លោក​កឹម សុខា​មិន​បារម្ភ​អំពី​ការ​ទាញ​អ្នក​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ

លោក​ កឹម សុខា (ស្តាំ) ​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​ជាតិកម្ពុជា។

​លោក កឹម សុខា ថ្លែង​​ថា​ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​នោះ​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៧​ និង​២០១៨។​

លោក ​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ប្រាប់​អ្នក​គាំទ្រ​នៃ​គណបក្ស​របស់​លោក​នៅ​ឯ​ប្រទេស​អូស្ត្រាលី​ថា​ គណបក្ស​នយោបាយ​ផ្សេង​កំពុង​ដាក់កម្លាំង​ទាញ​អ្នក​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​កើន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។​

ការ​ថ្លែង​របស់​លោកកឹម សុខាទំនង​ជា​សំដៅ​ទៅលើ​គណបក្ស​កាន់​អំណាច​ ដោយ​សារ​តែ​គណបក្ស​នេះ​បានធ្លាក់​ចុះ​ការ​គាំទ្រ​របស់​អ្នក​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ពីរ​ឆ្នាំ​មុន។​ ទោះបី​ជាយ៉ាង​ណា​ក៏ដោយ​ អ្នក​វិភាគ​មើល​ឃើញ​ថា​ ការ​លើក​ឡើង​របស់​លោក​កឹម សុខា ​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​ជាតិ​គឺ​ជា​ឥរិយាបថ​ធ្វើ​នយោបាយ​ដោយ​គ្មាន​ភាព​ស្មោះ​ត្រង់​ និង​លាត​ត្រដាង​ឲ្យ​ឃើញ​នូវ​ចំណុចខ្សោយ​របស់​ខ្លួន​ឯង។

ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​កាល​ពី​ចុង​សប្តាហ៍​មុន​ លោក​កឹម​ សុខា​មាន​ប្រសាសន៍ថា​ គណបក្ស​នយោបាយ​មួយ​កំពុង​ដាក់​ផែន​ការ​រៀបកម្លាំង​ស្រូប​យក​អ្នក​គាំទ្រ​នៃគណបក្ស​របស់​លោក​នៅ​ក្រៅ​ប្រទេស​ តែ​លោក​ថា​ មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ចរន្ត​នេះ​ទេ។

«ខ្ញុំ​អត់​ខ្វល់​ទេ​ ហាង​ឆេង​លក់​លែង​ដាច់។​ ​យើង​អត់​មាន​ខ្វល់​ទេ​ អត់​មាន​ខ្វល់​ថា ​អូ!​ គេ​មក​នេះ​ទាញ​កម្លាំង​ពី​យើង​ពី​អី។​ ធ្វើ​ចុះ​ឲ្យ​តែ​ការ​ប្រកួត​គ្នា​ដោយ​សន្តិវិធី​ ដោយ​អហិង្សា​ ដោយ​តាម​សម្រួល​ ដោយ​ថ្លៃ​ថ្នូរ​ គឺ​យើង​ជឿ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ឈ្នាះ​ដដែល»។​

លោក​ឲ្យ​ដឹង​ទៀត​ថា​ ក្តី​បារម្ភ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​ការ​បោះ​ឆ្នោត​ដែល​អាច​នឹង​រៀបចំ​ឡើង​ដោយ​មិន​មាន​ភាព​ត្រឹមត្រូវ។​ ​លោក​ថា​ ប្រសិន​បើ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​នោះ​ នោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​២០១៧​ និង​២០១៨។​

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បាន​ឈ្នះ​អាសនៈ​ចំនួន​៦៨ ​ហើយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​ចំនួន​៥៥​ពី​ការ​បោះឆ្នោត​ជាតិ​ខែ​កក្កដា​ ឆ្នាំ​២០១៣។​ តែ​គណបក្ស​សង្គ្រោះជាតិបាន​តវ៉ាថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ​មិនឆ្លុះ​បញ្ចាំង​ឆន្ទៈរាស្ត្រ ​ហើយ​មាន​ការ​លួច​បន្លំ។

