ប្រធានស្តីទីគណបក្សសង្គ្រោះជាតិគឺលោក កឹម សុខា ថ្លែងប្រាប់សកម្មជន និងអ្នកគាំទ្រនៃគណបក្សប្រឆាំងនៅឯខេត្តសៀមរាប ឲ្យរក្សាភាពស្ងៀមស្ងាត់ ហើយបញ្ចៀសការវាយប្រហារទៅលើគណបក្សកាន់អំណាច ក្នុងគោលបំណងត្រៀមទៅដឹកនាំប្រទេសក្រោយការបោះឆ្នោតឆ្នាំ ២០១៨។
លោក កឹម សុខា អតីតអនុប្រធានទីមួយសភាជាតិបានថ្លែងដូច្នេះ ក្រោយពីលោកបានប្រាប់អ្នកចូលរួមថា ក្នុងជំនួបរបស់លោកជាមួយលោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកបានប្រាប់ប្រមុខការទូតស.រ.អាថា ប្រជាពលរដ្ឋខ្មែរចង់បានការផ្លាស់ប្តូរមេដឹកនាំដូចប្រជាពលរដ្ឋភូមាដែរ ហើយថា លោករដ្ឋមន្ត្រីការបរទេសស.រ.អា បានទទួលព័ត៌មាននេះ។
ថ្លែងទៅកាន់ សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្នុងវេទិកាមួយកាលពីសៅរ៍កន្លងទៅនេះ លោក កឹម សុខា ប្រាប់អ្នកចូលរួមនៅក្នុងវេទិកានោះថា ក្នុងជំនួបរបស់លោកជាមួយលោក ចន ឃែរី កាលពីពេលថ្មីៗនេះ លោកបានបញ្ជាក់ឲ្យដឹងពីការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជា។
លោកមានប្រសាសន៍ថា៖«ខ្ញុំបានជម្រាបជូនលោក ចន ឃែរី ជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជាមហាអំណាចជាប្រទេសដែលមានឥទ្ធិពលខ្លាំងក្នុងពិភពលោក។ ខ្ញុំជម្រាបជូនឲ្យអស់លោក សហគមន៍អន្តរជាតិជ្រាបថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃ មិនអន់ជាង មិនចាញ់ប្រជាពលរដ្ឋភូមាទេបងប្អូន»។
ក្នុងសេចក្តីថ្លែងការណ៍របស់លោកនៅចុងបញ្ចប់ទស្សនកិច្ចរបស់លោក រយៈពេលពីរថ្ងៃ លោក ចន ឃែរី បានឱ្យដឹងថា លោកបានជួបជាមួយមេដឹកនាំស្តីទីនៃគណបក្សសង្គ្រោះជាតិ តែលោកមិនបាននិយាយលម្អិតអំពីខ្លឹមសារនៃជំនួបនេះទេ។
ក្នុងសុន្ទរកថារបស់លោក លោកប្រមុខការទូតស.រ.អាលើកឡើងថា ការបោះឆ្នោតដោយសេរី យុត្តិធម៌ មានការចូលរួមពីដៃគូប្រកួតប្រជែងជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។
លោក កឹម សុខា បានប្រាប់សកម្មជន និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឲ្យបញ្ឈប់ការរិះគន់ទៅលើសកម្មភាពអវិជ្ជមាននានារបស់មន្ត្រីនៃគណបក្សកាន់អំណាច ដោយហេតុថា ប្រជាពលរដ្ឋខ្មែរបានយល់ដឹងនូវរាល់ទង្វើទាំងអស់នោះហើយ។ លោកថា គណបក្សសង្គ្រោះជាតិត្រៀមខ្លួននឹងចាំដឹកនាំប្រទេសប៉ុណ្ណោះ ពីព្រោះប្រជាពលរដ្ឋខ្មែរកំពុងសម្លឹងទៅរកការដឹកនាំបែបប្រជាធិបតេយ្យពិតប្រាកដ។
លោកបញ្ជាក់ថា៖«នៅក្នុងដំណាក់កាលថ្មីនេះ យើងមិនបាច់ទៅឆ្លើយ ទៅឆ្លង ទៅឈ្លោះជាមួយគេទៀតទេ។ មែនទេ បងប្អូន? មិនចាំបាច់ទៅឆ្លើយទៅឆ្លងទៅឈ្លោះទៀតទេ យកពេលរៀបចំខ្លួនយើងដើម្បីទៅដឹកនាំប្រទេស។ ណ៎ាបងប្អូនណ៎ា! ព្រោះប្រជាពលរដ្ឋ គេងាកមកគាំទ្រយើងហើយ យើងចាំបាច់ទៅធ្វើអ្វីទៀត? មិនបាច់ប្រាប់ប្រជាពលរដ្ឋថា អ្នកនេះកាប់ឈើ អ្នកនោះលក់ដីមិនបាច់ប្រាប់ទេ។ ប្រជាពលរដ្ឋដឹងអ្នកណាកាប់ អ្នកណាលក់ហើយតើ។ មែនទេបងប្អូន ប្រជាពលរដ្ឋដឹងនៅ?»
