ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារជាង ២០ ឆ្នាំ ប្រកាសមិនទទួលយកការកាត់ទោសនេះ ដោយថា តុលាការធ្វើតាមតែការចង្អុលបង្ហាញរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
កាលពីថ្ងៃច័ន្ទ តុលាការរាជធានីភ្នំពេញបានសម្រេចផ្តន្ទាទោសលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ឲ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ ភរិយានិងសហការីរបស់លោក ដែលជាថ្នាក់ដឹកនាំកំពូលៗចំនួន ៧ នាក់ទៀត ឲ្យជាប់ពន្ធនាគារម្នាក់ៗ ចាប់ពី ២០ ដល់ ២២ ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ។
ពួកគេត្រូវបានចោទប្រកាន់ពីបទឧបឃាតប្រព្រឹត្តនៅប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ ២០១៩ នៅពេលលោក សម រង្ស៊ី ប្រកាសវិលត្រឡប់ចូលប្រទេសវិញ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រតិកម្មភា្លមៗទៅនឹងការកាត់ទោសនេះថា មានបំណងរាំងខ្ទប់ក្រុមថ្នាក់ដឹកនាំអតីតគណបក្សជំទាស់ ដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសនោះ មិនឲ្យមានឱកាសត្រឡប់មកធ្វើនយោបាយនៅកម្ពុជា។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវកាត់ឲ្យជាប់ពន្ធនាគារ ២២ ឆ្នាំ បានប្រាប់វីអូអេកាលពីថ្ងៃច័ន្ទថា ការសម្រេចនេះ ជាការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាបន្ថែមទៀតនិងដើម្បីបំពេញតម្រូវការនយោបាយរបស់លោក ហ៊ុន សែន។
លោកស្រីមានប្រសាសន៍ថា៖ «ការកាត់ទោសនេះ គឺជាការកាត់ទោសដើម្បីបំពេញនូវបំណងរបស់លោក ហ៊ុន សែន ទេ មិនមែនជាតុលាការធម្មតានៅក្នុងប្រទេសមួយ ដែលមានប្រព័ន្ធយុត្តិធម៌អព្យាក្រឹតនិងឯករាជ្យទេ។ ការសម្លាប់ប្រជាធិបតេយ្យ តាមរយៈកាត់ទោសអ្នកប្រជាធិបតេយ្យដល់រាប់សិបឆ្នាំនេះ គឺជាបញ្ហាមួយដ៏ធ្ងន់ណាស់សម្រាប់ប្រទេសកម្ពុជាទាំងមូល។ យើងមិនអាចទទួលយកបានទេ»។
Your browser doesn’t support HTML5
ក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀតជាមួយវីអូអេ លោក សម រង្ស៊ី ដែលបច្ចុប្បន្នអាយុ ៧១ ឆ្នាំ និងត្រូវបានកាត់ទោស ២៥ ឆ្នាំ បានហៅការសម្រេចរបស់តុលាការ ជារឿង «លេងសើច» ។
លោក សម រង្ស៊ី ដែលកំពុងស្នាក់នៅប្រទេសបារាំង បានថ្លែងថា៖ «ខ្ញុំមិនខ្វល់ទេ ពីព្រោះតុលាការនៅស្រុកខ្មែរ ជាតុលាការលេងសើច។ យើងហៅថា តុលាការអាយ៉ងដែលបម្រើលោក ហ៊ុន សែន»។
មេបក្សប្រឆាំងដែលព្យាយាមត្រឡប់មកកម្ពុជាវិញពីរលើករួចមកហើយ បន្ថែមថា លោក ហ៊ុន សែន កំពុងព្យាយាមកម្ចាត់ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមួយចំនួន មិនឲ្យឈានចូលឆាកនយោបាយនៅកម្ពុជា។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានថ្លែងថា ការកាត់ដោយប្រព័ន្ធតុលាការដែលគ្របដណ្តប់ដោយឥទ្ធិពលនយោបាយ «មានចេតនាបិទច្រកនយោបាយ» របស់ក្រុមថ្នាក់ដឹកនាំបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ កាលពីឆ្នាំ ២០១៧។
លោកអធិប្បាយថា៖ «ការកាត់ទោសដាក់ពន្ធនាគារដ៏អាក្រក់ប្រឆាំងនឹងលោក សម រង្ស៊ី និងមេដឹកនាំគណបក្សសង្គ្រោះជាតិ ៨ នាក់ផ្សេងទៀត និងសមាជិកសភាឯទៀតនោះ មានបំណងបិទច្រកទ្វារមិនឲ្យអ្នកដែលកំពុងនិរទេសខ្លួនទាំងអស់នេះ លែងបានវិលមកប្រទេសកម្ពុជា»។
សហរដ្ឋអាមេរិកចាត់ទុកការកាត់ទោសក្រុមថ្នាក់ដឹកនាំគណបក្សជំទាស់ជារំខានមួយដល់ការបើកឡើងវិញនូវលម្ហនយោបាយក្នុងប្រទេសកម្ពុជា។ នេះបើតាមលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលបានបង្ហោះសារលើប្រព័ន្ធ Twitter របស់លោក កាលពីថ្ងៃច័ន្ទ។
