ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី​ដែល​ជា​ស្ដេច​ដូង​ប្រេង បាត់បង់​ព្រៃឈើ​តិច​កាលពី​ឆ្នាំ​២០១៩

រូបឯកសារ៖ ចម្ការ​ដូងប្រេង​ដែល​នៅ​ជាប់​នឹង​ព្រៃ​ដែល​ទើបតែ​ឆេះ នៅ​ភាគ​ខាង​ត្បូង​នៃ​ខេត្ត Kalimantan ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០១៩។

ទិន្នន័យ​ថ្មី​នេះ ​ក៏​រួម​មាន​ទិន្នន័យ​អំពី​ការបាត់បង់​គម្រប​ព្រៃឈើ​ទាំងមូល​ផង​ដែរ ប៉ុន្តែ​ទិន្នន័យ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ព្រៃ​ត្រូពិក​សំខាន់ៗ​ ដែល​ជា​ទូទៅ​មាន​សារធាតុ​កាបូន​និង​ជីវចម្រុះ​ច្រើន​បំផុត។ ការ​បាត់បង់​ព្រៃឈើ​ទាំង​នេះ​ធ្វើ​អោយ​ខូចខាត​ជាពិសេស​​ដល់​បរិស្ថាន​។

នៅ​ក្នុង​ឆ្នាំ២០១៩ ប្រទេស​ឥណ្ឌូណេស៊ី​និង​ម៉ាឡេស៊ី បាន​បាត់​បង់​គម្រប​ព្រៃឈើ​តិច​ជាង​ឆ្នាំ២០១៨ ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​នេះ នៅ​តែ​បន្ត​បាត់​បង់​ព្រៃឈើ​សំខាន់ៗ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ប្រទេស​នានា​លើ​ពិភពលោក។ នេះ​បើ​យោង​តាម​រូបភាព​ពី​ផ្កាយរណប​របស់​សហរដ្ឋ​អាមេរិក។​

ប្រទេស​កម្ពុជា​និង​ឡាវ​ បាន​ស្ថិត​ក្នុង​បញ្ជី​ប្រទេស​ទាំង​ ១០ លើ​ពិភពលោក​ដែល​បាត់​បង់​ព្រៃឈើ​ខ្លាំង​បំផុត​ជា​រៀងរាល់​ឆ្នាំ ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ នេះ​បើ​យោង​តាម​រូបភាព​ផ្កាយរណប​របស់​អាមេរិក ដែល​ត្រូវ​បានវិភាគ​ដោយ​សាកលវិទ្យាល័យ Maryland។ ​ទិន្នន័យ​នេះ​ត្រូវ​បាន​ចេញផ្សាយ​ដោយ​គម្រោង​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក Global Forest Watch ដែល​ជា​គម្រោង​មួយ​របស់​វិទ្យាស្ថាន​ធនធាន​ពិភពលោក World Resoruces Institute ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក។

ទិន្នន័យ​ថ្មី​នេះ ​ក៏​រួម​មាន​ទិន្នន័យ​អំពី​ការបាត់បង់​គម្រប​ព្រៃឈើ​ទាំងមូល​ផង​ដែរ ប៉ុន្តែ​ទិន្នន័យ​នេះ​ផ្ដោត​សំខាន់​ទៅ​លើ​ព្រៃ​ត្រូពិក​សំខាន់ៗ​ ដែល​ជា​ទូទៅ​មាន​សារធាតុ​កាបូន​និង​ជីវចម្រុះ​ច្រើន​បំផុត។ ការ​បាត់បង់​ព្រៃឈើ​ទាំង​នេះ​ ធ្វើ​អោយ​ខូចខាត​ជាពិសេសដល់​បរិស្ថាន​។

ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក ប្រទេស​ប្រេស៊ីល​បាន​បាត់បង់​ព្រៃឈើ​សំខាន់​របស់​ខ្លួន​ខ្លាំង​បំផុត​នៅ​ឆ្នាំ ​២០១៩ អស់​ចំនួន​ប្រមាណ ១,៣៦១,០០០ ហិកតា។​ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ និង​ប្រទេស​ឥណ្ឌូណេស៊ី ស្ថិត​នៅ​លំដាប់​បន្ទាប់ ដោយ​ប្រទេស​កុងហ្គោ​បាត់បង់​ព្រៃឈើ​ចំនួន ​៤៧៥,០០០ ហិកតា ហើយ​ប្រទេស​ឥណ្ឌូណេស៊ី​បាត់​បង់​ព្រៃឈើ​ចំនួន ៣២៤,០០០ ហិកតា។ ប្រទេស Bolivia​ ប្រទេស Peru និង​ប្រទេស​ម៉ាឡេស៊ី បាត់បង់​ព្រៃឈើ​ប្រមាណ ១២០,០០០ ហិកតា។​

ទោះ​បី​ចំនួន​សរុប​នៃ​ការ​បាត់បង់​ព្រៃឈើ​មាន​ច្រើន​យ៉ាងណា​ក្តី ប្រទេស​ឥណ្ឌូណេស៊ី បាន​បាត់បង់​ព្រៃឈើ​សំខាន់​របស់​ខ្លួន​តិច​ជាង​ឆ្នាំ​ទៅក្នុង​រយៈពេល​៣ឆ្នាំ​ជាប់ៗ​គ្នា​ ដោយ​នេះ​ក៏​ប្រហែល​ជា​ប្រទេស​នេះ​បាន​ខិត​ខំ​ប្រឹងប្រែង​ខ្លាំង​ ក្នុង​ការ​កាត់​បន្ថយ​ការបំផ្លាញ​ព្រៃឈើ។ នេះ​បើ​យោង​តាម​អង្គការ​ឃ្លាំមើល​ព្រៃឈើ​ពិភពលោក។ ទន្ទឹម​គ្នា​នេះ ប្រទេស​ម៉ាឡេស៊ី​ក៏បាន​បាត់​បង់​ព្រៃឈើ​សំខាន់​របស់​ខ្លួន​តិច​ជាង​ឆ្នាំ​មុនៗ បី​ឆ្នាំ​ជាប់​គ្នា​ផង​ដែរ។​

ទិន្នន័យ​នៃ​ការ​បាត់បង់​ព្រៃឈើ​នេះ មិន​បាន​បង្ហាញ​ឲ្យ​ដឹង​ទេ​ថា​តើការ​បាត់​បង់​នោះ​ កើតឡើង​ដោយសារ​មនុស្សជា​អ្នក​ធ្វើ​ ឬ​ ក៏​ជា​កត្តា​ធម្មជាតិ​នោះ។ ប៉ុន្តែ​លោក Arief Wijaya​ មន្ត្រី​គ្រប់គ្រង​ជាន់​ខ្ពស់​ខាង​អាកាសធាតុ​និង​បរិស្ថាន​នៃ​វិទ្យាស្ថាន​ធនធាន​ពិភពលោក (WRI) របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​លើក​ឡើង​ថា បទ​ពិសោធ​ន៏​អតីតកាល​ស្តីពី​ការ​បាត់បង់​ព្រៃឈើ​ត្រូពិក​សំខាន់ៗ​បាន​បង្ហាញ​ថា ៩៥% ភាគ​នៃ​ការ​បាត់បង់​ព្រៃឈើ គឺ​កើត​ឡើង​ដោយសារ​ស្នាដៃ​របស់​មនុស្ស។

ប្រទេស​ឥណ្ឌូណេស៊ី​ និង​ប្រទេស​ម៉ាឡេស៊ី ដាំដូង​ប្រេង​ប្រមាណ​៨៥% នៃ​ចំនួន​ដូងប្រេង​សរុប​នៅ​លើ​ពិភពលោក​ នៅ​លើ​ចំការ​ជាច្រើន​ដែល​អ្នក​បរិស្ថាន​បាន​បន្ទោស​ដល់​ការ​កាប់ទន្រ្ទានព្រៃ​ឈើ​ក្នុង​ទ្រង់ទ្រាយ​ដ៏ធំ និង​ការដុត​បំផ្លាញ​ផ្ទៃដី​ដែល​សម្បូរ​ទៅដោយ​សារធាតុ​ជី​ធម្មជាតិ​កាបូន​នៅ​ក្នុង​ប្រទេស​ទាំងពីរ​។