ការថ្លែងរបស់លោក កឹម សុខា កើតមាន នៅខណៈដែលគណបក្សប្រឆាំងដទៃទៀតនៅក្នុងតំបន់អាស៊ាន និងអាស៊ី បានទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីពេលថ្មីៗនេះ។ នៅឯប្រទេសមីយ៉ាន់ម៉ា គណបក្សប្រឆាំងរបស់លោកស្រី អង់ សានស៊ូជី បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតរៀបចំឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្រោមការដឹកនាំរបស់ក្រុមយោធាអស់រយៈពេលជិត៥០ឆ្នាំ។ ថ្មីៗនេះដែរ គណបក្សប្រឆាំងនៅតៃវ៉ាន់របស់លោកស្រីTsai Ing-wen បានយកឈ្នះគណបក្សកាន់អំណាចនៅតៃវ៉ាន់ផងដែរ។ គណបក្សកាន់អំណាចនៅតៃវ៉ាន់ បានគ្រប់គ្រងប្រទេសអស់រយៈពេល៨ឆ្នាំ និងមានចំណងទាក់ទងសិ្នទ្ធស្នាលជាមួយប្រទេសចិន។
លោក សុខ ឦសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា គណបក្សសង្គ្រោះជាតិមិនអាចប្រៀបប្រដូចទៅនឹងគណបក្សប្រឆាំងទាំងពីរនេះទេ ដោយលោកបានពន្យល់ថា៖
«គណបក្សប្រជាជនមិនមែនជាគណបក្សយោធានិយមដូចប្រទេសភូមាទេ។ ហើយអញ្ចឹងគាត់ប្រៀបប្រដូចភូមាមកកម្ពុជា ម៉េចនឹងត្រូវគ្នា? នេះទីមួយ។ ទីពីរ គណបក្សប្រឆាំងនៅភូមា ជាគណបក្សប្រឆាំងស្នេហាជាតិ។ គេជួយប្រជាពលរដ្ឋគេ ដោយគ្មានការអំពាវនាវឲ្យផ្តាច់ជំនួយ ឲ្យមកធ្វើការគៀបសង្កត់រដ្ឋាភិបាលគេទេ ទោះបីថា គេដឹងថា គ្រប់គ្រងតាមរបបយោធាក៏ពិតមែន។ ក៏ប៉ុន្តែគណបក្សប្រឆាំងនៅកម្ពុជា យើងដឹងហើយជាទម្លាប់វប្បធម៌របស់គាត់ តែគាត់ថ្នាំងថ្នាក់ជាមួយគណបក្សកាន់អំណាច។ អាហ្នឹងគាត់ទៅអំពាវនាវឲ្យគេគៀបសង្កត់រដ្ឋាភិបាល ឲ្យគេផ្តាច់ជំនួយ មិនឲ្យវិនិយោគទុនពីក្រៅមកចូល ដើម្បីកសាងប្រទេសឲ្យមានការរីកចម្រើនអាហ្នឹងវាផ្ទុយគ្នាអញ្ចឹង»។
