លោក ជា វ៉ាន់ដេត ទីប្រឹក្សានៃទីស្ដីការគណៈរដ្ឋមន្ត្រី ត្រៀមស្បថចូលបំពេញតួនាទីពេញសិទ្ធិជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសឲ្យលោក សុខ អានដែលបានស្លាប់នៅទីក្រុងប៉េកាំង ប្រទេសចិន។ លោក ជា វណ្ណដេត ត្រូវបានគេដឹងថា ជាអ្នកជំនួញក្នុងវិស័យទេសចរណ៍ និងអប់រំ។
រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃសុក្រខាងមុខ ដើម្បីរៀបចំការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់លោក ជា វ៉ាន់ដេត ទីប្រឹក្សានៃទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីធ្វើជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ជំនួសឲ្យលោក សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានស្លាប់ ដោយសារជំងឺ កាលពីខែមុន។
កិច្ចប្រជុំរដ្ឋសភា ក៏នឹងធ្វើការពិនិត្យលើរបៀបវារៈមួយចំនួនពាក់ព័ន្ធនឹងលក្ខន្តិកៈមន្ត្រីរាជការក្រុមនីតិប្បញ្ញត្តិ វិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ ក្នុងចំណោមរដ្ឋាភិបាលប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា (ASEAN) ជាមួយប្រទេសកូរ៉េ និងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភាផងដែរ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋសភា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាន នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃចន្ទនេះថា រដ្ឋសភានឹងប្រកាសសុពលភាពលោក ជា វ៉ាន់ដេត នៅថ្ងៃសុក្រខាងមុខនេះ។
«ទីមួយគឺគណៈអចិន្ត្រៃយ៍ ប្រជុំនេះ នឹងអនុម័តនូវសំណើសុំប្រកាសទទូលស្គាល់ លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មីមណ្ឌលខេត្តតាកែវ ជំនួស សម្ដេចវិបុលបញ្ញា សុខ អាន ដែលលោកទទួលមរណភាព។ អញ្ចឹងគណៈអចិន្ត្រៃយ៍ លោកសម្រេច អនុម័តទទួលស្គាល់លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មីហ្នឹងហើយ។ អញ្ចឹងលោក ជា វ៉ាន់ដេត នឹងត្រូវប្រកាសសុពលភាពនៅថ្ងៃប្រជុំរដ្ឋសភា ថ្ងៃទី ៧ ខែមេសានេះ»។
លោក ឡេង ប៉េងឡុង មិនអាចបញ្ជាក់ពីវត្តមានរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំង នៅក្នុងការប្រជុំនោះបាននៅឡើយទេ។ VOA ក៏មិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យ និងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិបានដែរ ដើម្បីបញ្ជាក់ថាតើតំណាងរាស្ត្រគណបក្សប្រឆាំង នឹងចូលរួមកិច្ចប្រជុំនោះ ឬក៏ធ្វើពហិការមិនចូលប្រជុំ។
លោក សុខ អាន ដែលគេដឹងថា បានកាន់តួនាទីជាច្រើននៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ក្រៅតែពីមានមុខងារជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនោះ បានទទួលមរណភាពកាលពីខែមុននៅក្នុងមន្ទីរពេទ្យមួយនៅក្នុងក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយរោគាពាធក្នុងអាយុ៦៦ឆ្នាំ។
លោក សុខ អាន គឺជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងបានទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៤ រហូតដល់ថ្ងៃលោកទទួលមរណភាព។ លោកបានកាន់ការងារជាច្រើនទៀត ក្នុងនោះមានការគ្រប់គ្រងអាជ្ញាធរប្រេងកាតជាតិ និងជាប្រធានគណៈកម្មាធិការនិងគណៈកម្មការផ្សេងៗរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ប្រាប់ VOA នៅថ្ងៃចន្ទនេះថា លោក ជា វ៉ាន់ដេត គឺជាអតីតនាយកខុទ្ទកាល័យលោក សុខ អាន ហើយបានឈប់ពីតួនាទីនេះជាយូរមកហើយដែរ។
