គណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិដែលជាគណបក្សជំទាស់ បន្តខ្វែងគំនិតគ្នា ក្រោយបរាជ័យក្នុងជំនួបចរចាមួយដើម្បីបែកចែកភូមិភាគដល់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នាថ្ងៃទី ២៥ ខែកុម្ភៈ។
គណបក្សភ្លើងទៀន ដែលមានអង្គបោះឆ្នោតជាងពីរពាន់នោះ បានលើកឡើងថា ការចរចាបែកចែកភូមិភាគ ដែលមានចំនួនសរុបប្រាំបីនេះ គឺហួសពេល ឬយឺតយ៉ាវ។ ចំណែកគណបក្សកម្លាំងជាតិ ដែលជាគណបក្សថ្មីថ្មោង ចាត់ទុកថា មេដឹកនាំគណបក្សភ្លើងទៀនគ្មានឧត្តមគតិ។
ភាពប្រទាញប្រទង់គ្នារវាងគណបក្សនៅក្រៅរដ្ឋាភិបាលទាំងពីរនេះកើតឡើង បន្ទាប់ពីគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំក្នុងប្រទេសមួយនេះ នៅតែខកខានមិនអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី ៥ នាថ្ងៃទី ២៥ ខែកុម្ភៈខាងមុខនេះបាន ព្រោះគណបក្សមិនមានឯកសារគ្រប់គ្រាន់ក្នុងការចុះឈ្មោះគណបក្ស និងបញ្ជីឈ្មោះបេក្ខជននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណបក្សភ្លើងទៀនបានចេញលិខិតមួយកាលពីថ្ងៃទី ១២ ខែកុម្ភៈ ដោយបង្ហាញលទ្ធផលនៃជំនួបជាមួយគណបក្សកម្លាំងជាតិនោះថា ការសម្រេចចិត្តរបស់គណបក្សកម្លាំងជាតិមកពិភាក្សាជាមួយគណបក្សភ្លើងទៀន អំពីការបែងចែកមណ្ឌលភូមិភាគ គឺហួសពេលទៅហើយ។ ទោះជាយ៉ាងណា លិខិតរបស់គណបក្សភ្លើងទៀននេះទើបយកមកផ្សព្វផ្សាយលើគណនីហ្វេសប៊ុករបស់គណបក្ស កាលពីថ្ងៃទី ១៨ ខែកុម្ភៈ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សភ្លើងទៀន បង្ហាញលទ្ធផលនៃការចរចាដែលធ្វើឡើងកាលពីថ្ងៃទី ៩ ខែកុម្ភៈនោះ គឺដើម្បីបញ្ចៀសការភាន់ច្រឡំរបស់សាធារណមតិពាក់ព័ន្ធនឹងការបែងចែកភូមិភាគរវាងគណបក្សទាំងពីរ។
មន្ត្រីជាន់ខ្ពស់គណបក្សជំទាស់រូបនេះ បន្ថែមថា ការពិភាក្សាបែងចែកភូមិភាគតាមការស្នើរបស់គណបក្សកម្លាំងជាតិ មិនអាចទៅរួច ដោយសារតែគណបក្សភ្លើងទៀនបានសម្រេចជាផ្លូវការរួចហើយ ក្នុងការជ្រើសរើសយកគណបក្សឆន្ទៈខ្មែរ ចុះបញ្ជី និងដាក់បញ្ជីបេក្ខជនសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភា។
លោកថ្លែងថា៖ «គណបក្សភ្លើងទៀនយល់ឃើញថា ការសម្រេចចិត្តមកពិភាក្សាជាមួយគណបក្សភ្លើងទៀន អំពីការបែកចែកមណ្ឌលភូមិភាគ គឺមានភាពយឺតយ៉ាវមែនទែន បន្ទាប់ពីគណបក្សភ្លើងទៀនបានសម្រេចជាស្ថាពររួចហើយថា ជ្រើសរើសយកគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត គឺគណបក្សឆន្ទៈខ្មែរនេះហើយ»។
