គណបក្ស​សង្គ្រោះជាតិ​​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​មន្ត្រី​របស់ខ្លួន

លោក​មាជ សុវណ្ណារ៉ា​​​​​ចូលរួម​ជាមួយ​​ជន​រង​គ្រោះ​ទំនាស់​ដី​ធ្លី​នៅ​បឹងកក់​​ តវ៉ា​នៅ​មុខ​តុលាការ​​ក្រុង។ ​រូបភាពថតថ្ងៃទី២០ឧសភាឆ្នាំ២០១៤

មួយ​ថ្ងៃ​ក្រោយ​ពី​ការ​ចាប់​ខ្លួន​លោក​មាជ សុវណ្ណារ៉ា​ ដែល​អ្នក​រិះ​គន់​ឥត​សំចៃ​ទៅ​លើ​របប​គ្រប់​គ្រង​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នោះ ​ គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ថ្កោល​ទោស​ និង​ប្រកាស​ទាម​ទារឲ្យដោះ​លែង​លោក​ដោយ​ឥត​លក្ខខណ្ឌ។​

លោក​មាជ សុវណ្ណារ៉ា​ អនុប្រធាន​ក្រុម​ការងារ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ​ និង​ជា​ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវ​ ​នរោត្តម​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ ក្នុង​ខណៈពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ស្នាក់​ការ​គណបក្ស។

គណបក្ស​សង្គ្រោះជាតិ​ នៅ​ថ្ងៃ​ពុធ​នេះ ​បាន​អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍របស់​ខ្លួន​ ដោយ​បាន​ស្តី​បន្ទោសថា ​ការ​ចាប់​ខ្លួន​លោក​មាជ សុវណ្ណារ៉ានោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលោភ​ទៅ​លើ​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​មាជ សុវណ្ណរ៉ា​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ៖​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។​

ប្រសិន​បើ​តុលាការ​រក​ឃើញ​ថា​ លោក​មាន​ទោស​ លោក​មាជ សុវណ្ណរ៉ាអាច​ប្រឈម​មុខ​ក្នុង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ​តាម​មាត្រាទី​៤៥៩​ មាត្រាទី​៤៩៥​ មាត្រាទី​ទី២៨​ និង​មាត្រាទី២១៨​នៃ​ក្រម​ព្រហ្ម​ទណ្ឌ​ថ្មី។​

ក្នុង​ពេល​ផ្តល់​បទ​សម្ភាសន៍ជាមួយ​VOA​ សំឡេងសហ​រដ្ឋ​អាមេរិក​នៅ​ឯ​មន្ទីរ​រដ្ឋសភា​ ​លោក​កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ប្រសាសន៍​ថា​ ការ​ចាប់​ខ្លួន​លោក​មាជ សុវណ្ណារ៉ា​នេះលោក​មិន​អាច​ទទួល​យក​បាន​ទេ។​

លោក​បាន​បញ្ជាក់​ថា​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោក​ឧប​នាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ នឹង​ឆ្លើយ​ឆ្លង​គ្នា​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ដើម្បី​ស្វះ​ស្វែង​ស្នើ​សុំឲ្យដោះ​លែង​លោក​មាជ សុវណ្ណារ៉ា។ ​ក៏​ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​លទ្ធផល​នៃ​ជំនួប​តាម​ទូរស័ព្ទ​នេះ​ទេ។​

លោក​និយាយ​ថា៖​ «យន្តការ​សន្ទនា​គ្នា​ហ្នឹង​គឺ​តាម​ទម្លាប់​ លោក​ហ៊ុន សែន​ ដោយ​សារ​គាត់​នាយក​រដ្ឋមន្ត្រី​ គាត់​រវល់​កិច្ច​ការ​ គាត់​បាន​ថា​ ឲ្យលោក​សម រង្ស៊ី​ហ្នឹង​ទាក់​ទង​ជា​មួយលោក​ស ខេង។ ជា​ទូទៅ​អញ្ចឹង។​ ​ហើយ​នេះ​ជា​ជំហ៊ាន​ទី​មួយ​សិន ​ហើយ​បាន​ម៉េចៗ​ លោក​ស ខេង​ទាក់​ទង​ទៅ​លោក​ហ៊ុន សែន។ លើក​លែង​តែ​ពេល​ណា​មាន​ពេល​វេលា​ដោះ​មិន​ចេញ​ ឬ​មាន​បញ្ហា​អ្វី​គឺ​លោក​សម រង្ស៊ី​ជួប​ផ្ទាល់​ជាមួយ​លោក​ ហ៊ុន សែន។​ នេះ​ជាយន្តការ​ដែល​គាត់​ធ្លាប់​ធ្វើ​កន្លង​មក»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​សុំការ​បំភ្លឺ​ថា​តើ ​លោក​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោក​សម រង្ស៊ី​ដែរ​ឬ​យ៉ាង​ណា ​តែ​មិន​អាច​ទាក់ទង​បាន។​

លោក​យឹម សុវណ្ណ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ ​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា​ មេដឹក​នាំ​ទាំងពីរ​កំពុង​ដំណើរ​ការ​រឿង​នេះ។ ​ក៏ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​លទ្ធផល​នៃ​ជំនួប​នេះ​ទេ។​

លោក​ចាន់ ចេន​ មេធាវី​ការ​ពារក្តី​លោក​មាជ សុវណ្ណារ៉ា​មាន​ប្រសាសន៍​ថា ​លោក​បាន​ដាក់​ពាក្យ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ស្នើ​សុំឲ្យកូន​ក្តី​របស់​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​ហើយ​ ក៏​ប៉ុន្តែ​តុលាការ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។​

លោក​និយាយ​ថា៖​ «ចៅ​ក្រម​ស៊ើប​សួរ​មិន​គួរ​យក​កូន​ក្តី​ខ្ញុំ​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ទេ​ ពីព្រោះ​កូន​ក្តី​ខ្ញុំ​ទីមួយ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​ទេ។​ ទី​២​ទៀត​ គាត់​មាន​អាស័យដ្ឋាន​ច្បាស់​លាស់​ ​ ហើយ​ទី​៣​ គាត់​មាន​មុខ​របរ​ត្រឹម​ត្រូវ ​គាត់​មាន​ក្រុម​គ្រួសារ​របស់​គាត់​ ហើយ​គាត់​ជា​បញ្ញវ័ន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ដើម្បី​ស្នើ​សុំសេចក្តី​អត្ថាធិប្បាយ​ពី​លោកកែវ មុន្នី​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ តែ​មិន​អាច​ទាកទងបានទេ​ ​ដោយ​សារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទទួល។​

ពាក់ព័ន្ធ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី​២២ ​ខែ​កក្កដា​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​បំភ្លឺ​តប​ទៅ​នឹង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​ភ្លាមៗ​ថា​ ករណី​ឃុំ​ខ្លួន​លោក​ មាជ សុវណ្ណារ៉ា​ជា​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់​គឺ​ពុំ​មាន​ទាក់ទង​នឹង​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ។​

គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែង​ការណ៍​ហើយ​ចាត់​ទុក​ថា​ សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​ សង្គ្រោះ​ជាតិ​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​និង​មនុស្ស​មួយ​ចំនួន​ទៀត​នោះ៕