លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​អ្នកប្រជាធិបតេយ្យ​មាន​ការរួបរួម​ដើម្បី​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

នៅ​ថ្ងៃ​ពុធ​នេះ​គឺ​ជា​ថ្ងៃ​គម្រប់​ខួប​៣០​ឆ្នាំ​នៃ​ការ​ឡើង​គ្រប់​គ្រង​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក្នុង​ប្រទេស​កម្ពុជា ​ដែល​ធ្វើ​ឲ្យលោក​ជាប់​ឈ្មោះ​ជា​មេដឹក​នាំ​លំដាប់​ទី​៦​ក្នុង​ពិភព​លោក​ដែល​កាន់​អំណាច​យូរ​ជាង​គេ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អំពាវ​នាវ​ឲ្យអ្នក​ស្នេហាជាតិ​ និង​អ្នក​ស្រឡាញ់​ប្រជា​ធិបតេយ្យ​ទាំង​អស់​ធ្វើការរួបរួម​គ្នា​ឲ្យទៅ​ជា​គណបក្ស​តែ​មួយ​ដើម្បី​ផ្តួល​រំលំ​របប​គ្រប់​គ្រង​ប្រទេស​រយៈពេល​៣០​ឆ្នាំ​របស់​លោក​ហ៊ុន សែន។​

មាន​ប្រសាសន៍​ក្នុង​វេទិកា​រាស្ត្រ​ និងតំណាង​រាស្ត្រ​ នៅ​ស្រុក​បសេដ្ឋ​ ខេត្ត​កំពង់​ស្ពឺ​នៅ​ថ្ងៃ​ពុធ​នេះ ​លោក​សម រង្ស៊ី​និយាយ​ដោយ​ឥត​លាក់​លៀម​ថា ​ដើម្បី​ឈ្នះ​គណបក្ស​ប្រជា​ជនកម្ពុជា​បាន​ ​ទាល់​តែ​អ្នក​ស្នេហា​ជាតិ ​អ្នក​ប្រជា​ធិបតេយ្យ​រួប​រួម​គ្នា​តែ​មួយ។

មាន​ប្រសាសន៍​តាម​រយៈគេហ​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​សម រង្ស៊ី​បាន​បញ្ជាក់​ថា​ រយៈពេល​៣០​ឆ្នាំ​ ដែល​គណបក្ស​នានា​មិន​ឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជាគឺ​ដោយ​សារ​តែ​ការ​បែក​បាក់​គ្នា។​ មាន​គណបក្ស​ច្រើន​តាំង​ពី​ហ៊្វុនស៊ីនប៉ិច​ សម រង្ស៊ី​ និង​គណបក្ស​សិទ្ធិមនុស្សបែក​បាក់គ្នា តែ​ឥឡូវ​គណបក្ស​សិទ្ធិ​មនុស្ស​ និង​គណបក្ស​សម រង្ស៊ី​បាន​រួបរួម​គ្នា​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ។​ លោក​សង្ឃឹម​ថា​ នឹង​អាច​ទទួល​ជ័យ​ជំនះ។

លោក​និយាយ​ថា៖ ​«បើ​បែក​គ្នា​គឺ​មិន​ងាយ​ឈ្នះ​ទេ។​ ៣០​ឆ្នាំ​យើង​ធ្វើ​អ្វី​មិន​ទាន់​បាន​ឈ្នះ​គេ ​ដោយ​សារ​យើង​បែក​គ្នា។ ​តែ​ឥឡូវ​យើង​រួប​រួម​គ្នា​ហើយ។​ ​ប៉ុន្តែ​ឥ​ឡូវ​គណបក្ស​ប្រជាជន​កម្ពុជា​គេ​ដឹង​អញ្ចឹង​ហើយ។​ គេ​ដឹង​ថា ​បើ​អ្នក​ស្នេហា​ជាតិ​រួប​រួម​គ្នា ​គណបក្ស​ប្រជាជន​កម្ពុជា​គេ​ត្រូវ​ចាញ់»។​

ការ​ប្រកាស​របស់​លោក​សម រង្ស៊ី​បាន​កើត​ឡើង​ចំពេល​ដែល​ក្រុម​សង្គម​ស៊ីវិល​មួយ​ក្រុម​កំពុង​រៀប​ចំ​ពង្រឹង​រចនា​សម្ព័ន្ធ​នៅ​តាម​មូលដ្ឋាន​ ដែល​រំពឹង​ថា​ នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ នាពេល​ខាង​មុខ​ និង​ចំ​ពេល​ដែល​សម្តេច​ក្រុម​ព្រះ​នរោត្តម​ រណ​ឫទ្ធិ​សម្រេចធ្វើ​ជា​ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ជាថ្មី​ឡើង​វិញ។​

