អ្នក​ជំនាញ​៖ ការ​ចិញ្ចឹម​កូន​ដោយ​សម្ពាធ​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​កូន

រូបភាព​ដាក់តាំង​បង្ហាញ​ពី​ជម្ងឺ​ផ្លូវចិត្ត នៅក្នុង​ទិវាសុខភាព​ផ្លូវចិត្ត​យុវជន​លើក​ទី៤​ នៅ​ឯសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

រាល់​ពេល​ដែល ​កញ្ចនា* ភ្ញាក់​ឡើង​ពេល​ព្រឹក​ នាង​តែង​មាន​ការ​គិត​សម្ពាធ​ផ្លូវ​ចិត្ត។ កញ្ចនា ​យល់​ថា​ ឪពុកម្តាយ​របស់​នាង​មាន​តម្រូវការ​ខ្ពស់​សម្រាប់​ជីវិត​ និង​ការ​សិក្សា​របស់​នាង។

កញ្ញា​ កញ្ចនា​ អាយុ​២២​ឆ្នាំ ​គឺជា​កូន​ច្បង​នៅ​ក្នុង​គ្រួសារ​ ដោយ​មាន​ប្អូន​ប្រុស​ពីរ​នាក់​ និង​ប្អូន​ស្រី​ម្នាក់។ កញ្ចនា​ បង្ហាញ​នូវ​ទឹក​មុខ​ស្រងូត​ស្រងាត់​ និង​បាន​ប្រាប់​ពី​បញ្ហា​តប់ប្រមល់(ស្រ្តេស‍)​ ដែល​នាង​ជួប​ប្រទះ​ក្នុង​គ្រួសារ​ ដូច​ជា​ការ​បិទ​សិទ្ធិ​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​ និង​ការ​ដើរ​លេង​កម្សាន្ត​ផ្សេងៗ។ កញ្ចនា​ និស្សិត​ឆ្នំា​ទី​៤​ ផ្នែក​គណនេយ្យ​ បាន​និយាយ​ថា៖

«និយាយ​ទៅ​ខ្ញុំ​អត់​មាន​មនោសញ្ចេតនា​ជាមួយ​ប៉ា​ម៉ាក់​សោះ​ហ្មង»។

កញ្ចនា ​បាន​រស់​នៅ​ក្នុង​ស្ថាន​ភាព​គ្រួសារ​បែប​នេះ​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​៥​ឆ្នាំ​កន្លង​ទៅ​នេះ​ នាង​ទើប​តែ​បាន​ដឹង​ថា​ បញ្ហា​សម្ពាធ​គ្រួសារ​នេះ​បាន​ផ្តល់​ផល​ប៉ះ​ពាល់​យ៉ាង​ខ្លះ​ទៅ​លើ​សុខ​ភាព​ផ្លូវ​ចិត្ត​របស់​នាង​ផ្ទាល់​ ដែល​នាង​យល់​ថា​ វា​ធ្វើ​ឲ្យ​កើត​មាន​ជា​ជំងឺ​ថប់​អារម្មណ៍ ការ​ឲ្យ​តម្លៃ​ខ្លួន​ឯង​ទាប និង​កាត់​បន្ថយ​ការ​គេង។

បើ​យោង​តាម​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌​ (TPO)​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​ចំនួន​ប្រជាជន​ ១៥​លាន​នាក់​ គេ​ប៉ាន់​ស្មាន​ថា​ ៤០​ភាគរយ​ត្រូវ​បាន​រង​គ្រោះ​ពី​ជំងឺ​ផ្លូវ​ចិត្ត។

ឈឿន​ ដាលិកា​ ជា​មនុស្ស​មួយ​រូប​ទៀត​ដែល​បាន​ចែក​រំលែក​បទ​ពិសោធន៍​នៃ​ជំងឺ​ថប់អារម្មណ៍។​ នាង​គឺជា​និស្សិត​ឆ្នាំ​ទី​១ ​មក​ពី​វិទ្យាស្ថាន​ភាសាបរទេស។ ដាលិកា ​បាន​ប្រាប់​ថា​ តាម​រយៈ​បទពិសោធន៍​របស់​នាង​ ការ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​ល្អ​ដូច​នឹង​ការ​រំពឹង​ទុក​របស់​ប៉ាម៉ាក់​របស់​នាង​ទី​បំផុត​ នាំ​ឲ្យ​នាង​បរាជ័យ​ទាំង​ស្រុង​នៅ​ក្នុង​ការ​សិក្សា។

