេះ​អាន​និង​សរសេរ បាន​រៀន​ចប់​ថ្នាក់​វិទ្យាល័យ ហើយ​បានបន្ត​ទៅ​ដល់ការ​សិក្សា​កម្រិត​សាកលវិទ្យាល័យផងដែរ។ ហើយ​មនុស្ស​កាន់​តែ​តិច​ជាង​មុន​បាន​ស្លាប់​ពី​ជំងឺ​ផ្សេងៗ​ ដូចជា​ជំងឺ​អេដស៍​ របេង និង​គ្រុនចាញ់​ជាដើម។

អ្នកស្រី ស៊ិញ ហួង វ័យ ៥៣​ ឆ្នាំ អ្នក​រួច​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម គាំទ្រ​សារ​សន្តិភាព​របស់​គណបក្ស​កាន់​អំណាច ដោយសារ​សន្តិភាព​នេះ​បាន​ជួយ​ឲ្យ​អ្នកស្រី​កសាង​ជីវិត​ឡើង​វិញ ក្រោយ​សង្គ្រាម​បាន​បញ្ចប់​ទៅ។ ស្ត្រី​ដែល​មាន​ដើម​កំណើត​នៅ​ខេត្ត​កំពង់ចាម​រូប​នេះ​ បាន​ប្រកប​របរ​ចិញ្ចឹមជីវិត​ពី​ការ​លក់​ដំឡូង​និង​ផ្លែឈើ​ នៅ​ទី​ក្រុង​ភ្នំពេញ​ អស់​រយៈ​ពេល​ជាង ១៧ ឆ្នាំ​មក​ហើយ។ អ្នកស្រី​ ស៊ិញ ហួង បាន​ថ្លែង​ថា៖

«តែ​បើ​សម្តេច គាត់​ដឹកនាំ​ល្អ។ គាត់​និយាយ​មក គឺថា គាត់​ដឹកនាំ​បាន​ប៉ុណ្ណឹង គេ​ហៅ​ថា គួរសមហើយ។ មិន​ជឿនលឿន​ពេក ហើយ​ក៏​មិន​អន់​ពេក។ ដំណើរ​ការ​គាត់​ទៅល្អ រលូន​គ្រាន់​បើ»។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ប្រែផ្លាស់​ឆាក​នយោបាយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ដោយធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​រដ្ឋ​ឯកបក្ស​មួយ។ លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ «កម្ពុជា​របស់​លោក​ ហ៊ុន សែន» (Hun Sen's Cambodia) បាន​និយាយ​ថា ប៉ុន្តែ​ការ​គ្រប់គ្រង​បែប​នេះ​អាចមិន​មាន​ចីរភាព​នោះ​ទេ ហើយ​ឥឡូវ​នេះ​ គណបក្ស​កាន់​អំណាច​កំពុង​ព្យាយាម​ពិនិត្យ​មើល​ថា​ ខ្លួន​អាច​បត់បែន​លទ្ធិប្រជាធិបតេយ្យ​បាន​ដល់​កម្រិត​ណា។ ​លោក Sebastian Strangio ​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា​ប្រហែល​ជា​ដឹង​ថា មាន​ការ​មិន​ពេញចិត្ត ហើយ​ចាំបាច់​ត្រូវ​មានការ​រក្សា​នូវ​សុវត្ថិភាព។ ខ្ញុំ​គិត​ថា នេះ​ជា​ហេតុផល​ដែល​ពួកគេ​អនុញ្ញាត​ឲ្យ​គណបក្ស​ភ្លើងទៀន​ចូលរួម​ ដោយ​ដឹង​ថា គណបក្ស​ប្រឆាំង​នៅ​តែ​មាន​ភាព​ប្រេះស្រាំ»។

​ប៉ុន្តែ​ បើ​ទោះ​បី​ពួកគេ​អនុញ្ញាត​ឲ្យ​មាន​ការធ្វើ​ដូចនេះ​ក្តី​ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រឆាំង​បាន​ប្រឈម​មុខ​នឹង​វិធានការ​ផ្លូវច្បាប់​ដោយ​រង​ការ​ចោទប្រកាន់​ផ្សេងៗ​ជា​បន្តបន្ទាប់។

កាល​ពី​ពាក់​កណ្តាល​ខែ​មករា លោក​ ថាច់ សេដ្ឋា អនុប្រធាន​ម្នាក់​នៃ​គណបក្ស​ភ្លើងទៀន ត្រូវ​បាន​ចាប់ខ្លួន​ហើយ​ឃុំ​ខ្លួន​ ពាក់ព័ន្ធ​នឹង​ការ​ចេញ​សែក​ខូច​កាល​ពី​ឆ្នាំ ២០១៩។ លោក សុន ឆ័យ អនុប្រធាន​ម្នាក់​ទៀត​នៃ​គណបក្ស​ភ្លើងទៀន​មួយ ត្រូវ​បាន​ចោទប្រកាន់​និង​រក​ឃើញ​ថា​មានទោស​ពី​បទ​បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​គណៈកម្មាធិការជាតិ​រៀបចំ​ការ​បោះឆ្នោត​ ជុំវិញ​ការ​អះអាង​អំពី​ការ​ក្លែងបន្លំ​សន្លឹក​ឆ្នោត​ អំឡុងពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០២២។ ហើយ​លោក គង់ គាំ ទីប្រឹក្សា​គណបក្សភ្លើង​ទៀន បាន​និយាយ​ថា លោក​រងសម្ពាធ​ ហើយ​ត្រូវ​បង្ខំ​ចិត្ត​បញ្ឈប់​សកម្មភាព​នយោបាយ​របស់​ខ្លួន បន្ទាប់​ពី​លោក​រង​ការ​គំរាម​រឹបអូស​ដី​ធ្លី​ ពាក់ព័ន្ធ​នឹង​ជម្លោះ​ជាមួយ​នឹង​រដ្ឋាភិបាល។

ដរាបណា​មាន​ការ​មិន​ពេញ​ចិត្ត​នៅ​កម្ពុជា លោក Strangio បាន​ថ្លែង​ថា៖

«គឺ​តែង​តែ​មាន​លទ្ធភាព​ដែល​មនុស្ស​កាន់តែ​ច្រើន​នឹង​ចេញ​បោះឆ្នោត​ឲ្យ​គណបក្ស​ភ្លើង​ទៀន និង​មិន​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែលនេះ​អាច​នឹង​បង្ក​ជា​បញ្ហា​ផ្សេងៗ»។

លោក​បាន​បន្ថែម​ថា ប៉ុន្តែ​ជាមួយ​នឹង​សមត្ថភាព​មាន​កម្រិត​របស់​គណបក្ស​ភ្លើង​ទៀន ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិការ គណបក្ស​ប្រឆាំង​មួយ​នេះ​នឹង​ប្រឈមការ​លំបាក​ក្នុង​ការ​ «ធ្វើ​យុទ្ធនាការឃោសនា​ដ៏​ល្អិតល្អន់​មួយ»។ លោក​ Sebastian Strangio បាន​ថ្លែង​ថា៖

«ខ្ញុំ​គិត​ថា នៅ​ទី​បំផុត​ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​គ្រាន់​តែ​បើក​ចំហ​លំហ​នយោបាយ​ក្នុង​កម្រិត​មួយ​ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​របស់​ខ្លួន​តែ​ប៉ុណ្ណោះ»៕