កុមារ​កំព្រា​ទទួល​បាន​ការ​អប់រំ​តាម​រយៈ​ការ​ជួយ​របស់​ស្រ្តី​មា្នក់

Rebecca Kamara បង្រៀន​ក្មេងៗ​នៅ​មណ្ឌល​កុមារ​កំព្រា​នៅ​ក្នុង​ក្រុង​ហ្រ្វ៊ីថោន (Freetown) ប្រទេស​ស្យ៊ែរ៉ា​ ឡេអូន​ (Sierra​ Leone) កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥។

ជាមួយ​នឹង​ការ​បិទ​សាលារៀន​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​សារ​តែ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​អ៊ីបូឡា​នៅ​ក្នុង​ប្រទេស​ ស្យ៊ែរ៉ា​ ឡេអូន​ (Sierra​ Leone)​ មក​ ប្រទេស​នេះ​កំពុង​តែ​ព្យាយាម​ស្វែង​រក​វិធី​ផ្សេងៗ​ទៀត​ដើម្បី​អប់រំ​កុមារ​ រួម​មាន​កម្មវិធី​វិទ្យុ​ និង​ទូរទស្សន៍​ប្រចាំ​ថ្ងៃ។​ ប៉ុន្តែ​ កុមារ​កំព្រា​នៅ​តែ​ជួប​ប្រទះ​នូវ​ការ​លំបាក​ដ៏​ពិសេស​មួយ។​ ស្រ្តី​ក្នុង​ស្រុក​ម្នាក់​ដែល​បាន​បើក​ទ្វារ​ផ្ទះ​របស់​គាត់​ឲ្យ​ដល់​ស្រ្តី​ដែល​ត្រូវ​បាន​គេ​រំលោភ​បំពាន​ ហើយ​ឥឡូវ​នេះ​អ្នក​ទាំង​នោះ​បាន​ប្រើប្រាស់​ជំនាញ​របស់​ពួកគេ​ដើម្បី​ជួយ​បង្រៀន​កុមារ​ដែល​ងាយ​រងគ្រោះ។​

ជា​រៀងរាល់​ថ្ងៃ​ កុមារ​ដែល​ភាគច្រើន​ជា​កុមារ​កំព្រា​ត្រូវ​បាន​គេ​បង្រៀន​គណិតវិទ្យា​ និង​ភាសា​អង់គ្លេស។​ ធនធាន​ដែល​ពួកគេ​ប្រើ​គឺ​សាមញ្ញ​ ដែល​មាន​តែ​ក្តារ​ខៀន​ និង​បង់​សម្រាប់​អង្គុយ​ តែ​មិន​មាន​តុ។​ ប៉ុន្តែ​ ចំណុច​សំខាន់​គឺ​ផ្តល់​ការ​អប់រំ​ដែល​ល្អ​ប្រសើរ​ដល់​កុមារ​ទាំង​នោះ។​

Anne-Marie​ Caulkner​ គឺ​ជា​ស្រ្តី​ម្នាក់​ដែល​បើក​មណ្ឌល​កុមារ​កំព្រា​នៅ​ក្នុង​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​គាត់​ដើម្បី​ជួយ​កុមារ​ទាំង​នោះ។​

«ខ្ញុំ​ជា​កុមារ​កំព្រា។​ ខ្ញុំ​ធ្លាប់​ត្រូវ​បាន​គេ​រំលោភ​បំពាន​ដោយ​ការ​ប្រើ​ហិង្សា​យេនឌ័រ»។

ចាប់​តាំង​ពី​ពេល​នោះ​មក​ គាត់​បាន​យក​បទ​ពិសោធន៍​នេះ​ធ្វើ​ជា​បេសកកម្ម​ដើម្បី​ជួយ​អ្នក​ដែល​មាន​ជោគវាសនា​តិច​ជាង​គាត់។​