លោកមានប្រសាសន៍ថា លោក ជា វ៉ាន់ដេត គឺជានិស្សិតដែលបានបញ្ចប់ការសិក្សាកម្រិតបណ្ឌិតនៅប្រទេសរុស្ស៊ី។ លោកបន្តថា លោក ជា វ៉ាន់ដេត បានចុះជួយប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត តាកែវជាច្រើនអាណត្តិមកហើយ តាំងតែពីអាណត្តិទីមួយរបស់រដ្ឋាភិបាល។
លោកបន្ថែមថា ជាមួយបទពិសោធន៍ទាំងនេះ លោក ជា វ៉ាន់ដេត សមនឹងទទួលបានតួនាទីជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ។
ក្រៅពីប្រឡូកក្នុងកិច្ចការនយោបាយដើម្បីបម្រើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាច លោក ជា វ៉ាន់ដេត ក៏ជាអ្នកជំនួញមួយរូបផងដែរ។
កាលពីឆ្នាំ២០១៣ លោក ជា វ៉ាន់ដេត បានក្លាយជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកពីររូបនៃសាកលវិទ្យាល័យ American University of Phnom Penh ដែលជាសាកលវិទ្យាល័យថ្មីមួយនៅរាជធានីភ្នំពេញ។
លោកក៏ត្រូវគេដឹងថា ជាប្រធានក្រុមហ៊ុន JC Royal Group ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ ក្រុមហ៊ុននេះ ទទួលបានកិច្ចសន្យារយៈពេល៣០ឆ្នាំដើម្បីគ្រប់គ្រងវាលពិឃាតជើងឯកស្ថិតក្នុងខណ្ឌដង្កោដែលជាតំបន់ទេសចរណ៍កាលពីឆ្នាំ២០០៥។
VOA មិនទាន់អាចទាក់ទងលោក ជា វ៉ាន់ដេត បានទេ ដើម្បីសុំសេចក្ដីអធិប្បាយពីលោក ចំពោះការចូលបម្រើជាតំណាងរាស្ត្រនៅសភាជាតិ។
ក្រោយការស្លាប់របស់លោក សុខ អាន ដែលត្រូវគេដឹងថាជាដន្លងរបស់លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន ការងារជាច្រើនរបស់អ្នកនយោបាយរូបនេះ ត្រូវបានលោក ហ៊ុន សែន បែងចែកទៅឲ្យក្រសួង និងស្ថាប័នពាក់ព័ន្ធនានា។
លោក ហ៊ុន សែន បានប្រកាសឲ្យដឹងកាលពីចុងខែមីនា ថា ស្ថាប័នមួយចំនួនដែលលោក សុខ អាន ធ្លាប់បានកាន់កាប់ ត្រូវបានរំសាយ ហើយថា ស្ថាប័នមួយចំនួនដែលនៅសល់ដូចជា អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរព្រះវិហារ ត្រូវបានលោកប្រកាសដាក់ឲ្យនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ចំណែកគណៈកម្មការគ្រប់គ្រងផ្លូវដែក ត្រូវដាក់ក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ហ៊ុន សែន បន្ថែមថា ស្ថាប័នពាក់ព័ន្ធនឹងការកាត់ទោសខ្មែរក្រហម រួមទាំងសាលារាជបណ្ឌិត្យសភាកម្ពុជា និងអាកាសចរស៊ីវិល ត្រូវប្រគល់ឲ្យលោក ប៊ិន ឈិន រដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីជាអ្នកគ្រប់គ្រង។ ចំណែកលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ត្រូវទៅធ្វើជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។
ស្ថាប័នគណៈវិស្វកម្ម ត្រូវប្រគល់ជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សាលាភូមិន្ទរដ្ឋបាល ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមុខងារសាធារណៈហើយសាលាវិជ្ជាជីវៈតុលាការ ត្រូវប្រគល់ឲ្យក្រសួងយុត្តិធម៌។
លោក ហ៊ុន សែន បញ្ជាក់ថា លោកបានពិភាក្សាចំពោះការផ្លាស់ប្ដូរតួនាទីនេះជាមួយលោក សុខ អាន មុនពេលដែលលោកទទួលមរណភាព៕