លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ប្រធានគណបក្សខ្មែរក្រោក និងមនុស្ស១១នាក់ផ្សេង ត្រូវកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញចាប់ខ្លួន ក្នុងសំណុំរឿងប្លន់ហាងរបស់នារីលក់ឡេអនឡាញល្បីម្នាក់នៅក្នុងប្រទេសកម្ពុជា។
ការចាប់ខ្លួនមេដឹកនាំគណបក្សនយោបាយដែលគ្មានសំឡេងនៅសភារូបនោះ និងជនសង្ស័យផ្សេងទៀត កើតមានឡើង ក្រោយហេតុការណ៍ចូលប្លន់ ដោយក្រុមជនសង្ស័យប្រាំនាក់ ដែលបន្លំខ្លួនជាសមត្ថកិច្ច និងកាន់អាវុធវែងខ្លីប្រាំដើម ហើយប្រើប្រាស់ដីកានាំខ្លួនក្លែងក្លាយ ដើម្បីចូលទៅក្នុងផ្ទះអ្នកលក់ឡេអនឡាញ គឺអ្នកស្រី អ៊ាន សៀវម៉ី។ នេះ បើតាមសេចក្តីរាយការណ៍របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
សេចក្តីរាយកាណ៍ធ្វើឡើងកាលពីថ្ងៃអង្គារ និងបង្ហោះលើគណនីហ្វេសប៊ុករបស់កងរាជអាវុធ បានបញ្ជាក់ពីការស្រង់សម្តីសារភាពរបស់លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ដែលឆ្លើយថា៖ «ខ្ញុំ ជា(អ្នក)ដឹកនាំប្លន់ដោយផ្ទាល់!»។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា ក្រុមជនសង្ស័យដែលប្រព្រឹត្តអំពើប្លន់នៅព្រឹកថ្ងៃទី១៩ ខែធ្នូ បានយកគ្រឿងពេជ្រ ជាច្រើនឈុត តែពួកគេត្រូវបានចាប់ខ្លួននៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ក្រោយការតាមឃ្លាំមើលរបស់អាជ្ញាធរមានសមត្ថកិច្ចអស់ពេលមួយថ្ងៃ មួយយប់។
អ្នកស្រី អ៊ាន សៀវម៉ី ក្រៅពីមានរបរលក់ឡេអនឡាញនោះ ក៏ត្រូវគេដឹងថា មានងារជាឧកញ៉ាមួយរូបផងដែរ។
ចំណែកលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ក៏ធ្លាប់មានងារជាទេសរដ្ឋមន្ត្រី ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបង្កើតដោយរដ្ឋាភិបាល ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨។ តែត្រូវបានបញ្ចប់កាលពីដើមខែឧសភា ឆ្នាំទៅ បន្ទាប់ពីមេដឹកនាំគណបក្សវ័យក្មេងរូបនេះ ចុះទៅស្រាវជ្រាវទំនាស់ដីធ្លីមួយក្នុងឧទ្យានជាតិព្រះសីហនុរាម ក្នុងខេត្តព្រះសីហនុ៕