ដាលិកា​ បាន​ធ្លាក់​ការ​ប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​កាល​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ ដោយ​មូល​ហេតុ​មក​ពី​សម្ពាធ​ផ្លូវចិត្ត​ និង​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​អំពី​ការ​សិក្សា​នៅ​ថ្ងៃ​អនាគត។

ដក​ដង្ហើម​ធំ​រួច​បន្ត កញ្ញា​វ័យ​១៨​ឆ្នាំ​ម្នាក់​នេះ​ បាន​និយាយ​ថា៖​

«រាល់​ថ្ងៃ​ហ្នឹង​ ខ្ញុំ​នៅ​មាន​ផល​វិបាក​ក្នុង​ការ​រស់នៅ​ ដោយ​សារ​តែ​ខ្ញុំ​នៅ​មាន​ការ​គិត​ដោយ​ផ្តល់​តម្លៃ​ឲ្យ​ខ្លួន​ឯង​ទាប​ ដោយ​សារ​តែ​មិន​សម​នឹង​ស្តង់ដា ​ដែល​ប៉ា​ម៉ាក់​ខ្ញុំ​ចង់​បាន»។

ដាលិកា ​បាន​បន្ត​ថា៖​ «ពួក​គាត់​យក​ខ្ញុំ​ទៅ​ប្រៀប​ធៀប​ជា​មួយ​កូន​បង​ប្អូន​ ជួន​កាល​កូន​អ្នក​ជិត​ផ្ទះ​ទៀត។ ពាក្យ​សម្តី​ ដែល​គាត់​និយាយ​ហ្នឹង​គឺ​សាហាវ​ណាស់​ ប៉ុន្តែ​គាត់​អត់​ដែល​បាន​គិត​ថា ​វា​ផ្តល់​ផល​ប៉ះ​ពាល់​ដល់​ថ្នាក់​ហ្នឹង​ទេ»។

បើ​តាម​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត​ ឈឹម​ សុធារ៉ា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌​បាន​ពន្យល់​អំពី​កត្តា​ចម្បង​ដែល​នាំ​ឲ្យ​យុវវ័យ​កើត​មាន​ជំងឺ​ធ្លាក់​ទឹក​ចិត្ត​នេះ គឺ​មក​ពី​ការ​គិត​របស់​ពួក​គាត់​ផ្ទាល់​ និង​កត្តា​សង្គម។

លោក​ ឈឹម​ សុធារ៉ា​ បាន​និយាយ​ថា៖​ «បញ្ហា​ដែល​ខ្ញុំ​ឧស្សាហ៍​ឃើញ​មាន​នោះ​ គឺ​មក​ពី​កត្តា​គ្រួសារ​ ដូច​ថា​គ្រួសារ​ដែល​គាត់​ធំ​ដឹង​ក្តី​ឡើង​មក​នឹង​គឺ​មាន​ម្តាយ​ឪពុក​ដែល​មាន​អត្តចរិក​កាច​ ឆេវឆាវ​ មាន​ខ្លះ​ទៀត​លាយ​ឡំ​ជាមួយ​ការ​គំរាម​កំហែង​ និង​អំពើ​ហិង្សា​»។

លោក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ការ​គាបសង្កត់​ផ្លូវ​ចិត្ត​របស់​ឪពុក​ម្តាយ​នេះ​ អាច​នាំ​ឲ្យ​កូនៗ​ជួប​នឹង​បញ្ហា​ ដូច​ជា​គេង​មិន​ទៀង​ទាត់​ ញុំា​អាហារ​ខុស​ប្រក្រតី​ ចេះ​តែ​មាន​ការ​បារម្ភ​ឥត​ឈប់​ឈរ​ ការ​ឲ្យ​តម្លៃ​ខ្លួន​ទាប​ លែង​មាន​ចំណង់​ចំណូល​ចិត្ត​ ផ្តាច់​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជិត​ខ្លួន​ ហើយ​ការ​សិក្សា​ក៏​ធ្លាក់​ចុះ​ផង​ដែរ។

