របាយការណ៍មួយ របស់ក្រសួងទេសចរណ៍បង្ហាញពីកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការធ្វើដំណើរកម្សាន្តទូទាំងប្រទេសកម្ពុជាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ មានចំនួនជាង៥លាននាក់។ តួលេខនេះមានការកើនឡើងប្រមាណជា១លាននាក់ បើធៀបនឹងភ្ញៀវទេសចរ ធ្វើដំណើរកំសាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី កាលពីឆ្នាំ២០១៧។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៥លាននាក់ បានធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរនានាក្នុងប្រទេសកម្ពុជាអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ។ ចំនូននេះមានការកើនឡើងជាង២០ភាគរយ បើធៀបនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០១៧។ នេះបើតាមរបាយការណ៍ដែលចេញដោយក្រសួងទេសចរណ៍។
Your browser doesn’t support HTML5
របាយការណ៍ស្តីពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅកម្ពុជា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ បញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរជាតិដែលធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានចំនួនជាង៥លាន១សែននាក់ (៥,១១២,៩៦៩នាក់) ចំណែកភ្ញៀវទេសចរអន្តរជាតិមានចំនួនជិត៩ម៉ឺននាក់ (៨៨,១៩១នាក់)។ ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនាដំណើរកម្សាន្ត អង្គរសង្រ្កាន្តខេត្តសៀមរាបមានចំនួនជិត២លាននាក់។
លោក គង់ សុភារៈ ប្រធាននាយកដ្ឋានស្ថិតិ និងព័ត៌មាន នៃក្រសួងទេសចរណ៍ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា កំណើននៃភ្ញៀវទេសចរធ្វើដំណើរកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ មានចំនួនច្រើនជាងឆ្នាំមុនៗ ដោយសារស្ថានភាពហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាមានការអភិវឌ្ឍច្រើន។
លោកបញ្ជាក់ថា៖
«មធ្យោបាយនៃការធ្វើដំណើរវាមានការងាយស្រួល ជាពិសេសគឺផ្លូវថ្នល់ហេដ្ឋារចនាសម្ព័ន្ធហ្នឹង គឺភ្ញៀវគាត់អាចទៅដល់គោលដៅទេសចរណ៍ដែលអាចទៅលេងបាន ទី១។ ទី២ទៀតយើងឃើញថានៅតាមរមណីយដ្ឋានជាច្រើនគឺតែងតែមានការផ្សព្វផ្សាយ ដោយមានការចូលរួមមើលអីអញ្ចឹង ដល់អញ្ចឹងគាត់ដឹងពីគោលដៅទេសចរណ៍ច្រើនដែលធ្វើដំណើរទៅ ដល់ពេលអញ្ចឹងយើងឃើញថាកំណើនហ្នឹងវាមានការកើនឡើងដែរ»។
ក្រៅពីដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា គេឃើញប្រជាពលរដ្ឋកម្ពុជាជាច្រើន ក៏បានចាកចេញពីប្រទេស ដើម្បីធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសផងដែរ។ ទោះយ៉ាងណា លោក គង់ សុភារៈ បញ្ជាក់ថា លោកមិនទាន់មានតួលេខស្តីពីប្រជាពលរដ្ឋកម្ពុជាធ្វើ ដំណើរកម្សាន្តទៅកាន់បរទេស ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះនៅឡើយ។
អ្នកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការកើនឡើងនៃទេសចរជាតិ និងអន្តរជាតិធ្វើដំណើរកម្សាន្តក្នុងប្រទេស បានបង្ហាញពីភាពវិជ្ជមានច្រើនក្នុងវិស័យទេសចរណ៍។ អ្នកស្រីបន្ថែមថា ការកើនឡើងវិស័យនេះ ធ្វើឲ្យកម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចកាន់តែច្រើន និងបង្ហាញថា កម្ពុជាគួរតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការពង្រឹងវិស័យនេះ ឲ្យកាន់តែមានភាពរីកចម្រើន។
អ្នកស្រីបន្ថែមថា ដើម្បីឲ្យវិស័យទេសចរណ៍កម្ពុជាមានភាពទាក់ទាញ និងលូតលាស់កាន់តែខ្លាំង នោះរដ្ឋាភិបាល និងប្រជាពលរដ្ឋត្រូវអនុវត្តលើការពង្រឹងធនធានមនុស្ស សេវាកម្ម និងអភិវឌ្ឍន៍លើតំបន់ទេសចរណ៍ជាដើម។
អ្នកស្រីមានប្រសាសន៍ថា៖
«យើងឃើញលំហូរចូលនៃភ្ញៀវទេសចរកាន់តែមានការកើនឡើង ក្នុងនោះទាមទារឲ្យមានការទទួលគេ តើយើងមានសមត្ថភាពប៉ុណ្ណាដែលយើងទទួលគេ? អញ្ចឹងការអភិវឌ្ឍធនធានមនុស្សហ្នឹងគឺជាការមួយសំខាន់ខ្លាំងណាស់។ ទី២ទៀតអភិវឌ្ឍន៍ទៅលើតំបន់ទេសចរណ៍ អភិវឌ្ឍន៍ទៅលើផលិតផលទេសចរណ៍? ហ្នឹងជាកត្តាមួយសំខាន់មែនទែន។ យើងមានតំបន់ទេសចរណ៍ហើយ យើងមិនអភិវឌ្ឍន៍ឲ្យទៅជាកន្លែងមួយទាក់ទាញ ហេដ្ឋារចនាសម្ព័ន្ធយើងមិនសូវជាជាប់លាប់ ហើយនិងផលិតផលទេសចរដែលយើងត្រូវយកមកបម្រើគេហ្នឹង»។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដដែល បានឲ្យដឹងទៀតថាកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដល់ចំនួនជាង៥លាននាក់ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០១៨នេះ គឺមានន័យថាកម្ពុជាមានកំណើនដល់ទៅចំនួន២៣ភាគរយ បើធៀបនឹងពិធីបុណ្យចូលឆ្នាំថ្មីកាលពីឆ្នាំ២០១៧ មានចំនួនជាង៤លាននាក់៕