បក្សប្រឆាំងស្នើក្រសួងមហាផ្ទៃផ្លាស់ប្តូរអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត

គណបក្សភ្លើងទៀននិងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទសារព័ត៌មានរួមគ្នាមួយនៅទីស្នាក់ការកណ្តាលគណបក្សភ្លើងទៀន ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

គណបក្ស​ប្រឆាំង​ចំនួន​ពីរ គឺគណបក្ស​ឆន្ទៈខ្មែរ​ និង​គណបក្ស​ភ្លើង​ទៀន​ បាន​ស្នើ​ឱ្យ​ក្រសួង​មហា​ផ្ទៃ​ ជួយ​ដោះ​ដូរអង្គបោះ​ឆ្នោត​ជាង ​៣០ ​នាក់​របស់​ខ្លួន ​ឱ្យ​បាន​ឆាប់​ដើម្បី​កុំឱ្យ​គណ​បក្ស​បាត់​បង់​សំឡេង​ទាំង​នោះ​សម្រាប់​ការ​បោះឆ្នោត​អសកល នា​ខែ​ឧសភា​ខាង​មុខ​ និង​ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត​។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មានមួយ​ ដែល​គណបក្ស​ទាំងពីរ​រៀប​ចំឡើង​រួមគ្នា​នៅទីស្នាក់​ការ​កណ្តាល​គណបក្ស​ភ្លើងទៀន ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ​នាព្រឹក​ថ្ងៃ​ចន្ទ​នេះ ​អគ្គ​លេខាធិការ​គណបក្ស​ភ្លើង​ទៀន ​លោក លី សុធារ៉ាយុត្តិ ​ថ្លែង​ថា គណ​បក្ស​ភ្លើង​ទៀន​ ដែល​មាន​អង្គ​បោះ​ឆ្នោត​ជាង​ ២ ពាន់នាក់ ​នៅតែ​ជួប​បញ្ហា​ប្រឈមទាក់ទង​ដំណើរចុះ​ឈ្មោះ និង​ការ​ស្នើ​សុំ​ការ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត ​សម្រាប់​ចូល​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ​នាខែ​ឧសភា​ខាងមុខ​ ដោយ​លើក​ហេតុផល​ថា អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន​ហាក់​ដូច​ជា​មិន​អើពើ​ដោះ​ស្រាយ​សំណើ​របស់​គណបក្ស​។

លោក​លើក​ឡើង​ក្នុង​សន្និសីទ​ព័ត៌មាន​នោះ​ថា​៖ ​«យើង​គណបក្ស​ភ្លើង​ទៀន​រង​ការ​លំបាក​ក្នុង​ការ​ធ្វើ​លិខិត​បញ្ជាក់​ពី​មេ​ឃុំ​។ ​មេ​ឃុំ​ ចៅ​សង្កាត់​ខ្លះ​ គាត់​ហាក់​ដូច​ជា​បង្ហាញ​នូវ​ការ​ស្ទាក់​ស្ទើរ កន្លែង​ខ្លះ​មិន​មែន​ត្រឹម​តែ​ធ្វើ​ការ​ស្ទាក់​ស្ទើរ​ទេ គាត់​បង្ហាញ​ថា​គាត់​មិន​ចង់​ធ្វើ​លិខិត​ទៅ​លើ​បេក្ខជន​ក្រុម​ប្រឹក្សា​ស្រុក​ ក្រុម​ប្រឹក្សា​ខេត្ត​ឱ្យ​យើង​ទៀត អាហ្នឹង​ហើយ​ជា​ការ​លំបាក​របស់​យើង​»។

​បើ​តាមលោក ​លី សុធារ៉ាយុត្តិ ​បញ្ហា​ប្រឈម​ចម្បង​មួយទៀត ​គឺការ​ជាប់​គាំង​នៃ​ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាប់ឆ្នោត​ឆ្នាំ ​២០២២ ចំនួន​ ៣៥ ​នាក់ ​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ ​នៅ​តែប្តូរ​មិន​បាន​។ លោកថា ​ការ​ជាប់​គាំង​បែប​នេះ នឹងធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​អសកលនាពេល​ខាង​មុខ​នេះ​ ហើយ​លោក​ស្នើឱ្យ​ក្រសួង​មហាផ្ទៃ​ពន្លឿន​នីតិវិធី​ដោះ​ដូរ​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​ជា​អង្គ​បោះឆ្នោត​នេះឱ្យ​បាន​ឆាប់​។ ​

ការ​ស្នើ​ឱ្យ​ផ្លាស់​ប្តូ​រសមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ ២០២២​ ឬហៅថា​អង្គបោះ​ឆ្នោត​ចំនួន​ ៣៥ នាក់​នេះ ​គឺ​ដោយ​សារ​សមាជិក​មួយ​ចំនួន​បានលា​ឈប់​ទៅ​ចូលរួម​ជាមួយ​គណបក្ស​កាន់​អំណាច និង​គណ​បក្ស​ដែល​ទើប​បង្កើត​ថ្មី​ ហើយសមាជិក​មួយ​ចំនួន​ទៀត​ត្រូវ​បាន​គណ​បក្ស​បណ្តេញ​ចេញ​ព្រោះ​បាន​ធ្វើ​សកម្មភាព​ខុស​លក្ខន្តិកៈ​គណបក្ស​ ចំណែកសមាជិក​ខ្លះ​ទៀត​ទទួល​មរណ​ភាព​។ ​នេះ​បើ​តាម​លោក ​លី សុធារ៉ាយុត្តិ​។