លោកសរសេរថា៖ «ត្រូវបានរំខានដោយការកាត់ទោសនៅថ្ងៃនេះ ដែលកំណត់គោលដៅលើថ្នាក់ដឹកនាំបក្សជំទាស់នៅប្រទេសកម្ពុជា ជាពិសេសគឺកង្វះនៃនីតិវិធីត្រឹមត្រូវនៃដំណើរការកាត់សេចក្តី។ យើងស្នើឲ្យអាជ្ញាធរបើកលម្ហនយោបាយឡើងវិញ និងអនុញ្ញាតឲ្យមានសំឡេងទាំងអស់ដើម្បីបានចូលរួម»។
នៅក្នុងការប្រកាសសាលក្រម ដែលមានតែវត្តមានមេធាវីតំណាងរដ្ឋាភិបាលកាលពីថ្ងៃច័ន្ទ ក្រុមថ្នាក់ដឹកនាំគណបក្សជំទាស់ ៩ នាក់ ដែលជាជនជាប់ចោទ ក៏ត្រូវបានតុលាការសម្រេចដកហូតសិទ្ធិពលរដ្ឋសំខាន់ៗ រួមមានសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោត និងសិទ្ធិបំពេញការងារជាមន្ត្រីក្របខណ្ឌមុខងារសាធារណៈ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។
លោក អ៊ី រិន្ទ បញ្ជាក់ថា៖ «សាលក្រមនេះជំនុំជម្រះចំពោះមុខមេធាវីតំណាងរាជរដ្ឋាភិបាល ចាត់ទុកចំពោះមុខជនជាប់ចោទទាំង ៩ ខាងលើ»។
ក្រៅពីលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ អ្នកត្រូវបានកាត់ទោសផ្សេងទៀត មានលោក អេង ឆៃអ៊ាង លោកស្រី ជូឡុង សូមួរ៉ា ភរិយារបស់លោកសម រង្ស៊ី លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ហូរ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល។
ការសម្រេចរបស់តុលាការរាជធានីភ្នំពេញនេះ កើតមានឡើងក្រោយគម្រោងមិនបានសម្រេចរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងនេះ ក្នុងការវិលត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ និងកាលពីពាក់កណ្តាលខែមករា ឆ្នាំ ២០២១ នេះ។ សកម្មជននិងអ្នកគាំទ្រក្នុងប្រទេសកម្ពុជា ក៏ត្រូវបានចាប់ខ្លួន អ្នកខ្លះរង់ចាំការកាត់ទោស និងខ្លះទៀតត្រូវបានកាត់ទោសរួចហើយ ពាក់ព័ន្ធនឹងការចោទប្រកាន់គាំទ្រគម្រោងរបស់លោក សម រង្ស៊ី វិលចូលប្រទេសវិញ។
លោកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ យល់ថា ការកាត់ទោសដោយកំបាំងមុខនេះ ធ្វើឡើងមិនស្របតាមនីតិវិធីនិងផ្ទុយពីគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិ ក្នុងការទទួលបានការកាត់ទោសដោយត្រឹមត្រូវ។
«ការកាត់ទោសដោយមិនឲ្យជនជាប់ចោទទៅចូលរួមហ្នឹង បង្ហាញឲ្យឃើញថា តុលាការនេះអត់មានភស្តុតាងអ្វីគ្រប់គ្រាន់ អត់ទាំងមានភស្តុតាងអីសោះ គ្រាន់តែថា យើងមានបំណងធ្វើមាតុភូមិនិវត្តន៍»។
រដ្ឋលេខាធិការក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន បានការពារសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។ អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បន្ថែមថា ក្រុមថ្នាក់ដឹកនាំបក្សជំទាស់ដែលត្រូវផ្តន្ទាទោសនោះមានសិទ្ធិបឹ្តងទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូង។
«តុលាការក្នុងរដ្ឋអធិបតេយ្យគឺធ្វើការសម្រេចសេចក្តី ដោយផ្អែកលើអង្គហេតុនិងអង្គច្បាប់ ដែលមានជាធរមាន។ ហើយបើក្រុម ក្រុមជនល្មើស ឬក៏បក្ខពួករបស់គេមិនសុខចិត្តអាហ្នឹង គឺប្រើប្រាស់សិទ្ធិតាមផ្លូវច្បាប់ក្នុងការប្តឹងទាស់ទៅ»។
បើតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ សេចក្តីសម្រេចរបស់តុលាការដែលធ្វើឡើង កាលពីថ្ងៃទី១ ខែមីនា នឹងត្រូវបិទផ្សាយនៅទីសំណាក់ចុងក្រោយ នៅសាលាឃុំឬសង្កាត់នៃទីសំណាក់ចុងក្រោយរបស់ជនជាប់ចោទ និងនៅសាលាដំបូងរាជធានីភ្នំពេញ សម្រាប់រយៈពេល ២ ខែ។
លោក ឌុច សុខសារិន ប្រធានក្រុមប្រឹក្សាជំនុំជម្រះរឿងនេះ បានបដិសេធអត្ថាធិប្បាយ ដោយរុញឲ្យសួរអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញវិញ។
លោកស្រី មូរ សុខហួរ អះអាងថា អ្នកស្រីនឹងប្តឹងឧទ្ធរណ៍សេចក្តីសម្រេចរបស់សាលាដំបូង ដើម្បីឲ្យដឹងថា តើតុលាការជាន់ខ្ពស់នឹងធ្វើសេចក្តីសម្រេចស្របតាមនីតិវិធីកាត់ក្តីត្រឹមត្រូវ ឬគ្រាន់តែជាប្រព័ន្ធតុលាការបម្រើបុគ្គលដែលមានអំណាច៕