សំឡេងសន្ទនារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងកិច្ចប្រជុំផ្ទៃក្នុងរបស់បក្សប្រឆាំង ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីពេលថ្មីៗនេះ ហើយនាំឲ្យលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ចាប់ផ្តើមធ្វើអត្ថាធិប្បាយថាលោក ហ៊ុន សែន បង្ហាញសញ្ញានៃការសម្របសម្រួលនយោបាយ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថានេះមិនមែនជាសំឡេងថ្មីៗនោះទេ ហើយចោទបក្សប្រឆាំងថាបង្កើតព្រឹត្តិការណ៍នេះ។
មិនត្រឹមតែអាចចូលស្តាប់តាមរយៈប្រព័ន្ធអ៊ីនធឺណិតZoomដែលមិនដឹងកាលបរិច្ឆេទច្បាស់លាស់ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានឆ្លើយឆ្លងជាមួយអតីតតំណាងរាស្រ្តបក្សប្រឆាំងដែលដឹកនាំកិច្ចប្រជុំនោះ។
សារជាសំឡេងក្នុងប្រព័ន្ធហ្សូមបង្ហាញថាលោក ហ៊ុន សែន បានចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត ដែលលោក ហ៊ុន សែន អាចចូលបានតាមរយៈតំណភ្ជាប់ណាមួយដែលអ្នករៀបចំកិច្ចប្រជុំបង្កើតឡើង ហើយភាគីម្នាក់ទៀតបានទទួលតំណភ្ជាប់នោះ។ គេមិនទាន់ដឹងនៅឡើយទេថាហេតុអ្វីបានជាលោក ហ៊ុន សែន មានតំណភ្ជាប់នោះ។
លោកនាយករដ្ឋមន្រ្តីបានចំណាយពេលក្នុងការសន្ទនាជាមួយលោក ឡុង រី អតីតតំណាងរាស្រ្តមកពីខេត្តបន្ទាយមានជ័យ ដែលជាអ្នកដឹកនាំកិច្ចប្រជុំនោះ។
មុនពេលចាប់ផ្តើមឮសំឡេងរបស់លោក ហ៊ុន សែន លោក ឡុង រី ដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក បានថ្លែងក្នុងកិច្ចប្រជុំទៅកាន់សមាជិកគណបក្សអំពីការពង្រឹងរចនាសម្ព័ន្ធឡើងវិញនៅរាជធានីភ្នំពេញ ការសំណេះសំណាលគ្នា និងចង់ដឹងថាសមាជិកនៅរាជធានីភ្នំពេញមានបញ្ហាអ្វីខ្លះ។
ខណៈលោក ឡុង រី កំពុងថ្លែងនោះ លោក ហ៊ុន សែន បានបន្លឺសំឡេងរបស់លោក ហើយសួរលោក ឡុង រី ថាស្គាល់រូបលោកឬយ៉ាងណា។
សំឡេងឆ្លងឆ្លើយនោះមានអត្ថន័យដើមថា៖ «[លោក ហ៊ុន សែន ចោទសួរ] ហើយស្គាល់ខ្ញុំអត់? [លោក ឡុង រី ឆ្លើយ] បាទឃើញមុខសម្តេច។ [លោក ហ៊ុន សែន តប] អើ! សម្តេចចូលរួមប្រជុំជាមួយបានឬអត់?»។
លោក ហ៊ុន សែន បានលើកឡើងថា លោកតែងតែចូលស្តាប់ការសន្ទនារបស់មន្រ្តីបក្សប្រឆាំងនៅក្នុងកិច្ចប្រជុំនានាកាលពីកន្លងទៅ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អ្នកនៅក្នុងហ្នឹង ប៉ុន្មាននាក់ហ្នឹងត្រូវយល់ ខ្ញុំបានស្តាប់ ខ្ញុំបានចូលស្តាប់ច្រើនដងហើយ សូម្បីយប់មិញ ឡុង រី ឯងប្រជុំជាមួយមូរ សុខហួរ [អតីតអនុប្រធានគណបក្សសង្រ្គោះជាតិ] ដែលពង្រឹង[គណបក្ស]នៅខាងបាងកក និងហ្វីលីពីន ក៏ខ្ញុំបានទទួលរួចមកហើយដែរ»។
ក្នុងពេលចូលរួមក្នុងប្រព័ន្ធZoomនោះ លោក ហ៊ុន សែន បានរំឮករឿងចាស់ និងជំរុញឲ្យបញ្ឈប់ការជេរគ្នា និងការលាបពណ៌ដាក់គ្នា។ លោកបានរៀបរាប់អំពីវប្បធម៌សន្ទនាដែលលោកធ្លាប់ធ្វើជាមួយលោក សម រង្ស៊ី ប៉ុន្តែថាលោក សម រង្ស៊ី បង្ហាញការមិនស្មោះត្រង់ជាមួយរូបលោក។
