លោក សុន ឆ័យ ដាក់​ចម្លើយ​បន្ថែម​ទៅ​តុលាការ​រឿង​រិះគន់​ការបោះឆ្នោត​ឃុំ​សង្កាត់

រូបឯកសារ៖ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឈរថ្លែងនៅ​ក្នុង​សន្និសីទសារព័ត៌មានមួយ​នៅមុខអគារគណៈកម្មាធិការជាតិ​រៀបចំការបោះឆ្នោត នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។ (លាស់ លីបលីប/វីអូអេ)

អនុ​ប្រធាន​គណបក្សភ្លើង​ទៀន​លោក​ សុន ឆ័យ ​នៅ​ក្នុង​សប្តាហ៍​នេះ​ បាន​ដាក់​បន្ថែម​ចម្លើយ​ជូន​ស្ថាប័ន​អយ្យការ​អម​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​ចំនួន​ពីរ ទាក់​ទិន​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ថ្ងៃ​ទី​៥ ខែ​មិថុនា​ ឆ្នាំ​២០២២។

​យោង​តាម​ចម្លើយ​បន្ថែម​របស់​លោក​ សុន ឆ័យ ដែល​មាន​កម្រាស់៥​ទំព័រ​ និង​ដែល​បាន​បញ្ជូន​ចូល​ដល់​ដៃ​អយ្យការ​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​កក្កដា​ ឆ្នាំ​២០២២​ គណបក្ស​ភ្លើង​ទៀន​បាន​ប្រឈម​មុខ​នឹង​ការ​យាយី​ជាច្រើន​រូបភាព​គិត​ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​ដំណើរ​ការ​គណបក្ស​នេះ​ឡើង​វិញ​ រហូត​ដល់​ដំណាក់​កាល​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត។

លោក ​សុន ឆ័យ​ រៀប​រាប់​ថា​ នៅ​មុន​ដំណាក់​កាល​ឃោសនា​ មាន​ការ​បំភិត​បំភ័យពី​សំណាក់​អាជ្ញាធរ​ដែន​ដី​ មក​លើ​សមាជិក​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ជាពិសេស​ ការ​គំរាម​ដក​ប័ណ្ណ​ក្រីក្រ​ មិន​សម្រួល​ឯកសារ​នានា​ បើ​ចូល​រួម​គាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ នៅ​ក្នុង​ដំណាក់​កាល​ឃោសនា​ លោក ​សុន ឆ័យ​ លើក​ឡើង​ថា​ មន្ត្រី​រាជការ​ ដែល​ជា​បុគ្គលិក​អព្យាក្រឹត​តាម​ផ្លូវ​ច្បាប់​ចូលរួម​យ៉ាង​សកម្ម​ និង​ចំហ​ ជួយ​ឃោសនា​ឲ្យ​គណបក្ស​កាន់​អំណាច។

អំឡុង​ពេល​បោះឆ្នោត​ និង​រាប់​សន្លឹក​ឆ្នោត លោក ​សុន ឆ័យ​ ​រំឭក​ឡើង​វិញ​នូវ​បណ្តឹង​ជាច្រើន​របស់​គណបក្ស​ភ្លើងទៀន​ ដែល​ប្តឹង​ជំទាស់​នឹង​ភាព​មិន​ប្រក្រតី​ផ្សេងៗ​ដូចជា​ វត្តមាន​របស់​អាជ្ញាធរ​ដែន​ដី​ ជាពិសេស​មេ​ភូមិ​ អនុភូមិ​ របស់​គណបក្ស​កាន់​អំណាច​នៅ​ក្បែរ​ការិយាល័យ​បោះឆ្នោត​ ដោយ​មាន​បញ្ជី​កត់​ឈ្មោះ​អ្នក​បោះ​ឆ្នោត។ ហើយ​រាប់​សន្លឹក​ឆ្នោត​ដោយ​បិទ​ទ្វារ​បង្អួច​ការិយាល័យ​ និង​មណ្ឌល​បោះឆ្នោត​ ហើយ​ពេល​រាប់​សន្លឹក​ឆ្នោត​ មាន​ការ​ដេញ​អ្នក​បោះឆ្នោត​ចេញ​ពី​មណ្ឌល​បោះឆ្នោត​ និង​មិន​បិទ​ផ្សាយ​ទម្រង់​១១០២​ នៅ​ការិយាល័យ​បោះ​ឆ្នោត​ និង​ពន្យារ​ពេល​ចែក​ទម្រង់​១១០២​ នៅ​គណៈកម្មការ​ឃុំ​សង្កាត់​ រៀបចំ​ការ​បោះឆ្នោត។

បន្ទាប់​ពី​រៀប​រាប់​ភាព​មិន​ប្រក្រតី​ខាង​លើ​នេះ​ នៅ​ក្នុង​ឯកសារ​ផ្តល់​ចម្លើយ​បន្ថែម​ជូន​ទៅ​តំណាងអយ្យការ​ លោកសុន ឆ័យ​ បាន​លើក​ឡើង​ក្នុង​ន័យ​ដើម​ថា​៖

