យុវជនកម្ពុជាបច្ចុប្បន្ន ដែលភាគច្រើនជានិស្សិត បានចាប់ផ្តើមចេះរៀបចំកម្មវិធីសាធារណៈដោយខ្លួនឯង។ ពួកគេភាគច្រើនមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលផ្នែកនេះទេ ប៉ុន្តែពួកគេអាចធ្វើបានឱ្យជោគជ័យ ដោយសារមានការតាំងចិត្ត និងការធ្វើការងារជាក្រុម។
ទំនោរថ្មីមួយបានកើតឡើងនៅក្នុងចំណោមយុវជនកម្ពុជា។ នោះគឺការរៀបចំបង្កើតឲ្យមានកម្មវិធីសាធារណៈក្នុងគោលបំណងជួយឲ្យមានការអភិវឌ្ឍសង្គម និងដោះស្រាយបញ្ហានានាក្នុងសង្គម។ ពួកគេមិនធ្លាប់ទទួលបានការបណ្តុះបណ្តាលជំនាញក្នុងការរៀបចំកម្មវិធីនោះទេ ប៉ុន្តែពួកគេបានសម្រេចជោគជ័យ ដោយមានការតាំងចិត្ត និងការសហការគ្នាជាក្រុមយ៉ាងមុតមាំ។
លោកឡុក សុផារិទ្ធ អនុប្រធានគណៈកម្មការនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ គឺជាអ្នកផ្តួចផ្តើមគំនិតរៀបចំពិព័រណ៍«ទេពកោសល្យនិងស្នាដៃឆ្នាំ២០១៥»កាលពីខែមេសាកន្លងទៅ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយក្រុមនិស្សិតដែលសិក្សានៅក្នុងសាកលវិទ្យាល័យនេះ ក្នុងគោលបំណងតាំងបង្ហាញស្នាដៃសិល្បៈរបស់ពួកគេ។
សុផារិទ្ធបានប្រាប់ VOA ថា ការរៀបចំកម្មវិធីនេះមិនមានភាពងាយស្រួលឡើយ។
«យើងត្រូវរៀបចំ គ្រោងគោលការណ៍ខ្លួនឯងឲ្យច្បាស់ថា កម្មវិធីនេះធ្វើឡើងដើម្បីអ្វី ហើយយើងនឹងធ្វើអ្វីដើម្បីកម្មវិធីហ្នឹង ហើយយើងនឹងរៀបចំកម្មវិធីហ្នឹងយ៉ាងដូចម្តេច?»
យុវជនអាយុ២០ឆ្នាំរូបនេះបានបន្តថា ការរៀបចំកម្មវិធីនេះបានជួយឱ្យមានទំនាក់ទំនងកាន់តែល្អរវាងនិស្សិតនៅក្នុងមហាវិទ្យាល័យផ្សេងទៀតក្នុងសាកលវិទ្យាល័យសិល្បៈនេះ ដោយពួកគេបានធ្វើការជាមួយគ្នាដើម្បីដោះស្រាយបញ្ហាដែលពួកគេបានជួបប្រទះ។
សុផារិទ្ធបានបន្តថា៖
«យើងលើកគោលគំនិតថា យើងនឹងធ្វើមួយ ហើយនៅក្នុងកិច្ចប្រជុំហ្នឹងមានអ្នកស្រប និងអ្នកប្រឆាំង។ ប៉ុន្តែអ្នកស្របភាគច្រើន។យើងត្រូវដឹងថា ហេតុអ្វីបានជាអ្នកប្រឆាំងគាត់លើកគោលគំនិតប្រឆាំងហ្នឹងឡើងមក? បន្ទាប់មកយើងរកគំនិតគោល គំនិតកណ្តាលមួយដើម្បីបញ្ចូលគំនិតពួកគាត់គឺយល់ស្របទាំងអស់គ្នា»។
ដោយមានស្មារតីដូចគ្នាក្នុងការលើកកម្ពស់តម្លៃសិល្បៈ និងវប្បធម៌នៅកម្ពុជា កម្មវិធី«បុណ្យភូមិ»ក៏ត្រូវបានរៀបចំឡើងនៅមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិ ក្នុងវត្តព្រែកថ្លឹង ដែលមានចម្ងាយជាង១១គីឡូមែត្រពីរាជធានីភ្នំពេញ។