លោក ហ៊ុន សែន ថ្លែងថា៖ «ប៉ុន្តែខ្ញុំសូមជម្រាបជូន គ្រាន់តែជម្រាបជូន ការធ្វើនយោបាយ បើសិនជាអាចធ្វើទៅរួច គឺបញ្ឈប់ការជេរគ្នាទៅ ហ្នឹងគឺជាចំណុច។ ព្រោះអស់លោកជេរហ្នឹង វាជេរច្រើនពេកហើយ ហើយអាវប្បធម៌លាបពណ៌ដល់ពេលណា?»។
លោកបន្ថែមថាមន្រ្តីគណបក្សសង្រ្គោះជាតិចង់ចូលប្រទេសវិញ និង«ចង់បង្រួបបង្រួម»ជាមួយគណបក្សប្រជាជនកម្ពុជា។
ជាការឆ្លើយតប លោក ឡុង រី បញ្ជាក់ថាគណបក្សសង្រ្គោះជាតិមិនដែលបណ្តុះផ្នត់គំនិតឲ្យមានការជេរគ្នា បើទោះមនុស្សមួយចំនួនតូចប្រើប្រាស់ភាសាជេរប្រមាថបែបនោះ។
ទោះជាយ៉ាងណា ការថ្លែងរបស់នាយករដ្ឋមន្រ្តីដែលត្រូវផ្សព្វផ្សាយជាសាធារណៈនោះ មិនត្រូវបានបង្ហាញដល់ចប់នោះទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃអង្គារថា«នេះជាល្បែងនយោបាយរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលបង្កើតមិនចេះចប់»។
លោកថ្លែងថា៖ «របស់អស់ហ្នឹងសុទ្ធតែគេបង្កើតបានទេ។ យកសំឡេងចាស់ពីណាពីណី ពីខែណា ពីឆ្នាំណា យកមកដាក់ទៅ ហើយថាទៅ»។ លោកបន្ថែមថា៖ «មិនមែនសំឡេងក្លែងក្លាយទេ គេយកសំឡេងពិត ក៏ប៉ុន្តែសំឡេងពិត វាមិនមែនពេលនេះទេ។ យកតាំងពីឆ្នាំណា ឆ្នាំណីយកមកដាក់ហើយបង្កើតបញ្ហា។ អាហ្នឹងគឺជារឿងជាល្បិចកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់»។
លោក ឡុង រី ដែលបានសន្ទនាជាមួយលោក ហ៊ុន សែន ក្នុងសំឡេងនោះ បានបដិសេធមិនឆ្លើយតបនឹងសំណួររបស់វីអូអេភ្លាមៗ ពេលទាក់ទងទៅតាមទូរស័ព្ទ និងការព្យាយាមសុំការឆ្លើយតបនឹងសំណួររបស់វីអូអេតាមប្រព័ន្ធSignal។
ប៉ុន្តែនៅថ្ងៃអង្គារនេះ លោក សម រង្ស៊ី បានសរសេរសារនៅលើហ្វេសប៊ុករបស់លោកថាលោក ហ៊ុន សែន ផ្ទាល់ បានចូលរួមក្នុងកិច្ចពិភាក្សាផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ តាមប្រព័ន្ធអ៊ីនធឺណិត(Zoom) កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។
បន្ថែមពីនេះ ពីទីក្រុងឡុងប៊ិច(Long Beach) រដ្ឋកាលីហ្វរញ៉ា(California)សហរដ្ឋអាមេរិក កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២១ លោក សម រង្ស៊ី បានថ្លែងភ្ជាប់នឹងការសន្ទនារបស់លោក ហ៊ុន សែន ថាលោក ហ៊ុន សែន បារម្ភអំពីនិទណ្ឌភាព នៅពេលលោកលែងធ្វើជានាយករដ្ឋមន្រ្តីតទៅទៀត។ លោកបានរំឭកគ្រាមួយថាលោក ហ៊ុន សែន បានសុំឲ្យគណបក្សសង្រ្គោះជាតិ ធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរៀបចំច្បាប់លើកលែងទោសមនុស្ស៣នាក់ ដែលមានប្រធានព្រឹទ្ធសភា រដ្ឋសភា និងនាយករដ្ឋមន្រ្តី។