ឆ្លើយតបទៅនឹងមតិមួយចំនួនដែលលើកឡើងថា ការមិនបែងចែកភូមិភាគរវាងគណបក្សទាំងពីរអាចប៉ះពាល់លទ្ធផលបោះឆ្នោតរបស់គណបក្សជំទាស់នាពេលខាងមុខនោះ លោក លី សុធារ៉ាយុត្តិ អះអាងថា អង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀនទាំង ២.១៩៨ រូប ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតឆ្នាំ ២០២២ គឺជាអ្នកមានភក្តីភាពជាមួយគណបក្សភ្លើងទៀន ដូច្នេះសំឡេងគាំទ្ររបស់គណបក្សឆន្ទៈខ្មែរនឹងមានសន្ទុះខ្លាំងនៅពេលបោះឆ្នោត។
លោកប្រាប់វីអូអេថា៖ «អង្គបោះឆ្នោតរបស់យើងបានស្គាល់បេក្ខជនរបស់យើងអស់ហើយ។ ហើយថែមទាំងបានស្គាល់ពីគណបក្សឆន្ទៈខ្មែរ ហើយពួកគាត់បានយល់អំពីគណបក្សឆន្ទៈខ្មែរ ហើយនៅតែបន្តការគាំទ្រគណបក្សឆន្ទៈខ្មែរ ហើយបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ។ ហើយដឹងថា បេក្ខជនគណបក្សឆន្ទៈខ្មែរគឺជាអតីតឥស្សរជនកំពូលរបស់គណបក្សភ្លើងទៀន»។
បើតាមលោក លី សុធារ៉ាយុត្តិ គណបក្សភ្លើងទៀន ក៏ធ្លាប់ជជែកអំពីការចងសម្ព័ន្ធភាពឆ្ពោះទៅអនាគតជាមួយគណបក្សកម្លាំងជាតិផងដែរ ប៉ុន្តែមិនទទួលបានជោគជ័យដូចគ្នា។
ដោយឡែក កាលពីសប្តាហ៍មុន អតីតមេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសនៅប្រទេសបារាំង លោក សម រង្ស៊ី បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីថា បើគណបក្សជំទាស់ក្នុងស្រុកទាំងពីរ មិនស្រុះស្រួលគ្នា ឬធ្វើឱ្យមានការបែកបាក់សំឡេងគ្នា នោះគណបក្សតំណាងឱ្យកម្លាំងប្រជាធិបតេយ្យនឹងចាញ់ការបោះឆ្នោត។
លោកថា៖ «ឥឡូវនេះ គេត្រូវរ៉ូវគ្នា គណបក្សទាំងពីរ គេត្រូវរ៉ូវគ្នា ពីភូមិភាគ ១ ដល់ភូមិភាគ ៦ គឺបេក្ខជនមកពីគណបក្សភ្លើងទៀន សូមអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ដែលមកពីគណបក្សភ្លើងទៀនបោះឆ្នោតឱ្យគណបក្សឆន្ទៈខ្មែរ ពីព្រោះគណបក្សភ្លើងទៀនមិនអាចឈរឈ្មោះបាន គឺបេក្ខជនឈរក្រោមស្លាកគណបក្សឆន្ទៈខ្មែរ។ ហ្នឹងគឺប្រមូលសំឡេង កុំបែកសំឡេង តែយើងបែកសំឡេងគឺយើងចាញ់ ចាញ់ទាំងអស់។ គណបក្សតំណាងឱ្យកម្លាំងប្រជាធិបតេយ្យចាញ់ទាំងអស់»។
ក្រោយបរាជ័យក្នុងការជជែកបែងចែកមណ្ឌលភូមិភាគសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានចោទមេដឹកនាំគណបក្សភ្លើងទៀនថា គ្មានឧត្តមគតិ ព្រោះមិនមានការបែងចែកមណ្ឌលឈរឈ្មោះខ្លះឱ្យគណបក្សរបស់លោក។
