សកម្មជន​ចិន​នៅ​ក្រៅ​ប្រទេស​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​បាតុកម្ម «ក្រដាស​ស»

រូបឯកសារ៖ អ្នកតវ៉ា​កាន់​ក្រដាស​ស និង​ស្រែក​ពាក្យ​ស្លោក ខណៈ​ពួកគេ​ដើរ​ដង្ហែ​ដើម្បី​តវ៉ា​ចំពោះ​វិធានការ​បិទ​ខ្ទប់​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩​ដ៏តឹងរ៉ឹង​ក្នុង​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រុម​សកម្មជន​ចិន​ដែល​និរទេស​ខ្លួន​នៅ​បរទេស​បាន​ជួបជុំ​គ្នា​នៅ​តាម​ទីក្រុង​នានា​នៅ​លើ​ពិភពលោក​ កាលពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ «ចលនា​ក្រដាស​ស» នៅ​ប្រទេស​ចិន ដោយ​ពួកគេ​និយាយ​ថា ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គោល​នយោបាយ​បិទ​ខ្ទប់​ក្នុង​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ឲ្យ​មាន​ការ​លេច​ឡើង​នូវ​ក្រុម​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ជំនាន់​ថ្មី។

ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​ការ​បិទ​ខ្ទប់​ជា​ញឹកញាប់​ទៅ​លើ​អគារ ភូមិឋាន និង​សូម្បី​តែ​ទីក្រុង​ទាំងមូល​ចាប់ពី​ដើម​ឆ្នាំ ២០២០ ដល់​ចុង​ឆ្នាំ ២០២២។

នៅ​ឆ្នាំ ២០២២ មាន​ចលនា​មួយ​នៅ​ទូទាំង​ប្រទេស​ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​ប្រជាជន​ដើម្បី​តវ៉ា​នឹង​វិធានការ​នេះ ដែល​នៅ​ទីបំផុត​បាន​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ចិន​បញ្ចប់​គោលនយោបាយ​រឹត​បន្តឹង​នេះ​នៅ​ខែ​វិច្ឆិកា​នៅ​ឆ្នាំ​នោះ។

នៅ​ក្នុង​ទីក្រុង Amsterdam ប្រទេស​ហូឡង់ ពិធី​អុជទៀន​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​រំឭក​ខួប​នេះ ដោយ​មាន​មនុស្ស​ប្រមាណ ៥០ នាក់​កាន់​ផ្កា ទៀន ក្រដាស​ស ឬ​ពាក់​ម៉ាស់​ពណ៌​ស។ ពួកគេ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន Dam ក្នុង​ទីក្រុង​នោះ​កាលពី​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

ការ​រំឭក​ខួប​នេះ​ក៏​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស ទីក្រុង San Francisco សហរដ្ឋ​អាមេរិក និង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ផងដែរ។ នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំង​នេះ ក្រុម​សកម្មជន​និរទេស​ខ្លួន​បាន​ចែក​រំលែក​បទ​ពិសោធន៍​ដែល​ពួកគេ​បាន​ឆ្លងកាត់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ទូទាំង​ប្រទេស​ចិន​រយៈពេល​មួយ​ខែ​កាលពី​ពីរ​ឆ្នាំ​មុន។

ពួកគេ​បាន​រំឭក​ដល់​បាតុករ​ដែល​នៅ​បន្ត​ជាប់​ឃុំឃាំង​បន្ទាប់ពី​បាន​ចូលរួម​ក្នុង​ការ​ធ្វើ​បាតុកម្ម និង​នៅ​ចងចាំ​អ្នក​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​អគ្គិភ័យ​ដ៏​ប្រល័យ​នៅ​អគារ​មួយ​ក្នុង​ទីក្រុង Urumqi នៃ​ខេត្ត Xinjiang។ វិធានការ​បិទខ្ទប់​ប្រហែល​ជា​បាន​រារាំង​មិន​ឲ្យ​អ្នក​ពន្លត់​អគ្គិភ័យ​ចូល​ទៅ​ក្នុង​អគារ​ដ៏​ខ្ពស់​នោះ​ទាន់​ពេល​វេលា ហើយ​រារាំង​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ពី​អគារ​នោះ​ដែល​បាន​ធ្វើឲ្យ​មនុស្ស ១០ នាក់​ស្លាប់។