អ្នក​ស្រី​ Caulkner​ និយាយ​ថា​ ចាប់​តាំង​ពី​ពេល​ដែល​ជំងឺ​អ៊ីបូឡា​ផ្ទុះ​ឡើង​ គាត់​មិន​អាច​ទទួល​កូន​សិស្ស​ច្រើន​ឲ្យ​មក​នៅ​ជាមួយ​គាត់​បាន​ទេ។​ មាន​កុមារ​កំព្រា​ប្រមាណ​ជា​ ២០នាក់​ដែល​រស់​នៅ​ជា​មួយ​គាត់។​ អ្នក​ផ្សេង​ទៀត​មក​ពី​គ្រួសារ​ដែល​មាន​តែ​ឪពុក​ ឬ​មាន​តែ​ម្តាយ​ ហើយ​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​នៅ​ពេល​យប់។​ គាត់​និយាយ​ថា​ ជួនកាល​គាត់​មាន​សិស្ស​ដល់​ទៅ​ ៥០​នាក់​នៅ​ពេល​រៀន​ និង​ពេល​ឲ្យ​អាហារ​ដោយ​ឥត​គិត​ថ្លៃ។​

អ្នក​ស្រី​ Caulkner​ បាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព័ត៌មាន​នា​ពេល​ថ្មីៗ​នេះ​ដែល​ថា​ លោក ​ Augustine​ Baker​ បាន​ស្លាប់​ដោយ​សារ​ជំងឺ​អ៊ីបូឡា​កាល​ពី​ដើម​សបា្តហ៍​នេះ។​ គាត់​ធ្វើ​ការ​នៅ​មណ្ឌល​កុមារ​កំព្រា​ ឈ្មោះ​ St. George​ Foundation​ នៅ​ក្នុង​ប្រទេស​ ស្យ៊ែរ៉ា ឡេអូន។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ គាត់​បាន​និយាយ​ថា​ គាត់​តែង​តែ​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ជា​ចាំបាច់​ជា​មួយ​ក្មេងៗ​របស់​គាត់​ ដែល​មាន​ដូច​ជា​ការ​ការពារ​ជំងឺ​អ៊ីបូឡា​នៅ​ក្នុង​ថ្នាក់​រៀន។​ គោល​បំណង​របស់​គាត់​គឺ​ផ្តល់​ជីវិត​ដែល​ល្អ​ប្រសើរ​ដល់​ពួកគេ។

«ដើម្បី​ជម្រុញ​ពួកគេ​ឲ្យ​ចូល​រួម​ ដើម្បី​អប់រំ​ពួកគេ​ ក្នុង​គោល​បំណង​ថា​នៅ​ពេល​ពួកគេ​ក្លាយ​ទៅ​ជា​មនុស្ស​សំខាន់​ម្នាក់​នា​ពេល​អនាគត​ ពួកគេ​នឹង​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​ទាំង​មូល​ និង​ពលរដ្ឋ​របស់​គេ​ផ្ទាល់»។

តួ​លេខ​ចុង​ក្រោយ​បង្អស់​របស់​អង្គការ​ UNICEF​ បង្ហាញ​ថា​អត្រា​អក្ខរកម្ម​សម្រាប់​មនុស្ស​ពេញ​វ័យ​នៅ​ក្នុង​ប្រទេស​ស្យ៊ែរ៉ា ឡេអូន​មាន​ចំនួន​ ៤៣ភាគ​រយ។​

អ្នក​ស្រី​ Caulkner​ និយាយ​ថា​ វា​កាន់​តែ​ពិបាក​ឡើង​សម្រាប់​ឲ្យ​កុមារ​អាច​ទទួល​បាន​ការ​អប់រំ​ ពីព្រោះ​ថា​ពួកគេ​ជា​ច្រើន​នៅ​ទីបញ្ចប់​ បាន​ចេញ​ទៅ​លក់​របស់​របរ​នៅ​តាម​ផ្លូវ​វិញ។​

មិន​ត្រឹម​តែ​កុមារ​ទេ​ដែល​អ្នកស្រី​ Caulkner​ បាន​ជួយ។​ គាត់​ក៏​ប្រមូល​ស្រី្ត​ក្មេងៗ​ដែល​ជួប​ប្រទះ​ស្ថានភាព​លំបាកៗ​ឲ្យ​មក​បង្រៀន​កុមារ​គាត់​ដែរ​ បើ​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការ​បង្រៀន។​