លោក សម រង្ស៊ី បញ្ជាក់ថា៖ «អារម្មណ៍ហ៊ុន សែន ត្រូវគិតពីការរួចខ្លួនពីការកាត់ទោសនៅថ្ងៃក្រោយ។ កង្វល់ហ៊ុន សែន ទីពីរ គឺកង្វល់ផ្ទេរអំណាចឲ្យកូនប្រុស គឺគាត់អត់ទុកចិត្តនរណាទេ។ បើគាត់ចុះចេញពីតំណែង ត្រូវមាននរណាម្នាក់ត្រូវបន្តវេនពីគាត់ ពីព្រោះបន្តវេនហ្នឹង គឺនៅតែជួយការពារគាត់អញ្ចឹង»។
ត្រង់ចំណុចទាំងពីរខាងលើ លោក សម រង្ស៊ី ថ្លែងថា លោក«មិនជំទាស់»ទេ ហើយលោកក៏មិនមាន«គំនុំគុំកួន» ឬចង់«សងសឹក»អ្វីទេ។
លោក សម រង្ស៊ី ដែលត្រូវបានតុលាការកម្ពុជាកាត់ទោសឲ្យជាប់ពន្ធនាគារ២៥ឆ្នាំ និងប្រឈមនឹងការចោទប្រកាន់ផ្សេងទៀត បន្ថែមថាអ្នកនយោបាយទាំងអស់ត្រូវរករូបមន្តណាមួយ ដើម្បីឲ្យមានការទទួលខុសត្រូវរួមគ្នា។
លោកបន្ថែមថា៖ «បើហ៊ុន សែន ថាចង់ឲ្យកូនគាត់គ្រប់គ្រងកងកម្លាំងប្រដាប់អាវុធ ដើម្បីធានាសន្តិសុខឲ្យគាត់ផង អូខេ។ តែកិច្ចការអីផ្សេងក្នុងប្រទេស ដែលធ្វើឲ្យប្រទេសរីកចម្រើន កិច្ចការបច្ចេកទេស ដូចជាអប់រំ សុខាភិបាល សេដ្ឋកិច្ច អ្វីដែលធ្វើឲ្យប្រទេសរីកចម្រើន យើងអាចចែកការគ្នាធ្វើ ធានាសន្តិសុខឲ្យហ៊ុន សែន ផង»។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថាគណបក្សសង្រ្គោះជាតិត្រូវបានរំលាយទៅហើយ ដូច្នេះមិនអាចមកជជែកជាមួយគណបក្សប្រជាជនកម្ពុជា រឿងបែងចែកអំណាចនោះទេ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារថា៖ «ងាប់ទៅហើយ មកទារចែកអំណាច។ គេវាយដួលនៅលើរីងសន្លប់ អត់ដឹងដកដង្ហើមរួចផង មកចែកអំណាច ចង់យកឈ្នះស្មើគ្នា។ អត់មាននយោបាយឈ្នះឈ្នះជាមួយក្រុមឧទ្ទាមក្រៅច្បាប់ទេ»។
លោក សេង សារី អ្នកវិភាគនយោបាយនៅកម្ពុជា បានប្រាប់វីអូអេនៅថ្ងៃអង្គារថាសំឡេងដែលបែកធ្លាយនោះ ជាសំឡេងថ្មី ដែលជាការលួចចូលក្នុងការសន្ទនាតាមប្រព័ន្ធZoom។ លោកបន្ថែមថានៅក្នុងសង្គមស៊ីវិល័យ ការលួចចូលស្តាប់ជា«អំពើអសីលធម៌»មួយ ប៉ុន្តែនៅក្នុងសង្គមកុម្មុយនីស្តផ្តាច់ការវិញ គេចាត់ទុកអ្នកនោះជាអ្នកមានសមត្ថភាពដែលអាចលួចចូល ប៉ុន្តែគេមិនសូវផ្តល់តម្លៃនោះទេ។
លោកបញ្ជាក់ថា៖ «អ្វីដែលអ្នកនាំពាក្យ[គណបក្សប្រជាជនកម្ពុជា] គាត់ព្យាយាមបដិសេធរឿងនេះ ខ្ញុំអាចសន្និដ្ឋានបានដែរ ដោយសារការបែកធ្លាយនេះ វាបង្ហាញអំពីភាពគ្មានសីលធម៌នៅក្នុងការប្រើប្រាស់បណ្តាញសង្គមដែលយើងhackចូលនៅក្នុងការប្រជុំឯកជនរបស់គេ ហើយយើងទៅចូលកាត់កណ្តាលទី គេកំពុងប្រជុំអីអញ្ចឹង។ វាអាចប៉ះពាល់ទៅដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ អញ្ចឹងហើយប្រហែលជាអាចអ្នកនាំពាក្យអាចព្យាយាមជួយធ្វើម៉េច កុំឲ្យមានការវាយប្រហារទៅលើសីលធម៌នៅក្នុងការប្រើប្រាស់បណ្តាញសង្គមអញ្ចឹងបាទ»។
លោក សេង សារី មើលឃើញការវិវឌ្ឍនយោបាយចុងក្រោយ តាមរយៈសំឡេងសន្ទនានេះ ជាសញ្ញាណមួយដែលអាចឈានទៅដល់ការបញ្ចប់ភាពជាប់គាំងនយោបាយនៅកម្ពុជា បើទោះបីភាគីណាបោះដៃមុនក៏ដោយ ដោយសារការចរចាដើម្បីផលប្រយោជន៍ជាតិ គឺភាគីទាំងសងខាងចំណេញទាំងអស់៕