មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សនៅខេត្តតាកែវកាលពីថ្ងៃអាទិត្យថា ប្រទេសកម្ពុជា នឹងមិនជួបសង្គ្រាម នៅពេលដែលគណបក្សប្រឆាំងឈ្នះការបោះឆ្នោត ដើម្បីដឹកនាំប្រទេសដោយឈរលើគោលការណ៍អហិង្សា។
ការថ្លែងរបស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិយ៉ាងដូច្នេះ កើតមានឡើងតែប៉ុន្មានថ្ងៃក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសច្បាស់ៗថា បើសិនគណបក្សរបស់លោកមិនបានបន្តអំណាចនោះទេ សង្គ្រាមនឹងផ្ទុះឡើង។
ទំព័រហ្វេសប៊ុករបស់លោក កឹម សុខា បានសេរសេរកាលពីថ្ងៃទី ២៣ ខែមេសានេះក្នុងន័យដើមថា៖
«គណបក្សសង្គ្រោះជាតិឈ្នះ ខ្មែរទាំងអស់គ្នាជាអ្នកឈ្នះ ខ្មែរតែមួយ មិនគុំកួនសងសឹកគ្នា មិនយកខ្មែរណាធ្វើជាសត្រូវ(គ្មានសង្គ្រាម)»។
លោក កឹម សុខា បានលើកឡើងបន្ថែមថា គណបក្សសង្គ្រោះជាតិ ប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយអហិង្សា តាមយន្តការប្រជាធិបតេយ្យនិងតាមឆន្ទៈរបស់ពលរដ្ឋខ្មែរ ជាមួយនឹងការប្រកួតប្រជែងគោលនយោបាយ ដើម្បីដឹកនាំប្រទេសឲ្យមានការផ្លាស់ប្តូរជាវិជ្ជមាន តាមរយៈការបោះឆ្នោតដោយ សេរី ត្រឹមត្រូវ និងយុត្តិធម៌។ លោកអះអាងថា ការណ៍នេះនឹងមិនបណ្តាលឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមនោះឡើយ។
ក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការនី និងគ្រូបង្វឹកកីឡា នៅរាជធានីភ្នំពេញដែលបានធ្វើឡើង កាលពីថ្ងៃទី ២០ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជាងបីទស្សវត្សរ៍មកនោះ បាននិយាយថា សន្តិភាព និងការអភិវឌ្ឍនឹងបន្តកើតមានប្រសិនបើគណបក្សកាន់អំណាចរបស់លោកបន្តដឹកនាំប្រទេស។ ហើយលោកព្រមានថា សង្គ្រាមនឹងកើតមានឡើង ប្រសិនបើគណបក្សរបស់លោក មិនស្ថិតក្នុងអំណាចទៀតនោះ។
«ឱកាសសម្រាប់ការរីកចម្រើនលើគ្រប់វិស័យ រាប់ទាំងវិស័យកីឡា ត្រូវបានបើកចំហរ។ ប៉ុន្តែតើប្រាកដទេ នៅពេលដែលគណបក្សប្រជាជនមិនកាន់អំណាច តើធានាប្រាកដថា សន្តិភាពនេះត្រូវបានធានាឬអត់? បើការលាបពណ៌ ការជេរប្រទេច ការប្រមាថមាក់ងាយ នៅតែបន្តកើតនៅក្នុងចំណោមមេដឹកនាំ និងអ្នកគាំទ្ររបស់ពួកគេ»។
លោកនាយករដ្ឋមន្ត្រីបានបន្តថា ប្រជាពលរដ្ឋខ្មែរគួរពិចារណាឲ្យបានល្អិតល្អន់ ក្នុងការបោះឆ្នោតខាងមុខ ថាតើត្រូវបោះឆ្នោតដើម្បីរក្សាសន្តិភាព ឬក៏បោះឆ្នោតជ្រើសរើសយកសង្គ្រាម។
«នេះជាការដាស់តឿនមួយ សម្រាប់ការបោះឆ្នោតនាពេលខាងមុខ តើបោះដើម្បីសន្តិភាពបន្តឬបោះដើម្បីសង្គ្រាម។ ជ្រើសរើសទៅ រវាងសន្តិភាពនិងសង្គ្រាម។ បោះឲ្យគណបក្សប្រជាជន សន្តិភាព នឹងមានបន្តឱកាសអភិវឌ្ឍន៍នឹងមានបន្ត»។
ការព្រមានអំពីលទ្ធភាពនៃការផ្ទុះសង្គ្រាមនៅកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ត្រូវគេដឹងបានធ្វើឡើងជាបន្តបន្ទាប់នៅមុនការបោះឆ្នោតឆ្នាំ២០១៣ ហើយសារព្រមានដដែលនេះ ក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកឡើងជារឿយៗ នៅក្រោយការបោះឆ្នោត ដែលបានធ្វើឲ្យគណបក្សកាន់អំណាចបាត់បង់កៅអីជាង២០កៅអីនៅក្នុងរដ្ឋសភា ទៅគណបក្សប្រឆាំង។
