សមាជិកសភាចំនួន ១២០ រូប បានបោះឆ្នោតជាឯកច្ឆន្ទតែងតាំងលោក ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្រ្តី នៅក្នុងសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី ៧ នាថ្ងៃពុធនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។
លោក ហ៊ុន ម៉ានី ជាកូនប្រុសពៅរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន និងមានតួនាទីជារដ្ឋមន្ត្រីមុខងារសាធារណៈ មុនពេលលោកក្លាយជាឧបនាយករដ្ឋមន្ត្រីទី ១១ នៅក្នុងរដ្ឋាភិបាលអណត្តិទី ៧ ក្រោមការដឹកនាំដោយបងប្រុសរបស់លោកគឺលោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាចេញផ្សាយកាលពីព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បន្ថែមលើការតែងតាំងលោក ហ៊ុន ម៉ានី សភាក៏បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលពីររូបទៀតគឺលោក ស្រ៊ី ថាមរុង្គ និងលោក ប៉ែន វិបុល ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
លោក ហ៊ុន ម៉ានី បានបញ្ចប់បរិញ្ញាបត្រផ្នែកវិទ្យាសាស្រ្តនយោបាយនៅសាកលវិទ្យាល័យ Hofstra ទីក្រុង Long Island ពីឆ្នាំ ២០០២-២០០៦។ ហើយពីឆ្នាំ ២០០៦-២០០៨ លោកបានបញ្ចប់សញ្ញាបត្រអនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ នៅសាកលវិទ្យាល័យមែលប៊ឺន Melbourne ប្រទេសអូស្ត្រាលី។ នេះបើតាមសៀវភៅមានចំណងជើងថា៖ «បងប្អូនប្រុសទាំង ៣៖ ឈាមថ្មីក្នុងចំណោមអ្នកបន្តវេន» សរសេរដោយរដ្ឋលេខាធិការក្រសួងព័ត៌មានលោក ឆាយ សុផល។
បើតាមសៀវភៅដដែល ក្នុងឆ្នាំ ២០០៩-២០១០ បន្ទាប់ពីបំពេញការងារជាជំនួយការផ្ទាល់របស់ឪពុក លោក ហ៊ុន ម៉ានី បានទៅរៀនបន្តនៅសាកលវិទ្យាល័យការពារជាតិ នៅទីក្រុងវ៉ាស៊ីនតោន ហើយទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសន្តិសុខជាយុទ្ធសាស្រ្តផ្តោតលើការប្រឆាំងភេរវកម្ម។
ក្រៅពីតួនាទីក្នុងរដ្ឋាភិបាល លោក ហ៊ុន ម៉ានី ក៏ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដល់អ្នកសង្កេតការណ៍បោះឆ្នោតច្រើនជាងអង្គការស្ថាប័ន និងគណបក្សនយោបាយ ចាប់តាំងពីការបោះឆ្នោតឆ្នាំ ២០១៧ មក៕