លោក​សុខ ឦសាន​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ហៅ​ការ​ថ្លែង​របស់​លោក​កឹម​ សុខា ​អតីត​ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះថា​ ជា​ចេតនាខ្លាច​ស្រមោល​ខ្លួន​ឯង​ និង​ភ្លេច​នូវ​វោហា​សាស្ត្រ​នយោបាយ​របស់​លោក​កាលពី​ពេល​មុន​ ដែល​ថា​ «ទិញមិន​លក់​ សម្លុត​មិនខ្លាច​ បំបែក​មិនបែក»​ នោះ។​

«គាត់​ភ័យ​ហើយ​ ដូច្នេះ​វា​ផ្ទុយ​ពី​ពាក្យ​គាត់​ថា​ ទិញ​មិន​លក់​សម្លុត​ មិន​ខ្លាច​ បំបែក​មិន​បែក។​ ឥឡូវ​ម៉េច​ក៏គាត់​ទៅ​បំភ្លេច​ពាក្យ​ហ្នឹង​ទៅ​ហើយ។​ ​តែ​ខ្ញុំ​យល់​ថា​ នៅ​ក្នុង​ប្រទេស​ដែល​ប្រកាន់​យក​លទ្ធិប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​ គាត់​មិន​គួរ​ខ្លាច​ដល់​ថ្នាក់​ហ្នឹង​ទេ។​ គណបក្ស​ទាំង​អស់​ដែល​ចុះ​បញ្ជី​ ​ទទួល​ស្គាល់ជាផ្លូវ​ការពី​ក្រសួង​មហា​ផ្ទៃ​ សុទ្ធ​តែ​មាន​សិទ្ធិ​ធ្វើ​សកម្ម​ភាព​នយោបាយ ហើយ​សកម្មភាព​នយោបាយ​ហ្នឹង​ ជាមួយ​ប្រជា​ពលរដ្ឋ​គឺ​គេ​ឃោសនា​អំពី​កម្ម​វិធី​នយោបាយ​របស់​គេ​ ដោយ​ឲ្យ​ប្រជា​ជន​ពិចារណា​ ហើយ​បើ​ប្រជាជន​ពិចារណា​ហើយ​ យល់​ឃើញ​ថា គណបក្ស​ណា​មាន​កម្ម​វិធី​នយោបាយ​ល្អ​ជាង​គេ​ ប្រជាជនលោក​នឹង​ជឿ​តាម​ លោក​ដើរ​តាម​ លោក​គាំទ្រ​គណបក្ស​នោះ»។​

លោក​សុខ ឦសាន​ សមាជិក​សភា​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ គណៈកម្មាធិ​ការជាតិ​រៀបចំ​បោះ​ឆ្នោត​ថ្មី​គឺ​បង្កើត​ឡើង​ដោយ​មានការ​គាំទ្រ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច្នេះលោក​កឹម សុខា​មិន​គួរ​ណា​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ពេក​ទេ​ នៅ​មុន​ការ​ប្រកួត​ប្រជែង​ពិត​ប្រាកដ​មកដល់។

ទាក់ទង​នឹង​ការ​ឆ្លើយ​ឆ្លង​រវាងអ្នក​នយោបាយ​នៃ​បក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំងនេះ​ អ្នក​ឃ្លាំ​មើល​និង​អ្នក​វិភាគ​ព្រឹត្តិការណ៍នយោបាយ​កម្ពុជា យល់​ថា​ គណបក្ស​ទាំង​ពីរ​មាន​ចំណុច​ខ្សោយ​រៀងៗ​ខ្លួន​នៅ​ក្នុង​របៀប​របប​ដឹកនាំ​គណបក្ស​ និង​ការ​ទាក់​ទាញ​អ្នក​គាំទ្រ។​

លោក​កែម ឡី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​សង្គម​ មាន​ប្រសាសន៍​ថា​ លោក​កឹម សុខា​ពុំគួរ​ធ្វើ​នយោបាយ​ដោយ​ការ​ចោទ​ប្រកាន់​គេ​ឯង​នោះ​ទេ​ ពីព្រោះ​កាយ​វិការ​នេះ​គឺ​បង្ហាញ​ថា ​ខ្លួន​ឯង​ខ្សោយ​ និង​មើល​ស្រាល​អ្នក​គាំទ្រ​គណបក្ស​របស់ខ្លួន។​