លោក​កែម ឡី ​សមាជិក​បណ្តាញ​សង្គម​«ខ្មែរដើម្បី​ខ្មែរ»​មាន​ប្រសាសន៍​ស្វាគមន៍​ចំពោះ​ការ​លើក​ឡើង​របស់​លោក​សម រង្ស៊ី។​ លោក​បាន​បញ្ជាក់​ថា​ គំនិត​នេះ​អាច​ទទួល​បាន​ជោគ​ជ័យ​ ក៏​ប៉ុន្តែ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​នៅ​ឡើយ។​

លោក​និយាយ​ថា៖​ «ដើម្បី​បង្រួប​បង្រួម​បាន​ ទាល់​តែ​យើង​មាន​គោល​ដៅ​តែ​មួយ​ ហើយ​មាន​គោល​ការណ៍​ផ្ទៃ​ក្នុង​ចលនា​សង្គម​ច្បាស់​លាស់​ ហើយ​មនុស្ស​ម្នាក់ៗ​ស្រឡាញ់​គោល​ការណ៍​និង​គោល​នយោបាយ​ ហើយ​គិត​ថា​គោល​នយោបាយ​ហ្នឹង​បម្រើផល​ប្រយោជន៍​សារធារណៈមែន»។​

លោក​ញ៉ឹក ប៊ុនឆៃ​ អគ្គ​លេខាធិការ​ហ៊្វុនស៊ីនប៉ិច​ មិន​បាន​ធ្វើ​អត្ថាធិប្បាយ​ទេ។​ ​ដោយ​លោក​បាន​បង្វែរ​សំណួរ​នេះ​ទៅ​សួរ​អ្នក​នាំ​ពាក្យ​គណបក្សវិញ។​

លោក​ទុំ សំអុល​ អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។​

លោក​និយាយ​ថា៖​ «ឥឡូវ​នេះ​បង​សុំ​ទោស។ ​បង​កំពុង​រវល់។ ​បង​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​ទេណា៎»។

លោក​ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​មិនគិតថា ការរួបរួមគ្នា​របស់អ្នក​ប្រជាធិបតេយ្យ​មិនអាច​យកជ័យជំម្នះ​លើគណបក្ស​ប្រជាជន​កម្ពុជា​បាន​ទេ។

លោក​និយាយ​ថា៖​ «គណបក្ស​ដទៃ​ទៀត​ហ្នឹង​មិន​ទាន់មាន​សមត្ថភាព​បង្ហាញ​ឲ្យ​ប្រជា​ពលរដ្ឋ​លោក​ទុកចិត្ត​ក្នុង​ការ​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​កាន់​កាប់​មុខ​តំណែង​បាន​រយៈពេល​៣០​ឆ្នាំ​ហើយ។​ ការ​កាន់​មុខ​តំណែង​ដ៏​យូរ​នេះ​ត្រូវ​បាន​អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​ Human Rights Watch រិះគន់​ថា​ បានឆ្លុះ​បញ្ចាំង​ដោយ​អំពើ​ហិង្សា​ ការ​គាបសង្កត់​ និង​អំពើ​ពុក​រលួយ ​បញ្ហា​ដីធ្លី​ និង​ការ​សម្លាប់​សកម្ម​ជន​នយោបាយ​ ដែល​ប្រជែង​អំណាច។​

នៅ​ក្នុង​របាយ​ការណ៍​កម្រាស់​៧៥​ទំព័រ ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​បាន​រៀប​រាប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ក្រោម​របប​គ្រប់​គ្រង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ​ចាប់​តាំង​ពី​ទស​វត្ស​១៩៨០​ ដូចជា​ការ​កេណ្ឌ​មនុស្ស​ឲ្យ​ទៅ​កាប់​ព្រៃ​ឈើ​ក-៥​ នៅ​តាម​តំបន់​ព្រំដែន។ ​បើ​តាម ​Human Rights Watch​ ឲ្យ​ដឹង​ថា​ មនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់​ដោយ​ជំងឺ​ និង​រាប់​ពាន់​នាក់​ស្លាប់​ និង​ពិការ​ដោយសារ​គ្រប់​មីន ​និង​មាន​មនុស្ស​ប្រមាណ​៥០០០​នាក់​ត្រូវ​ចាប់​ខ្លួន​ជា​អ្នក​ទោស​នយោបាយ៕