ដូចគ្នាដែរ កម្មវិធីនេះក៏ត្រូវបានរៀបចំឡើងដោយក្រុមយុវជនក្នុងគោលបំណងផ្តល់ឱកាសដល់សិល្បករខ្មែរបញ្ចេញសមត្ថភាពរបស់ពួកគេ។
អ្នកចូលរូមទស្សនាក្នុងកម្មវិធីបុណ្យនេះមានប្រហែល៣០០០នាក់ ដែលចំនួននេះបានកើនឡើងបីដង បើធៀបទៅនឹងឆ្នាំមុន។
កញ្ញារិទ្ធី លំអរពេជ្រ អ្នកផ្តួចផ្តើមកម្មវិធីនេះ បានឲ្យដឹងថា ការរៀបចំកម្មវិធី«បុណ្យភូមិ»នេះអាចប្រព្រឹត្តទៅបានគឺទាមទារឲ្យអ្នកដឹកនាំមានចក្ខុវិស័យច្បាស់លាស់ និងទទួលបានការជឿជាក់ពីសមាជិកក្រុម។
«ដើម្បីអាចនាំមនុស្សមួយក្រុមដើរតាមយើងបាន លុះត្រាតែមនុស្សមួយក្រុមហ្នឹងយល់ពីទស្សនវិស័យ ពីរូបភាពដែលយើងមាន។ មានន័យថា រាល់មនុស្សដែលនៅជាមួយយើងមានរូបភាពដូចយើង ហើយដើម្បីឱ្យពួកគេមានរូបភាពដូចយើងលុះត្រាតែគេជឿលើយើង។ បើគាត់អត់ជំនឿ រឿងហ្នឹងអត់អាចកើតឡើងទេ។ រូបភាពដែលគាត់មានទាំងប៉ុន្មានគឺគាត់លុបចោល ហើយគាត់ដើរផ្លូវផ្សេង បែកឆ្វេង បែកស្ថាំហើយ»។
កញ្ញាបន្ថែមទៀតថា អ្នកដឹកនាំមិនត្រឹមតែដឹកនាំនោះទេ ប៉ុន្តែត្រូវស្តាប់ និងទទួលគំនិតរបស់សមាជិកផងដែរ។
លំអរពេជ្របានឲ្យដឹងទៀតថា នាងបានជួបប្រទះបញ្ហាហិរញ្ញវត្ថុក្នុងការរៀបចំកម្មវិធីសាធារណៈបែបនេះនៅឆ្នាំដំបូង។
ផ្តើមចេញពីការធ្វើនិក្ខេបបទបញ្ចប់ឆ្នាំសិក្សាថ្នាក់មហាវិទ្យាល័យតាមការធ្វើវីដេអូឯកសារអំពីល្ខោនស្បែកធំ លំអរពេជ្របានជំរុញបង្កើតក្រុមយុវជនស្ម័គ្រចិត្តមួយក្រុមដើម្បីរៀបចំកម្មវិធី«បុណ្យភូមិ»នេះឡើង ដោយមានការសហការជាមួយវិទ្យុ ABC ដែលជាវិទ្យុក្នុងស្រុកមួយ។
លោកនាគ ចាន់ដារិទ្ធ ប្រធានដេប៉ាតឺម៉ង់ផ្នែកសិក្សាអន្តរជាតិ នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឲ្យដឹងថា ការរៀបចំកម្មវិធីសាធារណៈបែបនេះគឺជាការល្អដើម្បីធ្វើឲ្យនិស្សិតអាចរៀនពីការសរសេរគម្រោង ការធ្វើការងារជាក្រុម និងភាពជាអ្នកដឹកនាំ ជាដើម។
«ចំពោះយុវជន ចំពោះកិច្ចការដែលគាត់ធ្វើ ត្រូវតែដាក់ចិត្តធ្វើការងារជាក្រុម បានន័យថា គាត់ត្រូវពិភាក្សាគ្នា ពីព្រោះបើគាត់ធ្វើការតែម្នាក់ឯង គាត់អត់អាចយល់ទិដ្ឋភាពគ្រប់ជ្រុងជ្រោយនោះទេ។ ភាពជាអ្នកដឹកនាំមិនត្រឹមតែចេះដឹកនាំប៉ុណ្ណោះទេ ប៉ុន្តែយើងត្រូវមើលថា តើមានតម្រូវការអ្វីខ្លះ ហើយត្រូវធ្វើវាយ៉ាងណា?»
