អ៊ីស្លាម៉ាបាត ប្រទេសប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថាននិងឥណ្ឌាបានយល់ព្រមគ្នាធ្វើការ ចរចាសន្តិភាពទូលំទូលាយឡើងវិញលើវិស័យជាច្រើន ដែលរដ្ឋាភិបាលក្រុងញូវដេលី (New Delhi) បានផ្អាក នៅពេលបន្តិចក្រោយការវាយប្រហារភេរវកម្មនៅក្រុងមុំបៃ (Mumbai) ក្នុងឆ្នាំ២០០៨។
សេចក្តីប្រកាសមួយដែលចេញផ្សាយ ក្នុងពេលដំណាលគ្នានៅក្រុងអ៊ីស្លាម៉ាបាត (Islamabad) និងញូវដេលី បានឲ្យដឹងថាប្រទេសទាំងពីរដែលប្រណាំងប្រជែងគ្នាផ្នែកអាវុធនុយក្លេអ៊ែរ «បានយល់ព្រមគ្នាធ្វើការចរចាឡើងវិញលើគ្រប់វិស័យ»។
ក្រុមមន្ត្រីជាន់ខ្ពស់ឥណ្ឌានិងប៉ាគីស្ថាននឹងបើកការចរចាគ្នាមួយឈុតលើបញ្ហាប្រឆាំងនឹងភេរវកម្ម បញ្ហាមនុស្សធម៌ បញ្ហាជម្លោះដណ្តើមតំបន់កាស្មៀរ (Kashmir) បញ្ហាសន្តិភាពនិងសន្តិសុខ ព្រមទាំងរឿងព្រំដែនផ្សេងៗទៀត។
សេចក្តីប្រកាសនោះនិយាយថាលោក ស្ហាហ៍ មេហ៍មូដ គូរេស្ហ៊ី (Shah Mehmood Qureshi) រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន នឹងធ្វើដំណើរទៅក្រុងញូវដេលី នៅខែកក្កដា ដើម្បីជួបជាមួយលោក អេស អេម គ្រឹស្នា (S.M Krishna) ជាសមភាគីរបស់លោក ហើយនឹងពិនិត្យមើលឡើងវិញទៅលើកម្រិតការចម្រើនទៅមុខក្នុងការចរចាទាំងនោះ។
ការសម្រេចត្រឡប់ទៅរកការចរចាគ្នាវិញគឺគេបានធ្វើកាលពីថ្ងៃ អាទិត្យមុននេះ នៅប្រទេសប៊ូតាន (Bhutan) ជាទីដែលរដ្ឋមន្ត្រីការបរទេសទាំងឥណ្ឌានិងប៉ាគីស្ថាន បានជួបគ្នានៅក្រៅអង្គសន្និសីទតំបន់។
ពេលនិយាយជាមួយក្រុមអ្នកយកព័ត៌មាននៅក្រុងអ៊ីស្លាម៉ាបាត លោក យូស៊ូហ្វ រ៉ាហ្សា ហ្គីឡានី (Yousuf Raza Gilani) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានស្វាគមន៍ការពិភាក្សានោះហើយបានសរសើរលោកម៉ាន់មោហាន់ សីង្ហ (Manmohan Singh) ជាសមភាគីរបស់លោកក្នុងការណ៍ដែលលោកបាន «បើកឲ្យមានជំពូកថ្មីមួយ» ក្នុងទំនាក់ទំនងទ្វេភាគីនេះ។
លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថានបានសម្តែងការពេញចិត្តជាមួយការសម្រេចនោះដោយនិយាយថា នេះគឺជាសមិទ្ធិផលចេញមកពីការខំប្រឹងប្រែងរួមផ្សំយូរមកហើយ ដែលលោកនិងលោកម៉ាន់មោហាន់ សីង្ហ ជាសមភាគីបានធ្វើតាំងពីលោកទាំងពីរបានជួបគ្នាដំបូង នៅខែមេសាឆ្នាំ២០១០ក្នុងប្រទេសប៊ូតាន នោះមក៕
ប្រែសម្រួលដោយ នៅ សារីម