លោកឲ្យដឹងបន្ថែមថា គណបក្សប្រជាជនកម្ពុជា នឹងមិនមានការឆ្លើយតបទៅលើការលើកឡើងរបស់អនុប្រធានគណបក្សសង្គ្រោះជាតិនោះទេ ក្រៅតែពីការបន្តការអភិវឌ្ឍប្រទេស និងបន្តជួយប្រជាពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃជ័យជម្នះរបស់គណបក្សសម្រាប់បន្តការដឹកនាំប្រទេសទៅថ្ងៃខាងមុខ។
ក៏ប៉ុន្តែ លោក អ៊ូ វីរៈ ជាអ្នកវិភាគនយោបាយ និងជាស្ថាបនិកនៃវេទិកាអនាគត ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយបានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ មានឱកាសយកឈ្នះក្នុងការបោះឆ្នោតខាងមុខ ប្រសិនបើគណបក្សគ្រប់គ្រងប្រទេសបន្ថូរបន្ថយដៃក្នុងការធ្វើកំណែទម្រង់របស់ខ្លួន ដែលបានកំពុងធ្វើឡើងក្រោយពីគណបក្សនេះស្រុតចុះប្រជាប្រិយភាពក្នុងការបោះឆ្នោតឆ្នាំ២០១៣។
លោកថា អ្វីដែលជាការបារម្ភរបស់គណបក្សប្រឆាំងនោះ គឺសមត្ថភាពនៃការគ្រប់គ្រងប្រទេស។ លោកបញ្ជាក់ថា៖«សំណួរតើ គណបក្សសង្គ្រោះជាតិ អាចប្រាប់ទៅពួកគាត់ហ្នឹងវិញថា សង្គ្រោះជាតិមានធនធានមនុស្ស មានជំនាញគ្រប់វិស័យ ដូចជាវិស័យអប់រំ សុខាភិបាល ក្រៅពីសន្តិសុខអីផ្សេងៗហ្នឹង តើមានមនុស្សដែលអាចឈានទៅកាន់រដ្ឋមន្ត្រីបានឬក៏អត់ហ្នឹង គឺជាសំណួរទីមួយ។ ទីពីរ នៅពេលដែលកាន់គណៈរដ្ឋមន្ត្រី តើមនុស្សទាំងអស់ហ្នឹងគិតម៉េច? មានគំនិតយ៉ាងម៉េចខ្លះ ដើម្បីដោះស្រាយបញ្ហាជាតិយើង។ អញ្ចឹងបើយើងនិយាយថា គាត់មិនទាន់ធ្វើអ្វីខុស ប៉ុន្តែអ្នកមិនទាន់ធ្វើអ្វីខុស សូម្បីតែកូនង៉ាក៏មិនទាន់ធ្វើអ្វីខុសដែរ។ ក៏ប៉ុន្តែគេមិនដែលបោះឆ្នោតឲ្យកូនង៉ា ទៅដឹកនាំប្រទេសជាតិទេ។ អញ្ចឹងជាសំណួរ សួរតើមិនមែនតែធ្វើអ្វីខុសទេ ថាតើនៅពេលដែលកាន់អំណាច ថាតើខ្លួនធ្វើអ្វីខ្លះ?»
យ៉ាងណាក៏ដោយ អ្នកវិភាគនយោបាយរូបនេះ សង្កត់ធ្ងន់ថា ការផ្លាស់ប្តូរអាចកើតមានមិនអាស្រ័យទាំងស្រុងលើការប្រកួតប្រជែងរបស់គណបក្សនយាបាយធំៗទាំងពីរនេះទេ ក៏ប៉ុន្តែវាអាស្រ័យលើការសម្រេចចិត្តរបស់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ៕