ទំនោរថ្មីនៃការរៀបចំកម្មវិធីជាសារធារណៈនេះក៏បានកើនឡើង ហើយក្រុមយុវជនក៏បានរួមចំណែកក្នុងការងារសប្បុរសធម៌កាន់តែច្រើនឡើងដែរ។ ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត ក្រុមយុវជនយល់ថា កម្មវិធីទាំងនោះគឺជាមធ្យោបាយមួយដែលអាចឱ្យពួកគេប្រើប្រាស់កម្លាំង និងដុះខាត់ភាពជាអ្នកដឹកនាំរបស់ពួកគេ។
លោករស់ វុទ្ធថា ជាសាស្រ្តាចារ្យនៅវិទ្យាស្ថានភាសាបរទេស បានផ្តួចផ្តើមគំនិតបង្កើតកម្មវិធីប្រគុំតន្រ្តីសប្បុរសធម៌មួយឈ្មោះថា «One Ticket One Child»។ ក្រៅពីរៀបចំដើម្បីរៃអង្គាសថវិកាជូនមន្ទីរពេទ្យគន្ធបុប្ផា លោកក៏ចង់បង្ហាញដល់យុវជនខ្មែរថា ពួកគេ ដែលជានិស្សិតកំពុងសិក្សា ក៏អាចចូលរួមចំណែកអភិវឌ្ឍប្រទេសរបស់ពួកគេផងដែរ។
«ចង់ជំរុញឲ្យសិស្ស និស្សិតដឹងអំពីបញ្ហាសង្គម ថាតើក្នុងនាមគាត់ជាយុវជនហ្នឹង គាត់អាចអ្វីបានខ្លះ?»
«One Ticket One Child»ជាកម្មវិធីតន្រ្តីប្រចាំឆ្នាំ ដែលបានចាប់ផ្តើមដំបូងកាលពីឆ្នាំ២០១១។ លោកវុទ្ធថាគ្រោងថា នឹងផ្ទេរភារកិច្ចជាអ្នកដឹកនាំកម្មវិធីនេះ ទៅឲ្យនិស្សិតជំនាន់ក្រោយវិញ ក្នុងការដឹកនាំរៀបចំនៅឆ្នាំបន្ទាប់។
«គម្រោងឆ្នាំក្រោយចង់ឱ្យពួកគាត់ជាអ្នកដឹកនាំម្តង។ ពួកយើងគ្រាន់តែផ្តល់ជាយោបល់ ឬក៏ជួយមើលពួកគាត់ខ្លះអញ្ចឹង»។
កម្មវិធី «Asean Festival 2015»ត្រូវបានបង្កើតឡើងដោយក្រុមយុវជនប្រមាណ១០០នាក់ដើម្បីផ្សព្វផ្សាយវប្បធម៌របស់ប្រទេសសមាជិកសមាគមអាស៊ានទាំង១០ ដោយមានការដាក់តាំងបង្ហាញអំពីអាហារប្រពៃណី ល្បែងប្រជាប្រិយ និងការសម្តែងសិល្បៈជាដើម។
លោកហេង សន្យា និស្សិតឆ្នាំទី៣នៃជំនាញសិក្សាអន្តរជាតិនៅវិទ្យាស្ថានភាសាបរទេស បានរៀបរាប់ពីបញ្ហាប្រឈមមុខរបស់គេ នៅពេលដែលពួកគេរៀបចំកម្មវិធី «Asean Festival 2015» ក្នុងនោះរួមមានកង្វះបទពិសោធន៍ និងកង្វះភាពជឿទុកចិត្ត ដើម្បីរកអ្នកឧបត្ថម្ភកម្មវិធីនេះ។
