ប្រទេស​ជាង​១៥០​ចូលរួម​គម្រោង​វ៉ាក់សាំង​​ជំងឺ​កូវីដ១៩​​សាកល​ COVAX ដឹក​នាំ​ដោយ​​ WHO

រូបឯកសារ៖ ​លោក​បណ្ឌិត​ Tedros Adhanom Ghebreyesus​ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ចូលរួមសន្និសីទសារព័ត៌មានមួយដែលរៀបចំដោយអង្គការសហប្រជាជាតិស្តីអំពីវិបត្តិជំងឺកូវីដ១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

អង្គការ​សុខភាព​ពិភពលោក ​WHO បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ថា ប្រទេស​ចំនួន​ ១៥៦ ​នៅ​ជុំវិញ​ពិភពលោក ​នឹង​ចូល​រួម​ក្នុង​កម្មវិធី​គំនិត​ផ្តួចផ្តើម​ជា​សាកល ​ក្នុង​ការស្រាវជ្រាវ​បង្កើត​ផលិត​ និង​ចែកចាយ​ដោយ​ស្មើ​ភាព​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩ ដែល​ហៅ​កាត់​ថា​កម្មវិធី COVAX។

​លោក​បណ្ឌិត​ Tedros Adhanom Ghebreyesus​ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក​ បាន​ឲ្យ​ដឹង​ថា ​ប្រទេស​អ្នក​មាន​ចំនួន ​៦៤ ​បានយល់​ព្រមចូលរួមក្នុងកម្មវិធី COVAX នេះ ដែល​ជា​គម្រោង​រួមដែល​អនុវត្ត​ដោយ ​WHO អង្គការ​សម្ព័ន្ធភាពត្រៀម​ខ្លួន​ប្រឆាំង​ជំងឹ​ឆ្លង ឬ Coalition for Epidemic Preparedness Innovations and Gavi និង​សម្ព័ន្ធ​ភាព​វ៉ាក់សាំង​ការពារ ​ដែល​ជា​អង្គការ​ដែល​ផ្តល់​ថវិកា​ដោយ​មូលនិធី Bill and Melinda Gates ដើម្បី​ផ្តល់វ៉ាក់សាំង​ការពារ​ជំងឺ​កុមារ​ក្នុង​ប្រទេស​ក្រីក្រ​បំផុត​នានា ​នៅ​ក្នុង​ពិភពលោក។​

កម្មវិធី COVAX ​នេះ​ មាន​បំណង​ផលិតវ៉ាក់សាំង​ការពារ​ដែល​មាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព​រហូត​ដល់​ចំនួន ​២ ពាន់លាន​ដុស​ នៅ​ជុំវិញ​ពិភព​លោក​ នៅ​ត្រឹម​ចុង​ឆ្នាំ ​២០២១ និង​មាន​គោល​ដៅដំបូង​ផ្តល់​វ៉ាក់សាំងដល់​ ៣%​ នៃ​ចំនួន​ប្រជាជាន​នៃ​ប្រទេស ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែល​ក្នុងនោះ​មាន​បុគ្គលិក​សុខាភិបាល​ និង​អ្នក​ដែលងាយ​ទទួល​រង​ជំងឺ។ កម្មវិធី​នេះ​ក៏​មានគោលដៅ​បង្ការប្រទេស​មួយ​ចំនួន​តូច ​មិន​ឲ្យ​ដណ្តើម​ទិញវ៉ាក់សាំង​ស្តុកទុក​នោះ។

​ប្រទេស​ដែល​មិន​បាន​ចូលរួម​ក្នុង​កម្មវិធីនេះ​ មាន​ដូច​ជា​សហរដ្ឋ​អាមេរិក ​ចិន​ និង​ប្រទេស​រុស្ស៊ី ដែល​សុទ្ធ​តែ​បាន​បង្កើត​កម្មវិធី​អភិវឌ្ឍន៍​ និងផលិត​វ៉ាក់សាំង​ផ្ទាល់​ខ្លួន​របស់​គេ។

សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​ប្រកាស​ថា ខ្លួន​នឹងមិន​ចូលរួម​ក្នុង​កម្មវិធី COVAX​ ដោយ​សារ​តែអង្គការ​សុខ​ភាព​ពិភព​លោក​ជា​អ្នក​ដឹក​នាំ​នូវ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​នេះ។ ​ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ (​Donald Trump) បាន​ដក​សមាជិកភាព​របស់​អាមេរិក​ចេញ​ពី​អង្គការ​សុខ​ភាព​ពិភព​លោក ​កាល​ពី​ខែ​កក្កដា​ ក្រោយ​ពី​លើក​ឡើង​ថា​ អង្គការ​នេះ​មិន​បានគ្រប់​គ្រង​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ ហើយ​ជួយ​ការ​ពារ​ប្រទេស​ចិន ដែល​ជា​ក​ន្លែង​ដែល​គេ​បាន​រក​ឃើញ​វីរុស​កូរ៉ូណា​ដំបូង​នៅ​ទី​នោះ។​

រដ្ឋបាល​របស់​លោក ​ត្រាំ​ បាន​បង្កើតកម្មវិធី​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​១៩​ ដោយ​ខ្លួន​ឯង ដែល​មាន​ឈ្មោះ​ថា Operation Warp Speed​ ដែល​មាន​បំណង​ផលិតវ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ ​ចំនួន​ ៣០០ ​លាន​ដុស នៅ​ត្រឹម​ខែ​មករា​ឆ្នាំ​ក្រោយ ប្រសិន​បើ​មាន​ការ​យល់​ព្រម​ឲ្យ​ផលិត​វ៉ាក់សាំង​នោះ។

គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​២២ ខែ​កញ្ញា វីរុស​កូរ៉ូណា​បាន​ឆ្លង​ដល់​មនុស្ស​ជាង​ ៣១,៣​ លាន​នាក់​ នៅ​ជុំ​វិញ​ពិភពលោក ​និង​សម្លាប់​ជីវិត​មនុស្ស​សរុប​ជាង​ ៩៦៥.០០០​ ​នាក់៕