ទាហានរបស់របបយោធាមីយ៉ាន់ម៉ាបានកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋយ៉ាងតិច ៤.៥៧១ ខ្នង ចាប់តាំងពីយោធាមីយ៉ាន់ម៉ាបានដណ្តើមគ្រប់គ្រងអំណាចនៅក្នុងរដ្ឋប្រហារជាងមួយឆ្នាំមក។ ក្នុងចំណោមនោះ ផ្ទះជាងពាក់កណ្តាលស្ថិតនៅក្នុងតំបន់ Sagaing ដែលមានជម្លោះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមស្រាវជ្រាវមួយដែលតាមដានផលប៉ះពាល់នៃជម្លោះនយោបាយនិងជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
អង្គការទិន្នន័យសម្រាប់មីយ៉ាន់ម៉ា (Data for Myanmar) បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា យោធាបានដុតកម្ទេចផ្ទះចំនួន ២.៥៦៧ ខ្នងនៅក្នុងតំបន់ Sagaing ៩៧៦ ខ្នងនៅក្នុងរដ្ឋ Chin ៦២៦ ខ្នងនៅក្នុងតំបន់ Magway ៣១០ ខ្នងនៅក្នុងរដ្ឋ Kayah និងរាប់សិបខ្នងទៀតនៅក្នុងតំបន់ Mandalay តំបន់ភាគខាងត្បូងនៃរដ្ឋ Shan តំបន់ Tanintharyi តំបន់ Bago និងរដ្ឋ Kayin។
ផ្ទះដែលត្រូវបានដុតកម្ទេចទាំងនោះស្ថិតនៅក្នុងឃុំនានា ដែលជាទីកន្លែងដែលការតស៊ូរបស់កងជីវពលនៃកងកម្លាំងការពាររបស់ប្រជាពលរដ្ឋ (People's Defense Force) និងរបស់ក្រុមប្រដាប់អាវុធជាតិសាសន៍ភាគតិចផ្សេងៗ នៅក្នុងការប្រឆាំងនឹងរបបយោធា មានភាពស្វិតស្វាញនៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ និងជាទីកន្លែងដែលយោធាបានតបតទៅវិញយ៉ាងខ្លាំងក្លា។
កាលពីថ្ងៃអង្គារ អង្គការ Fortify Rights បានជំរុញឲ្យសមាគមអាស៊ាន (ASEAN) គាំទ្រការដាក់ទណ្ឌកម្មសព្វាវុធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់ការលក់សព្វាវុធទៅឲ្យរបបយោធាមីយ៉ាន់ម៉ា។
អង្គការនេះបានជំរុញដូច្នេះដោយយោងទៅលើសេចក្ដីរាយការណ៍អំពីការរំលោភសិទ្ធិមនុស្សរបស់ពួកយោធានៅក្នុងរដ្ឋ Kayah និងទីកន្លែងផ្សេងទៀត និងបានព្រមានថា ការរំលោភបំពានទាំងនេះអាចជាឧក្រិដ្ឋកម្មសង្គ្រាម។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីផ្នែកភាសាភូមា ប្រភពមួយចំនួននៅក្នុងតំបន់តាមព្រំដែនដាច់ស្រយាលក្នុងប្រទេសមីយ៉ាន់ម៉ាបានរៀបរាប់ថា ពួកយោធាបានប្រើជនស៊ីវិលជាខែលនិងបានប្រព្រឹត្តិការរំលោភធ្វើបាបផ្សេងទៀត ដែលក្នុងនោះរួមមានទាំងការលួចដុតផ្ទះ ការចាប់ខ្លួនដោយគ្មានដីកាតុលាការ ការធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទ និងការធ្វើឃាតផងដែរ។
អង្គការ Data for Myanmar បានបញ្ជាក់ថា ហេតុការណ៍នៃការលួចដុតបំផ្លាញភូមិនានានេះបានចាប់ផ្តើមកាលពីចុងខែឧសភា ឆ្នាំ ២០២១ និងបានកើនឡើងខ្លាំងនៅខែតុលា វិច្ឆិកា និងធ្នូ ឆ្នាំ ២០២១ និងខែកុម្ភៈនៅឆ្នាំនេះ៕