លោកថ្លែងថា៖ «ខ្លឹមសារលិខិតរបស់គណបក្សភ្លើងទៀនឆ្លុះបញ្ចាំងថា មេដឹកនាំគណបក្សភ្លើងទៀនគ្មានឧត្តមគតិពិតប្រាកដ គ្មានមនសិការពិតប្រាកដ នៅក្នុងការបង្រួបបង្រួមកម្លាំងអ្នកប្រជាធិបតេយ្យ គ្មានឧត្តមគតិ គ្មានមនសិការពិតប្រាកដជ្រោងទង់ប្រជាធិបតេយ្យនៅកម្ពុជានោះទេ»។
លោកបន្ថែមថា៖ «ការលើកឡើង គេយកហេតុផលថា ហួសពេល មិនអាចធ្វើកិច្ចការងារហ្នឹងបានទេ។ ដូច្នេះការលើកឡើងបែបនេះ វាមិនត្រឹមត្រូវទេ។ គ្មានអ្វីដែលអ្នកនយោបាយកែប្រែមិនបានទេ បាទ។ មានតែព្រះគុម្ពី ធម៌ទេ ដែលអ្នកនយោបាយមិនអាចកែប្រែបាន។ សូម្បីតែច្បាប់ សូម្បីតែរដ្ឋធម្មនុញ្ញក៏អ្នកនយោបាយអាចកែប្រែបានដែរ ឱ្យតែអ្នកនយោបាយមានឧត្តមគតិក្នុងការធ្វើកិច្ចការងារហ្នឹងពិតប្រាកដ»។
ប្រធានគណបក្សដែលទើបបង្កើតឡើងថ្មីមួយនេះក៏សម្តែងការសោកស្តាយចំពោះលទ្ធផលនៃការជំនួបនាពេលនេះ ប៉ុន្តែលោកសង្ឃឹមថា គណបក្សកម្លាំងជាតិ និងគណបក្សភ្លើងទៀននឹងអាចមានជំនួបជាបន្តបន្ទាប់ទៀត ក្រោយការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងបន្ទាប់ពីគណបក្សភ្លើងទៀនប្រឈមនឹងបរាជ័យជាលើកទី ២។
បើតាមលោក ស៊ុន ចន្ធី គណបក្សកម្លាំងជាតិនៅតែរក្សាជំហរ ធ្វើសកម្មភាពរកសំឡេងគាំទ្រពីអង្គបោះឆ្នោតទាំងអស់ សម្រាប់ភូមិភាគ ៧ និងភូមិភាគ ៨ ដោយមិនផ្តេកផ្តួលទាំងស្រុងលើអង្គបោះឆ្នោតរបស់គណបក្សភ្លើងទៀន។
ថ្ងៃទី ២៥ ខែកុម្ភៈខាមុខ គឺជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដោយអង្គបោះឆ្នោតសរុបចំនួន ១១.៧៤៧នាក់ ដែលជាតំណាងរាស្ត្រក្នុងតំណែង និងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង នឹងបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួនសរុប ៦២ នាក់។
ការខកខានមិនបានចូលរួមការបោះឆ្នោតជាតិឆ្នាំ ២០២៣ របស់គណបក្សភ្លើងទៀនបានធ្វើឱ្យគណបក្សកាន់អំណាចដណ្តើមបានអាសនៈចំនួន ១២០ នៅរដ្ឋសភា។ គណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈពីការបោះឆ្នោតដែលត្រូវប្រទេសលោកសេរីមួយចំនួនរិះគន់ថា មិនមានលក្ខណៈយុត្តិធម៌សម្រាប់រាល់គណបក្សនយោបាយ នៅពេលគណបក្សប្រឆំាងធំមួយ គឺគណបក្សភ្លើងទៀនត្រូវបានគេផាត់ចេញពីបញ្ជីឈរបោះឆ្នោត៕