លោក​បាន​បន្ថែម​ថា៖ «ពេល​ហ្នឹង​ ពួក​គាត់​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ការ​គិត​ ពួក​គាត់​ឈប់​ធ្វើ​អ្វី​ទាំង​អស់។ ពេល​ខ្លះ​គាត់​អាច​ញុំា​ច្រើន​ ឬ​គេង​ច្រើន​ ហើយ​ការ​សិក្សា​របស់​គាត់​ក៏​ធ្លាក់​ចុះ​តាម​នឹង​ដែរ​»។

លោក​វេជ្ជបណ្ឌិត​ ឈឹម​ សុធារ៉ា ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា​ ឪពុក​ម្តាយ​ភាគ​ច្រើន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​តម្រូវ​ការ​ផ្នែក​សតិ​អារម្មណ៍របស់​កូន​ ដោយ​ឡែក​ពួក​គាត់​បែរ​ជា​ខ្វល់​ពី​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូនៗ​របស់​គាត់​អាច​ឈាន​ដល់​ចំណុច​ស្តង់ដា​មួយ​ ដែល​គាត់​ចង់​បាន។

«ក្មេង​ខ្លះ​ គាត់​ហ៊ាន​និយាយ​ ជា​មួយ​ប៉ា​ម៉ាក់​របស់​គាត់​ពី​បញ្ហា​ហ្នឹង​ដែរ​ ប៉ុន្តែ​ប៉ាម៉ាក់​គាត់​ទៅ​ជា​ចំអក​គាត់​ដោយ​គិត​ថា ​កូន​ហ្នឹង​ អន់​ មិន​រឹង​ប៉ឹង​វិញ​ ដល់​ចឹង​ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ដុន​ដាប​ទៅៗ»។

ជាក់​ស្តែង​ សព្វ​ថ្ងៃ​នេះ​យុវវ័យ​ភាគ​ច្រើន​យល់​ថា ​ការ​ចែក​រំលែក​រឿងរ៉ាវ​ផ្ទាល់​ខ្លួន​ជា​មួយ​មិត្តភក្តិ​តាម​បណ្តាញ​សង្គម​អាច​ឲ្យ​ខ្លួន​បាន​ធូរ​ស្រាល​ និង​រីករាយ​ ជាង​ការ​ចែក​រំលែក​ជា​មួយ​គ្រួសារ​ គឺ​ឪពុក​ម្តាយ។

លោក​វេជ្ជបណ្ឌិត​ ឈឹម​ សុធារ៉ា​ ក៏​បាន​បន្ត​ទៀត​ថា៖

«ពេល​ដែល​ក្មេង​ គាត់​គិត​ថា​ប៉ា​ម៉ាក់​អត់​ស្រឡាញ់​ គាត់​ចាប់​ផ្តើម​ទាម​ទារ​ក្តី​ស្រឡាញ់​ពី​អ្នក​ផ្សេង​វិញ​ ដូច​ចាប់​ផ្តើម​ពី​ការ​បង្ហោះ​សារ​ផ្សេងៗ​ ដល់​ពេល​មាន​អ្នក​ចូល​ឆ្លើយ​តប​ជា​មួយ​គាត់​ទៅ​ គាត់​អាច​មាន​អារម្មណ៍​ធូរ​ស្រាល​ក្នុង​ពេល​មួយ​ភ្លែត​ហ្នឹង‍»។

យ៉ាង​ណា​មិញ​ លោក ​កៅ​ សុវណ្ណ​ណារ៉ា​ សាស្រ្តាចារ្យ​នៃ​ដេប៉ាតឺម៉ង់​ចិត្ត​វិទ្យា​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ ឪពុក​ម្តាយ​ខ្លះ​ដែល​មាន​ភាព​តឹងរ៉ឹង​ចំពោះ​កូន​ ដោយ​សារ​តែ​ពួក​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ខ្លួនឯង​ដោយ​មាន​ប្រវត្តិ​ឆ្លង​កាត់​សង្រ្គាម។

