សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៨​ខែ​ពី​បទ​បរិហារ​កេរ្តិ៍​លោក​ ហ៊ុន សែន

រូបឯកសារ៖ ​លោកស្រី​ ថាក់ ឡានី​ (ឆ្វេង​ អាវ​ពណ៌​លឿង) ចូល​រួម​​បាតុកម្ម​របស់​គណបក្ស​សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​ គឺ​លោកស្រី ថាក់ ឡានី​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្ដឹង​កាល​ពី​ថ្ងៃ​ទី១ ​ខែ​សីហា ​តាមរយៈ​មេធាវី​តំណាង​របស់​លោក​ បន្ទាប់​ពី​មាន​ការ​បង្ហោះ​វីដេអូ​មួយ​កាល​ពី​ចុង​ខែ​កក្កដា។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោកស្រី​ថាក់ ឡានី សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​៦ខែ និង​ពិន័យ​ជា​ប្រាក់​៨​លាន​ ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោកស្រី​ សមាជិក​ព្រឹទ្ធសភា​រូប​នេះ និង​បង្គាប់​ឲ្យ​សង​សំណង​ចំនួន​១០០រៀល​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ដើម​បណ្ដឹង។

សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី​ គឺ​លោកស្រី ថាក់ ឡានី​ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្ដឹង​កាល​ពី​ថ្ងៃ​ទី១ ​ខែ​សីហា ​តាមរយៈ​មេធាវី​តំណាង​របស់​លោក​ បន្ទាប់​ពី​មាន​ការ​បង្ហោះ​វីដេអូ​មួយ​កាល​ពី​ចុង​ខែ​កក្កដា ​ដោយ​អង្គភាព​ព័ត៌មាន​ Fresh Newsដែល​គេ​ដឹង​ថា​ ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បង្ហាញ​ថា លោក​ស្រី ថាក់ ឡានី ថ្លែង​ថា​លោក ហ៊ុន សែន នៅ​ពីក្រោយ​ការ​សម្លាប់​លោក​ កែម ឡី។

ក្នុង​សាល​សវនាការ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក​ អ៊ី ថាវរៈ ប្រកាស​ផ្ដន្ទាទោស​លោកស្រី​ ថាក់ ឡានី ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ និង​៦ខែ បង់​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល ហើយ​និង​បង់​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចំនួន​១០០​រៀល​តាម​ការ​ស្នើ​សុំ។

លោក​ចៅក្រម​ក៏​បាន​បង្គាប់​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​លោកស្រី ថាក់ ឡានី ភ្លាមៗ​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ ចលាចល​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម» ​តាម​មាត្រា​៣០៥, ៤៩៤ និង​៤៩៥​នៃ​ក្រម​ព្រហ្មទណ្ឌ។

លោក សំ សុគង់ មេធាវី​ការពារ​ក្តី​ឲ្យ​លោកស្រី ថាក់ ឡានី ប្រាប់ ​VOA​ ថា ការ​សម្រេច​របស់​តុលាការ​ជា​ការ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​ក្នុង​ការ​សម្រេច ​ដែល​មាន​ភាព​អយុត្តិធម៌​សម្រាប់​កូន​ក្តី​របស់​លោក។

លោក​ថា តុលាការ​មិន​បាន​ចាត់​អ្នក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ដើម្បី​ពិនិត្យ​មើល​វីដេអូ​ដែល​យក​មក​ធ្វើ​ជា​ភស្តុតាង​ដាក់​បន្ទុក​ទៅ​តាម​ការ​ស្នើ​សុំ​របស់​ចុង​ចោទ​ឡើយ។

លោក​មេធាវី​ការពារ​ក្តី​រូប​នេះ បន្ថែម​ថា ក្នុង​សវនាការ​កន្លង​មក​តុលាការ​ក៏​មិន​បាន​លើក​ឡើង​ពី​ចំណុច​ដែល​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ ហើយ​ថា ការ​លើក​ឡើង​របស់​សាក្សី​ខាង​ដើម​បណ្ដឹង ​មិន​អាច​ជឿ​ជាក់​បាន ។

«ការ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​នេះ​ហាក់​ដូច​ជា​មាន​ការ​ប្រើប្រាស់​ឆន្ទានុសិទ្ធិ​ខ្លាំង ហើយ​យើង​ឃើញ​ថា​បទ​ល្មើស​នេះ បើ​យើង​មើល​កម្រិត​នៃ​ការ​ផ្ដន្ទាទោស​ ក៏​ដូចជា​បច្ច័យ​នេះ​គឺ​មាន​លក្ខណៈ​តិចតួច ប៉ុន្តែ​តុលាការ​សម្រេច​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន។ យើង​គិត​ថា​ដូចជា​មិន​សមរម្យ​ទាល់​តែ​សោះ»។