«​ដោយ​យោង​លើ​ហេតុការណ៍​ ដែល​មាន​ថ្លែង​ពី​ប្រភព​ទាំង​ឡាយ​ ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ ពី​ភាព​មិន​ប្រក្រតី​នោះ​ហើយ​ ដែល​រូប​ខ្ញុំ​បាទ​ឆ្លើយតប​នឹង​អ្នកកាសែត​ The Cambodia Daily​ ដោយ​យោង​លើ​ព្រឹត្តិការណ៍​ទាំង​អស់​នោះ​ ដោយ​មិន​បាន​បំភ្លៃ​ខុស​ការ​ពិត​ ផ្តល់​ព័ត៌មាន​ក្លែង​ក្លាយ ក្នុង​ចេតនា​ទម្លាក់​កំហុស​ និង​មួល​បង្កាច់​ ដែល​ប៉ះពាល់​ដល់​កិត្តិយសគណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ឬ​គណបក្ស​កាន់​អំណាច​នោះ​ឡើយ»។

អនុប្រធាន​គណបក្ស​ជំទាស់​រូប​នេះ​បន្ថែម​ថា៖«​ដូច​នេះ​ ខ្ញុំ​សង្ឃឹម​ថា​ គ.ជ.ប​ នឹង​បាន​យល់​ពី​បំណង​ពិត​របស់​ខ្ញុំ​ ដែល​ពុំ​មាន​បំណង​និយាយ​អ្វី​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ស្ថាប័ន​ជាតិ​នោះ​ទេ​ ប៉ុន្តែ​ជា​ការ​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​ទាំង​ឡាយ ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​កន្លង​ទៅ»។

បើ​តាម​ចម្លើយ​លោក ​សុន ឆ័យ​ គ.ជ.ប​ មាន​ភារកិច្ច​ដោះស្រាយ​រាល់​ការ​តវ៉ា​ពី​ភាព​មិន​ប្រក្រតី​ នៃ​ការ​បោះ​ឆ្នោត តែ​មិន​មាន​ចំណុច​ណា​ក្នុង​ច្បាប់​ឲ្យ​ប្តឹង​ទៅ​តុលាការ​នោះ​ទេ។

គួរ​រំឭក​ឡើងវិញ​ផងដែរ​ថា​ លោក​ សុន ឆ័យ​ បាន​រង​ពាក្យ​បណ្តឹង​ពីរ​ផ្ទួនៗ​គ្នា​ បន្ទាប់​ពី​ផ្តល់​សម្ភាសន៍​ដល់​សារព័ត៌មាន​ The Cambodia Daily ​ដែល​ផ្សាយ​តាម​ប្រព័ន្ធ​ហ្វេសប៊ុក។

បណ្តឹង​ទី​១​គឺ ​ប្តឹង​ដោយ​គណបក្ស​កាន់​អំណាច​ ដែល​ត្រូវ​បាន​ធ្វើ​ឲ្យ​រំខាន​ចិត្ត​ដោយ​ការ​ថ្លែង​របស់​លោក សុន ឆ័យ​ កាល​ពី​ថ្ងៃ​ទី​៧​ខែ​មិថុនា​ ឆ្នាំ​២០២២​ដែល​មាន​ពាក្យ​ពេចន៍​មួយចំនួន​ដូច​ជា​ការ​និយាយ​ថា«លទ្ធផល​នេះ​មិនឆ្លុះ​បញ្ចាំង​អំពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ វា​មាន​កា​របំភ័យ​ វា​មាន​ការ​ទិញ​ វា​មាន​ការ​លួច​បាន​នៅ​សល់​ប៉ុណ្ណឹង»។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​១​លាន​ដុល្លារ​ពី​លោក​ សុន ឆ័យ។ ចំណែក​បណ្តឹង​ទី២​ គឺ​ជា​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​។ ខ្លឹមសារ​បណ្តឹង​របស់​គ.ជ.ប​ គឺ​ស្រដៀង​គ្នា​នឹង​ពាក្យ​បណ្តឹង​របស់​គណបក្ស​កាន់​អំណាច។

នៅ​ក្នុង​ការ​ដាក់​បន្ថែម​ចម្លើយ​ជូន​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ លោក ​សុន ឆ័យបាន​សំណូមពរ​ គ.ជ.ប​ ដក​ពាក្យ​បណ្តឹង​ និង​ស្នើ​សុំ​តំណាង​អយ្យការ​ «តម្កល់​រឿង​នេះ​ ទុក​ដោយ​ឥត​ចាត់​ការ»។

អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​លោក​ ប្លង់ សុផល​ បញ្ជាក់​សំឡេង​សហរដ្ឋ​អាមេរិក​ (VOA) ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​ថា​ លោក​បាន​ទទួល​ចម្លើយ​បន្ថែម​របស់​លោក ​សុន ឆ័យ​ ហើយ​ថា​លោក​កំពុង​ពិនិត្យ​ឯកសារ​របស់​លោក​ សុន ឆ័យ ​ដើម្បី​ធ្វើ​ការ​សម្រេច។

