ក្រសួងមហាផ្ទៃបានព្រមានគណបក្សប្រឆាំងក្នុងស្រុកថា «ប្រយ័ត្នប្រឈមនឹងការរំលាយ» បើស្តាប់ការតាមបង្គាប់បញ្ជារបស់អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស។ គណបក្សប្រឆាំងថា ពួកគេមិនព្រួយបារម្ភចំពោះការព្រមាននេះទេ ដោយសំអាងថាមិនបានធ្វើអ្វីខុសច្បាប់ និងមិនបានធ្វើតាមបញ្ជារបស់អ្នកណាម្នាក់ឡើយ។
ការព្រមានរបស់ក្រសួងមហាផ្ទៃកើតឡើង បន្ទាប់ពីអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង លោក សម រង្ស៊ី បានអំពាវនាវឱ្យគណបក្សភ្លើងទៀន គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ រួបរួមគ្នាដោយកុំវាយប្រហារគ្នាទៅវិញទៅមក និងត្រូវចែកតួនាទីគ្នាដើម្បីទទួលបានជ័យជម្នះរួម ដែលនឹងកើតចេញពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា ការចេញលិខិតកាលពីសប្តាហ៍មុនជាការព្រមានទុកជាមុន ប្រសិនបើគណបក្សណាមួយ ធ្វើតាមការបញ្ជារបស់លោក សម រង្ស៊ី ដោយបែងចែកមណ្ឌលគ្នា នោះក្រសួងមហាផ្ទៃនឹងធ្វើតាមច្បាប់ដែលអាចប្តឹងរំលាយគណបក្សនោះ។
លោកថ្លែងថា៖ «ប្រសិនបើគ្មានការយក [សាររបស់លោក សម រង្ស៊ី] អនុវត្តតាមទេ យើងក៏គ្មានចេញសេចក្តីព្រមានហ្នឹងដែរ ពីព្រោះជាធម្មតា ព្រមានលុះត្រាទាល់តែឃើញសកម្មភាពហ្នឹងហើយ។ អ៊ីចឹងក្នុងន័យនេះ ក្រសួងមហាផ្ទៃចេញការព្រមានឱ្យដឹងមុន កុំឱ្យដល់ពេលរំលាយទៅ ថាគេមិនបានប្រាប់មុន»។
បើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៤ ការឃុបឃិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិមឱ្យធ្វើសកម្មភាពណាមួយ ដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួនគឺជាសកម្មភាពដែលហាមឃាត់ ដែលមានចែងក្នុងមាត្រា ៦ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ។
ក្នុងសេចក្តីប្រកាសដដែលនោះ ក្រសួងមហាផ្ទៃក៏បានព្រមានដោយភ្ជាប់មកជាមួយខ្លឹមសារនៃមាត្រា ៤៤ថ្មី (ពីរ) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដោយថា គណបក្សនយោបាយដែលប្រព្រឹត្តល្មើសនឹងមាត្រា ៦ថ្មី (ពីរ) អាចប្រឈមនឹងការផ្អាកសកម្មភាព ៥ឆ្នាំ ឬប្រឈមមុខនឹងការរំលាយដោយតុលាការ។
ក្រោយការព្រមានរបស់ក្រសួងមហាផ្ទៃ គណបក្សភ្លើងទៀន កាលពីថ្ងៃទី ១៣ ខែមករា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសបដិសេធថា ខ្លួនមិនពាក់ព័ន្ធនឹងបុគ្គលទាំងឡាយណាដែលជាទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈឹមឡើយ។
លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការគណបក្សភ្លើងទៀន ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា គណបក្សភ្លើងទៀនមិនបានទទួលការបង្គាប់បញ្ជាពីបុគ្គលណាម្នាក់ឡើយ។ លោកថា គណបក្សភ្លើងទៀនតែងតែធ្វើតាមលក្ខន្តិកៈគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ដូច្នេះគណបក្សមិនព្រួយបារម្ភទាក់ទងនឹងការព្រមាននេះទេ។
លោកថ្លែងថា៖ «រាល់បញ្ហាតូចធំ ទាំងឡាយនៅក្នុងបក្ស យើងតែងតែមានអធិបតេយ្យ និងឯករាជ្យរបស់ខ្លួន នៅក្នុងការពិភាក្សា និងធ្វើការសម្រេចចិត្ត ក្នុងចំណោមថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន។ យើង គណបក្សភ្លើងទៀន មិនទទួលនូវបទបញ្ជា ឬក៏បញ្ជា ឬក៏ការណែនាំផ្នែកនយោបាយពីអ្នកណាម្នាក់ ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស»។
លោក អេង ឆៃអ៊ាង អតីតអនុប្រធាននៃគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស កាលពីថ្ងៃទី ១២ ខែមករា បានបង្ហោះសេចក្តីប្រកាសព្រមានរបស់ក្រសួងមហាផ្ទៃភ្ជាប់ជាមួយសារអក្សរថា៖ «សូមជូនយោបល់ទៅមេដឹកនាំនយោបាយប្រឆាំងនៅក្នុងប្រទេសកម្ពុជា ប្រសិនបើភ័យខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ គួរលាឈប់ពីនយោបាយបក្សប្រឆាំង ព្រោះប្រជាពលរដ្ឋនឹងមិនបោះឆ្នោតឱ្យគណបក្សដែលមានមេដឹកនាំភ័យខ្លាចនោះទេ»។
ការលើកឡើងរបស់លោក អេង ឆៃអ៊ាង ត្រូវបានអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន យកសារនោះបង្ហោះបន្តតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី ១៣ ខែមករា និងបានឆ្លើយតបទៅលោក អេង ឆៃអ៊ាង ថា៖ «តបលេងបន្តិចចុះដើម្បីកុំឱ្យមនុស្សភ្លេចខ្លួន និងជាន់កែងខ្លួនឯង។ ម្នាក់នេះខំស្រែកពីអាមេរិកប្រាប់បក្សប្រឆាំងក្នុងស្រុកថា កុំខ្លាចការគំរាមរបស់ក្រសួងមហាផ្ទៃ។ ចុះបើក្លាហានបែបហ្នឹង ម៉េចរត់ចោល ស្រុកកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនអត់មានរឿងត្រូវជាប់ខ្នោះសោះ...»។
លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិដែលទើបត្រូវបានបង្កើតឡើង និងចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានៅពេលខាងមុខ ប្រាប់វីអូអេថា គណបក្សរបស់លោកមិនពាក់ព័ន្ធ ដូចការអះអាងរបស់ក្រសួងមហាផ្ទៃឡើយ។
លោកបញ្ជាក់ថា៖ «បាទ! យើងគ្មានការព្រួយបារម្ភ។ យើងមិនមានការឆ្លើយតបអីទេ ពីព្រោះយើងអត់មានពាក់ព័ន្ធទៅនឹងអ្វីដែលខាងក្រសួងមហាផ្ទៃលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានហ្នឹងផង»។
គណបក្សកម្លាំងជាតិបានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី ១២ ខែមករាថា គណបក្សគាំទ្រសារនយោបាយរបស់អ្នកប្រជាធិបតេយ្យដែលអំពាវនាវឱ្យកម្លាំងអ្នកប្រជាធិបតេយ្យទាំងអស់រួបរួមគ្នា សហការគ្នាដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
ត្រង់ចំណុចនេះ លោក ស៊ុន ចន្ធី បញ្ជាក់ថា ការគាំទ្រនេះស្របតាមគោលនយោបាយរបស់គណបក្ស និងជាគោលការណ៍ត្រឹមត្រូវ មិនខុសច្បាប់ឡើយ៕