លោក សំ សុគង់ បន្ថែម​ថា លោក​នឹង​ពិភាក្សា​ជាមួយ​លោកស្រី ថាក់ ឡានី ​តាម​រយៈ​ការ​ឆ្លើយ​ឆ្លង​វីដេអូ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដើម្បី​សម្រេច​ប្ដឹង​ឧទ្ធរណ៍​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដោយ​លោក​រំពឹង​ថា​ សាលា​ឧទ្ធរណ៍​នឹង​ផ្ដល់​យុត្តិធម៌​ជូន​កូន​ក្ដី​របស់​លោក។

លោក​ អ៊ី​ រិន្ទ ​ ប្រធាន​លេខាធិការ​ដ្ឋាន និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ប្រាប់ VOA ថា លោក​សុំ​មិន​អធិប្បាយ​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​សវនាការ និង​ការ​សម្រេច​របស់​ចៅក្រម ប៉ុន្តែ​លោក​ថា មេធាវី ឬ​ចុងចោទ​អាច​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ ប្រសិន​ជា​ពួកគេ​មិន​ពេញ​ចិត្ត​នឹង​សាល​ក្រម​របស់​សាលា​ដំបូង​នេះ។

មុន​នឹង​ចាកចេញ​ទៅ​បរទេស លោកស្រី​ ថាក់ ឡានី​ បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់ ហើយ​ប្រាប់​ទៅ​សារព័ត៌មាន​ក្នុង​ស្រុក​ថា ពាក្យ​សម្ដី​របស់​លោក​ស្រី​ត្រូវ​បាន​គេ​កាត់​ត។

លោក ឈុន ប៊ុនសាន ស្វាមី​របស់​លោកស្រី ថាក់ ឡានី ដែល​បាន​ចូល​ស្ដាប់​ការ​ប្រកាស​សាលក្រម​នា​រសៀល​នេះ ប្រាប់ VOA ថា ​ភរិយា​របស់​លោក​មិន​បាន​និយាយ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បញ្ជាក់​ថា សំឡេង​ដែល​តុលាការ​យក​មក​ធ្វើ​ជា​ភស្តុតាង​នោះ​គឺជា​សំឡេង​របស់​ភរិយា​លោក​ពិត​មែន ប៉ុន្តែ​លោក​ថា សំឡេង​នេះ​ត្រូវ​បាន​គេ​កាត់​ត។

«ខ្មែរ​នៅ​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​យើង​ទាំង​មូល អ្នកណា​ទៅ​ហ៊ាន​ហៅ​លោក ហ៊ុន សែន​ថា អា​ ហ៊ុន សែន​ ដាច់សាច់​អញ្ចឹង? ថ្ងៃ​សវនាការ​ហ្នឹង ខ្ញុំ​អង្គុយ​ស្ដាប់​ដែរ​តើ ខ្ញុំ​ឮ​ច្បាស់​ណាស់​ថា វីដេអូ​ក្លិប​ហ្នឹង​ដាក់​ថា លោក​ស្រី ​ថាក់​ ឡានី ​ថា​តែ​ម្ដង។ សំឡេង​ហ្នឹង ជា​សំឡេង​គាត់​ហើយ ត្រង់​ពាក្យ​មួយ​ម៉ាត់​ថា ចុះ​ឡើងចុះ​ឡើង​ថា​ ហ៊ុន សែន​ បាញ់​ កែម ឡី។ ខ្ញុំ​ថា គាត់​ថ្លើម​ធំ​ឯ​ណា​ទៅ​ហ៊ាន​និយាយ​ប៉ុណ្ណឹង?»

លោក ឈុន ប៊ុនសាន ក៏​បាន​អំពាវ​នាវ​ឲ្យ​តុលាការ​រក​យុត្តិធម៌​ឲ្យ​ភរិយា​របស់​លោក​ដែល​កំពុង​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។

លោក គី តិច មេធាវី​ការពារ​ក្តី​ឲ្យ​លោក ហ៊ុន សែន ប្រាប់ VOA ថា លោក​ពេញ​ចិត្ត​នឹង​ការ​សម្រេច​របស់​តុលាការ ដែល​បាន​ដាក់ទោស​លោកស្រី​ ថាក់ ឡានី និង​បាន​បង្គាប់​ឲ្យ​ផ្ដល់​សំណង​១០០រៀល ​ជូន​លោក ហ៊ុន សែន តាម​ការ​ទាមទារ។