ក្រុមអ្នកវិភាគនិយាយថា សារនយោបាយដែលព្រមានអំពីសង្គ្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបានស្ថិតក្នុងការគិតរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោតនោះឡើយ ព្រោះពួកគេយល់ថា កម្ពុជាពុំមានកម្លាំងទ័ពដាច់ដោយឡែកពីកម្លាំងទ័ពរាជរដ្ឋាភិបាលបច្ចុប្បន្ន ដើម្បីធ្វើសង្គ្រាមក្នុងប្រទេសនោះទេ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវកិច្ចអភិវឌ្ឍសង្គមថ្លែងថា សង្គ្រាមអាចកើតមានទៅបានល្គឹកណា កម្ពុជាមានកងទ័ព ចេញពីភាគីផ្សេងៗគ្នា តែរហូតមកដល់ពេលនេះ កម្ពុជាមានតែកម្លាំងទ័ពតែមួយក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលបច្នុប្បន្នប៉ុណ្ណោះ។ លោកមានប្រសាសន៍ប្រាប់ VOA ថា រដ្ឋាភិបាលបច្ចុប្បន្ននេះ ជាអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះការទប់ស្កាត់មិនឲ្យសង្គ្រាមផ្ទុះឡើង។
«បើនៅប្រទេសគេ គឺគេអាចធ្វើការហ្នឹងឲ្យបានមុន ដើម្បីការពារកុំឲ្យសង្គ្រាមហ្នឹងវាអាចផ្ទុះទៅកើត ហើយរដ្ឋាភិបាលត្រូវមានតួនាទីមួយ រក្សាសុវត្ថិភាពសម្រាប់ពលរដ្ឋ ទោះបីជាថ្ងៃក្រោយទៅរដ្ឋាភិបាលហ្នឹងមិនបានជាប់ឆ្នោត មានអ្នកថ្មីមកជាប់ គឺរដ្ឋាភិបាលត្រូវមានតួនាទីមួយរកវិធីសាស្ត្រយ៉ាងណាដើម្បីផ្ទេរអំណាចហ្នឹងដោយសន្តិវិធី មិនមែនបណ្តោយឲ្យសង្គ្រាមកើតឡើងទេបាទ»។
លោកមាស នី ថ្លែងបន្ថែមថា ការព្រមានអំពីការកើតឡើងនៃសង្គ្រាមច្រំដែលៗរបស់នាយករដ្ឋមន្ត្រី ទំនងជាធ្វើឡើង ដោយសាររដ្ឋាភិបាលបានមើលឃើញអំពីតម្រុយនៃការកើតមានសង្គ្រាម។ លោកថា រដ្ឋាភិបាលអាចផ្តើមការតាមដាន ទៅលើក្រុមយោធាណា ដែលប៉ុនប៉ងបង្កសង្គ្រាម ដែលធ្លាប់កើតឡើងក្នុងប្រទេសនាពេលកន្លងមក។
យ៉ាងណាក៏ដោយ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាប្រាប់VOA កាលពីថ្ងៃអាទិត្យថា ភាពវឹកវក្នុងសង្គមកម្ពុជា នឹងកើតឡើង ដោយជៀសមិនរួច នៅពេលបក្សប្រឆាំងដឹកនាំប្រទេស ព្រោះគោលនយោបាយគណបក្សនេះ មានការរើសអើងរវាង អ្នកមាននិងអ្នកក្រ។ លោកបានបន្ថែមថា ការព្រមានអំពីការកើតមានសង្គ្រាមរបស់លោក នាយករដ្ឋមន្ត្រី គឺផ្តើមចេញគោលនយោបាយដែលមានចរឹករើសអើងនេះ។
«កើតដែលគាត់មានប្រសាសន៍ហ្នឹង កើតដោយសារគោលនយោបាយរបស់ សម រង្ស៊ីហ្នឹង ហើយគណបក្សសង្គ្រោះជាតិមានដូរគោលនយោបាយណា នៅយកគោលនយោបាយរបស់ សម រង្ស៊ីមកអនុវត្តន៍ដដែល ដូចខ្ញុំជម្រាបខាងដើមអញ្ចឹង។ ថៅកែចិត្តខ្មៅ ឧកញ៉ាចិត្តខ្មៅ អញ្ចឹងទេ ពេលដែលអញជាប់ឆ្នោត អញឈ្នះឆ្នោតហ្នឹង អញនឹងរឹបអូសទ្រព្យសម្បត្តិរបស់ឯង អ្នកមាន ទៅចែកអ្នកក្រណាមានដីច្រើន ទៅយកទៅចែកអ្នកអត់ដី ហើយដីរបស់គេ សុទ្ធតែកម្មសិទ្ធិ សុទ្ធតែមានសំបុត្រស្នាមត្រឹមត្រូវទៅ រឹបអូសអញ្ចឹង សួរថាគេសុខចិត្តទេ? វាមិនច្របូកច្របល់ក្នុងសង្គមហ្នឹងហើយ»។
ប្រទេសកម្ពុជា គ្រោងនឹងរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ខាងមុខនេះ។ ហើយ ការបោះឆ្នោតជាតិ ត្រូវគេរំពឹងថា នឹងធ្វើឡើងនៅឆ្នាំ ២០១៨។ សហគមន៍អន្តរជាតិ ដែលជាប្រទេសប្រកាន់យករបបប្រជាធិបតេយ្យ កំពុងតាមដានយ៉ាងចិត្តទុកដាក់ចំពោះដំណើរការរៀបចំការបោះឆ្នោតដ៏សំខាន់របស់កម្ពុជានាពេលខាងមុខនេះ៕