បន្ទាប់ពី​ព្រឹត្តិការណ៍​ដ៏​ប្រល័យ​នេះ​បាន​កើតឡើង ការ​តវ៉ា​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​បរិវេណ​នៃ​សាកលវិទ្យាល័យ Nanjing ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​សារគមនាគមន៍​នៅ​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ដោយ​ក្រុម​និស្សិត​បាន​កាន់​ក្រដាស​ពណ៌​ស​ជា​សញ្ញា​បង្ហាញ​ពី​ការ​ជំទាស់​ទៅ​នឹង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​ចិន​លើ​សេរីភាព​បញ្ចេញ​មតិ។

នាង Rei Xia ដែល​ជា​សកម្មជន​ចិន​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​និង​ជា​សមាជិក​មួយ​រូប​នៃ​ក្រុម​រៀបចំ​ពិធី​អុជ​ភ្លើង​ទៀន​នៅ​ទីក្រុង Amsterdam បាន​និយាយ​ថា៖ «បន្ទាប់ពី​មាន​ការ​បិទ​ខ្ទប់​អស់​រយៈពេល​ដ៏​យូរ​មួយ​នៅ​ទូទាំង​ប្រទេស​ចិន​មក វា​ហាក់ដូចជា​ជា​សង្គម​ស៊ីវិល​ស្ទើរតែ​ផ្ទុះ​ឡើង​កាលពី​ខែ​វិច្ឆិកា ឆ្នាំ ២០២២។ នៅ​ពេល​ខ្ញុំ​អាន​ព័ត៌មាន​អំពី​អគ្គិភ័យ​ដ៏​ប្រល័យ​នៅ​ខេត្ត Xinjiang នោះ ខ្ញុំ​មាន​អារម្មណ៍​ថា​យើង​ហាក់ដូចជា​កំពុង​រស់នៅ​ក្នុង​ឋាន​នរក​អ៊ីចឹង»។

ចលនា​នៅ​ពេល​នោះ​ត្រូវ​បាន​គេ​ហៅ​ថា «ចលនា​ក្រដាស​ស» ឬ «បដិវត្តន៍​ក្រដាស​ស» នៅ​ពេល​ដែល​បាតុកម្ម​បាន​រាលដាល​ទៅ​ដល់​ទីក្រុង​ជាច្រើន ដែល​រួម​ទាំង​ទីក្រុង​សៀងហៃ​ផងដែរ។ ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​ចូលរួម​ជាច្រើន​នាក់។ អ្នក​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​បាន​និយាយ​ថា ពួកគេ​បាន​ទទួល​រង​ទារុណកម្ម។

នាង Xia បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ខ្ញុំ​នៅ​ចាំ​ពេល​ដែល​គេ​បង្ខំ​ខ្ញុំ​ឲ្យ​ទៅ​នៅ​ជ្រុង​ម្ខាង​នៃ​មន្ទីរ​ឃុំឃាំង ហើយ​អ្នក​យាម​មន្ទីរឃុំឃាំង​ព្យាយាម​បង្ខំ​ខ្ញុំ​ឲ្យ​សារភាព​ក្លែងក្លាយ ដោយ​គំរាម​ថា​នឹង​កោរ​សក់​ខ្ញុំ​ឬ​ដាក់​ឃុំ​ខ្ញុំ​រយៈពេល​យូរ»។

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ក្រសួង​ការបរទេស​ចិន​និង​ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​សុំ​យោបល់​លើ​រឿង​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ចម្លើយ​តប​ណា​មួយ​ទេ​គិត​ត្រឹម​ថ្ងៃ​ចុះ​ផ្សាយ​ព័ត៌មាន​នេះ។

ទោះបីជា​ការ​ចងចាំ​ហេតុការណ៍​នេះ​បាន​រលត់​បាត់​បន្តិច​ម្ដងៗ​សម្រាប់​មនុស្ស​មួយ​ចំនួន​ក៏ដោយ ក៏​លោក Huang Yicheng អតីត​និស្សិត​សាកលវិទ្យាល័យ​ប៉េកាំង (Peking University) ដែល​បាន​រត់​គេច​ផុត​ពី​ការ​ចាប់ខ្លួន​នៅ​ពេល​នោះ បាន​និយាយ​ថា ការ​តវ៉ា​នា​ពេល​នោះ​បាន​បង្កើត​ជា​និមិត្តសញ្ញា​ដ៏​មាន​ឥទ្ធិពល​មួយ​ដែល​បន្ត​ជំរុល​ទឹកចិត្ត​សកម្មជន​ចិន​ក្មេងៗ​ជំនាន់​ក្រោយ។