វិទ្យាស្ថាន WRI បាន​បង្ហាញ​នូវ​លទ្ធផល​ដ៏​ធំ​របស់​ខ្លួន ក្នុង​ការ​រួមចំណែក​ដល់​ការ​ទប់​ស្កាត់​ការ​បាត់​បង់​ព្រៃឈើ ចំពោះ​ការបញ្ឈប់​នា​ពេល​ថ្មីៗ​នេះ ទៅ​លើ​ការ​កាប់​ទន្រ្ទាន​ថ្មី​សម្រាប់​យក​ដី​ដាំដូង​ប្រេង និង​ការ​ការអនុវត្ត​ច្បាប់​តឹងរ៉ឹង​ជាង​មុន​ក្នុង​ការ​បញ្ឈប់​គ្រោះ​ភ្លើង​ឆេះព្រៃ។

លោក Wijaya បាន​លើក​ឡើង​ក្នុង​សម្ដី​ដើម​ថា៖ «ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ឥណ្ឌូណេស៊ី ដំណាំ​ដូងប្រេងជា​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​បាត់​បង់​ព្រៃឈើ។ ដូច្នេះ​នៅ​ពេល​ដែល​ប្រទេស​ទាំង​នេះ សម្រេច​ចិត្ត​ថា​នឹង​មិនពង្រីក​បន្ថែមទៀត​នូវ​តំបន់​ចំការ​ដូង​ប្រេង​នោះទេ​ នោះ​វា​នឹង​ជួយ​ដល់​ការកាត់បន្ថយ​ការបាត់បង់​ព្រៃឈើ»។

វិទ្យាស្ថាន WRI បាន​ឲ្យ​ដឹង​ថា ការ​ប្តេជ្ញា​នា​ពេល​ថ្មីៗ​នេះ​របស់​ខេត្ត​ Papua និង​ខេត្ត Papua ​ខាងលិច​ របស់​ប្រទេស​ឥណ្ឌូណេស៊ី ក្នុង​ការ​រក្សា​ផ្ទៃដី​របស់​ខ្លួន​នាពេល​ថ្មីៗ​នេះ​ ប្រមាណ ​៧០% ក៏​បាន​ជួយ​ផង​ដែរ ព្រោះ​ខេត្ត​ទាំងពីរ​នេះ​មាន​ព្រៃឈើ​ប្រមាណ​១ភាគ​៣ នៃ​ផ្ទៃ​ព្រៃ​ឈើ​សំខាន់​ដែល​នៅ​សល់​ទាំងមូល​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី។ លោក Wijaya ក៏បាន​បន្ថែម​ផង​ដែរ​ថា ការ​ធ្លាក់​ចុះ​តម្លៃ​នៃ​ផលិតផល​ដែល​ធ្វើចេញ​ពី​ដូងប្រេង ក៏ជា​កត្តា​ចូលរួម​ផង​ដែរ ក្នុង​ការ​មិន​ឲ្យ​មាន​ចម្ការ​ដំណាំ​ដូងប្រេង​បន្ថែម​ទៀត។

ទោះ​ជា​យ៉ាង​នេះ​ក្តី ទិន្នន័យ​ថ្មី​នេះ​មិនមែន​ជា​ក្តី​សង្ឃឹម​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នោះ​ទេ។

ប្រទេស​ឡាវ​និង​កម្ពុជា ដែល​ស្ថិតក្នុង​ចំណោម​ប្រទេស​ទី​៨ ​និង​ទី១០ ក្នុង​បញ្ជី​ប្រទេសក្នុង​ពិភព​លោក​ដែល​បាត់​បង់​ព្រៃឈើ​ខ្លាំង​បំផុត​កាលពី​ឆ្នាំកន្លងទៅ បាន​បង្ហាញ​ពី​ការបាត់​បង់​ព្រៃឈើ​របស់​ខ្លួន​ក្នុង​កម្រិត​កាន់​តែ​ខ្ពស់។ ប្រទេស​កម្ពុជា​បាត់​បង់​ព្រៃឈើ​សំខាន់របស់​ខ្លួន​ចំនួន​៣៨ភាគរយ​ ​ក្នុង​ឆ្នាំ​២០១៩ ច្រើន​ជាង​ឆ្នាំ២០១៨ ដែល​ចំនួន​នេះ​ហក់​ឡើង​ខ្ពស់​បំផុត​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​។

សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​លើក​ឡើង​ថា ការ​កាប់​ឈើ​ថ្មីៗនេះ បាន​កើត​ឡើង​ក្នុង​តំបន់​ព្រៃឡង់​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ភាគច្រើន​តំបន់​ព្រៃ​ទាំង​នេះ ​ត្រូវ​បានរដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា ជាតំបន់​ការពារតាំងពីឆ្នាំ២០១៦​មក។ ដោយ​ស្ថិតនៅ​ក្នុង​តំបន់​ព្រៃ​ខៀវស្រងាត់​ក្នុងតំបន់​ដី​ទំនាប ដែលនៅសេសសល់​ចុង​ក្រោយគេ​ធំបំផុត​នៅ​ក្នុង​អនុតំបន់ឥណ្ឌូចិន​នោះ តំបន់​ព្រៃឡង់ជា​តំបន់​ព្រៃទេសភាព​ដ៏ធំមួយ​ក្នុង​តំបន់​ព្រៃ​ធំៗចំនួន៣ ដែល​កំពុង​ត្រូវ​បាន​ត្រួតពិនិត្យ​និង​តាមដានមើល​យ៉ាង​យក​ចិត្តទុក​ដាក់ ដោយ​អង្គការ​តាមដាន​ព្រៃឈើ​ Conservation International នៅ​ក្នុង​ប្រទេស​នេះ​។​

លោក​ Jackson Frechette អ្នកគ្រប់គ្រង​ទេសភាព​ព្រៃឈើ​កម្ពុជា​របស់​អង្គការ​តាមដាន​ព្រៃឈើ​ Conservation International បាន​លើកឡើង​ក្នុង​សម្ដី​ដើមទាក់​ទង​នឹង​ការ​បាត់​ព្រៃឈើ​ក្នុង​តំបន់​ព្រៃឡង់​ថា៖ «ជា​ការពិត​ណាស់ យើង​បាន​ឃើញ​ការ​កើន​ឡើង​នូវ​ការ​បាត់​បង់​ព្រៃឈើ​ពី​មួយ​ឆ្នាំ​ទៅមួយឆ្នាំ»។

ការ​បាត់បង់​ទ្រនាប់​ព្រៃឈើ​ដ៏​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​រយៈពេល​មួយ​ទសវត្ស​កន្លង​ទៅ​ បណ្តាល​មក​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់​ដី​សម្បទាន​ជាច្រើន​កន្លែង​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​ធ្វើជំនួញ​លើ​វិស័យ​កសិវប្បកម្ម​ ដែល​ភាគ​ច្រើន​ផ្ទៃដី​សម្បទាន​ទាំងនេះ​ត្រូវ​បាន​គេធ្វើ​ជា​ចម្ការ​កៅស៊ូ ហើយ​ជា​ញឹក​ញាប់ ការផ្តល់​ដី​សម្បទាន​នេះ​ជាប់​ទាក់​ទង​នឹង​ក្រុមហ៊ុននៅក្នុង​តំបន់​ការពារ​ដែល​សម្បូរទៅដោយ​ព្រៃ​ឈើ​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងនេះ​ក្តី​ លោក Frechette បាន​ឲ្យ​ដឹង​ថា ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ពេល​ថ្មីៗនេះ​ក្នុង​តំបន់​ព្រៃឡង់​និង​តំបន់​ផ្សេងៗ​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជា​ មាន​ទ្រង់​ទ្រាយ​តូចតាច​ប៉ុណ្ណោះ។​