អគ្គ​លេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ លោក ​សោម សូរីដា​ ចាត់​ទុកថា​ ការ​ដាក់​ចម្លើយ​បន្ថែម​របស់​លោក​ សុន​ ឆ័យ​ ជា​រឿង​ឥត​បាន​ការ​ បើសិន​លោក​ សុន ឆ័យ​ មិន​ចេញ​លិខិត​សុំ​ទោសជា​សាធារណៈ​ ចំពោះ​អ្វី​ដែល​លោក ​សុន ឆ័យ បាន​និយាយ​ប្រមាថ​មក​លើ​គ.ជ.ប​នោះ​។

លោក​ ​សោម សូរីដា ប្រាប់​វីអូអេ​បន្ថែម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ បើ​គ្មា​ការ​សុំ​ទោស​ទេ​ ក៏​គ្មាន​ការ​ដក​ពាក្យ​បណ្តឹង​ដែរ។

លោក​ថ្លែង​ថា៖«​ដូច​គ.ជ.ប​ បាន​ដាក់​នៅ​ក្នុង​ ពាក្យ​បណ្តឹង​របស់​ខ្លួន​អ៊ីចឹង​ លោក​ សុន ឆ័យ ​ត្រូវ​សុំ​ទោស​ជា​សាធារណៈ​ ជា​លាយលក្ខណ៍​អក្សរ​ ដូច្នេះ​ អត់​មាន​អី​ត្រូវ​មាន​ការ​ដក​ដោយ​គ្មាន​ហេតុផល​នោះ​ទេ»។ ​

លោក សុន ឆ័យ​ ប្រតិកម្ម​ថា​ លោក​កំពុង​បំពេញ​ទៅ​តាម​នីតិវិធី​របស់​តុលាការ​ ដូច្នេះ​រាល់​ការ​សម្រេច​យ៉ាង​ណា​លើ​សំណើ​របស់​លោក​ គឺ​នៅ​លើ​តុលាការ​តែ​ប៉ុណ្ណោះ។ លោក​ថ្លែង​ថា៖

«ខ្ញុំ​ចាំ​ស្តាប់​ពី​តុលាការ​បាទ។ ខ្ញុំ​អត់​ស្តាប់​ពី​អ្នក​ប្តឹង​ខ្ញុំ​ទេ​បាទ»។

បើ​តាម​ឯកសារ​ចម្លើយ​បន្ថែម​របស់​លោក​ សុន ឆ័យ​ ដាក់​ជូន​ស្ថាប័ន​អយ្យការ​ មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​រូប​នេះ​ ផ្តល់​សេចក្តី​ពន្យល់​ថា​ ការ​លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍​របស់​សារព័ត៌មាន​ The Cambodia Daily ​កាល​ពី​រាត្រីថ្ងៃ​ទី​៧​ ខែ​មិថុនា​ ឆ្នាំ​២០២២​នោះ​ លោក​មិន​មាន​បំណង​ទាល់​តែ​សោះ​ ក្នុង​ការ​និយាយ​បរិហាកេរ្តិ៍​ជា​សាធារណៈ​ ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត ឬ​ចំពោះ​គណបក្ស​នយោបាយ​ណាមួយ​នោះ​ទេ​ ដោយ​ការ​ឆ្លើយ​រាល់​សំណួរ​ទាំង​ឡាយ​របស់​អ្នកកាសែត​ឈ្មោះ​ តាំង​ សារ៉ាដា​ គឺ​ធ្វើ​ឡើង​ដោយ​ឥត​ព្រាង​ទុក​ និង​បាន​ឆ្លើយ​ជា​ការ​តស៊ូមតិ​នៅ​ពេល​ដែល​គ.ជ.ប​ មិន​ទាន់​បាន​ប្រកាស​លទ្ធផល​នៃ​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ជា​ផ្លូវ​ការ​នៅ​ឡើយ។ ​

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​លោក​ កន សាវាង្ស​ ថ្លែង​ដោយ​មិន​សំដៅ​ដល់​ករណី​ប្តឹង​ផ្តល់​លោក​ សុន​ ឆ័យ ថា​ អង្គការ​សង្គមស៊ីវិល​ដែល​តាម​ដាន​កា​របោះឆ្នោត​ បន្ត​ផ្តល់​តម្លៃ​លើ​លក្ខខណ្ឌ​អប្បបរមា​៦​ចំណុច​ ពាក់​ព័ន្ធ​សិទ្ធិ​បញ្ចេញ​មតិ​ ការ​ជួប​ជុំ​ដោយ​សន្តិវិធី​ និង​សិទ្ធិ​នយោបាយ​ ដើម្បី​កំណត់​ថា​ការ​បោះ​ឆ្នោត​មួយដំណើរ​ការ​ទៅ​ដោយ​សេរី និង​យុត្តិធម៌ ឬ​ក៏​ត្រូវ​ការ​កែ​សម្រួល​បន្ថែម​ទៀត៕