លោក​ កៅ​សុវណ្ណារ៉ា ​បាន​និយាយ​ថា៖​ «ឪពុក​ម្តាយ​ខ្លះ​ ធ្លាប់​បាន​ឆ្លង​កាត់​ពេល​សង្រ្គាម​ ដូច​នេះ​គាត់​ត្រូវ​បាន​គេ​បង្រៀន​ឲ្យ​ប្រើ​វិធី​ផ្តាច់​ការ​ ប្រសិន​ជា​ចង់​ឲ្យ​គេ​ស្តាប់​បង្គាប់»។

កាលពី​ឆ្នាំ​ ២០១៥ ​វិទ្យាស្ថាន Sigmund Freud Institute​ របស់ប្រទេស​អាល្លឺម៉ង់ និង​ដេប៉ាតឺម៉ង់ចិត្ដវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំ​ពេញ​ ​បង្ហាញលទ្ធផល​បឋម​នៃ​ការសិក្សា​ជ្រាវជ្រាវ​ស្ដីពី​ការ​ចិញ្ចឹម​បីបាច់​កូន​ ​និង​ទំនាក់ទំនង​រវាង​ម្ដាយ​ ​និង​កូន​៣​ជំនាន់​ក្រោយ​របប​ខ្មែរ​ក្រហម​នៅ​កម្ពុជាហៅកាត់ថា​ ​(PPCIC)។​

លទ្ធផល​ស្រាវជ្រាវ​បឋម​បង្ហាញ​ឲ្យដឹងថា ​«ការ​ប៉ះទង្គិច​ផ្លូវចិត្ដ​យ៉ាងធ្ងន់ធ្ងរ​របស់​មនុស្ស​ជំនាន់​ទី​១ បាន​ជះឥទ្ធិពល​ខ្លាំងទៅលើ​មនុស្ស​ជំនាន់​ទី​២​ និង​ទី​៣​»​ ​ដែល​ធំធាត់​ក្រោយ​សង្គ្រាម​។ ឯ​ឥទ្ធិពលដែល​ក្រុម មនុស្ស​ជំនាន់​ទី​២​ និង​ទី​៣​ ទទួលរង​ពីជំនាន់ទី១​ នោះ​គឺតាម​រយៈ​ «បញ្ហា​សង្គម​ក្រោយ​សង្គ្រាម​» និង​ស្ថានភាព​បញ្ហា​ផ្លូវចិត្ដ​របស់​ឪពុកម្ដាយរបស់ពួកគេដោយផ្ទាល់។ ​

​ទោះជាយ៉ាង​ណា​ក៏ដោយ​ ​អ្នក​ស្រាវជ្រាវ​ចិត្តវិទ្យានៅកម្ពុជា​យល់ថា​ ​ការសិក្សាឲ្យ​ស៊ី​ជម្រៅ​អំពីទំនាក់ទំនង​របស់​ម្តាយ​ឪពុក​ និងកូនៗ​នៅ​កម្ពុជា​ ​នៅមាន​កម្រិត​ ​ហើយ​ការសិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ ​និង​ស្ថាន​ភាព​គ្រួសារ​ក៏អាចកាត់​បន្ថយ​សម្ពាធផ្លូវចិត្តនានា​ទៅលើទំនាក់ទំនង​ក្នុងគ្រួសារ។

​សាស្ត្រាចារ្យ ​កៅ​ ​សុវណ្ណ​ដារ៉ា​ ​បញ្ជាក់​ថា​ ម្តាយ​ឪពុក​គួរ​ផ្តល់​ឱកាស​ និងសេរីភាព​ដល់​កូន​ក្នុងការ​ស្វែង​យល់​អំពី​ខ្លួន​ឯង។​