លោក​បាន​បន្ថែម​ក្នុង​សម្ដី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «ពលរដ្ឋ​មួយ​ចំនូន​ព្យាយាម​ពង្រីក​ដី​កសិកម្ម​របស់ក្រុម​គ្រួសារ​ពួក​គេ ហើយខ្លះ​ទៀត​ព្យាយាម​កាន់​កាប់​ដីថ្មី។ ប៉ុន្តែមានមួយ​ចំនួន​ទៀត​នៅ​កំពុង​ស្ទាបស្ទង់ ហើយ​មាន​អ្នកខ្លះទៀតដែល​មាន​ប្រាក់កាស ហើយប្រហែល​ជា​អ្នកនៅ​ខាង​ក្រៅ​សហគមន៍ បាន​ចូល​មក​រក​ទិញ​ដី​មួយចំនួន​ដើម្បី​ធ្វើ​ចំការ»។

លោក​ថ្លែង​ថា៖ «ជាមួយ​នឹង​ការអនុវត្ត​ច្បាប់​មិន​ទាន់​រឹងមាំ​ខ្លាំង​នៅឡើយ សិទ្ធិ​កាន់កាប់​ដីធ្លី​នៅ​មិនទាន់​មាន​ភាពច្បាស់លាស់​ដែរ ដែល​នេះ​ហាក់​ដូច​ជា​ការ​ជំរុញ​អោយ​កើតមាន​ឡើងនូវ​អំពើ​ទាំងនេះ ដែល​កើតមាន​ឡើង​ជាញឹកញាប់​នៅក្នុងនិង​ក្រៅ​តំបន់​ព្រៃការពារ»។ ​

វិទ្យាស្ថាន WRI បាន​អោយ​ដឹងថា​ ការ​បិទ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក៏​ដូច​ប្រទេស​ផ្សេងៗ​ក្នុង​ពិភពលោក​ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​ជំងឺ​កូវីដ១៩​នោះ អាច​ផ្តល់​ពេលវេលា​ដល់​ការ​សង្គ្រោះ​ព្រៃឈើ​ជា​បណ្តោះអាសន្ន​ក្នុងឆ្នាំ២០២០នេះ ដោយ​សារ​ការ​ចំណាយ​របស់​មនុស្ស​មាន​ការធ្លាក់ចុះ​ ហើយ​តម្រូវការ​ទំនិញ​មាន​ការ​ខ្វះខាត។ ទោះជា​យ៉ាង​ណាក្តី វិទ្យាស្ថាន​មួយ​នេះ​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​វិល​ត្រលប់​មក​រក​សភាពដើម​វិញ​ នឹង​បំផ្លាញ​អ្វីៗដែល​សម្រេច​បាន​ ប្រសិនបើ​ប្រទេស​នានា​សម្រេច​ជ្រើសរើស​យក​ការកាត់​បន្ថយ​ការ​ការ​ពារ​ផ្នែក​បរិស្ថាន​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ដូច​ដែល​ប្រទេស​មួយចំនួន​បានធ្វើ​ ក្រោយ​ជួបវិបត្តិ​ហិរញ្ញវត្ថុអាស៊ី​កាលពី​ចុង​ទសវត្ស១៩៩០នោះ។

អ្នកស្រី Frances Seymour ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៃ​វិទ្យាស្ថាន WRI បាន​លើក​ឡើង​ក្នុង​សម្ដី​ដើម​ថា៖ «យើង​មិន​អាច​ជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដោយ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ព្រៃ​ឈើ​នោះ​ទេ។ រដ្ឋាភិបាល​មួយ​ចំនួន​បាន​និយាយ​រួច​ហើយ​អំពី​ការ​កាត់​បន្ថយការ​ការពារ​ព្រៃ​ឈើ ​ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ជួយ​សង្រ្គោះ​ឬ​កិច្ច​ខិតខំប្រឹងប្រែង​ស្តារ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើង​វិញ»។​

អ្នកស្រី​បន្ថែមថា៖ «នេះ​ជា​គំនិត​មួយ​ដ៏​អាក្រក់​។ ​វិទ្យាសាស្រ្ត​ថ្មី​ៗ​ជាច្រើន​បាន​បង្ហាញ​ពី​របៀប​ដែល​ការ​បំផ្លាញ​ព្រៃទឹកភ្លៀង អាចផ្តល់ផលប៉ះពាល់ដល់​ការធ្លាក់​ភ្លៀង​រហូត​ដល់​ចម្ងាយ​រាប់​រយ​គីឡូម៉ែត្រ​ពី​កន្លែង​បំផ្លាញ​ព្រៃឈើ។ យើង​មិនគួរ​មើល​រំលង​ផលប៉ះពាល់​នា​ពេល​អនាគត ដោយ​ការ​បំផ្លាញព្រៃឈើ​របស់​ពិភពលោក​ដើម្បី​បាន​ថវិកា​ស្ដារ​ស្ថានភាព​ក្នុង​ពេល​បច្ចុប្បន្ន​នេះឡើយ។​