លោក Huang បាន​ថ្លែង​ថា៖ «ក្រដាស​ស ទៀន ផ្កា និង​រូប​សញ្ញា​ផ្លូវ Urumqi គឺជា​និមិត្តសញ្ញា​សំខាន់ៗ​នៃ​ការ​តស៊ូ​របស់​សកម្មជន​ចិន​ក្មេងៗ»។

សកម្មជន​ចិន​ដែល​និរទេស​ខ្លួន​មួយ​ចំនួន​ទៀត​បាន​និយាយ​ថា «ចលនា​ក្រដាស​ស» នេះ​ក៏​បាន​ផ្ដល់​កម្លាំង​ដល់​ចលនា​ដើម្បី​ប្រជាធិបតេយ្យ​ចិន​នៅ​ក្រៅ​ប្រទេស​ផងដែរ ដែល​ដឹកនាំ​ដោយ​សកម្មជន​នៃ​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen នៅ​ឆ្នាំ ១៩៨៩។

លោក Teng Biao មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​សហរដ្ឋ​អាមេរិក បាន​ប្រាប់ VOA តាម​ទូរស័ព្ទ​ថា៖ «ចាប់​តាំងពី​មាន​ចលនា​ក្រដាស​ស​នេះ​មក ពលរដ្ឋ​ចិន​ក្មេងៗ​ជាច្រើន​នៅ​ក្រៅ​ប្រទេស​បាន​ចាប់ផ្ដើម​បង្ហាញ​មុខ ហើយ​និន្នាការ​នេះ​បាន​ផ្ដល់​នូវ​ក្ដី​សង្ឃឹម​ថ្មី​សម្រាប់​ចលនា​ដើម្បី​ប្រជាធិបតេយ្យ​ចិន​នៅ​ក្រៅ​ប្រទេស»។

លោក Huang ដែល​កំពុង​រស់នៅ​ប្រទេស​អាឡឺម៉ង់ បាន​និយាយ​ថា យុទ្ធសាស្ត្រ​ខ្លះ​ដែល​សកម្មជន​នៅ​ក្រៅ​ប្រទេស​ចិន​បាន​ប្រើ​បាន​ជំរុល​ទឹកចិត្ត​ដល់​អ្នក​តវ៉ា​ក្មេងៗ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ធំៗ​របស់​ចិន ប៉ុន្តែ​លំហ​សម្រាប់​មតិ​ប្រឆាំង​និង​សកម្មភាព​តវ៉ា​ផ្សេងៗ​ដែល​កាន់តែ​រួម​តូចទៅៗ​នៅ​ក្នុង​ប្រទេស​ចិន​កំពុង​ធ្វើឲ្យ​ការ​ប៉ុនប៉ង​រៀបចំ​ការ​តវ៉ា​ណាមួយ​មាន​ការ​លំបាក​កាន់តែ​ខ្លាំង។

លោក​និយាយ​ថា៖ «បន្ទាប់ពី​ពលរដ្ឋ​ចិន​ដែល​រស់នៅ​ទីក្រុង New York បាន​បញ្ចូល​ពាក្យ​នយោបាយ​ឌឺដង​ទៅ​ក្នុង​សារ​សម្រាប់​ពិធី​បុណ្យ Halloween នៅ​ឆ្នាំ ២០២២ មក យើង​សង្កេត​ឃើញ​ថា​វិធី​ស្រដៀង​គ្នា​នេះ​ត្រូវបាន​ប្រើ​ដោយ​ពលរដ្ឋ​ចិន​ក្មេងៗ​នៅ​ក្នុង​ទីក្រុង​សៀងហៃ​ក្នុង​អំឡុង​ពិធី​បុណ្យ Halloween នៅ​ឆ្នាំ ២០២៣ និង​ឆ្នាំ ២០២៤ ប៉ុន្តែ​ប៉ូលិស​បាន​អនុវត្ត​ការ​រឹតត្បិត​ភ្លាមៗ ក៏​ដូចជា​បាន​ចាប់ខ្លួន​មនុស្ស​ផង​ដែរ»។