«ប្រសិនបើយើងចង់ចាប់ផ្តើមគម្រោងណាមួយ យើងត្រូវតែប្រាកដថា គម្រោងនោះប្រាកដនិយម។ វាអាចទៅរួច។ វាមិនខុសទេ បើយើងស្រមៃខ្ពស់។ ក៏ប៉ុន្តែប្រសិនជាពីដំបូងស្រមៃខ្ពស់ពេក វាទាមទារពេលវេលា។ ពេលនោះ យើងជាយុវជន គ្មានបទពិសោធន៍ ធ្វើបានពាក់កណ្តាលផ្លូវ វានឹងជាប់គាំង។ ពេលនោះយើងនឹងខាតទាំងពេលវេលាខាតទាំងធនធាន ហើយបរាជ័យ ហើយនិងបាក់ទឹកចិត្ត មិនអាចធ្វើគម្រោងបន្តទៀតបាន។អញ្ចឹង នៅពេលចាប់ផ្តើមគម្រោង យើងត្រូវចាប់ផ្តើមពីគម្រោងតូចៗមុន ហើយប្រាកដនិយមថា វាអាចទៅរួច។ បន្ទាប់មកបើជោគជ័យ ចាំយើងចាប់ផ្តើមធំជាងហ្នឹង។បើសិនជាយុវជនមិនទាន់មានបទពិសោធន៍ទេ គួរតែមានការជួយណែនាំបង្ហាញផ្លូវពីអ្នកដែលមានបទពិសោធន៍ខ្លះ»។
លោកសំបូរ មាណ្ណារ៉ា ជាសាស្ត្រាចារ្យ និងជាអនុប្រធានដេប៉ាតឺម៉ង់ប្រវត្តិវិទ្យានៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបញ្ចេញគំនិតគាំទ្រចំពោះទំនោរថ្មីរបស់យុវជន ដោយមានប្រសាសន៍ដូច្នេះថា៖
«យុវជនរបស់យើង ពេលបច្ចុប្បន្នេនេះ ដឹងថា តើខ្លួនឯងត្រូវធ្វើអ្វីដើម្បីខ្លួនឯង និងប្រទេសជាតិហើយ។ខ្ញុំមានមោទនភាពចំពោះយុវជននេះ ដែលចេះបង្កើតកម្មវិធីល្អៗ ដែលខ្លួនឯងខំប្រឹងធ្វើ។ នេះជាអ្នកបន្តវេន។ នេះជាផ្លែផ្កានៃការបណ្តុះបណ្តាលនៃការបង្រៀន។ អញ្ចឹងយើងអាចទទួលស្គាល់ថា ការបង្រៀនរបស់យើងត្រូវហើយ ដែលធ្វើឱ្យយុវជនធ្វើអ្វីដោយខ្លួនឯងបាន»។
លោកបានបន្ថែមថា ភាពជាអ្នកដឹកនាំគ្រាន់តែអាចធ្វើឱ្យមនុស្សប្រើការគិតពិចារណារបស់ពួកគេដើម្បីបង្កើតអ្វីមួយឡើងតែប៉ុណ្ណោះ ប៉ុន្តែពួកគេក៏ត្រូវគិតផងដែរថា តើលទ្ធផលដែលពួកគេបានធ្វើនោះ មានបានចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមដែរឬទេ។ លោកបន្ថែមថា ពួកគេនឹងប្រើភាពជាអ្នកដឹកនាំរបស់ពួកគេយ៉ាងមានប្រសិទ្ធភាព។
លោកនាគ ចាន់ដារិទ្ធ ប្រធានដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ បានបន្ថែមទៀតថា ទម្លាប់នៃការរៀបចំកម្មវិធីសាធារណៈបែបនេះនឹងធ្វើឲ្យពួកគេមានភាពជាអ្នកដឹកនាំកាន់តែប្រសើរជាងមុន។
«យើងគ្រាន់ផ្តល់ការគាំទ្រដល់គាត់ ថាយើងមានអ្វីខ្លះ? យើងពន្យល់ទៅគាត់។ អញ្ចឹងតាំងពីការរចនារូបភាព ការប្រមូលសមាជិក តាំងពីការទំនាក់ទំនងជាសន្និសីទបែបសិក្សា និស្សិតយើងអាចមានលទ្ធភាពធ្វើបាន»។
លោកបានបង្ហាញសុទិដ្ឋិនិយមថា និស្សិតនឹងយល់អំពីរបៀបដែលសហគមន៍នៃអ្នកសិក្សាស្រាវជ្រាវ រៀបចំសន្និសីទ រៀបចំសិក្ខាសាលា ទាំងលក្ខណៈ ទាំងថ្នាក់ជាតិ និងទាំងថ្នាក់អន្តរជាតិ៕