អ្នកស្រី​ Frances Seymour បាន​លើកឡើង​ថា មន្រ្តី​ឥណ្ឌូណេស៊ី​មួយ​ចំនួន​ បាន​ស្នើ​កាល​ពី​ ២ ឬ ៣ ខែ​មុន​ អោយ​មាន​ការបន្ធូរបន្ថយ​ខាង​ផ្លូវ​ច្បាប់​ ដែល​អនុញ្ញាត​ឲ្យ​ដឹក​ឈើ​ហ៊ុប​ទៅ​កាន់សហភាព​អឺរ៉ុប​អាច​ធ្វើ​បាន​ដោយ​ស្របច្បាប់​ ប៉ុន្តែ​មន្រ្តី​ទាំងនេះ​បានបោះចោល​គំនិត​នោះ​វិញ បន្ទាប់​ពី​មាន​ការ​រិះគន់​ពី​ក្រសួង​បរិស្ថាន​និង​ព្រៃឈើ​មក។​

លោក Wijaya បានលើក​ឡើង​ថា ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ ដែល​ក្រុម​យោធា​មាន​អំណាច​ខ្លាំង​ ហើយ​ក្រុម​អ្នកឃ្លាំមើល​ក្រៅ​រដ្ឋាភិបាល​មាន​ឥទ្ធិពល​តិចតួច​ ដែល​ក្នុង​នោះ​រួម​មាន​ទាំងប្រទេស​កម្ពុជានិង​ប្រទេស​ឡាវ​ផងនោះ អាច​ធ្វើ​អោយ​មាន​ការ​ខាត​បង់​កាន់​តែ​ច្រើន​ថែម​ទៀត​ នៅ​ក្នុងផែនការនៃ​ស្តារ​សេដ្ឋកិច្ច​របស់ខ្លួនឡើងវិញ ដោយសារ​តែ​ការអនុវត្ត​ច្បាប់​មិន​បាន​គ្រប់ជ្រុងជ្រោយ​ និង​ដោយ​គ្មាន​ការផ្លាស់ប្តូរ​ដោយ​ពិត​ប្រាកដ​ណាមួយ​ទាក់​ទង​នឹង​ច្បាប់​ទាំងនោះ។ ​

លោក​បន្ថែម​ក្នុង​សម្ដី​ដើមថា៖ «នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ​ជាច្រើន ពុំ​មាន​គោល​នយោបាយ​ណា​មួយ​អាក្រក់​នោះទេ តែ​អ្វី​ដែល​ជា​បញ្ហានោះ​គឺការ​អនុវត្ត​គោលនយោបាយ​ទាំងនោះ។​ រឿង​ទាំង​នេះ​កើត​មាន​ឡើង​ក្នុង​ប្រទេស​មួយ​ចំនួន ដូច​ជា​ប្រទេស​កម្ពុជា​និង​ប្រទេស​ភូមា​ជាដើម​។ ប្រទេសទាំង​នេះ មាន​គោលនយោបាយ​របស់​ខ្លួន ប៉ុន្តែ​ដោយ​សារ​តែ​ផល​ប្រយោជន៍​ដ៏​លើសលប់​របស់​រដ្ឋាភិបាល​ខ្លួន​ឯង ទើប​បាន​ជាគោលការណ៍​ច្បាប់​មួយចំនួនមិន​ត្រូវបាន​គេ​យក​មក​អនុវត្ត ឬជំរុញ​អោយ​មាន​ការ​គោរពនោះទេ»៕

ប្រែសម្រួល​ដោយ​លោក ជ្រា​ វណ្ណារិទ្ធ​