លោក Teng ដែល​រស់នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល​ចិន​ដើម្បី​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​សង្គម​ស៊ីវិល​មិន​ត្រឹមតែ​ដកហូត​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បណ្ដាល​ឱ្យ​មាន​អំពើ​ហិង្សា​នៅ​ទូទាំង​ប្រទេស​ទៀត​ផង។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ការ​ប៉ុនប៉ង​របស់​អាជ្ញាធរ​ចិន​ដើម្បី​កម្រិត​សេរីភាព​នៃ​ការ​និយាយ​ស្ដី​និង​ការ​រឹតត្បិត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាជន​បាន​ជំរុញ​មនុស្ស​ជាច្រើន​ឲ្យ​ធ្លាក់​ដល់​ផ្លូវ​ទាល់​ច្រក។ នៅ​ពេល​ដែល​សេដ្ឋកិច្ច​ចិន​បន្ត​មាន​កំណើន​យឺត វិបត្តិ​សង្គម​ដែល​ងំ​យូរ​មក​ហើយ​នឹង​ចាប់ផ្ដើម​លេច​ឡើង»។

លោក Huang បាន​និយាយ​ថា ដោយសារតែ​រដ្ឋាភិបាល​ចិន​នឹង​ទំនងជា​បន្ត​អនុវត្ត​វិធីសាស្ត្រ​បែប​គាប​សង្កត់​របស់​ខ្លួន​ដើម្បី​គ្រប់គ្រង​លំហ​សង្គម​ស៊ីវិល សកម្មជន​ចិន​នៅ​ក្រៅ​ប្រទេស​ដូចជា​រូប​លោក បាន​ត្រឹមតែ​ព្យាយាម​បង្ហាញ​ឲ្យ​ឃើញ​អំពី​បញ្ហា​នានា​ដែល​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។

លោក​លើកឡើង​ដូច្នេះ​ថា៖ «យើង​បាន​ត្រឹមតែ​លើកទឹកចិត្ត​អ្នក​ដែល​រស់នៅ​បរទេស​ឲ្យ​បន្ត​យកចិត្ត​ទុកដាក់​ទៅលើ​បញ្ហា​នានា​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ»។

លោក​បាន​បន្ថែម​ថា លោក​ខ្លួន​ឯង​ក៏​មាន​ការ​បារម្ភ​ថា​ការ​វាយប្រហារ​ហិង្សា​កាលពី​ច្រើន​សប្ដាហ៍​កន្លង​ទៅ​ប្រហែល​ជា​ធ្វើឲ្យ​បញ្ហា​ធ្ងន់ធ្ងរ​ស្រាប់​នៅ​ក្នុង​ប្រទេស​នេះ​កាន់តែ​អាក្រក់​ជាង​មុន​បន្ថែម​ទៀត។

ដោយសារ​តែ​គ្មាន​សញ្ញា​ណា​មួយ​បង្ហាញ​ថា​រដ្ឋាភិបាល​ចិន​និង​បន្ធូរបន្ថយ​ការ​គ្រប់គ្រង​បែប​រឹតត្បិត​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស នាង Xia ដែល​នៅ​ទីក្រុង Amsterdam បាន​និយាយ​ថា នាង​នឹង​បន្ត​តាមដាន​បញ្ហា​សង្គម​និង​បញ្ហា​សិទ្ធិ​មនុស្ស​នានា​នៅ​ក្នុង​ប្រទេស​ចិន។

នាង​បញ្ជាក់​ដូច្នេះ​ថា៖ «ចលនា​សង្គម​បាន​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ជីវិត​របស់​ខ្ញុំ​ដោយសារតែ «ចលនា​ក្រដាស​ស» នេះ ហើយ​បទ​ពិសោធន៍​នេះ​បាន​ធ្វើឲ្យ​ខ្ញុំ​កាន់តែ​រឹងមាំ»៕

លោក Zhou Chenxing នៃ VOA ផ្នែក​ភាសា​ចិន​កុកងឺ រួម​ចំណែក​នៅក្នុង​សេចក្ដី​រាយការណ៍​នេះ។