លោក សុន ឆ័យ ចូល​ឆ្លើយ​បំភ្លឺ​​នៅ​តុលាការ ក្រោយ​រង​ការ​ប្តឹង​ផ្តល់​ពី​​គ.ជ.ប

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ (ឆ្វេង) មក​ដល់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តល់​ការឆ្លើយតប​បំភ្លឺ​ក្នុង​សំណុំ​រឿង​ប្រឆាំង​រូប​លោក ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

នៅ​ក្នុង​សវនាការ​ដំបូងនា​ថ្ងៃ​អង្គារ​នេះ អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក សុន ឆ័យ បាន​ឆ្លើយ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​រូប​លោក​ពី​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប)​ និង​ស្នើ​ឲ្យមាន​ការបង្ហាញ​ពី​ភ័ស្តុតាង​លើ​ការ​ចោទ​ប្រកាន់​រូប​លោក។

ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ខាង​ក្រៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក​ សុន ឆ័យ​ បញ្ជាក់​ថា លោក​បាន​បកស្រាយ​ទៅ​កាន់​តុលាការ​ជុំវិញ​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​អនឡាញ​ឌឹខេមបូឌាដេលី ដែល​ត្រូវ​បាន​យក​មក​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក។

លោក​បន្តថា ​លោក​បានប្រើប្រាស់​ពាក្យពេចន៍ទាំង​នោះ​ក្នុងគោល​បំណង«បង្ហាញ​»ថា​មាន​ភាព​មិន​ប្រក្រតីអំឡុង​ពេល​បោះឆ្នោត​ឃុំ​សង្កាត់​តែ​ប៉ុណ្ណោះ​ ដោយ​យោង​ទៅ​លើ​ការ​សង្កេតការណ៍ និង​របាយការណ៍​របស់​គណបក្ស​របស់​លោក គណបក្ស​នយោបាយ​ដទៃ​ទៀត និង​អង្គការ​សង្គម​ស៊ីវិល។

អតីត​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​ក៏​បានជំរុញ​ឲ្យ​ភាគី​ដើម​បណ្តឹង​បង្ហាញ​ពី​ចំណុច​ឬ​ភ័ស្តុតាង​ជាក់​លាក់​ណា​មួយ​ ដែល​បញ្ជាក់​ថា​អ្វី​ដែល​លោក​បាន​លើក​ឡើង គឺ​ខុស​ពី​ការ​ពិត។ ​

លោក​ថ្លែង​ថា៖ «ខ្ញុំ​ចង់​ដឹង​ថា​វា​មិន​ពិត​ត្រង់​ណា? អ្វី​ដែល​ខ្ញុំ​និយាយ​ហ្នឹង​ វា​មិន​ពិត​ត្រង់​ណា? ពី​ព្រោះ​មិន​មែន​តែ​ខ្ញុំ​ឯណា គណបក្ស​ខ្ញុំ​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​បែប​ហ្នឹង គណបក្ស​នយោបាយ​បី​បួន​ទៀត​ក៏​បាន​ធ្វើ​របាយការណ៍​បែប​ហ្នឹង អង្គការ​សង្គម​ស៊ីវិល​តាម​ដាន​ការ​បោះឆ្នោត​ក៏​និយាយ​បែប​ហ្នឹង។ អ៊ីចឹង​ ចង្អុល​ឲ្យ​ចំ​មក​ ត្រង់​ណា​មួយ​ដែល​វា​មិន​ពិត»។

អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

លោក​ សុន ឆ័យ យល់​ថា ​បណ្តឹង​ប្រឆាំង​នឹង​រូប​លោក​នេះត្រូវ​បាន​ជំរុញ​ពី​ក្រោយ​ដោយ​ហេតុ​ផល​នយោបាយ ស្រប​ពេល​លោកលើកឡើងថា​ ករណី​នេះ​គួរ​តែ​មានជា​ការ​ពន្យល់​ឆ្លើយ​តប​ពី​ភាគី​ពាក់ព័ន្ធ​ជា​ជាង​ការ​បញ្ជូន​សំណុំ​រឿង​មក​តុលាការ។

លោក ជូង ជូងី មេធាវី​ការពារ​ក្តី​លោក​ សុន ឆ័យ ​ឲ្យ​ដឹង​ថា ​លោក​បានដាក់​ភ័ស្តុតាង ដើម្បី​ដោះ​បន្ទុក ជូន​កូន​ក្តី​របស់​លោក​ ដែល​រួម​មាន​ សេចក្តី​ថ្លែង​ការណ៍​ពី​គណបក្ស​ភ្លើង​ទៀន ​កិច្ច​ប្រជុំ​ពី​សំណាក់​គណបក្ស​នយោបាយ​ចំនួន​បួន​ និង​របាយការណ៍​របស់​អង្គការ​ខុមហ្វ្រែល​ស្តី​ពី​ភាព​មិន​ប្រក្រតី​នៅក្នុង​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​កន្លង​ទៅ​នេះ។

លោក​ថ្លែង​ថា៖ «នីតិវិធី​បន្ត​អយ្យការ​នឹង​ពិចារណា​ពី​បណ្តឹង​របស់​គ.ជ.ប ពិចារណា​ពី​ចម្លើយ​ដោះ​សារ​របស់​ឯក​ឧត្តម សុន ឆ័យ ពិចារណា​លើ​ភ័ស្តុតាង​គ.ជ.ប ដាក់​ទៅ​ជា​សម្អាង​ និង​ភ័ស្តុតាង​ដែល​ខ្ញុំ​ជា​មេធាវី​ការពារ​ឯកឧត្តម សុន ឆ័យ ដាក់​ពាក្យ​ជា​សម្អាង។ ហើយ​តំណាង​អយ្យការ​ គេ​នឹង​ធ្វើ​ការ​សម្រេច​ថា​តើ​គួរ​តម្កល់​រឿង​អត់​ចាត់​ការ ឬ​គួរ​ចោទ​ប្រកាន់»។