Rebecca​ Kamara​ ជា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ស្រ្តី​ទាំង​នោះ។​ គាត់​ជា​គ្រូ​បង្រៀន​ ប៉ុន្តែ​បាន​ឈប់​នៅ​ពេល​ដែល​សាលារៀន​បាន​បិទ​ទ្វារ។​ បន្ទាប់​មក​ទៀត​ ម្តាយ​របស់​នាង​ស្លាប់​ដោយសារ​ជំងឺ​អ៊ីបូឡា​នៅ​ក្នុង​ខែ​វិចិ្ឆកា។​

ម្ចាស់​ផ្ទះ​របស់​ Kamara​ កេង​ចំណេញ​លើ​នាង​ ដោយ​និយាយ​ថា​ នាង​ត្រូវ​តែ​រួម​ភេទ​ជា​មួយ​គាត់​ បើ​នាង​មិន​មាន​ប្រាក់​បង់​ថ្លៃ​ផ្ទះ។

«គាត់​ធ្វើ​បែប​ហ្នឹង​ជា​មួយ​ខ្ញុំ​ ពីព្រោះ​ខ្ញុំ​បាន​បាត់​បង់​ម្តាយ​ខ្ញុំ។​ ហើយ​គាត់​ទារ​ឲ្យ​ខ្ញុំ​បង់​ថ្លៃ​ផ្ទះ​ឲ្យ​គាត់​ ប៉ុន្តែ​នៅ​ពេល​នោះ​ខ្ញុំ​មាន​ការ​លំបាក​ណាស់​ ខ្ញុំ​មិន​មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​បង់​ទេ​ ដូច្នេះ​ គាត់​ក៏​បង្ខំ​ខ្ញុំ​ឲ្យ​ស្រឡាញ់​គាត់»។

Kamara​ ចាក​ចេញ​ពី​ទីនោះ​ជា​មួយ​ប្អូន​ប្រុស​របស់​នាង​ ហើយ​អ្នក​ស្រី​ Caulkner​ បាន​ជួប​នាង​រស់​នៅ​លើ​ផ្លូវ​ថ្នល់​ ហើយ​ក៏​យក​នាង​មក​នៅ​ជា​មួយ។​

ការ​បង្រៀន​របស់​នាង​មាន​ប្រយោជន៍​ណាស់​សម្រាប់​កុមារ។​ មណ្ឌល​កុមារ​កំព្រា​មិន​មាន​វិទ្យុ​ ឬ​ទូរទស្សន៍​ទេ។​ ដូច្នេះ​ កុមារ​មិន​អាច​ស្តាប់​(ឬ​មើល)​កម្មវិធី​អប់រំ​ដែល​រដ្ឋាភិបាល​បាន​តាក់​តែង​និង​ផ្សាយ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ។​

Kamara​ ពន្យល់​ថា​បរិយាកាស​ថ្នាក់​រៀន​ក្រៅ​ផ្លូវ​ការ​គឺជា​ជម្រើស​ដ៏​ល្អ​មួយ​សម្រាប់​មនុស្ស​ដែល​មិន​អាច​ទិញ​វិទ្យុ​ និង​ទូរទស្សន៍​បាន។

«យើង​ជា​អ្នក​ក្រ ពី​ព្រោះ​ថា​អ្នក​ខ្លះ​មិន​មាន​វិទ្យុ​ ឬ​ទូរទស្សន៍​ ហើយ​សហគមន៍​របស់​យើង​នៅ​ទី​នេះ​ក៏​ក្រ​ដែរ»។

Kamara បន្ថែម​ថា​តាម​រយៈ​ការ​បង្រៀន​ នាង​ចាប់​មាន​ទំនុក​ចិត្ត​ជាង​មុន​ឡើង​វិញ។​

សាលារៀន​នៅ​ក្នុង​ប្រទេស​ ស្យ៊ែរ៉ា ឡេអូន​ នឹង​បើក​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​មីនា៕​

ប្រែ​សម្រួល​ដោយ​ ប៊ុន​ ប៉េងហ៊ុយ​