សភាជាតិកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់«ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣»នៅថ្ងៃអង្គារនេះបើទោះបីជាមានការរិះគន់ថាថវិកាសម្រាប់វិស័យអាទិភាពមិនបានចំណាយឱ្យគ្រប់ចំនួនតាមការចង់បានទេហើយការចំណាយមានលក្ខណៈ«ខ្ជះខ្ជាយ»និង«ពុករលួយ»ក៏ដោយ។
សេចក្តីព្រាងច្បាប់ដែលមាន១១មាត្រានិង៣ជំពូកត្រូវបានសមាជិកសភាដែលមកពីគណបក្សប្រជាជនកម្ពុជាចំនួន៦៧នាក់លើកដៃអនុម័តក្នុងខណៈពេលដែលសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិមិនបានគាំទ្រទេ។ នេះបើតាមសេចក្តីប្រកាសរបស់សភាជាតិនិងគណបក្សមិនកាន់អំណាច។
លោកកឹម សុខា អនុប្រធានសភាជាតិនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោកថា៖
«ទីបំផុត តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនបានបោះឆ្នោតគាំទ្រការអនុម័តសេចក្ដីព្រាងច្បាប់ “ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៣” នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥»។
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានលើកឡើងថាក្រសួងសំខាន់ៗដូចជាក្រសួងអប់រំនិងសុខាភិបាលជាដើមមិនបានចំណាយថវិកាឱ្យគ្រប់១០០ភាគរយទេក្នុងខណៈពេលដែលស្ថាប័នផ្សេងទៀតដូចជាទីស្តីការគណៈរដ្ឋមន្ត្រីបានចំណាយរហូតដល់ជាង១៤០ភាគរយនៃថវិកាដែលបានស្នើឡើង។
តំណាងរាជរដ្ឋាភិបាលបានអះអាងថានេះដោយសារស្ថាប័នមួយនេះបានជួបប្រទះនឹងហេតុការណ៍ខ្លះដែលមិនបានព្រាងទុកដែលចាំបាច់ត្រូវចំណាយថវិកា៕