មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់ ហើយត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តពោធិ៍សាត់។ នេះបើតាមមេធាវីការពារក្តីលោក ជួង ជូងី។
លោក ជួង ជូងី ប្រាប់វីអូអេនៅថ្ងៃសោរ៍នេះថា លោក ស៊ុន ចន្ធី ត្រូវបានចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ចំពោះការថ្លែងរបស់លោកពាក់ព័ន្ធនឹងការចែកបណ្ណក្រីក្រដល់ប្រជាពលរដ្ឋខ្មែរ និងបញ្ហាផ្សេងទៀត ក្នុងពេលលោកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ទីដែលលោកបានជួបជាមួយសកម្មជននិងអ្នកគាំទ្ររបស់លោក។ លោកមេធាវីបានបដិសេធមិនអត្ថាធិប្បាយចំពោះការចោទប្រកាន់របស់តុលាការ និងការបញ្ជូនកូនក្តីរបស់លោកទៅឃុំខ្លួននៅពន្ធនាគារនៃខេត្តពោធិ៍សាត់។
ភរិយារបស់ លោក ស៊ុន ចន្ធី អ្នកស្រី យាន ស្រីយ៉ាន អាយុ៣៣ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា ស្វាមីរបស់អ្នកស្រីត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តពោធិ៍សាត់កាលពីយប់ថ្ងៃសុក្រ ក្រោយលោកត្រូវបានចោទប្រកាន់ និងឃុំខ្លួនបណ្តោះអាសន្ន។ អ្នកស្រីបន្ថែមថាអ្នកស្រីបានជួបសួរសុខទុក្ខស្វាមី កាលពីព្រឹកថ្ងៃសៅរ៍នៅពន្ធនាគារខេត្តពោធិ៍សាត់ ហើយលោក ស៊ុន ចន្ធី បានផ្តាំផ្ញើឱ្យក្រុមគ្រួសារ និងសមាជិកសមាជិការក្សាភាព«រឹងមាំ»និងបន្តការងារនយោបាយទៅមុខទៀត។
អ្នកស្រីបញ្ជាក់ថា៖ «ស្មារតីគាត់ គឺគាត់រឹងមាំ គាត់មិនតក់ស្លុតទេ»។
អ្នកស្រីចាត់ទុកការចោទប្រកាន់ស្វាមីថា«អយុត្តិធម៌» ព្រោះស្វាមីរបស់អ្នកស្រីគ្រាន់តែនិយាយការពិតអំពីបញ្ហាសង្គម ហើយវាជាសេរីភាពរបស់លោកដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំយល់ឃើញថាវាអយុត្តិធម៌សម្រាប់គ្រួសារខ្ញុំ ដែល[នគរបាល]ឃាត់ខ្លួនគាត់»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញបាននៅឡើយទេ។
ក្នុងពេលជួបសកម្មជននិងអ្នកគាំទ្រក្នុងប្រទេសជប៉ុនកាលពីថ្ងៃទី៥ ខែឧសភា លោក ស៊ុន ចន្ធី បានថ្លែងក្នុងការផ្សាយផ្ទាល់លើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនដែលមានរយៈពេល២ម៉ោងនិង៤០នាទី។លោកបានលើកឡើងថា៖ «គេថា បើអត់បោះឆ្នោតឱ្យគេទេ គេអត់ឱ្យដើរលើផ្លូវហ្នឹងទេ។ គេអត់ឱ្យកូនទៅរៀនទេ។ គេអត់ឱ្យបណ្ណក្រីក្រទេ។ អ្នកឯងឈឺទៅពេទ្យ គេអត់យកចិត្តទុកដាក់ទេ។ អ្នកឯងទៅសាលាឃុំស៊ីញ៉េឯកសារ គេអត់ស៊ីញ៉េឱ្យទេ តែគាត់ថា អត់តក់ស្លុត អ្ហែងអត់ឱ្យក៏ហីទៅ! អញបោះឱ្យភ្លើងទៀន ពេលភ្លើងទៀនឈ្នះឆ្នោត អញចង់បានអីក៏បាន»។
ការថ្លែងនេះទំនងត្រូវបាននគរបាលនិងតុលាការប្រើប្រាស់ដើម្បីឃាត់ខ្លួន លោក ស៊ុន ចន្ធី ភ្លាមៗ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលលោកត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
ក្រោយការចាប់ខ្លួន លោក ស៊ុន ចន្ធី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ សាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានមួយថាលោក ស៊ុន ចន្ធី អាយុ៤៤ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយសារលោកធ្វើសកម្មភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ពេលចុះជួបជាមួយសមាជិក សមាជិកា សកម្មជន និងអ្នកគាំទ្រគណបក្សនៅប្រទេសជប៉ុន ហើយបានបង្ហោះផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម។ តុលាការបញ្ជាក់ថាព័ត៌មានដែលបង្ហោះនោះ«បានទម្លាក់កំហុសដោយអសុទ្ធចិត្ត ចំពោះរាជរដ្ឋាភិបាលលើការចែកបណ្ណក្រីក្រថា មានការរើសអើង និងមានភាពលម្អៀងជូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានមួលបង្កាច់អំពីការអភិវឌ្ឍប្រទេសរបស់រាជរដ្ឋាភិបាល ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មាន នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ»។
គណបក្សកម្លាំងជាតិបានចាត់ទុកថាការចាប់ខ្លួន លោក ស៊ុន ចន្ធី គឺជា«ការគំរាមកំហែង បំភិតបំភ័យនិងជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយយ៉ាងធ្ងន់ធ្ងរមកលើគណបក្សកម្លាំងជាតិ និងជាការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
គណបក្សកម្លាំងជាតិបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជាដោះលែង លោក ស៊ុន ចន្ធី ឱ្យមានសេរីភាពឡើងវិញដោយឥតលក្ខខណ្ឌ ដើម្បីបើកលំហសិទ្ធិសេរីភាពនយោបាយ សម្រាប់គណបក្សកម្លាំងជាតិ ក្នុងការចូលរួមចំណែកលើកកម្ពស់សិទ្ធិសេរីភាព និងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ស៊ុន ចន្ធី អតីតប្រធានប្រតិបត្តិខេត្តកំពង់ធំរបស់គណបក្សភ្លើងទៀនបានលាលែងពីសមាជិកភាពពីគណបក្សភ្លើងទៀន កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៣ ហើយលោកបានបង្កើតគណបក្សថ្មីមួយឈ្មោះថាគណបក្សកម្លាំងជាតិ៕