ប្រទេសប៉ាគីស្ថានបានរិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ចំពោះការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងកម្មវិធីមីស៊ីលផ្លោងវង់ប្រតិបត្តិការឆ្ងាយរបស់ខ្លួន ដោយបានចាត់ទុកចំណាត់ការនេះថាជា«ការអនុវត្តបទដ្ឋានពីរនិងរើសអើង»។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mathew Miller បានប្រកាសវិធានការនេះកាលពីថ្ងៃពុធដោយនិយាយថាពួកគេត្រូវបានរងទណ្ឌកម្មនៅក្រោមបទបញ្ជាប្រធានាធិបតីដែល«ដៅលើអ្នកធ្វើឲ្យរីកសាយអាវុធប្រល័យលោកហើយនិងវិធីនៃការផ្គត់ផ្គង់អាវុធរបស់ពួកគេ»។
លោក Miller បាននិយាយទៀតថាការដាក់ទណ្ឌកម្មគ្របដណ្តប់លើក្រុមហ៊ុនការពារជាតិ (National Defense Complex) ដែលគ្រប់គ្រងដោយរដ្ឋាភិបាលប៉ាគីស្ថាននិងអង្គភាព៣ទៀតដែលសហការជាមួយប៉ាគីស្ថាននៅក្នុងការអភិវឌ្ឍមីស៊ីលផ្លោងវង់ប្រតិបត្តិការឆ្ងាយ រួមមានក្រុមហ៊ុនផលិតមីស៊ីល Shaheen ផងដែរ។
ក្រសួងការបរទេសប៉ាគីស្ថានបានច្រានចោលចំណាត់ការនេះថាជា«រឿងអកុសលនិងលម្អៀង»។ សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសនោះបានបញ្ជាក់ថាសមត្ថ ភាពការពារប្រទេសរបស់ប៉ាគីស្ថានមានគោលបំណងការពារអធិបតេយ្យភាពរបស់ជាតិនិងរក្សាសន្តិភាពនៅក្នុងតំបន់អាស៊ីខាងត្បូង។
ក្រសួងនោះបានបញ្ជាក់ទៀតថា៖«ការដាក់ទណ្ឌកម្មកាលពីពេលថ្មីៗនេះបានបំពានគោលបំណងនៃសន្តិភាពនិងសន្តិសុខដោយមានគោលបំណងធ្វើឱ្យឃើញច្បាស់ពីវិសមភាពខាងយោធា។ គោលនយោបាយនេះមានគ្រោះថ្នាក់ដល់ស្ថិរភាពក្នុងតំបន់និងហួសពីនេះ»៕