«ពេល​ខ្លះ​វិញ​ទៀត​ ឪពុកម្តាយ​ហ្នឹង​ព្យាយាម​ជំរុញ​ឲ្យ​កូនៗ​ចូល​ចិត្ត​អ្វី​ដែល​ខ្លួន​គាត់​ផ្ទាល់​ចូល​ចិត្ត​ស្រឡាញ់​ ដោយ​អត់​មាន​បាន​សួរ​ថា​ កូន​គាត់​ស្រឡាញ់​វា​ដែរ​អត់​ទេ។ ដល់​ចឹង​ពេល​ខ្លះ​ ដោយ​សារ​តែ​ប៉ា​ម៉ាក់​បង្ខំ​ កូន​ហ្នឹង​ទៅ​ជា​សម្រេច​ក្តី​ស្រមៃ​របស់​អ្នក​ផ្សេង​ដោយ​មិន​មែន​របស់​ខ្លួន​ឯង​ទៅ​វិញ‍»។

លើស​ពី​នេះ​ផង​ដែរ​ លោក​ កៅ សុវណ្ណ​ណារ៉ា ​ក៏​បាន​បញ្ជាក់​ថា ​ឪពុក​ម្តាយ​ដែល​ជា​អ្នក​មើល​ថែ​ទាំ​កូន​ គឺ​មាន​តួ​នាទី​ជា​ចំា​បាច់​ក្នុង​ការ​លូត​លាស់​របស់​កូន​ ប៉ុន្តែ​ភាព​រំពឹង​ខ្ពស់​របស់​ពួក​គាត់​ដោយ​មិន​បាន​សង្កេត​ និង​ឆ្លុះ​បញ្ចាំង​ពី​ទេព​កោសល្យ​ និង​សក្តានុពល​របស់​កូនៗ​ ក៏​អាច​ប៉ះ​ពាល់​ទាំង​ស្រុង​ទៅ​លើ​ការ​វិវត្តន៍​ផង​ដែរ។

បើ​ទោះ​ជា​មាន​ឪពុក​ម្តាយ​ដែល​មាន​ភាព​តឹងរ៉ឹង​លើ​កូន​ក្តី​ អ្នក​ស្រី​ តាំង​ ឆុនប៊ួយ​ អាយុ​៤៤​ ឆ្នាំ​ បាន​ប្រាប់​ថា​ អ្នក​ស្រី​មិន​ព្យាយាម​ជំរុញ​ឲ្យ​កូនៗ​ធ្វើ​អ្វី​ហួស​ពី​សមត្ថភាព​របស់​ពួក​គេ​នោះ​ទេ​ ដោយ​ឡែក​អ្នក​ស្រី​នឹង​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ដែល​ពួក​គេ​ស្រឡាញ់។

អ្នក​ស្រី​បាន​រៀប​រាប់​ថា៖ «របៀប​ដែល​ខ្ញុំ​ប្រៀន​ប្រដៅ​កូន​ គឺ​ប្រើ​ពាក្យ​ផ្អែម​ ទន់​ភ្លន់​ឲ្យ​ពួក​គាត់​ស្តាប់​ ឲ្យ​ពួក​គាត់​យល់​ ដោយ​សារ​តែ​ធ្វើ​បែប​នេះ​ទៅ​ នៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​មាន​ការ​អ្វី​ពិភាក្សា​ជា​មួយ​យើង​ វា​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក‍»។

ក្រោយ​ពី​ត្រូវ​បាន​សួរ​សំណួរ​ទៅ​កាន់​ កញ្ចនា ​ថា​តើ​អ្វី​ដែល​នាង​ចង់​បាន​ពី​ប៉ា​ម៉ាក់​ជាង​គេ​នោះ​ នាង​ក៏​បន្ត​និយាយ​ដោយស្រក់​ទឹក​ភ្នែក​បណ្តើរថា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ពេក​ហើយ​ បើ​សិន​ជា​ប៉ា​ម៉ាក់​ខ្ញុំ​អាច​នឹង​យល់​ ហើយ​យ៉ាង​ហោច​ណាស់​ត្រេកអរ​ជា​មួយ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​រាល់​ថ្ងៃ‍»។

*កញ្ចនា​ គឺ​ជា​ឈ្មោះ​ដែល​ត្រូវ​បាន​តែង​ឡើង​ក្នុង​គោល​បំណង​ការពារ​អត្ត​សញ្ញាណ​របស់​ប្រភព​។

រាយការណ៍ពី​រាជធានីភ្នំពេញ នាង​ខ្ញុំ វណ្ណ​ ចន្ទ័​សុភក្រ័​វត្តី វីអូអេ។