លោកបាន​ឱ្យដឹង​ទៀតថា គណបក្ស​ភ្លើង​ទៀន​ នឹង​ដាក់​លិខិត​សុំជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ពិភាក្សា​បញ្ហាដោះ​ដូរ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​ ៣៥ ​នាក់​នោះ​។ ​

ជាមួយគ្នានេះ ​អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន ​លោក​ គីមសួរ ភិរិទ្ធ ​លើក​ឡើ​ងថា បើ​អង្គ​បោះឆ្នោត​ចំនួន​ ៣៥​ នាក់ ​ដែល​ស្នើផ្លាស់​ប្តូរ​ដោយគណបក្ស​ភ្លើងទៀន បន្ត​ជាប់​គាំង ​ឬ​មិន​មាន​ការ​ផ្លាស់ប្តូរទេ​ នោះ​បញ្ហាមួយ​នេះ នឹង​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោតជ្រើស​រើស​ក្រុមប្រឹក្សា​រាជធានី​ខេត្តក្រុង​ស្រុកខណ្ឌ​។

លោក​បន្ថែម​ថា ​ការ​ផ្លាស់​ប្តូរ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​គឺជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ ដែល​អនុវត្ត​តាម​វិន័យ​គណបក្ស និង​ស្រប​តាម​ច្បាប់​ជា​ធរមាន​ ហើយមិនមែន​ជា​ការ​គាប​សង្កត់​សមាជិក​របស់​ខ្លួន​នោះ​ទេ​។

លោក គីមសួរ ភិរិទ្ធ ​ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​ដដែល​នេះ​ថា៖ «អ៊ីចឹង​បើការ​ដោះដូរ ទៅថ្ងៃ​ខាងមុខ នៅ​តែ​មាន​បញ្ហា​ប្រឈម ​ហើយ​មានការ​រារាំង​បែបនោះ ​មាន​ន័យ​ថា​លទ្ធផល​នៃ​ការ​បោះឆ្នោត​នាពេល​ខាង​មុខ​ ក៏​អត់សេរី ​និង​យុត្តិធម៌​ដែរ»​។ ​

រដ្ឋលេខាធិការ ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លោក ​ខៀវ សុភ័គ ប្រាប់​វីអូអេ​ថា បញ្ហា​ដោះដូរ​ក្រុម​ប្រក្សា​ឃុំសង្កាត់​នេះ​ បង្ហាញ​ឱ្យ​ឃើញ​ការ​បែក​បាក់​ផ្ទៃ​ក្នុង​របស់​គណបក្ស​ភ្លើង​ទៀន​ ដែលមិន​ពាក់​ព័ន្ធ​ជាមួយ​នឹងអាជ្ញាធរនោះ​ទេ​។

កាលពី​ខែ​មករា ឆ្នាំ​ ២០២៤ ​គណបក្ស​ភ្លើងទៀន បាន​ស្នើក្រសួង​មហាផ្ទៃ ​ឱ្យ​ពន្លឿន​នីតិវិធី​ដោះ​ស្រាយ​បញ្ហា​នេះ​ម្តងរួច​មកហើយ ​ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល ដែល​ធ្វើឱ្យ​គណបក្ស​ប្រឆាំង​មួយនេះ​ ត្រូវបាត់​បង់​សំឡេងអង្គបោះឆ្នោត​របស់ខ្លួន​ជាង ​៣០ សម្រាប់​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ដែល​ប្រព្រឹត្តទៅ​កាលពីខែកុម្ភៈ ឆ្នាំ​ ២០២៤​ កន្លង​ទៅ​។

យ៉ាង​ណាក៏​ដោយ​ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានីខេត្ត​អាណត្តិទី ​៤នេះ​ មាន​គណបក្ស​ ន​យោបាយចំនួន​ ៥ ​បានចូល​រួម​ឈរឈ្មោះ​ដែល​រួមមានគណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈខ្មែរ គណបក្ស​កម្លាំង​ជាតិ គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្សខ្មែរ​រួបរួម​ជាតិ។​ នេះបើ​តាម​ស្ថាប័ន​រៀប​ចំការ​បោះ​ឆ្នោត​។​

គណបក្ស​ឆន្ទៈ​ខ្មែរ​គឺ​ជា​គណបក្ស​ជំទាស់​ដែល​ស្ថិត​នៅក្នុងសម្ពន្ធភាព​ឆ្ពោះ​ទៅ​អនាគត​ ដែល​ត្រូវ​បាន​គណបក្ស​ភ្លើង​ទៀន​ ជ្រើស​រើស​ឱ្យ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ហើយ​ទទួល​បាន​ ៣ ​អាសនៈ​ ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពីខែមុន។

គណបក្ស​ភ្លើងទៀន​ដែល​មាន​អង្គ​បោះឆ្នោត​ជា​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​មិន​អាច​ចូលរួម​ការ​បោះឆ្នោត​ព្រឹទ្ធសភា​បានទេ​ ព្រោះ​គណបក្ស​ជំទាស់​មួយ​នេះ​ នៅមិន​អាច​បំពេញ​តាម​លក្ខខណ្ឌ​ច្បាប់​មួយ​ចំនួន​សម្រាប់​ការ​ចូលរួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​៕