«កាល​ណា​យើង​និយាយ​ថា​ គេ​បំបែក​សំឡេង​ គេ​បង្កប់​ដើម្បី​ទាក់​ទាញ អា​ហ្នឹង​វា​មិនត្រឹម​តែ​បង្ហាញ​ចំណុច​ខ្សោយ​របស់​ខ្លួន​ឯង​ទេ​ តែ​ថែម​ទាំង​ប្រមាថ​ទៅ​លើ​ចិត្ត​គំនិត​របស់អ្នកគាំ​ទ្រ​ទៅ​ទៀត។​ អញ្ចឹង​ខ្ញុំ​គិត​ថា​ មិនសម​ស្រប​ទេកន្លែង​នេះ។​ អ្នក​ដែល​គេ​ធ្វើ​នយោបាយ​ ជាទូទៅ​ គេ​ព្យាយាម​ធ្វើ​យ៉ាង​ម៉េច​ ដើម្បី​ឲ្យ​ទទួល​បាន​ការ​គាំទ្រ។​ ប៉ុន្តែ​សំខាន់​គឺយើង​និយាយ​យ៉ាង​ម៉េច​ ធ្វើ​យ៉ាង​ម៉េច​ឲ្យ​គេ​ជឿ​ជាក់​ ឲ្យ​គេមាន​ទំនុក​ចិត្ត»។​

អ្នក​វិភាគ​សង្គម​ និង​នយោបាយ​រូបនេះ​ថ្លែង​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រកាន់​យក​ការក្តោប​អំណាច​លក្ខណៈប្រមូល​ផ្តុំ​ទៅ​លើ​តែ​ប្រធាន​គណបក្ស​ ​ស្របពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ពុំ​អាច​ធ្វើ​ការ​កែទម្រង់​របៀប​ដឹកនាំ​របស់​ខ្លួន​ដែល​អូស​បន្លាយ​មក​តាំងពីទសវត្ស​ឆ្នាំ​១៩៨០។​ លោក​ថ្លែងថា​ គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​ប្រើ​យុទ្ធសាស្រ្ត​ចាស់​ដែល​នាំ​ឲ្យ​ខូច​ប្រជាប្រិយ​ភាព​ខ្លួន​ឯង។​ ​ យុទ្ធ​សាស្រ្ត​នោះ​គឺការ​ចាប់​អ្នក​ជំទាស់​ដាក់​ក្នុង​ពន្ធនាគារ និង​ការ​គំរាម​កំហែង​ ហើយ​និង​ការ​អនុម័តច្បាប់​ដែល​មិន​ចាំ​បាច់។​

នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​ពហិការ​មិន​ចូល​ក្នុង​រដ្ឋសភា​ជាតិ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​ ដោយ​បានដឹកនាំ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ ដែល​គណបក្ស​ប្រឆាំង​នេះ​ចោទ​ថា​ មាន​ការ​គៃ​បន្លំ។

ប៉ុន្តែ​តំណាង​រាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​៥៥​រូប​បាន​ងាក​មក​កាន់​កាប់​អាសនៈ​សភា​របស់​ខ្លួន​វិញ​ បន្ទាប់​ពី​មាន​ព្រឹត្តិ​ការណ៍​ប៉ះទង្គិច​រវាង​បាតុករ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រុម​សនិ្តសុខ​ជួល​ដោយ​អាជ្ញាធរខណ្ឌ​ដូនពេញ​ ដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃ​ទី​១៥ខែ​កក្កដា​ឆ្នាំ​២០១៤។​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិចគ្នានោះ​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​៧រូប​ត្រូវ​បាន​ចាប់​និង​ឃុំ​ខ្លួន​មួយ​រយៈ​ពេល​ខ្លី​ និង​ត្រូវ​បាន​ដោះ​លេង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤។​

ច្បាប់​បោះ​ឆ្នោត​ថ្មី​ដែល​អនុម័ត​ដោយ​គណបក្សធំៗ​ទាំង​ពីរ​នឹង​មិន​បើក​ផ្លូវ​ឲ្យ​មាន​ការ​តវ៉ា​គគ្រឹកគគ្រែង​ដូចមុន​នោះ​ទេ៕