យោងតាមការិយាល័យរដ្ឋអាជ្ញាបារាំងបានឲ្យដឹងថា ការិយាល័យប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មរបស់ប្រទេសបារាំង បានបើកការស៊ើបអង្កេតមួយ ទៅលើការវាយប្រហារលើមន្រ្តីប៉ូលិសបារាំងមួយរូបនៅថ្ងៃអង្គារទី ០៦ ខែមិថុនានេះ នៅព្រះវិហារកាតូលិក Notre Dame Cathedral ជាទីដែលទាក់ទាញភ្ញៀវទេសចរណ៍។
ស្នងការប៉ូលិសក្រុងប៉ារីសបានឲ្យដឹងថា មន្រ្តីប៉ូលិសបានបាញ់ និងធ្វើឲ្យបុរសដែលវាយប្រហារនោះរងរបួស ក្រោយពីបុរសនោះ បានវាយប្រហារប៉ូលិសនឹងញញួរ។
ប៉ូលិសរក្សាសន្តិសុខ បានបើកប្រតិបត្តិការ នៅបរិវេណព្រះវិហារកាតូលិក Notre Dame
Your browser doesn’t support HTML5
ប៉ូលិសបានអំពាវនាវឲ្យប្រជាពលរដ្ឋនៅឲ្យឆ្ងាយពីបរិវេណព្រះវិហារកាតូលិក Notre Dame ដែលត្រូវបានបិទក្រោយពីមានហេតុការណ៍នោះ។
លោក Cedric Michel មន្រ្តីនៃសហភាពប៉ូលិសបាននិយាយថា ការវាយប្រហារនេះ បានកើតឡើងនៅពេលដែលមន្រ្តីប៉ូលិសម្នាក់កំពុងយាមល្បាតនៅបរិវេណខាងមុខព្រះវិហារកាតូលិក Notre Dame។
អ្នកនាំពាក្យរបស់ប៉ូលិសថ្លែងថា អាជ្ញាធរមិនប្រាកដថា តើជនល្មើសដែលកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនោះ ធ្វើសកម្មភាពនេះតែម្នាក់ឯង ឬ យ៉ាងណានោះទេ៕