លោក ជូង ជូងី បន្ត​រក្សា​ជំហរ​ថា ​វា​ជា​រឿង​មិនសម​ស្រប​មួយ ដែល​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោតប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ប្រឆាំង​នឹង​សកម្មជន​គណបក្ស​នយោបាយ​មួយ​រូប ដែល​មាន​គោល​បំណង​ជំរុញ​ស្វែង​រក​ការ​បោះ​ឆ្នោត​សេរី និង​យុត្តិធម៌។

អ្នកនាំពាក្យ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ផ្ញើ​សារ​តេឡេក្រាម​ពាក់ព័ន្ធ​សំណុំ​រឿង​លោក​ សុន ឆ័យ​ ខាង​លើ​នេះក្នុង​ន័យ​ដើម​ថា៖​«តំណាង​អយ្យការ​បាន​ស្តាប់​ចម្លើយ​និង​ពិនិត្យ​លើ​ភ័ស្តុតាង​ដែល​មេធាវី​បាន​ដាក់​ជូន​មក។ ការ​សម្រេច​បែប​ណា​នោះ​នៅ​មិន​ទាន់​ដឹង​ទេ ព្រោះ​តំណាង​អយ្យការ​ត្រូវការ​ពេលវេលា​មួយ​សម​ស្រប​ដើម្បី​ពិនិត្យ​និង​វាយ​តម្លៃ​លើ​ឯកសារ​ទាំង​អស់​របស់​ដើម​បណ្តឹង​និង​របស់​ជន​សង្ស័យ ដើម្បី​ឈាន​ដល់​ការ​សម្រេច​មួយ​តាម​ច្បាប់»។ ​

នា​ថ្ងៃ​អង្គារ​នេះ អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ ​បានចូល​បំភ្លឺ​ក្នុង​នាម​ជា​«ជន​សង្ស័យ»​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ក្រោយ​ពី​ខក​ខាន​បង្ហាញ​ខ្លួន​តាម​ការ​កោះ​ហៅ​ជា​លើក​ដំបូង ដោយ​លោក​ជាប់​ភារកិច្ច​នៅ​ក្រៅ​ប្រទេស។

ក្រុម​អ្នក​គាំទ្រ​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក សុន ឆ័យ មក​បង្ហាញ​ការគាំទ្រ​នៅ​ខាង​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១២ ខែ​កក្កដា ឆ្នាំ​២០២២។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

លោក សុន ឆ័យ ​កំពុង​រងបណ្តឹង​ចំនួន​ពីរ គឺ​ពី​គ.ជ.ប និង​គណបក្ស​ប្រជាជន​កម្ពុជា ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​របស់​លោក​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មិថុនា ឆ្នាំ​២០២២។

អង្គ​ហេតុ​នៃ​ពាក្យ​បណ្តឹង​របស់​គ.ជ.ប គឺ​ដូចគ្នា​នឹង​អង្គហេតុ​ដែល​លើក​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក សុន ឆ័យ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មិថុនា ជាមួយ​សារព័ត៌មាន​អនឡា​ញ​ឌឹ​ខេមបូឌា​ដេលី។ ការ​ថ្លែង​របស់​លោក សុន ឆ័យ ដែល​ឈាន​ទៅ​ដល់​ការ​ប្តឹង​ផ្តល់​នេះ គឺ​ពាក់​ព័ន្ធ​នឹង​ពាក្យ​ពេចន៍​មួយ​ចំនួន​ដូច​ជា​ថា​«លទ្ធ​ផល​នេះ​មិន​ឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជា​ពលរដ្ឋ​ វា​មាន​ការ​បំភ័យ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច បាន​នៅ​សល់​ប៉ុណ្ណឹង»។

គ.ជ.ប បញ្ជាក់​ថា​ ការ​លើក​ឡើង​នេះ​បាន​ប៉ះពាល់​ដល់​អព្យាក្រឹត្យភាព​របស់​ស្ថាប័ន ដើម្បី​ធានា​ការ​បោះឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

នៅ​ក្នុង​ពាក្យ​បណ្តឹង​នោះ ស្ថាប័ន​គ.ជ.ប​បាន​ស្នើ​សុំ​តុលាការ​ផ្តន្ទាទោស​លោក សុន ឆ័យ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្ម​ទណ្ឌ និង​ឱ្យ​លោក សុន ឆ័យ ធ្វើ​លិខិត​សុំ​ទោស​គ.ជ.ប ជា​លាយលក្ខណ៍​អក្សរ និង​ផ្សព្វផ្សាយ​ជា​សាធារណៈ។ បើ​តាម​មាត្រា​៣០៥ ការ​បរិហារកេរ្តិ៍​ជា​សាធារណៈ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ទៅ​១០​លាន​រៀល។

ចំណែក​គណបក្ស​កាន់​អំណាច​បាន​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤.០០០​លាន​រៀល ឬ​ប្រហែល​១​លាន​ដុល្លារ​អាមេរិក​ពី​លោក សុន ឆ័យ ផងដែរ។

លោក​ សុន ឆ័យ​ បាន​បញ្ជាក់​ថា លោក​ត្រៀម​បង្ហាញ​ខ្លួន ដើម្បី​ចូលរួម​បំភ្លឺ​ក្នុង​សំណុំ​រឿង​បណ្តឹង​ពី​សំណាក់គណបក្ស​ប្រជាជនកម្ពុជា ដែល​តុលាការ​បាន​កោះ​ហៅ​នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​កក្កដា ខាង​មុខ​នេះ៕