«១០០ យើង​សួរ​ថា​យក​ទៅ​ធ្វើ​អី ខ្ញុំ​គិត​ថា​យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​យក​ទៅ​ធ្វើ​អី​ក៏​មិន​កើត​ដែរ​ ប៉ុន្តែ​គ្រាន់​តែ​អា​ហ្នឹង​គឺជា​ការ​បង្ហាញ​ទៅ​ដល់​ប្រជាពលរដ្ឋ​ទៅ​ដល់​សាធារណជន ទាំង​អស់​ថា​អា​ហ្នឹង​គឺជា​ច្បាប់ គេ​ទាមទារ​ប៉ុន្មាន ជំងឺ​ចិត្ត​ហ្នឹង​គឺ​ថា​ត្រូវ​មាន​ជំងឺ​ចិត្ត​អញ្ចឹង​ ដើម្បី​កុំ​ឲ្យ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​រួច​ខ្លួន​រហូត»។

លោក​ សុក​ សំអឿន​ មេធាវី​ការពារ​សិទ្ធិ​មនុស្ស ប្រាប់ VOA ថា បទ​ញុះញង់​គឺជា​ការ​បង្គាប់​ឲ្យ​ប្រព្រឹត្ត​ ឬ​ញុះញង់​ឲ្យ​ទៅ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ណា​មួយ។

លោក​បន្ថែម​ថា ការ​បក​ស្រាយ​របស់​តុលាការ​ក្នុង​សំណុំ​រឿង​របស់​លោក​ស្រី ថាក់ ឡានី ហាក់​មាន​ភាព​ទូលាយ ដែល​លោក​ថា​អាច​បង្ក​ឲ្យ​មាន​ការ​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

«ឧទាហរណ៍​ថា បើ​យើង​ញុះញង់​ថា​ឲ្យ​ទៅ​សម្លាប់​មនុស្ស​ទៅ​អា​ហ្នឹង​ឲ្យ​ច្បាស់​ថា​អា​ហ្នឹង​ញុះញង់​ឲ្យ​ទៅ​សម្លាប់។ ឧបមា​ថា​ញុះញង់​បទ​ឧក្រិដ្ឋ​ទៅ​គេ តែ​មិន​ដឹង​ថា​ញុះញង់​ឲ្យ​ទៅ​ធ្វើ​អី​ផង ដល់​អញ្ចឹង​ខ្ញុំ​គិត​ថា​ ការ​បកស្រាយ​បទ​ញុះញង់​របស់​តុលាការ​ វា​ដូចជា​អត់​ត្រូវ។ ធ្វើ​អញ្ចឹង ​វា​ឲ្យ​រឿង​នយោបាយ ​គេ​អាច​យក​រឿង​អញ្ចឹង​មក​ប្រើ​បាន ហើយ​អា​បទល្មើស​ញុះញង់​ហ្នឹង​ វា​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​បញ្ចេញ​មតិ»។

ក្រៅពី​ប្ដឹង​លោក​ស្រី​ ថាក់ ឡានី លោក​ ហ៊ុន សែន ​ក៏​បាន​ប្ដឹង​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ប្រទេស​បារាំង​ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ថា ​រដ្ឋាភិបាល​លោក ​ហ៊ុន សែន ​ជា​អ្នក​នៅ​ពី​ក្រោយ​ឃាតកម្ម​លើ​លោក​ កែម ឡី។

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​លោក ​ហ៊ុន សែន ​ប្ដឹង​ស្ត្រី​អ្នក​នយោបាយ​របស់​គណបក្ស​ប្រឆាំង ​បន្ទាប់​ពី​លោកស្រី​ មូរ សុខហួរ ​ត្រូវ​បាន​លោក​ ហ៊ុន សែន ​ប្ដឹង​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០០៩​ពី​បទ​បរិហារ​កេរ្តិ៍ បន្ទាប់ពី​លោក​ស្រី​ធ្វើ​សន្និសីទ​កាសែត​ចោទ​ប្រកាន់​ចំពោះ​កំហុស​របស់​លោក ​ហ៊ុន សែន ​មុន​ការ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​របស់​លោក​ ហ៊ុន សែន ​ដែល​ថ្លែង​ថា ​មាន​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ពូកែ​រក​រឿង​គេ ​គឺ​រត់​ទៅ​អោប​គេ​សោះ ​តែ​ថា​គេ​ប្រឡេះ​ឡេវ​អាវ​របស់​ខ្លួន៕