បក្ស​ប្រឆាំង​សុំ​ឱ្យ​បញ្ចប់​នីតិ​វិធី​តុលាការ​និង​ដោះលែង​មន្ត្រី​ជាន់​ខ្ពស់

លោក​ មាជ សុវណ្ណារ៉ា​​ថ្លែង​ទៅកាន់​ជនរង​គ្រោះ​ទំនាស់​ដី​ធ្លី​​​ពេល​ធ្វើបាតុកម្ម​នៅមុខតុលាការ​ភ្នំពេញ។​

ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​ក្រសួង​មហាផ្ទៃ​កម្ពុជា​ដើម្បី​ស្នើ​សុំ​ឱ្យដោះ​លែង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ មាជ សុវណ្ណារ៉ាដែល​កំពុង​ជាប់​ឃុំ​ឃាំង​ទាក់​ទឹន​នឹង​ការធ្វើ​បាតុកម្ម​ទាមទារ​សុំ​ឱ្យ​ដោះលែង​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា។​

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់​ថា​លិខិត​ដែល​សរសេរ​ដោយ​លោក សម រង្ស៊ី​ប្រធាន​គណបក្ស​ទៅ​លោក​ស ខេង​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃមិន​បាន​ស្នើ​សុំ​ឱ្យដោះ​លែង​សកម្មជន​គណបក្ស​ដទៃ​ទៀត​និង​សកម្មជន​ដីធ្លីព្រម​ទាំង​ព្រះ​សង្ឃ​ដែល​កំពុង​ជាប់​ឃុំ​ដូច​គ្នា​នេះ​ទេ។​

នៅ​ក្នុង​លិខិត​កាល​ពី​ថ្ងៃ​ទី​១២​គឺ​មុន​ពេល​លោក​ សម រង្ស៊ី​ បាន​ចាក​ចេញ​ទៅ​ប្រទេស​បារាំង​លោក​បាន​ស្នើ​សុំ​ទៅ​លោក​ ស ខេង​ ឱ្យលើក​លែង​ការ​ចោទ​ប្រកាន់​និង​បញ្ចប់​នីតិវិធី​តាម​ផ្លូវ​តុលាការ​ទៅ​លើ​លោក​មាជ សុវណ្ណារ៉ា។​ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ កឹម សុខា​ ​បាន​ដឹក​នាំ​អ្នក​តំណាង​រាស្ត្រ​និង​ភរិយា​លោក​មាជ សុវណ្ណារ៉ា​ទៅ​សួរ​សុខ​ទុក្ខ​លោក​មាជ សុវណ្ណារ៉ា​នៅ​ក្នុង​ពន្ធនាគារ​កាលពីថ្ងៃ​ច័ន្ទ។​

ក្រោយ​ពី​បាន​សាក​សួរ​សុខទុក្ខ​ ​លោក​ កឹម សុខា​មាន​ប្រសាសន៍​ប្រាប់​អ្នក​កា​សែត​នៅ​ខាង​ក្រៅ​ពន្ធនាគារ​ព្រៃ​ស​ថា​លោក​ មាជ សុវណ្ណារ៉ា​មាន​សុខភាព​ល្អធម្មតា​ទេ។​លោក​បាន​បញ្ជាក់​ថា​លោក​ឧបនាយក​រដ្ឋមន្ត្រី​ស ខេង​បាន​ផ្ញើ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ហើយ។​ ​លោក​រំពឹង​ថា​លោក​មាជ សុវណ្ណារ៉ា​និង​ត្រូវ​បាន​ដោះ​លែង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។​

លោក​បញ្ជាក់​ថា៖​«ក្រសួង​មហា​ផ្ទៃ​បាន​សរសេរ​លិខិត​ទៅ​ក្រសួង​យុត្តិធម៌​ហើយ ​ហើយ​ខ្ញុំ​បាន​ទំនាក់​ទំនង​ទៅក្រសួង​យុត្តិធម៌​ហើយ។ ​ក្រសួង​យុត្តិធម៌​គេ​កំពុង​ទំនាក់​ទំនង​ជាមួយ​តុលាការ​ ចៅ​ក្រម​ពី​បែប​បទ​យ៉ាង​ណា​នោះ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​លោក​មាជ សុវណ្ណារ៉ា​និង​ត្រូវ​ដោះ​លែង​ក្នុង​ពេល​ឆាប់​ៗ»។​

លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​ និង​ជា​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​បន្ទាយ​ មានជ័យ​ ត្រូវ​បាន​កង​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​ខ្លួនកាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា​កន្លង​ទៅនេះ​នៅតាម​បណ្តោយ​ផ្លូវ​ព្រះ​ នរោត្តម​ ក្នុង​ខណៈពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ទៅ​កាន់​ទីស្នាក់​ការ​ របស់​គណបក្ស។​

លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចេញ​ដីកា​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្នុង​ថ្ងៃ​តែ​មួយប៉ុណ្ណោះពី​បទ៖​«ដឹក​នាំ​កុប្បកម្ម​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍ ​និង​ផ្តើម​គំនិត​ក្នុង​អំពើ​ហិង្សា​ដោយ​ចេតនា ​ដោយ​មាន​ស្ថាន​ទម្ងន់​ទោស»​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា។​

លោក​ អង្គ វង្សវឌ្ឍនា​ រដ្ឋមន្ត្រី​ និងលោក​ សន សោភ័ណ្ឌ​ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បាន​ទេដោយ​ទូរស័ព្ទ​ទទួល​ការ​ហៅ​ចូល​ហើយ​តែ​គ្មាន​អ្នក​ទទួល។​

ការ​ចាប់​ខ្លួន​លោក​មាជ សុវណ្ណារ៉ា​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​ កក់​និង​ព្រះ​សង្ឃ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ដំណាក់​កាល​គណបក្ស​ប្រជាជន​និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជជែក​អំពី​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការបោះ​ឆ្នោត។​

ការ​ចាប់​ខ្លួន​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​និង​សកម្មជន​ដីធ្លី​ដាក់​ពន្ធនាគារ​ថ្មី​នេះ​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​ចោទ​ប្រកាន់​ថា​គណបក្ស​ប្រជាជន​ចង់​ដាក់​សម្ពាធ​មិន​ឱ្យគណបក្ស​សង្គ្រោះ​ជាតិ​តថ្លៃ ​រឿង​តំណែង​ក្នុង​សមាសភាព​គ.ជ.ប​ថ្មី។​

លោក​ ប៊ិន ឈិន​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ។​

លោក​បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ពី​បញ្ចប់​កិច្ច​ប្រជុំ​ក្រុម​ការងារ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​នៅ​មន្ទីរ​រដ្ឋសភា​ថា៖​«មិន​ អត់​ទេ ​មិន​ទៅ​គិត​អ្វី​ទេ រឿង​ដោយ​ឡែក​ពី​គ្នា។​លោក​ សួរ​នេះ​គឺ​ថា​រឿង​នេះ​គឺ​រឿង​បច្ចេក​ទេស​នៅ​ក្នុង​ការ​រៀប​ចំច្បាប់​គជប​ មិន​មាន​ការ​ពាក់​ព័ន្ធ​អ្វីទេ»។

ក្រោយ​ពី​កិច្ច​ប្រជុំ​អស់​រយៈពេល​ជាង​ពីរ​ម៉ោង​គណបក្ស​ទាំង​ពីរ​បាន​អះអាង​ថា​បាន​សម្រេច​លទ្ធផល​ច្រើន​គឺ​នៅ​សេស​សល់​តែ​ពីរ​ចំណុច​តែ​ប៉ុណ្ណោះ​គឺ​សញ្ជាតិ​ខ្មែរ​ពី​កំណើត​ និង​ សញ្ជាតិ​ ខ្មែរ​តែមួយ​គត់​ដើម្បី​ទុក​ជូន​ថ្នាក់​ដឹក​នាំ​កំពូល​ទាំង​ពីរ​ជា​អ្នក​សម្រេច៕